ទស្សនៈ​នានា លើ​បណ្ដាញ​សង្គម​ ជុំវិញ​ស្ត្រី​នគរបាល ដែល​បំបៅ​កូន​ពេល​ម៉ោង​ធ្វើការ

ដោយ សេក បណ្ឌិត
2021-03-11
Share
ទស្សនៈ​នានា លើ​បណ្ដាញ​សង្គម​ ជុំវិញ​ស្ត្រី​នគរបាល ដែល​បំបៅ​កូន​ពេល​ម៉ោង​ធ្វើការ អនុសេនីយ៍ទោ ស៊ីថុង សុខា ជា​​ស្ត្រី​នគរបាល ​​នៃ​ស្នងការ​នគរបាល​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​​ឆ្លៀត​បំបៅ​កូន​​ក្នុង​ពេល​​​ធ្វើ​ការ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចាប់​អារម្មណ៍ និង​បញ្ចេញ​ទស្សនៈ​ប្លែកៗ គ្នា ​តាំង​ពី​ថ្ងៃ​ទី៩ មីនា។
រូប៖ ហ្វេសប៊ុក Sokha Konkatlao

ការ​សរសេរ​លិខិត​សុំ​ទោស​មេ​កើយ ពី​ស្ត្រី​នគរបាល​ម្នាក់ មាន​ឋានៈ​ជា​អនុសេនីយ៍ទោ ឈ្មោះ ស៊ីថុង សុខា នៃ​ស្នងការ​នគរបាល​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​បំបៅ​កូន​ពេល​ម៉ោង​ធ្វើ​ការ​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចាប់​អារម្មណ៍ និង​បញ្ចេញ​ទស្សនៈ​ព្រោងព្រាត​ ជុំវិញ​រឿង​នេះ ចាប់​តាំង​ពី​ថ្ងៃ​ទី៩ មីនា​មក។

តើ​ទស្សន​មតិ​ទាំង​នោះ វិជ្ជមាន ឬ​អវិជ្ជមាន ចំពោះ​រឿង​នេះ?

រឿងរ៉ាវ​នេះ ពី​ដំបូង​ផ្ដើម​ចេញ​ពី​គណនី​ហ្វេសប៊ុក ឈ្មោះ កូន​កាត់​ឡាវ (Sokha Konkatlao) ដែល​បាន​ផុស​រូបថត​ស្ត្រី​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី ប៉ូលិស​ចរាចរណ៍ អង្គុយ​លើ​កៅអី​ជ័រ ក្បែរ​តុ​ដែក​មួយ​តាម​ដង​ផ្លូវ​នៅ​ជនបទ ដើម្បី​បំបៅ​កូន។

ទីតាំង​ទំនង​ជា​ទី​កន្លែង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អ្វី​មួយ។ នៅ​ពី​លើ​រូបថត​នោះ មាន​សរសេរ​ឃ្លា​មួយ បែប​ស៊ី​អារម្មណ៍​គ្រាន់​បើ​ថា៖ ព្រោះ​តែ​ពាក្យ​ថា​ម្ដាយ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ទេ ដើម្បី​កូន​ភ្លេច​អស់​ហើយ​ការ​អៀនខ្មាស នេះ​ហើយ​ជីវិត​ពិត។ រូបភាព​នេះ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ចែក​រំលែក​ត​គ្នា ឬ​ហៅ Share ពី​មួយ​ទៅ​មួយ។

ក្រោយ​មក ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ផុស​ម្ដង​ទៀត នូវ​រូប​ដដែល​នេះ ដោយ​ភ្ជាប់​មក​ជាមួយ​លិខិត​សរសេរ​ដោយ​ដៃ​ផ្ទាល់​ផង និង​អក្សរ​ពុម្ព​ផង ដែល​មាន​ន័យ​ស្រដៀង​គ្នា។

លិខិត​នោះ​សរសេរ​ថា នាង​ខ្ញុំ​អនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ71655 សូម​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ក្នុង FACEBOOK ចំពោះ​ការ​ផុស​រូបភាព​បំបៅ​ដោះ​កូន​នៅ​កន្លែង​ធ្វើការ និង​ស្លៀក​ឈុត​ឯកសណ្ឋាន​កាល​ពី​ថ្ងៃ​ទី២ មីនា​កន្លង​មក​នេះ។

ការ​ផុស​ទៅ​នេះ នាង​ខ្ញុំ​ពុំ​មាន​គោល​បំណង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​នគរបាល ព្រម​ទាំង​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ទេ។ អាស្រ័យ​ដូច​នេះ​សូម​អង្គភាព និង​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​មេត្តា​ដោយ​ក្តី​អនុគ្រោះ។

លិខិត​មួយ​ទៀត​សរសេរ​ដោយ​ដៃ ស្រដៀង​គ្នា​ប៉ុន្តែ មាន​បន្ថែម​នូវ​កិច្ចសន្យា ២ចំណុច៖

/ នាង​ខ្ញុំ​គ្មាន​បំណង​ផុស Facebook ដែល​មិន​សមរម្យ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស អង្គភាព​នគរបាល ព្រមទាំង​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ទេ។

/ ប្រសិន​បើ​នាង​ខ្ញុំ​មិន​គោរព​ពាក្យ​សន្យា ខាង​លើ​នាង​ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ ចំពោះ​ច្បាប់​ជា​ធរមាន។

លិខិត​នេះ ធ្វើ​នៅ​ថ្ងៃ​ទី៩ មីនា មួយ​ថ្ងៃ​ក្រោយ​ទិវា​សិទ្ធិ​នារី ៨មីនា ឆ្នាំ២០២១ ដោយ​មាន​ផ្តិត​មេដៃ​សាមី​ខ្លួន ឈ្មោះ ស៊ីថុង សុខា ផង​។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ហាក់​មិន​ចង់​ឃើញ ការ​សូម​ទោស​មេ​កើយ ដោយ​ធ្វើ​កិច្ច​សន្យា​ទទួល​កំហុស​របស់​នគរបាល​ជា​ស្ត្រី​នោះ​ជា​សាធារណៈ ដោយ​ហេតុ​បំបៅ​កូន ពេល​ម៉ោង​ធ្វើការ​នោះ​ឡើយ។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Mao Chandara បាន​ផុស​រូប ស្ត្រី​ជា​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ដែល​បំបៅ​កូន​ពេល​ប្រជុំ។

ហើយ​សរសេរ Comment ថា រៀន​មើល​គេ មើល​ឯង​ផង! ស្អី​ទៅ​ហៅ​ថា យេនឌ័រ? ១ឆ្នាំៗ ចាយ​លុយ​លើ​កម្មវិធី​នេះ​អស់​ប៉ុន្មាន ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី?

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Chantha Muth ក៏​បាន ផុស​រូប​ស្ត្រី ស៊ីថុង សុខា បំបៅ​កូន អម​ជាមួយ​កិច្ច​សន្យា​សរសេរ​ដោយ​ដៃ និង​រូប​ស្ត្រី​ជា​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ដែល​បំបៅ​កូន​ពេល​ប្រជុំ ដែល​ទំនង​ជា​ចង់​ឲ្យ​ប្រៀបធៀប​គ្នា។

Chantha Muth ក៏​បាន​សរសេរ Comment ជា​សំណួរ​ថា តើ​ការ​បំបៅ​ដោះ​កូន​ក្នុង​ម៉ោង​ធ្វើ​ការ ឬ​កំពុង​បំពេញ​តួនាទី​សាធារណៈ រំលោភ​ក្រម​សីលធម៌​របស់​នគរបាល​ជាតិ ឬ​បញ្ញត្តិ​ច្បាប់​ណា​ដែរ?

ក្រសួង​កិច្ចការ​នារី ឬ អង្គការ​មិនមែន​រដ្ឋាភិបាល-សមាគម​ធ្វើ​ការ​លើ​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​សមភាព​យេនឌ័រ គួរ​តែ​បង្ហាញ​ជំហរ​ចំពោះ​រឿង​នេះ។

ដោយឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Ly DA RA ក៏​បាន​ផុស​រូប​ស្ត្រី ស៊ីថុង សុខា បំបៅ​កូន និងComment តប ចំពោះ​រឿង​នេះ​ដែរ ដោយ​លើក​ពី​ទិដ្ឋភាព​ច្បាប់​ថា ទាំង​ច្បាប់​ក៏​មិន​ខុស និង​ទាំង​សីលធម៌​ក៏​មិន​ខុស!

1/ បើ​ជា​និយោជិត (កម្មករ) វិញ ច្បាប់​ការងារ​តម្រូវ​ឲ្យ​នីយោជក (ថៅកែ) ត្រូវ​តែ​ធ្វើ​បន្ទប់​សម្រាប់​មាតា​បំបៅ​ដោះ​កូន​ក្នុង​ម៉ោង​ការងារ (បើ​និយោជក​មិន​គោរព​តាម​វិធាន​នេះ និយោជក​ត្រូវ​ទទួល​ពិន័យ)

2/ រីឯ​ព្រះរាជក្រឹត្យ​ស្ដីពី​លក្ខន្តិក:​ដោយ​ឡែក​នៃ​មន្ត្រី​នគរបាល គឺ​អត់​មាន​ចែង​អំពី​ការ​រៀបចំ​បន្ទប់​សម្រាប់​មាតា​បំបៅ​ដោះ​កូន​ក្នុង​ម៉ោង​ការងារ​ទេ ដូច្នេះ​បើ​ចង់​ចាប់​កំហុស គឺ​ខុស​មេ​អង្គភាព​ទៅ​វិញ​ទេ!

3/ ចំពោះ​សីលធម៌ គឺ​មិន​ខុស​ទាល់​តែ​សោះ ព្រោះ​ការ​បញ្ចេញ​ដើម​ទ្រូង​ប៉ុន​ពីរ​ធ្នាប់ ដើម្បី​កូន​បៅ​ដោះ​ មិន​មែន​ជា​ការ​បញ្ចេញ​កេរខ្មាស​ស៊ិចស៊ី​ឯ​ណា​ បើ​ប្រៀបធៀប​ទៅ​នឹង​ទ្រូង​អ្នក​លក់​តាម​អនឡាញ​វិញ មិន​បាច់​ថ្លែង តាំង​ពី​បំពង់​ក​រហូត​ដល់​គល់​ផ្ចិត វាល​ឆេញ​ហ្មង។

4/ រូបភាព​នេះ​បង្ហាញ​ពី​ព្រហ្ម​វិហារធម៌​របស់​ម្ដាយ។

គ្រូ ហៀង សូម​គោរព​វីរ:ភាព​របស់​ប្អូន​ស្រី ស៊ីថុង សុខា Sokha Konkatlao

ដោយ​ឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ម៉ែន ណាត ក៏​បាន​លើ​រឿង​នេះ និង​បាន​សរសេរ Comment លើ​ទឹក​ចិត្ត ដល់​ស្ត្រី​នគរបាល ស៊ីថុង សុខា ថា ស៊ីថុងសុខា គាប្បី​ ត្រូវបានលើកទឹកចិត្ត មិន​មែន​ជា​ទណ្ឌកម្ម​ទេ។ លោក​សូមអំពាវនាវដល់ក្រសួងមហាផ្ទៃឲ្យ​ពិនិត្យមើលរឿងនេះ

លោក​សរសេរ​បន្ត​ថា អ្នកស្រី ស៊ីថុង សុខា គ្មាន​កំហុស​អី​ទេ គាត់​បំបៅ​ដោះ​កូន​បាន​គ្រប់​ពេល ទោះ​បី​ក្នុង​ពេល​ម៉ោង​ធ្វើ​ការ​ក៏​ដោយ។

គ្មាន​ច្បាប់​ណា​ដាក់​ទណ្ឌកម្ម​ទៅ​កាតព្វកិច្ច​របស់​ម្ដាយ ដែល​មាន​កូនង៉ា​របៀប​នេះ​ឡើយ។

អ្នកស្រី​គប្បី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត ពី​ក្រុម​ការងារ និង​ថ្នាក់​លើ​របស់​គាត់ នូវ​អ្វី​ដែល​គាត់​ខំ​បម្រើ​ការងារ​ជូន​ស្ថាប័ន។

ថ្នាក់​លើ​របស់​អ្នកស្រី ស៊ីថុង សុខា គួរ​ចេះ​ខ្មាស​អៀន​ខ្លួន​ឯង​ផង​ទៅ ដែល​បង្ខំ​ឲ្យ​អ្នកស្រី សរសេរ​កិច្ចសន្យា ជា​ទណ្ឌកម្ម​របស់​អាជ្ញាធរ និង​ជា​ការ​បំបាក់​ទឹក​ចិត្ត​ដល់​ស្ត្រី​ដទៃ​ទៀត ដែល​បំពេញ​ការងារ ដូច​អ្នកស្រី ស៊ីថុង ដែរ​នោះ។

លោក​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និង​ក្រសួង​មហាផ្ទៃ ពិនិត្យ​លើ​ទង្វើ​របស់​មន្ត្រី​ថ្នាក់​លើ​ខ្លះ ឲ្យ​លប់​ចោល​កិច្ច​សន្យា​នោះ​ចោល រួច​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នកស្រី ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ស្ត្រី​ឯ​ទៀត នៅ​ក្នុង​ស្ថាប័ន​មន្ត្រី​រាជការ និង​ស្ថាប័ន​ឯ​ទៀត។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Phorn Phana បាន​សរសេរ​ឌឺដង ចំពោះ​រឿង​នេះ​ដែរ​ថា ប្លែកៗ ស្រុក​រំដួល!

នាំ​គ្នា​ឈប់​ថ្ងៃ ៨ មីនា រាល់​ឆ្នាំ ស្រែក​តាម​គ្នា​ទិវា​សិទ្ធិ​នារីៗ។ ដល់​តែ​នារី​ជា​ម៉ែ​ថត​បង្ហោះ​រូប​បំបៅ​ដោះ​កូន​នៅ​កន្លែង​ធ្វើ​ការ​ហៅ​គ្នា​អប់រំ។ តើ​បទ​វិន័យ​ប៉ូលិស ហាម​បំបៅ​ដោះ​កូន នៅ​កន្លែង​ធ្វើ​ការ​ឬ?

តើ​ស្ត្រី​បំបៅ​ដោះ​កូន​វា​អាក្រក់​កន្លែង​ណា?

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Sea Seakleng សៀ សៀកឡេង ថា «គ្រាន់​តែ​អ៊ីចឹង ដល់​ថ្នាក់​ត្រូវ​ធ្វើ​កិច្ច​សន្យា​ទៀតការ​បំបៅ​ដោះ​កូន​ខុស​ត្រង់​ណា? តើ​គួរ​ទុក​ឲ្យ​កូន​ស្រេក​ឃ្លាន ឬ​យ៉ាង​ណា?

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Chandara Samban បន្ទរ​ចុង​ក្រោយ​ថា ស្រុក​អច្ឆរិយ ពេល​គេ​ធ្វើ​ចំណាត់​ការ​អី​ក៏​អច្ឆរិយ ច្បាប់​គ្មាន​មនុស្សធម៌ ជា​ច្បាប់​របស់​ពួក​បិសាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល