កម្ពុជា និងថៃជាប្រទេសមានព្រំប្រទល់ជាប់ ប៉ុន្តែអំឡុងពេលផ្ទះការរាតត្បាតជំងឺកូវីដ១៩ខ្លាំងនេះ សេរីភាពខាងការបញ្ចេញមតិរបស់ពលរដ្ឋប្រទេសទាំងពីរហាក់ខុសគ្នាដាច់ស្រឡះ។ ពលរដ្ឋខ្មែរមិនអាចប្រមូលផ្ដុំគ្នាតវ៉ាបង្ហាញពីទុក្ខកង្វល់របស់ខ្លួនបានទេ ជាពិសេសអ្នកពាក់ព័ន្ធរឿងនយោបាយ ខុសពីប្រទេសថៃ ដែលប្រជាពលរដ្ឋរបស់គេរាប់ពាន់នាក់ ចេញតវ៉ាបណ្ដេញនាយករដ្ឋមន្ត្រីចេញពីតំណែងបានដោយសេរី។ អ្នកវិភាគនយោបាយ មើលឃើញថា បញ្ហានេះដោយសារកម្ពុជាងាកទៅរកការគ្រប់គ្រងបែបកុម្មុយនិស្ត ច្រើនជាងប្រទេសថៃ។
ប្រទេសកម្ពុជានិងថៃមានវិបត្តិនយោបាយដូចគ្នា ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរមានលក្ខណៈខុសគ្នាដាច់ស្រឡះ អំឡុងពេលកំពុងមានការរាតត្បាតជំងឺកូវីដ១៩ខ្លាំងនេះ។
អាជ្ញាធរកម្ពុជាបង្កើនការរឹតត្បិតខ្លាំងលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋរហូតដល់ប្រជាពលរដ្ឋមិនអាចចូលរួមសម្ដែងមតិបានឡើយ។ ជារឿយៗអាជ្ញាធរតែងតែបង្ក្រាបលើក្រុមយុវជន និងប្រជាពលរដ្ឋ ជាពិសេសក្រុមស្ត្រីដែលជាប្រពន្ធ និងកូនរបស់ជនជាប់ឃុំនយោបាយ សូម្បីតែពួកគេសម្ដែងមតិដោយសន្តិវិធីមានគ្នាមិនដល់ ១០នាក់ ក៏អាជ្ញាធរមិនលើកលែងដែរ ។ អាជ្ញាធរតែងតែចាត់ទុកការបង្ក្រាបនេះ ថា ជាការអនុវត្តច្បាប់ ដើម្បីរក្សាសណ្ដាប់សង្គម ទោះជាក្នុងរូបភាពហិង្សាក៏ដោយ។
ប្រពន្ធសកម្មជនបក្សប្រឆាំងដែលកំពុងជាប់នៅពន្ធនាគារព្រៃស លោកស្រី ព្រុំ ចាន់ថា ថ្លែងថា បច្ចុប្បន្នសិទ្ធិសេរីភាពសម្ដែងមតិនៅកម្ពុជារួញតូចខ្លាំង ធ្វើឱ្យលោកស្រីពិបាកក្នុងការអនុវត្តសិទ្ធិមួយនេះ។ ស្ត្រីវ័យ៤៩ឆ្នាំរូបនេះ ប្រាប់ថា ការតវ៉ាកន្លងមកកងសន្តិសុខ និងប៉ូលិសក្រុងភ្នំពេញតែងបង្ក្រាបដោយហិង្សានិងជេរប្រមាថមកលើពួកលោកស្រីជាប្រចាំ។ លោកស្រីបញ្ជាក់ថា ការតវ៉ាកន្លងមក គឺដោយសារមិនពេញចិត្តនឹងតុលាការ ដែលបានចាប់ប្ដីនិងកូនរបស់ពួកលោកស្រីដាក់ពន្ធនាគារដោយអយុត្តិធម៌៖ «ធ្វើគ្រប់រូបភាពទាំងអស់ ប៉ុន្តែពួកខ្ញុំនៅតែមិនខ្លាចដដែល ដោយសារអ្វីដែលជំរុញឱ្យគឺ ការឈឺចាប់និងទឹកចិត្តយើងដែលរងអំពើអយុត្តិធម៌សម្រាប់ក្រុមគ្រួសារពួកខ្ញុំ។អីចឹងពួកខ្ញុំត្រូវតែតវ៉ាមិនរាថយមិនញញើត ហើយក៏មិនខ្លាចនឹងការគំរាមកំហែង ទោះបីគាត់ចាប់ក៏ខ្ញុំអត់ខ្លាចដែរ»។
ទន្ទឹមនឹងនេះ អាជ្ញាធរខ្មែរហាក់ឆ្លៀតឱកាសនៃការរាតត្បាតជំងឺកូវីដ១៩នេះ បង្ក្រាបលើប្រជាពលរដ្ឋទាំងឡាយដែលមានមតិផ្ទុយពីរដ្ឋាភិបាលដោយសូម្បីតែកសិកររិះគន់អាជ្ញាធរពាក់ព័ន្ធនឹងការទិញផ្លែមៀន ឬផ្លែតាង៉ែនតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏អាជ្ញាធរចាប់ដាក់ពន្ធនាគារបានដែរ ។ កាលពីថ្ងៃទី២៤ សីហាកសិករម្នាក់ឈ្មោះ ងួន លី អាយុ៣១ នៅស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានតុលាការខេត្តមួយនេះផ្ដន្ទាទោសដាក់ពន្ធនាគារ១០ខែ ដោយសារតែលោកបានបង្ហោះវីដេអូឃ្លិបនៅក្នុងហ្វេសប៊ុករបស់លោកថា អាជ្ញាធរមូលដ្ឋានឱ្យប្រជាពលរដ្ឋបេះផ្លែតាង៉ែនហើយ ប៉ុន្តែមិនមកទិញកសិផលរបស់ពួកគាត់នោះទេ។
ចាប់តាំងពីឆ្នាំ២០១៩ រហូតមកទល់ពេលនេះ អាជ្ញាធរបានចាប់ខ្លួនសកម្មជន យុវជន និងសកម្មជននយោបាយជិត ៩០នាក់ដាក់ពន្ធនាគារ ដោយភាគច្រើនអាជ្ញាធរចោទប្រកាន់ពួកគេពីបទញុះញង់។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីថា ការចាប់ចងទាំងអស់នេះ គឺជាការអនុវត្តច្បាប់ ដែលលោកអះអាងថា ពួកគេបានប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរ៖ «ប្រទេសមួយយើងមានច្បាស់ប្រទេសរៀងៗខ្លួន យើងមិនអាចវាយតម្លៃ ដោយការយល់ឃើញការវិភាគរបស់យើងពឹងផ្អែកលើបរិបទនៃប្រទេសនេះប្រទេសនោះ ដោយគ្មានពឹងផ្អែកទៅលើក្របខ័ណ្ឌច្បាប់ទេ។ ដូច្នេះកម្ពុជាយើងមានរដ្ឋធម្មនុញ្ញមានក្រមព្រហ្មទណ្ឌ និងមានច្បាប់ផ្សេងៗទៀត។ ដូច្នេះសកម្មភាពដែល យើងម្នាក់ៗធ្វើនេះយើងត្រូវពិនិត្យមើលថា នៅក្នុងបទបញ្ញត្តច្បាប់នោះ គេបានហាមឬទេ។ បើសិនជាយើងធ្វើសកម្មភាព វារំលោភបទបញ្ញត្តច្បាប់ អាហ្នឹងគែអំពើខុសច្បាប់ហើយ»។
ទោះជាយ៉ាងណាថ្មីៗនេះស្ថានទូតប្រទេសសេរីប្រចាំនៅកម្ពុជា និងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានលើកឡើងថា ការបកស្រាយរបស់តំណាងរដ្ឋាភិបាល មិនសមហេតុផល និងមិនស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដែលធានាការពារសិទ្ធិជនជាប់ចោទឡើយ។ លើសពីនេះ ពួកគាត់ចាត់ទុកថា ទង្វើរបស់រដ្ឋាភិបាល កំពុងតែប្រើវិបត្តិកូវីដ១៩ ដើម្បីអូសបន្លាយពេលឃុំខ្លួនជនជាប់ឃុំ ដោយគ្មានការកាត់ក្ដី ដែលជាការបំពានសិទ្ធិ និងនាំឲ្យប៉ះពាល់ដល់ភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេធ្ងន់ធ្ងរ។
ងាកមកមើលប្រទេសថៃវិញម្ដង ក្នុងរយៈពេល២ខែចុងក្រោយនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចន្លោះពីជាង ១ម៉ឺន ៤ពាន់នាក់ទៅជាង២ម៉ឺននាក់(២៣.៥០០)ក្នុងមួយថ្ងៃ គឺច្រើនជាងកម្ពុជាដែលមានអ្នកឆ្លងប្រមាណពី៤០០ នាក់ ទៅជាង ១ពាន់នាក់ក្នុងមួយថ្ងៃ។ ថ្វីត្បិតតែប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងខ្មែរដល់ទៅ ១០ដងយ៉ាងនេះក្ដី ក៏រដ្ឋាភិបាលថៃបើកឱ្យប្រជាពលរដ្ឋរបស់គេអាចសម្ដែងមតិតាមដងផ្លូវដោយសេរីបានដែរ។
បច្ចុប្បន្នមានយុវជនថៃប្រមាណពី ២ពាន់ ទៅ ៥ពាន់នាក់(៥.០០០)ក្នុងមួយថ្ងៃចេញធ្វើបាតុកម្មតវ៉ាតាមដងផ្លូវនៅកណ្ដាលទីក្រុងបាងកក។ ពួកគេទាមទារឱ្យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan O Cha) ចុះចេញពីតំណែង ដោយសារបរាជ័យក្នុងការទប់ស្កាត់ការរាលដាលជំងឺកវីដ ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ថៃធ្លាក់ចុះ។ កន្លងមកក្រុមបាតុករបានប៉ះទង្គិចជាមួយប៉ូលិសជាញឹកញាប់ដែរ ប៉ុន្តែពួកគេនៅតែអាចធ្វើសកម្មភាពសម្ដែងមតិបានដដែល និងមានសកម្មភាពផុសផុលទៀតផង។ ការតវ៉ានេះពលរដ្ឋថៃបានដាក់ឧបករណ៍បំពងសំឡេង ហើយផ្លាស់ប្ដូរគ្នាឡើងបញ្ចេញមតិ អមដោយការប្រគំតន្ត្រីនៅតាមដងសំខាន់ៗនៅក្នុងទីក្រុងបាងកក។ ពលករខ្មែរម្នាក់ធ្វើការនៅប្រទេសថៃ ដែលតែងចុះឃ្លាំមើលពលរដ្ឋថៃធ្វើបាតុកម្មនៅទីក្រុងបាងកក លោក ជិម សុផាត ថ្លែងថា លោកពេញចិត្តនឹងយុវជនថៃដែលបាននាំគ្នាសម្ដែងមតិទាមទារឱ្យមេដឹកនាំរបស់គេចុះចេញពីតំណែង។ លោកបញ្ជាក់ទៀតថា ការតវ៉ានេះមិនមែនពលរដ្ឋថៃក្លាហានជាងពលរដ្ឋខ្មែរនោះទេ ប៉ុន្តែដោយសារអាជ្ញាធរថៃផ្ដល់សេរីភាពដល់ប្រជាពលរដ្ឋរបស់ពួកគេច្រើនជាងកម្ពុជា៖ «នៅពេលដែលឃើញយុវជនគេសាមគ្គីគ្នារួមជាទ្រង់ទ្រាយធំ គេចេះស្រលាញ់ជាតិ ក្រុមបាតុករនេះមិនមែនត្រឹមតែប្រជាពលរដ្ឋធម្មតាទេ សូម្បីតែពួកតារាចំរៀងល្បីៗ អ្នកកាសែតក៏ចូលរួមដែរ។ នៅស្រុកខ្មែរយើងអត់មានតារាណាមកចូលរួមទេ និយាយឱ្យចំទៅខ្ញុំរំភើបណាស់ចង់ឱ្យស្រុកខ្មែរធ្វើបែបហ្នឹងបើសិនជាយើងគិតថាលោកហ៊ុន សែន សព្វថ្ងៃគឺជារបបផ្ដាច់ការ រំលោភទៅលើសិទ្ធិមនុស្សខ្លាំងទៅហើយហ្នឹង យើងអត់អាចការបោះឆ្នោតអីឈ្នះជាមួយលោក ហ៊ុន សែន»។
ក្រៅពីបើកសិទ្ធិដល់ពលរដ្ឋខ្លួនហើយ អាជ្ញាធរថៃក៏បានបើកសិទ្ធិឱ្យជនជាតិដទៃដែលកំពុងស្នាក់នៅប្រទេសថៃ អាចប្រមូលផ្តុំសម្ដែងមតិបានដែរ ប្រសិនបើពួកគេជួបប្រទះបញ្ហាអ្វីមួយ។ ជាឧទាហរណ៍ ពលករខ្មែរបានជាច្រើននាក់ធ្លាប់បានប្រមូលផ្តុំគ្នាតវ៉ាដាក់ញត្តិនៅក្រសួងការងាររបស់ថៃជាច្រើនដង ដើម្បីស្នើសុំឱ្យអាជ្ញាធរថៃជួយដោះស្រាយបញ្ហារំលោភសិទ្ធិការងារលើពួកគាត់។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា មូលហេតុដែលការបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជាខុសពីថៃ ដោយសារស្ថាប័នតុលាការនៅប្រទេសថៃឯករាជ្យ និងមិនស្ថិតក្រោយសម្ពាធរបស់អ្នកនយោបាយដូចនៅកម្ពុជា។ បន្ថែមពីនេះលោកថា ថ្នាក់ដឹកនាំ និងពលរដ្ឋថៃ បានដើរតាមគន្លងធម៌ព្រះពុទ្ធច្រើន មានចិត្តធម៌ច្រើន អត់ឱននិងបើកទូលាយច្រើន ព្រមទាំងមានសមត្ថភាពនិងការទុកចិត្តលើខ្លួនឯង ជាពិសេសអាជ្ញាធរថៃស្រឡាញ់ប្រជាពលរដ្ឋរបស់គេ៖ «ព្រះពុទ្ធសាសនានៅថៃនេះជាកត្តាលំនឹងស្ថិរភាពសង្គមព្រោះគេជឿដូចៗគ្នា ហើយគេបដិបត្តិ។ យើងណេះបានតែជឿ បានតែមាត់បានតែសូត្រធម៌សូត្រអីតែមាត់ ប៉ុន្តែកាយវិការជាក់ស្ដែងសឹងតែអត់ ម្ល៉ោះហើយគឺខុសគ្នាអីចឹង។ ម្ល៉ោះហើយសង្គមហ្នឹងវាអត់មានអីរឹងមាំមានលំនឹង រួចស្ថាប័នស្ដេចគេក៏ជាលំនឹងមួយដែរ»។
ដោយឡែកនៅកម្ពុជាវិញអ្នកវិភាពនយោបាយជើងចាស់រូបនេះមានប្រសាសន៍ថា រដ្ឋាភិបាលរបបឯកបក្សកំពុងដើរតាមគន្លងរបបកុម្មុយនិស្តផ្ដាច់ការ។ លោកថា ការដឹកនាំបែបនេះ គឺរដ្ឋាភិបាលរកវិធីគ្រប់យ៉ាងមិនឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីខាងបញ្ចេញមតិនោះឡើយ៖ «អីចឹងហើយបានជាគេឱ្យសារសំខាន់ទៅលើកងប្រដាប់អាវុធ ដូចសព្វថ្ងៃ តើគេឱ្យសារសំខាន់ទៅដល់កងទ័ពយ៉ាងម៉េច ហើយនគរបាលយ៉ាងម៉េច។ ព្រោះអាហ្នឹងជាឧបករណ៍ដើម្បីយកអំណាចផងដើម្បីទ្រទ្រង់រក្សាការពារអំណាច ពង្រឹងអំណាចបន្ថែមទៅទៀតទៅ។ ចំណែកអ្នកណាដែលជំទាស់ឬមួយធ្វើឱ្យរង្គោះរង្គើអំណាចរបស់គេហ្នឹងគេសម្លាប់ ឬចាប់ចងទៅ ហើយច្បាប់នេះ គឺច្បាប់កុម្មុយនីស្ត ដើម្បីប្រឆាំងហ្នឹងកម្ទេចអ្នកទិតៀន អ្នកដែលប្រឆាំងនឹងអំណាចវណ្ណៈអធន»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ជឿថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរខ្មែរទាំងអស់ គួរតែដឹកនាំប្រទេសដោយដើរតាមគន្លងព្រះពុទ្ធនាសនាឱ្យបានខ្ជាប់ខ្ជួន និងត្រូវបណ្ដុះកូនរបស់ពួកគេឱ្យយល់ដឹងពីពុទ្ធសាសនា តាំងពីតូចមុនពេលដែលពួកគេចូលកាន់តំណែងការងាររដ្ឋ។ ជាពិសេសលោកជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គួរតែប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤យ៉ាងរបស់ព្រះពុទ្ធ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ដែលមានន័យថា សេចក្ដីស្រឡាញ់ សេចក្ដីអាណិត មានការត្រេកអរនៅពេលដែលអ្នកដទៃបានសេចក្ដីសុខ និងការតម្កល់ចិត្តឱ្យនៅកណ្ដាលដោយមិនលំអៀងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។