តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនយុវជនខ្មែរថាវរៈ ២រូបទៀតគឺលោក ថា ឡាវី និងកញ្ញា សូ មេត្តា នៅក្នុងពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី៨ ខែកញ្ញា។ យុវជនទាំងពីរ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី៧ ខែកញ្ញា បន្ទាប់ពីពួកគេបានព្យាយាមចូលធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ទង្វើរបស់អាជ្ញាធរបែបនេះ គឺជាការបំពានសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងការធ្វើការតវ៉ា និងការធ្វើបាតុកម្មដោយសន្តិវិធី។
សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់យុវជន ថា ឡាវី និង កញ្ញា សូ មេត្តា ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដូចយុវជនផ្សេងៗទៀតដែរ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បញ្ជាក់ថា អាជ្ញាធរបានអនុវត្តតាមដីការបស់តុលាការ និងក្រសួងមហាផ្ទៃ ក្នុងការចាប់ខ្លួនយុវជនខ្មែរថាវរៈ ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៖ « ហ្នឹងបងអាចទាក់ទងទៅខាងតុលាការបាន ព្រោះការអនុវត្តតាមតុលាការ អញ្ចឹងពេលយើងចាប់ភ្លាមសមត្ថកិច្ច គឺបានបញ្ជូនទៅតុលាការហើយ អញ្ចឹងអឺការងារបន្តបងអាចទាក់ទងទៅខាងតុលាការបាន ហើយម្យ៉ាងទៀត ថ្មីៗនេះក្រសួងមហាផ្ទៃ ក៏គាត់បានចេញសេចក្ដីប្រកាសមួយដែលទាក់ទងទៅនឹងក្រុមយុវជនថាវរៈ ហើយនឹងមាតាធម្មជាតិហ្នឹង គឺអនុវត្តនូវការងារខុសច្បាប់កាលដែលគ្មានប័ណ្ឌអនុញ្ញាតត្រឹមត្រូវពីក្រសួងមហាផ្ទៃ » ។
យុវជន ថា ឡាវី ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ក្នុងពេលលោក និងយុវជនដទៃទៀត ព្យាយាមទៅប្រមូលផ្តុំគ្នាសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ។ចំណែក កញ្ញា សូ មេត្តា ត្រូវបានចាប់ខ្លួននៅព្រលប់ថ្ងៃទី៧ ខែកញ្ញា បន្ទាប់ពីត្រឡប់មកពីកន្លែងតវ៉ាវិញ។ អ្នកទាំងពីរ ត្រូវបានអាជ្ញាធរឃុំខ្លួនមួយយប់នៅស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រៅចាប់ខ្លួននោះ យុវជនម្នាក់ទៀតឈ្មោះ ឡុញ ស៊ុំសុមុន្នី ដែលបានទៅចូលរួមតវ៉ាដែរនោះ ត្រូវបានជនមិនស្គាល់មុខពីរនាក់ លួចវាយតបពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ នៅម្ដុំផ្សារធំថ្មី។
លោក ឡុញ ស៊ុំសុមុន្នី គឺជាយុវជនគណបក្សសង្គ្រោះជាតិ ខណ្ឌមានជ័យ ឲ្យដឹងថា បន្ទាប់ពីបញ្ចប់បាតុកម្មបំបែកគ្នាមកផ្ទះវិញ មានក្រុមសន្តិសុខខណ្ឌឫស្សីកែវ និងខណ្ឌដូនពេញ បានជិះតាមលោកមករហូត ហើយនៅពេលលោកមកដល់កន្លែងកើតហេតុជិតផ្សារធំថ្មី ស្រាប់តែពួកសន្តិសុខស្លៀកពាក់ស៊ីវិលទាំងនោះ ធាក់ផ្ដួលម៉ូតូ និងព្រួតគ្នាវាយដំរូបលោកបណ្ដាលឲ្យសន្លប់ ហើយរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី៧ ខែកញ្ញា។ លោកថា ការប្រើហិង្សាមកលើលោកនេះ គឺជារឿងនយោបាយដែលអ្នកមានអំណាចមានបំណងបំបាក់ស្មារតី គំរាមកំហែងលោក មិនឲ្យចូលរួមធ្វើបាតុកម្ម និងបញ្ចេញមតិតទៅទៀត។ ជនរងគ្រោះរូបនេះថា លោក គ្មានជំនឿចិត្តលើអាជ្ញាធរកម្ពុជាដែលអាចវែកមុនជនដៃដល់យកមកផ្ដន្ទាទោសបាននោះទេ៖ « សម្រាប់ខ្ញុំ ខ្ញុំសំណូមពរដល់អង្គការអន្តរជាតិទាំងអស់ព្រមទាំងអាជ្ញាធរនៅសង្កាត់ផ្សារធំថ្មីហ្នឹងមេត្តាជួយរកវីដេអូណាដើម្បីបង្ហាញមុខឃាតកណាដែលប៉ុនប៉ងអាយុជីវិតមកលើកខ្ញុំ។ អង្គការជាតិ និងអន្តរជាតិទាំងអស់មេត្តាជួយរកយុត្តិធម៌សម្រាប់ខ្ញុំបាទផង កុំឲ្យការឈឺចាប់របស់ខ្ញុំទាំងផ្លូវកាយ និងផ្លូវចិត្ត វាបាត់បង់ដោយទទេៗ។ ខ្ញុំមិនមានជំនឿទុកចិត្តអ្វីទាំងអស់ ព្រោះហេតុការណ៍នេះ វាកើតឡើងជារឿងនយោបាយសុទ្ធសាធ » ។
ក្រុមយុវជន និងព្រះសង្ឃ គ្រោងជួបជុំគ្នាសម្ដែងមតិនៅទីលានប្រជាធិបតេយ្យថ្មី ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ដើម្បីទាមទារយុត្តិធម៌សង្គមរួមមាន៖ការទាមទារឲ្យដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន និងអ្នកទោសមនសិការដទៃទៀត។ ទោះជាយ៉ាងណា សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង ប្រកាសមិនអនុញ្ញាតឡើយ ក្រោមហេតុផលថា បាតុកម្មនោះអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ និងចោទប្រកាន់ថា ការតវ៉ារបស់ពួកគេ មានចរិតញុះញង់ធ្វើឲ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការ។
យុវតីខ្មែរថាវរៈមួយរូបទៀត កញ្ញា ផូ សារ៉េត អះអាងថា កញ្ញាមានការឈឺចាប់ដែលអាជ្ញាធរចាប់ខ្លួនយុវជនដែលធ្វើការតវ៉ាទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យុវតីរូបនេះបន្តថា អាជ្ញាធរបានតាមឃ្លាំមើល និងឡោមព័ទ្ធផ្ទះ ចាប់តាំងពីល្ងាចថ្ងៃទី៧ រហូតដល់ព្រឹកថ្ងៃទី៨ ខែកញ្ញា បន្ទាប់ពីនាងបានចូលរួមសកម្មភាពតវ៉ា។ ទោះយ៉ាងណា កញ្ញា លើកឡើងថា មិនខ្លាចការគំរាមកំហែងរបស់អាជ្ញាធរមកលើរូបនាងនោះទេ ដោយសារកញ្ញាមិនបានប្រព្រឹត្តអ្វីដែលខុសពីច្បាប់អនុញ្ញាតនោះទេ តែអាជ្ញាធរទៅវិញទេ ដែលខ្លាចក្រុមយុវជនដែលហ៊ានចេញមុខធ្វើបាតុកម្ម ទាមទារសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គម។ កញ្ញា ប្តេជ្ញាថា នឹងបន្តសកម្មភាពតវ៉ាជាថ្មីបន្តទៀតក្នុងពេលឆាប់ៗខាងមុខនេះ៖ « ខ្ញុំសូមបញ្ជាក់ប្រាប់ម្តងទៀតថា ពួកគាត់ពិតជាខ្លាចពួកខ្ញុំមែនទែន មិនមែនពួកខ្ញុំខ្លាចគាត់ទេ គឺពួកគាត់ខ្លាចខ្ញុំដែលចេញទៅធ្វើសកម្មភាពបាតុកម្មតទៅទៀត។ ហើយគាត់ថា បើពួកខ្ញុំចេញទៅ គាត់នឹងចាប់ពួកខ្ញុំ។ ខ្ញុំប្រគល់ខ្លួនឲ្យ មិនបាច់ចាប់របៀបសាហាវចឹងទេ។ ខ្ញុំប្រគល់ខ្លួនឲ្យ ២នាក់។ ខ្ញុំអត់ខ្លាចទេ ! ពេលណាដែលប្រជាពលរដ្ឋមានការបញ្ចេញមតិ ពេលណាប្រជាពលរដ្ឋពុះកញ្ច្រោលឡើង គាត់នៅមិនស្ងៀមទេ គាត់ចង់ឲ្យប្រជាពលរដ្ឋនេះក្លាយជាមនុស្សល្ងង់ ក្លាយជាមនុស្សដែលមិនដឹងអ្វីទាំងអស់នៅក្នុងសង្គមនេះ។ ពួកខ្ញុំប្តេជ្ញាចិត្តហើយបង ប្តេជ្ញាថា យកគុកជាផ្ទះ។ ខ្ញុំនឹងទាមទារអ្វីដែលជាសិទ្ធិសេរីភាពរបស់ខ្ញុំមកវិញ » ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើទុក្ខបុកម្នេញលើយុវជនដែលប្រើប្រាស់សិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី គឺជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលធានាដោយច្បាប់ជាតិនិងអន្តរជាតិ។ លោកបន្តថា ទង្វើបែបនេះ មិនមានផលចំណេញដល់កម្ពុជានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។