អាជ្ញាធរពន្ធនាគារបានដោះលែងមេដឹកនាំ និងសមាជិកសហជីពនៅកាស៊ីណូណាហ្គាវើលដ៍ចំនួន៨នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នទៅតាមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៤ ខែមីនា ម្សិលម៉ិញ។ សមាជិកសហជីព ដែលទើបបានចេញនៅក្រៅឃុំបណ្ដោះអាសន្ន និងអ្នកការពារសិទ្ធិមនុស្សអំពាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើពួកគេ និងដោះលែងបុគ្គលិកណាហ្គាវើលដ៍៣នាក់ទៀត ដែលកំពុងជាប់ឃុំ ដើម្បីបង្កស្ថានភាពល្អសម្រាប់ការចរចាដោះស្រាយវិវាទការងាររួម ដែលអូសបន្លាយជាច្រើនខែមកនេះ។
អ្នកការពារសិទ្ធិមនុស្សយល់ថា ដើម្បីបង្កលក្ខណៈងាយស្រួល ឬធ្វើឱ្យការចរចារកដំណោះស្រាយមានតម្លាភាព និងស្មើភាពគ្នា តុលាការគួរពិចារណាទម្លាក់ចោលបទចោទប្រកាន់ទៅលើក្រុមមេដឹកនាំសហជីព និងបុគ្គលិកកម្មករ ណាហ្គាវើលដ៍ ដែលអាជ្ញាធរបានចោទប្រកាន់ និងចាប់ឃុំ។
នាយករងទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត សាទរនឹងការសម្រេចដោះលែងអ្នកទាំង៨ ប៉ុន្តែលោកថា ពួកគេគួរទទួលបានសេរីភាពពេញលេញនៅមុនការចរចារកដំណោះស្រាយជាមួយភាគីក្រុមហ៊ុន៖ « ព្រោះមើលទៅពួកគាត់ហ្នឹងមិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់ទេ អីចឹងគួរតែទម្លាក់ចោលបទចោទប្រកាន់ ហើយដោះលែងពួកគាត់ឱ្យមានសេរីភាព ហើយវិលទៅរកការចរចា ដើម្បីបញ្ចប់វិវាទហ្នឹងជាដំណោះស្រាយដ៏ល្អ ប៉ុន្តែការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ គឺពួកគាត់ស្ថិតនៅក្រោមសម្ពាធ ពីតុលាការ អីចឹង ដើម្បីបញ្ចប់វិវាទហ្នឹងវាទាល់តែអ្នកទាំង១១នាក់ហ្នឹងត្រូវបានទម្លាក់បទចោទប្រកាន់ ហើយចរចា ដោយតម្លាភាព និងសុចរិតភាព ហ្នឹងបានមានដំណោះស្រាយដោយយុត្តិធម៌ និងពេញលេញទៅបាន»។
អាជ្ញាធរពន្ធនាគារព្រៃស បានដោះលែងមេដឹកនាំសហជីព និងសមាជិកសហជីពណាហ្គាវើលដ៍ចំនួន៨នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ទៅតាមដីកាបង្គាប់របស់តុលាការក្រុងភ្នំពេញ។ អ្នកទាំង ៨ នាក់នោះរួមមាន ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) កញ្ញា ឈឹម ស៊ីថរ លេខាសហជីព អ្នកស្រី ឈឹម សុខន សមាជិកសហជីព អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត អ្នកស្រី រី សុវណ្ណឌី អ្នកនាង ស៊ុន ស្រីពេជ្រ អ្នកនាង ទូច សេរីមាស និងអតីតសមាជិកសហជីព លោក សុខ ណារិទ្ធ។
សមាជិកសហជីព លោកស្រី រី សុវណ្ណឌី ប្រាប់វិទ្យុអាស៊ីសេរីភ្លាមៗបន្ទាប់ពីចេញពីពន្ធនាគារថា ការដោះលែងនេះ គឺនៅ២ថ្ងៃបន្ទាប់ពីអ្នកទាំង៨នាក់បានសរសេរលិខិតរៀងៗខ្លួន ប៉ុន្តែមានន័យសេចក្ដីដូចគ្នាទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង ដោយបញ្ជាក់ថា ពួកគេចង់បាននៅក្រៅឃុំ និងចង់ឱ្យមានការចរចាជាថ្មីទៀត ដើម្បីបញ្ចប់វិវាទការងារនៅណាហ្គាវើលដ៍ និងដើម្បីឱ្យបុគ្គលិកកម្មករបានចូលធ្វើការងារឡើងវិញ៖ « ហើយយើងស្នើសុំម៉ោនៅក្រៅឃុំហ្នឹង ក៏ដើម្បីដោះស្រាយវិវាទបញ្ចប់បញ្ហា។ ចំណុច ដែលយើងត្រូវចង់បាន គឺត្រូវសហជីពចូលធ្វើការវិញ បុគ្គលិកដែលគាត់ចង់ធ្វើការ ឱ្យគាត់ធ្វើការវិញ។ ជំហររបស់យើង គឺឈរលើឆន្ទៈរបស់បុគ្គលិកទាំងអស់។ អ្វីដែលយើងធ្វើ គឺអត់អាចបញ្ចប់ដោយ សហជីពអត់មាននៅក្រុមហ៊ុន រម្លាយសហជីពចោល ឬមួយខាងក្រុមហ៊ុនឈ្នះតែម្ខាងទេ ពួកយើងអត់ព្រមទេ»។
លោកស្រី រី សុវណ្ណឌី បញ្ជាក់ថា ពេលជាប់ឃុំក្នុងពន្ធនាគារ តំណាងសហជីពទាំង៨នាក់ជួបការលំបាកជាច្រើន ប៉ុន្តែអ្វី ដែលឈឺចាប់បំផុត គឺដឹងថា អាជ្ញាធរធ្វើបាបក្រុមកូដករ ភាគច្រើនជាស្ត្រី ដែលពួកគេហ៊ានចេញតវ៉ា ឥតស្រាកស្រាន្ត ថែមទាំងមិនភ័យខ្លាចនឹងការចាប់ខ្លួន ឬឆ្លងជំងឺកូវីដ-១៩ឡើយ។ លោកស្រីទទូចឱ្យអាជ្ញាធរបញ្ឈប់អំពើហិង្សាលើកូដករ ហើយភាគីក្រុមហ៊ុនផ្ដល់ដំណោះស្រាយត្រឹមត្រូវនិងតាមច្បាប់។ ជាមួយគ្នានេះក៏ត្រូវទម្លាក់បទចោទប្រកាន់ដ៏អយុត្តិធម៌ចំពោះសហជីព និងកូដករ៖ « ដោយសារវិវាទហ្នឹងវាយូរហើយ វាចូលថ្ងៃទី១៨ វិញហ្នឹងវា៣ខែហើយម្យ៉ាងកូដករគាត់នៅតែទៅសស្រាក់សស្រាំ ទោះបីជាមានវិធីបំបែក បង្រ្កាប ឬជំងឺកូវីដយ៉ាងម៉េចក៏គាត់អត់ខា្លចទេ។ សង្ឃឹមថា ការដោះលែងដែលក្រសួងអន្តរាគមន៍ហ្នឹង នឹងអន្តរាគមន៍បន្តជាមួយក្រុមហ៊ុន ជាមួយសហជីព ដើម្បីដោះស្រាយវិវាទហ្នឹងបញ្ចប់។ សម្រាប់ការដែលមិនទម្លាក់ចោលបទចោទ ខ្ញុំគិតថា ធ្វើអីចឹងវាអត់យុត្តិធម៌ទេ ព្រោះពួកខ្ញុំអត់បានញុះញុងនរណាទេ»។
មេដឹកនាំ និងសមាជិកសហជីពណាហ្គាវើលទាំង៨នាក់បានជាប់ឃុំរយៈពេល៧៤ថ្ងៃ គិតត្រឹមថ្ងៃទី១៤ ខែមីនា ដោយត្រូវចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណែកបុគ្គលិកកម្មករ៣នាក់ទៀតកំពុងជាប់ឃុំនៅពន្ធនាគារភ្នំពេញ ឬ PJ ពីបទ «រារាំងការអនុវត្តវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩»។
ទាក់ទងនឹងការដោះលែងអ្នកទាំង៨ឱ្យនៅក្រៅឃុំនេះ មេធាវីការពារក្ដី លោក សំ ចំរើន មានប្រសាសន៍ថា មកដល់ពេលនេះលោកនៅមិនទាន់អាចបញ្ជាក់បានថា ការដោះលែងនេះមានលក្ខខណ្ឌអ្វីខ្លះនៅឡើយ ដោយសារលោកមិនទាន់ទទួលបានដីកាពីតុលាការនៅឡើយ។
តែទោះជាយ៉ាងណា នៅក្នុងលិខិតស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ដែលតំណាងសហជីពទាំង៨នាក់បានដាក់ទៅក្រសួងការងារ បង្ហាញថា ពួកគេអំពាវនាវនូវចំណុចសំខាន់ចំនួន៣ ដែលរួមមានអំពាវដល់បុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់ចូលធ្វើការឱ្យចូលធ្វើការវិញទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ អំពាវនាវដល់បុគ្គលិក ដែលក្រុមហ៊ុនបញ្ឈប់ពីការងារ ឱ្យសម្រាកនៅផ្ទះ រក្សាភាពស្ងប់ស្ងាត់ទុកពេលឱ្យតំណាងសហជីពចរចាដោះស្រាយវិវាទតាមផ្លូវច្បាប់ និងអំពាវនាវកុំឱ្យក្រុមហ៊ុនគុំគួន ដាក់ទោសទណ្ឌ ឬបង្ខំបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក។ ជាមួយគ្នានេះ អ្នកទាំង៨បានសន្យាថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់សាធារណៈ និងសង្គមជាតិឡើយ។
ទាក់ទងនឹងរឿងនេះដែរ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំស្ដីពីការដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមីនា ដោយមានការចូលរួមពីរដ្ឋមន្រ្តីនៃក្រសួងមួយចំនួនដូចជា ក្រសួងការងារ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំបិទទ្វារនោះមិនបានប្រកាសលទ្ធផល ថាយ៉ាងណាឱ្យសាធារណៈជន រួមទាំងភាគីកម្មករនៅណាហ្គាវើលដ៍បានដឹងនៅឡើយ។
អ្នកការពារសិទ្ធិមនុស្សចាត់ទុករឿងនេះថា ជាជំហានល្អមួយ ដើម្បីឈានទៅដោះស្រាយបញ្ចប់វិវាទការងារ ដែលអូសបន្លាយអស់ជាច្រើនខែមកនេះ ដោយសន្តិវិធី បញ្ឈប់ការចាប់ខ្លួនកូដករ ដែលអនុវត្តសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។