សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ឱ្យ​ស៊ើបអង្កេត​ដោយ​តម្លាភាព​ ករណី​អនុប្រធាន​ភូមិ​​នៅ​ខេត្តកំពង់ធំ​ម្នាក់​ស្លាប់ ពេល​ប៉េអិម​ប្រើ​ហិង្សា​ក្នុង​ពេល​ឃាត់​ខ្លួន

ដោយ យ៉ង ចាន់តារា
2022.08.10
Share on WhatsApp
Share on WhatsApp
សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ឱ្យ​ស៊ើបអង្កេត​ដោយ​តម្លាភាព​ ករណី​អនុប្រធាន​ភូមិ​​នៅ​ខេត្តកំពង់ធំ​ម្នាក់​ស្លាប់ ពេល​ប៉េអិម​ប្រើ​ហិង្សា​ក្នុង​ពេល​ឃាត់​ខ្លួន លោក សួង ឌ័ន អនុប្រធាន​ភូមិរូង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែល​សង្ស័យ​ថា បាន​ស្លាប់​ដោយសារ​អំពើ​ហិង្សា​របស់​មន្ត្រី​កងរាជអាវុធហត្ថ កាល​ពី​ថ្ងៃ​ទី៧ ខែសីហា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក Nearadey Din

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឱ្យ​បើក​ការ​ស៊ើប​អង្កេត ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មាន​តម្លាភាព ដើម្បី​រក​យុត្តិធម៌​ឱ្យ​លោក សួង ឌ័ន ដែល​បាន​ស្លាប់​ដោយ​សារ​មន្ត្រី​ប៉េអិម​ប្រើ​អំពើ​ហិង្សា​ក្នុង​ពេល​ចាប់​ឃាត់​ខ្លួន។ ពួក​គាត់​ថា ការ​ស្លាប់​របស់​ជន​រងគ្រោះ កំពុង​បង្ហាញ​ថា អាជ្ញាធរ​មិន​បាន​គោរព​ទៅ​តាម​ក្រម​វិជ្ជាជីវៈ ក្នុង​ពេល​បំពេញ​ការងារ​នោះ​ឡើយ។

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​បើក​ការ​ស៊ើបអង្កេត និង​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​អនុប្រធាន​ភូមិរូង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ លោក សួង ឌ័ន ដែល​សង្ស័យ​ថា បាន​ស្លាប់​ដោយសារ​អំពើ​ហិង្សា​ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ កាល​ពី​ពេល​ថ្មីៗ នេះ។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ក្នុង​ពេល​បំពេញ​ភារកិច្ច កង​កម្លាំង​ប្រដាប់​អាវុធ​គួរ​អនុវត្ត​តួនាទី និង​ជំនាញ​បច្ចេកទេស​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ និង​មិន​ធ្វើ​អ្វី​ដែល​ខុស​ពី​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ឡើយ។ លោក​កត់​សម្គាល់​ឃើញ​ថា រាល់​ពេល​កង​កម្លាំង​ប្រដាប់​អាវុធ ឬ​សមត្ថកិច្ច​ចុះ​ទៅ​បំពេញ​បេសកកម្ម​របស់​ខ្លួន ពួក​គេ​មួយ​ចំនួន​ហាក់​បំពេញ​តួនាទី​មិន​បាន​ល្អ ឬ​ពេល​ខ្លះ​ផ្ទុយ​នឹង​វិជ្ជាជីវៈ​របស់​ខ្លួន​ទៀត​ផង។ លោក​បន្ត​ថា ក្នុង​ករណី​នេះ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស ស្ថាប័ន​ដែល​ជា​ថ្នាក់​ដឹកនាំ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ ឬ​មន្ត្រី​នគរបាល​យុត្តិធម៌ គួរ​ពិនិត្យ និង​ពង្រឹង​ទៅ​លើ​ការ​បំពេញ​តួនាទី​របស់​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​ធានា​ពី​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ៖ «រឿង​បទ​ល្មើស​ជន​សង្ស័យ​អា​ហ្នឹង​រឿង​មួយ​ផ្សេង​ដាច់​ដោយ​ឡែក ចំណែក​រឿង​មួយ​ផ្សេង​នៃ​ការ​ប្រព្រឹត្ត​របស់​កងរាជអាវុធហត្ថ ដែល​បំពេញ​បេសកកម្ម​ហ្នឹង ត្រូវតែ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​អនុវត្ត​ទៅ​លើ​តួនាទី ឬ​ជំនាញ​បច្ចេកទេស​របស់​ខ្លួន​ហ្នឹង។ នៅ​ពេល​ដែល​អនុវត្ត​ឱ្យ​មាន​បញ្ហា​បែប​ហ្នឹង មិន​អាច​រួច​ផុត​អំពី​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទេ»

អនុប្រធាន​ភូមិ​រូង លោក សួង ឌ័ន បានស្លាប់កាលពីថ្ងៃទី៧ សីហា ក្នុង​ពេល​សមត្ថកិច្ច​ចុះ​ឃាត់​ខ្លួន​អ្នក​លេង​ល្បែង​ឡូតូ​អនឡាញ ខណៈ​រូប​លោក​កំពុង​ជ្រក​ភ្លៀង​នៅ​ជិត​កន្លែង​កើត​ហេតុ។ តាម​ការ​រៀបរាប់​របស់​កូនស្រី​របស់​លោក គឺ​កញ្ញា ឌីន នារតី ឪពុក​របស់​នាង​ត្រូវ​បាន​ប៉េអិម​ដេញ​ចាប់ និង​សង្កត់​ក​ទៅ​ខាង​ក្រោយ​បណ្ដាល​ឱ្យ​លោក​ថប់​ដង្ហើម​ស្លាប់។ កញ្ញា​បញ្ជាក់​ថា ឪពុក​របស់​ខ្លួន មិន​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​នោះ​ទេ។

លទ្ធផល​កោសល្យវិច័យ​របស់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​លោក សួង ឌ័ន បាន​ស្លាប់​ដោយ​សារ​ជំងឺ​គាំង​បេះដូង។ ប៉ុន្តែ​លទ្ធផល​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​ច្រានចោល​ថា មិន​មែន​ជា​ការ​ពិត និង​ថា នេះ​ជា​បំណង​គេចវេះ​មិន​ទទួល​កំហុស​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

វិទ្យុអាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១០ សីហា។

ប៉ុន្តែ​លោក​បាន​បកស្រាយ​តាម​រយៈ​ការ​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក សួង ឌ័ន ស្លាប់​ដោយសារ​ថប់​ដង្ហើម ខណៈ​ពេល​ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ បាន​ជួយ​ធ្វើ​ចលនា​បេះដូង និង​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ធំ។

ទាក់ទង​រឿង​នេះ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​អះអាង​ថា លោក​បាន​បញ្ជា​ឱ្យ​ផ្អាក​ការងារ មន្ត្រី​ពាក់ព័ន្ធ​ទាំង ១១នាក់ ដែល​ចុះ​ទៅ​ឃាត់​ខ្លួន​ជន​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​បន្ទាយ​រួច​ហើយ ដើម្បី​រង់ចាំ​ការ​ស៊ើប​អង្កេត​ជា​មុន​សិន។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​លោក សៅ សុខា ដែល​បង្កើត​ឱ្យ​មាន​ក្រុម​ការងារ ចំពោះ​កិច្ច​ស្រាវជ្រាវ​ក្នុង​ករណី​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ចាត់​ទុក​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ ជា​ការ​បង្ហាញ​ពី​ការ​អនុវត្ត​តួនាទី​ប្រាស់​ចាក​ពី​វិជ្ជាជីវៈ​របស់​មន្ត្រី​កង​រាជ​អាវុធហត្ថ ក្នុង​ពេល​ចុះ​ប្រតិបត្តិការ។ លោក​ឱ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ឃាត់​ខ្លួន ជន​សង្ស័យ​ណា​ម្នាក់ អាជ្ញាធរ​គ្មាន​សិទ្ធិ​ប្រើ​ហិង្សា​ទៅ​លើ​ពួក​គេ​នោះ​ទេ លុះត្រាតែ​មាន​ការ​ត​ដៃ ឬ​វាយ​ប្រហារ​ពី​អ្នក​ទាំង​នោះ។ លោក​បន្ត​ថា ប្រសិនបើ​មន្ត្រី​ទាំង​នោះ ប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈ និង​នីតិវិធី ជាពិសេស ការ​ឃាត់​ខ្លួន​ណា​មួយ​ដែល​បណ្ដាល​ឱ្យ​ជន​សង្ស័យ​ស្លាប់​បែប​នេះ នោះ​ពួក​គេ ក៏​ត្រូវ​ប្រឈម​មុខ ចំពោះ​មុខ​ច្បាប់​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។ លោក​ជំរុញ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឱ្យ​បង្កើន​ការ​ស៊ើប​អង្កេត​ក្នុង​ករណី​នេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​មាន​តម្លាភាព ដើម្បី​វែក​មុខ​ជន​បង្ក​មក​ដាក់​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​គ្រួសារ លោក សួង ឌ័ន៖«មន្ត្រី​នគរបាល​យុត្តិធម៌​ក្ដី មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្ដី នៅ​ពេល​ដែល​អនុវត្ត​ប្រតិបត្តិ​របស់​ខ្លួន​ត្រូវ​តែ​ប្រកាន់​ខ្ជាប់ ទី​មួយ អនុវត្ត​ច្បាប់ ទី​ពីរ​អនុវត្ត​ទៅ​តាម​នីតិវិធី និង​ទី​បី ត្រូវ​គោរព​ទៅ​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន មិន​អាច​យក​តួនាទី ភារកិច្ច​របស់​ខ្លួន​ក្នុង​ពេល​ប្រតិបត្តិការ​ហ្នឹង​ប្រើប្រាស់​នូវ​អំពើ​ហិង្សា​ដោយ​ខុស​ច្បាប់ ការ​ប្រើប្រាស់​ទារុណកម្ម​ដោយ​ខុស​ច្បាប់ ឬ​ក៏​ទង្វើ​ឃោរឃៅ​អមនុស្សធម៌​ដែល​ផ្ទុយ​ពី​ច្បាប់​ហ្នឹង​បាន​ទេ»

ករណី​អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​រហូត​ដល់​ស្លាប់​ក្នុង​ពេល​ឃាត់​ខ្លួន​នេះ បាន​កើត​ឡើង​ជា​ហូរហែ។ ជា​ឧទាហរណ៍ កាល​ពី​ចុង​ឆ្នាំ២០១៩ អតីត​មន្ត្រី​ប៉េអិម​ជាន់​ខ្ពស់​ពីរ​រូបនៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​លើ​ពលរដ្ឋតវ៉ាដីធ្លីចំនួន ៥នាក់ បណ្ដាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់ និង​មួយ​ចំនួន​ទៀត​រង​របួស។ តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ផ្ដន្ទាទោស​ជន​ដៃ​ដល់​ទាំង​ពីរ​រូប​ដាក់​ពន្ធនាគារ​ម្នាក់ ៤ឆ្នាំ និង​ម្នាក់​ទៀត ៧ឆ្នាំ​ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ។ ប៉ុន្តែ​ម្នាក់​ក្នុង​ចំណោម​ជន​ដៃដល់​ទាំង​ពីរ​នាក់​នោះ គឺ​អតីត​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក ស ប៊ុនសឿង ត្រូវ​បាន​សាលាឧទ្ធរណ៍​កាត់​តម្រឹម​ទោស និង​ដោះ​លែង​វិញ បន្ទាប់​ពី​អនុវត្ត​ទោស​បាន​ជាង​មួយ​ឆ្នាំ។

ដោយឡែក ករណី​មួយ​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២១ បុរស​ម្នាក់​ឈ្មោះ ពេជ្រ ធារ៉េត នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​បាត់បង់​ជីវិត ក្នុង​ពេល​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​សួរ​ចម្លើយ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ អស់​រយៈ​ពេល​ជាង ៣ម៉ោង។ ទោះ​បី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ស៊ើប​អង្កេត​រក​ឃើញ​ថា ការ​ស្លាប់​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​របស់​នគរបាល​ស្រុក​សង្កែ​ក្ដី ក៏​អ្នក​ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​នេះ​នៅ​តែ​មាន​សេរីភាព​ដដែល​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។