សង្គមស៊ីវិលជំរុញក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធឱ្យស៊ើបអង្កេតករណីអ្នកជាប់ឃុំស្លាប់ នៅពន្ធនាគារខេត្តព្រះវិហារ
2024.11.03
សង្គមស៊ីវិលជំរុញក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធឱ្យស៊ើបអង្កេតករណីអ្នកដែលជាប់ឃុំ ស្លាប់នៅពន្ធនាគារខេត្តព្រះវិហារ។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីអ្នកជាប់ឃុំនៅពន្ធនាគារ ស្លាប់បន្តបន្ទាប់ ខណៈសាច់ញាតិជនរងគ្រោះទទូចដល់រដ្ឋាភិបាលឱ្យផ្ដល់យុត្តិធម៌។
ម្ដាយរបស់អ្នកស្លាប់ នៅពន្ធនាគារខេត្តព្រះវិហារ លោកស្រី ទឹក រាំ ប្រាប់វិទ្យុអាស៊ីសេរីថា កូនប្រុស ឈ្មោះ តែន អាយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ ករណីចាក់អ្នកដទៃ ប៉ុន្តែកូនរបស់គាត់ ទើបតែជាប់ឃុំបានជាង ៣ខែ ក៏ស្រាប់តែមន្ត្រីពន្ធនាគារទាក់ទងមកលោកស្រី ឱ្យទៅយកសពកូនប្រុស នៅមន្ទីរពេទ្យ ខេត្តព្រះវិហារទៅវិញ។
មន្ត្រីពន្ធនាគារ និងលិខិតមន្ទីរពេទ្យ ឱ្យលោកស្រីបញ្ជាក់ថា កូនប្រុសស្លាប់ ដោយសារគាំងបេះដូង ប៉ុន្តែ លោកស្រីបញ្ជាក់ថា កូនរបស់លោកស្រី មិនដែលមានជំងឺបេះដូងទេ តែមានជំងឺសរសៃប្រសាទ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សាវនា ច្រានចោលពាក្យ ដែលថា មានអ្នកជាប់ឃុំ ១០នាក់ស្លាប់ នៅពន្ធនាគារខេត្តព្រះវិហា តែមានអ្នកជាប់ឃុំ ៤នាក់ ស្លាប់ក្នុងរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី២៩ ខែតុលា។
លោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែវិច្ឆិកា ថា អ្នកទោសទាំង ៤នាក់ រួមមាន ឈ្មោះ ឃុត សុខធាង អាយុ ២៧ឆ្នាំ ស្លាប់ដោយអ្នកជំងឺក្រិនថ្លើម និងខ្សោយតម្រងនោម ហើយឈ្មោះ ប៊ូ សេង អាយុ ៨២ឆ្នាំ រោគាពាធ រីឯឈ្មោះ តែន អាយ ស្លាប់ដោយសារគាំងបេះដូង និង ជនត្រូវចោទឈ្មោះ ផា សំបាន អាយុ ១៩ឆ្នាំ ស្លាប់ដោយសារចុកពោះ ហត់ និងក្អួត ខណៈជនត្រូវចោទម្នាក់នេះ លោក នុត សវនា ថា មានប្រវត្តិប្រើប្រាស់គ្រឿងញៀនជោកជាំ។ លោកថា មន្ត្រីពន្ធនាគារ បានបញ្ជូនអ្នកជាប់ឃុំទាំងនោះ ទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះដែរ។
លោក នុត សវនា៖ «អ៊ីចឹង គ្រឿងក្នុងគាត់ ប្រហែលជាមានបញ្ហាខ្ទិចខ្ទាំ នៅពេលគាត់មានប្រវត្តិប្រើប្រាស់គ្រឿងញៀនហ្នឹង។ ចំពោះបញ្ហាលើកឡើងគ្រួសាររបស់គាត់មិនជឿទៅលើការស្លាប់នេះ បណ្ដាលមកពីជំងឺ ខ្ញុំគិតថា ពួកគាត់មានសិទ្ធិទៅពិនិត្យ និងសួរនាំ នៅមន្ទីរពេទ្យបង្អែកខេត្ត និងស្នងការដ្ឋានខេត្តព្រះវិហារ ដើម្បីសុំពិនិត្យឯកសារមរណភាព និងឯកសារកោសល្យវិច័យពីមន្ត្រីពាក់ព័ន្ធ។ អានេះ ជាសិទ្ធិក្រុមគ្រួសារសព»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែវិច្ឆិកា ថា ការមិនអស់ចិត្តរបស់ក្រុមគ្រួសារជនរងគ្រោះ គឺដោយសារតែឃើញស្នាមជាំច្រើននៅលើសព។ លោកចាត់ទុកការមិនប្រាប់ក្រុមគ្រួសារឱ្យដឹងពេលកំពុងឈឺ រហូតដល់ជនរងគ្រោះស្លាប់ ទើបទាក់ទងឱ្យគ្រួសារឱ្យទៅយកសពបែបនេះថា ជាអំពើអមនុស្សធម៌ ដែលមិនគួរកើតមានឡើងឡើយ។
លោក យិន ម៉េងលី ស្នើអគ្គនាយកដ្ឋានពន្ធនាគារ និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើអធិការកិច្ច និងស៊ើបអង្កេតករណីស្លាប់ នៃអ្នកជាប់ឃុំ ដោយមិនចាំមើលតែរបាយការណ៍ ដែលមន្ត្រីថ្នាក់ក្រោមសរសេរនោះទេ។ លោកថា ប្រសិនបើមិនមានវិធានការឱ្យតម្លាភាព នោះមិនអាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសារឡើយ។
ចំណែកឯនាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា អ្នកជាប់ឃុំ ត្រូវបានតុលាការដកតែសិទ្ធិដើរហើរ ប៉ុន្តែ នៅមានសិទ្ធិទទួលបានការព្យាបាល ដូចប្រជាពលរដ្ឋទូទៅដែរ។
លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែវិច្ឆិកា ថា បើខាងពន្ធនាគារមិនមានលទ្ធភាពព្យាបាល នោះត្រូវបញ្ជូនអ្នក ដែលមានបញ្ហាសុខភាព ទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ ដោយមិនត្រូវទុករហូតដល់បាត់បង់ជីវិតឡើយ។
លោកថា ភាពចង្អៀតណែននៅក្នុងពន្ធនាគារ ធ្វើឱ្យមានជំងឺថប់អារម្មណ៍ និងបញ្ហាអនាម័យជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ ដូច្នេះ លោកជំរុញមន្ត្រីពន្ធនាគារឱ្យយកចិត្តទុកដាក់លើអ្នកជាប់ឃុំបន្ថែមទៀត ដោយត្រូវសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីពិនិត្យសុខភាពឱ្យបានដិតដល់ ដល់អ្នកជាប់ឃុំនៅពន្ធនាគារ។
លោក អំ សំអាត៖ «មន្ត្រីពន្ធនាគារ ឬប្រធានពន្ធនាគារជាអ្នកទទួលខុសត្រូវ ក្នុងការគ្រប់គ្រង និងពិនិត្យទៅស្ថានភាពអ្នកជាប់ឃុំ ជំងឺរាតត្បាត ឬអ្នក ដែលស្លាប់នៅពន្ធនាគារ ពីព្រោះតាមច្បាប់ពន្ធនាគារ គឺគេលើកឡើងហើយថា ការស្លាប់នៅពន្ធនាគារ គឺដាក់នៅក្នុងចំណុចសង្ស័យ។ ត្រូវតែមានការស៊ើបអង្កេត និងសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ច្បាប់គេតម្រូវអ៊ីចឹង ថា តើគាត់ស្លាប់ដោយសារជំងឺ ឬស្លាប់ដោយសារអ្វី។ អាហ្នឹង ត្រូវតែមានការស្រាវជ្រាវ និងធ្វើអធិការកិច្ចស៊ើបអង្កេតឱ្យបានច្បាស់លាស់ទៅបញ្ហាទាំងអស់ហ្នឹង»។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ បច្ចុប្បន្ននេះ ចំនួនអ្នកជាប់ឃុំ នៅទូទាំងប្រទេសមានប្រមាណជាង ៥ ម៉ឺននាក់ ក្នុងនោះមាន ៤៩សញ្ជាតិខុសគ្នា។ អគ្គនាយកដ្ឋានពន្ធនាគារព្យាករណ៍ថា ចំនួនអ្នកជាប់ឃុំអាចកើនឡើងដល់ ៦ម៉ឺននាក់នាពេលខាងមុខ ខណៈមានពន្ធនាគារ កំពុងប្រឈមភាពចង្អៀតណែនណាន់តាន់តាប់លើសពីសមត្ថភាពពន្ធនាគារ ដែលផ្ទុកបាន។
ទោះជាយ៉ាងណាក្ដី អ្នកជាប់ឃុំនៅប្រទេសកម្ពុជា ត្រូវអ្នកសង្កេតការណ៍ មើលឃើញមានស្តង់ដារផ្សេងៗ ពីគ្នា ទៅតាមប្រភេទក្រុមមនុស្ស។ អ្នកជាប់ឃុំក្រីក្រ មិនត្រូវបានអាជ្ញាធរ អើពើយកចិត្តទុកដាក់ព្យាបាលទេ ខណៈអ្នកទោសមនសិការ ត្រូវបានរឹតត្បឹត និងគំរាមកំហែង ប៉ុន្តែ អ្នកទោស ដែលមានលុយមានអំណាចវិញ ពួកគេ តែងទទួលបានសិទ្ធិពិសេស ទាំងកន្លែងស្នាក់នៅធំទូលាយ និងអាចធ្វើអ្វីៗ បានតាមចិត្ត ហើយពេលមានជំងឺអាចទៅរស់នៅបន្ទប់វីអាយភី (VIP) របស់ពេទ្យបានតាមចិត្ត ដោយមិនកំណត់ពេល។ ជាក់ស្ដែង ដូចជាករណីឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធករណីឃាតកម្ម ដែលតុលាការកាត់ ទោសឱ្យជាប់គុកមួយជីវិត និងឧកញ៉ា គិត ធាង ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បានទៅរស់នៅក្នុងបន្ទប់វីអាយភីក្នុងមន្ទីរពេទ្យរដ្ឋ រហូតដល់ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញស្ងាត់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។