មន្ត្រីអង្គការសង្គមស៊ីវិល ស្នើកងរាជអាវុធហត្ថលើផ្ទៃប្រទេសឱ្យបើកការស៊ើបអង្កេត ដោយយកចិត្តទុកដាក់ និងមានតម្លាភាព ដើម្បីរកយុត្តិធម៌ឱ្យលោក សួង ឌ័ន ដែលបានស្លាប់ដោយសារមន្ត្រីប៉េអិមប្រើអំពើហិង្សាក្នុងពេលចាប់ឃាត់ខ្លួន។ ពួកគាត់ថា ការស្លាប់របស់ជនរងគ្រោះ កំពុងបង្ហាញថា អាជ្ញាធរមិនបានគោរពទៅតាមក្រមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារនោះឡើយ។
ក្រុមអ្នកការពារសិទ្ធិមនុស្សជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិបើកការស៊ើបអង្កេត និងផ្តល់យុត្តិធម៌ពិតប្រាកដជូនអនុប្រធានភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ លោក សួង ឌ័ន ដែលសង្ស័យថា បានស្លាប់ដោយសារអំពើហិង្សាពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ កាលពីពេលថ្មីៗ នេះ។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ក្នុងពេលបំពេញភារកិច្ច កងកម្លាំងប្រដាប់អាវុធគួរអនុវត្តតួនាទី និងជំនាញបច្ចេកទេសរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមិនធ្វើអ្វីដែលខុសពីវិជ្ជាជីវៈរបស់ខ្លួននោះឡើយ។ លោកកត់សម្គាល់ឃើញថា រាល់ពេលកងកម្លាំងប្រដាប់អាវុធ ឬសមត្ថកិច្ចចុះទៅបំពេញបេសកកម្មរបស់ខ្លួន ពួកគេមួយចំនួនហាក់បំពេញតួនាទីមិនបានល្អ ឬពេលខ្លះផ្ទុយនឹងវិជ្ជាជីវៈរបស់ខ្លួនទៀតផង។ លោកបន្តថា ក្នុងករណីនេះស្ថាប័នពាក់ព័ន្ធ ជាពិសេស ស្ថាប័នដែលជាថ្នាក់ដឹកនាំលើកងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីនគរបាលយុត្តិធម៌ គួរពិនិត្យ និងពង្រឹងទៅលើការបំពេញតួនាទីរបស់មន្ត្រីក្រោមឱវាទ ដើម្បីធានាពីការអនុវត្តច្បាប់ប្រកបដោយភាពត្រឹមត្រូវ៖ « រឿងបទល្មើសជនសង្ស័យអាហ្នឹងរឿងមួយផ្សេងដាច់ដោយឡែក ចំណែករឿងមួយផ្សេងនៃការប្រព្រឹត្តរបស់កងរាជអាវុធហត្ថ ដែលបំពេញបេសកកម្មហ្នឹង ត្រូវតែទទួលខុសត្រូវ ចំពោះការអនុវត្តទៅលើតួនាទី ឬជំនាញបច្ចេកទេសរបស់ខ្លួនហ្នឹង។ នៅពេលដែលអនុវត្តឱ្យមានបញ្ហាបែបហ្នឹង មិនអាចរួចផុតអំពីចំណាត់ការផ្លូវច្បាប់ទេ » ។
អនុប្រធានភូមិរូង លោក សួង ឌ័ន បានស្លាប់កាលពីថ្ងៃទី៧ សីហា ក្នុងពេលសមត្ថកិច្ចចុះឃាត់ខ្លួនអ្នកលេងល្បែងឡូតូអនឡាញ ខណៈរូបលោកកំពុងជ្រកភ្លៀងនៅជិតកន្លែងកើតហេតុ។ តាមការរៀបរាប់របស់កូនស្រីរបស់លោក គឺកញ្ញា ឌីន នារតី ឪពុករបស់នាងត្រូវបានប៉េអិមដេញចាប់ និងសង្កត់កទៅខាងក្រោយបណ្ដាលឱ្យលោកថប់ដង្ហើមស្លាប់។ កញ្ញាបញ្ជាក់ថា ឪពុករបស់ខ្លួន មិនជាប់ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងនោះទេ។
លទ្ធផលកោសល្យវិច័យរបស់អាជ្ញាធរមូលដ្ឋានឱ្យដឹងថា ជនរងគ្រោះលោក សួង ឌ័ន បានស្លាប់ដោយសារជំងឺគាំងបេះដូង។ ប៉ុន្តែលទ្ធផលនេះ ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិច្រានចោលថា មិនមែនជាការពិត និងថា នេះជាបំណងគេចវេះមិនទទួលកំហុសរបស់ខ្លួនតែប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទង អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ដើម្បីសុំការបកស្រាយរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១០ សីហា។
ប៉ុន្តែលោកបានបកស្រាយតាមរយៈការបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា លោក សួង ឌ័ន ស្លាប់ដោយសារថប់ដង្ហើម ខណៈពេលដែលមន្ត្រីកងរាជអាវុធហត្ថ បានជួយធ្វើចលនាបេះដូង និងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
ទាក់ទងរឿងនេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានអះអាងថា លោកបានបញ្ជាឱ្យផ្អាកការងារ មន្ត្រីពាក់ព័ន្ធទាំង ១១នាក់ ដែលចុះទៅឃាត់ខ្លួនជនរងគ្រោះស្ថិតនៅក្នុងបន្ទាយរួចហើយ ដើម្បីរង់ចាំការស៊ើបអង្កេតជាមុនសិន។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា លោកគាំទ្រចំពោះចំណាត់ការរបស់លោក សៅ សុខា ដែលបង្កើតឱ្យមានក្រុមការងារ ចំពោះកិច្ចស្រាវជ្រាវក្នុងករណីនេះ។ ទោះជាយ៉ាងណាក្ដី លោកចាត់ទុកថា ការស្លាប់របស់ជនរងគ្រោះ ជាការបង្ហាញពីការអនុវត្តតួនាទីប្រាស់ចាកពីវិជ្ជាជីវៈរបស់មន្ត្រីកងរាជអាវុធហត្ថ ក្នុងពេលចុះប្រតិបត្តិការ។ លោកឱ្យដឹងថា នៅក្នុងពេលឃាត់ខ្លួន ជនសង្ស័យណាម្នាក់ អាជ្ញាធរគ្មានសិទ្ធិប្រើហិង្សាទៅលើពួកគេនោះទេ លុះត្រាតែមានការតដៃ ឬវាយប្រហារពីអ្នកទាំងនោះ។ លោកបន្តថា ប្រសិនបើមន្ត្រីទាំងនោះ ប្រព្រឹត្តខុសនឹងវិជ្ជាជីវៈ និងនីតិវិធី ជាពិសេស ការឃាត់ខ្លួនណាមួយដែលបណ្ដាលឱ្យជនសង្ស័យស្លាប់បែបនេះ នោះពួកគេ ក៏ត្រូវប្រឈមមុខ ចំពោះមុខច្បាប់ដូចប្រជាពលរដ្ឋទូទៅដែរ។ លោកជំរុញក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យបង្កើនការស៊ើបអង្កេតក្នុងករណីនេះឱ្យបានត្រឹមត្រូវ និងដោយការយកចិត្តទុកដាក់ ព្រមទាំងមានតម្លាភាព ដើម្បីវែកមុខជនបង្កមកដាក់ទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនគ្រួសារ លោក សួង ឌ័ន៖« មន្ត្រីនគរបាលយុត្តិធម៌ក្ដី មន្ត្រីកងរាជអាវុធហត្ថក្ដី នៅពេលដែលអនុវត្តប្រតិបត្តិរបស់ខ្លួនត្រូវតែប្រកាន់ខ្ជាប់ ទីមួយ អនុវត្តច្បាប់ ទីពីរអនុវត្តទៅតាមនីតិវិធី និងទីបី ត្រូវគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន មិនអាចយកតួនាទី ភារកិច្ចរបស់ខ្លួនក្នុងពេលប្រតិបត្តិការហ្នឹងប្រើប្រាស់នូវអំពើហិង្សាដោយខុសច្បាប់ ការប្រើប្រាស់ទារុណកម្មដោយខុសច្បាប់ ឬក៏ទង្វើឃោរឃៅអមនុស្សធម៌ដែលផ្ទុយពីច្បាប់ហ្នឹងបានទេ » ។
ករណីអាជ្ញាធរប្រើហិង្សាលើពលរដ្ឋរហូតដល់ស្លាប់ក្នុងពេលឃាត់ខ្លួននេះ បានកើតឡើងជាហូរហែ។ ជាឧទាហរណ៍ កាលពីចុងឆ្នាំ២០១៩ អតីតមន្ត្រីប៉េអិមជាន់ខ្ពស់ពីររូបនៅខេត្តបន្ទាយមានជ័យបានប្រើហិង្សា និងធ្វើទារុណកម្មលើពលរដ្ឋតវ៉ាដីធ្លីចំនួន ៥នាក់ បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ ទុយ ស្រស់ បានស្លាប់ និងមួយចំនួនទៀតរងរបួស។ តុលាការខេត្តបន្ទាយមានជ័យបានផ្ដន្ទាទោសជនដៃដល់ទាំងពីររូបដាក់ពន្ធនាគារម្នាក់ ៤ឆ្នាំ និងម្នាក់ទៀត ៧ឆ្នាំពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ។ ប៉ុន្តែម្នាក់ក្នុងចំណោមជនដៃដល់ទាំងពីរនាក់នោះ គឺអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោក ស ប៊ុនសឿង ត្រូវបានសាលាឧទ្ធរណ៍កាត់តម្រឹមទោស និងដោះលែងវិញ បន្ទាប់ពីអនុវត្តទោសបានជាងមួយឆ្នាំ។
ដោយឡែក ករណីមួយផ្សេងទៀត កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ ពេជ្រ ធារ៉េត នៅស្រុកសង្កែ ខេត្តបាត់ដំបង បានបាត់បង់ជីវិត ក្នុងពេលប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង ៣ម៉ោង។ ទោះបីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ស៊ើបអង្កេតរកឃើញថា ការស្លាប់នេះជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មរបស់នគរបាលស្រុកសង្កែក្ដី ក៏អ្នកដែលជាប់សង្ស័យក្នុងករណីនេះនៅតែមានសេរីភាពដដែលមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។