ក្រុមអង្គការ សមាគម និងបណ្ដាញពលរដ្ឋ បន្តយុទ្ធនាការទាមទារដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សនៅសប្ដាហ៍ទី២ ដោយស្នើសុំឲ្យតុលាការដោះលែងប្រធានសហភាពការងារកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន និងក្រុមយុវជន ៧ នាក់ទៀតនៃក្រុមខ្មែរថាវរៈ និងសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ ជាមួយគ្នានេះ មេធាវីការពារក្ដីឲ្យយុវជនការពារបរិស្ថាន ៣ រូបនៃចលនាមាតាធម្មជាតិ សោកស្ដាយដែលតុលាការជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែសីហា បដិសេធសំណើសុំនៅក្រៅរបស់លោក យីម លាងហ៊ី យុវជន លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា។
នៅសប្ដាហ៍ទី២នេះ ក្រុមសង្គមស៊ីវិលទាមទារឲ្យដោះលែងលោក រ៉ុង ឈុន លោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក មាន ព្រហ្មមុនី លោក មួង សុភ័គ លោក ថា ឡាវី និង ព្រះតេជគុណ កើត សារ៉ាយ។ អ្នកទាំង៨នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធបញ្ហាព្រំដែន និងសកម្មភាពតវ៉ាដោយអហិង្សានៅរាជធានីភ្នំពេញ។
ក្រុមសង្គមស៊ីវិល បានបង្ហោះរូបថតរបស់ពួកគេទាំង ៨ នាក់ និងសរសេរសារភ្ជាប់នៅលើរូបថត ដូចជា មូលហេតុដែលអាជ្ញាធរចាប់ខ្លួនពួកគាត់ ចំនួនថ្ងៃដែលពួកគាត់ជាប់ឃុំ និងការភ្ជាប់សំណួរថាឯណាទៅសិទ្ធិបញ្ចេញមតិរបស់លោក រ៉ុង ឈុន ដែលគ្រាន់តែលើកឡើងពីក្ដីបារម្ភរបស់កសិករនៅតាមបណ្ដោយព្រំដែន ទាក់ទងនឹងការបាត់បង់ដីស្រែរបស់ពួកគេនៅពេលបោះបង្គោលព្រំដែន។ តើអ្វីជាអំពើញុះញង់របស់យុវជនទាំង ៧ នាក់ រួមមាន ព្រះតេជគុណ កើត សារ៉ាយដែលគ្រាន់តែអនុវត្តសិទ្ធិសេរីភាពចូលរួមតវ៉ាអហិង្សាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងមានគម្រោងតវ៉ាអហិង្សានៅទីលានប្រជាធិបតេយ្យ។ ក្រុមអង្គការ សង្គមស៊ីវិល ក៏បានស្នើសុំឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក(Facebook) ជាច្រើន ចូលរួមគាំទ្រ និងចែកចាយរូបភាពទាំងនេះដែរ។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយាវី ដែលចូលរួមយុទ្ធនាការបង្ហោះសារនេះ នៅតែរក្សាជំហរថា លោក រ៉ុង ឈុន និងសកម្មជនទាំង៧នាក់ មិនបានញុះញង់ពលរដ្ឋដូចការចោទប្រកាន់របស់តុលាការឡើយ។ អ្នកស្រីបន្តថា នឹងចូលរួមក្នុងយុទ្ធនាការនេះ រហូតដល់ពេលមានការដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សទាំងអស់៖ « យុទ្ធសាស្ត្រមួយដែលធ្វើឲ្យរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធហ្នឹង កុំឲ្យរំលោភសិទ្ធិមនុស្ស។ បើថា ការដាក់សម្ពាធ យើងមិនដាក់សម្ពាធទេ។ អង្គការសង្គមស៊ីវិលមិនដែលដាក់សម្ពាធទេ។ ប៉ុន្តែគ្រាន់តែចង់ឲ្យរដ្ឋាភិបាលក៏ដូចជាអង្គការនានាហ្នឹង ជួយជំរុញឲ្យរដ្ឋាភិបាលឈប់រំលោភសិទ្ធិមនុស្ស»។
ក្រុមអង្គការសមាគម បណ្ដាញអ្នកការពារសិទ្ធិយុវជន និងក្រុមអ្នកស្រឡាញ់បរិស្ថាន បាននាំគ្នាធ្វើយុទ្ធការទាក់ទាញការគាំទ្រលើបណ្ដាញសង្គមនៅរៀងរាល់សប្ដាហ៍ រហូតដល់ទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ធ្នូ ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សទាំងអស់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌។

ក្រុមអ្នកឃ្លាំមើលទាំងនោះជឿថា ការទាមទារដោះលែងអ្នកជាប់ឃុំដោយសារបុព្វហេតុសិទ្ធិសេរីភាព នឹងអាចជំរុញឲ្យតុលាការ និងរដ្ឋាភិបាលទម្លាក់ចោទបទចោទប្រកាន់លើក្រុមសកម្មជន និងអ្នកការពារសិទ្ធិទាំងអស់នៅកម្ពុជា។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីភាគីរដ្ឋាភិបាល និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី១៦ ខែសីហា។ តែយ៉ាងណាសមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា យុទ្ធនាការនេះ គឺជាសិទ្ធិរបស់ក្រុមសង្គមស៊ីវិល នឹងគ្មានប្រសិទ្ធភាពទេ ព្រោះសំណុំរឿងកំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក មួង សូនី និងត្រូវជាបងប្រុសរបស់យុវជនកំពុងជាប់ឃុំលោក មួង សុភ័គ ឲ្យដឹងថា សមាគមលោកគាំទ្រចំពោះយុទ្ធនាការនេះ ព្រោះទាំងលោក រ៉ុង ឈុន និងក្រុមយុវជនទាំងនេះ សុទ្ធតែកំពុងជាប់ឃុំដោយអយុត្តិធម៌៖ « យើងមិនបដិសេធទេ ធ្វើក៏ធ្វើទៅ យោបល់ខ្ញុំណា។ ប៉ុន្តែបើយល់ល្អថែមមួយទៀតទៅ។ ថែមគឺជួយពួកគាត់ផ្នែកការរស់នៅក្នុងគុក ធ្វើម្ដេចជំរុញឲ្យមានការហូបចុកគ្រប់គ្រាន់អ៊ីចឹងទៅណា។ នៅក្រៅជួយផ្នែកសម្ភារៈដល់ពួកគាត់ទៅ ព្រោះអ្វីខ្ញុំមើលជីវភាពគ្រួសារមួយចំនួនរបស់អ្នកជាប់ឃុំហ្នឹងក៏ពិបាកដែរ ជួយតែខ្លួនឯងក៏មិនគ្រាន់ផង ហើយមកជួយដល់គ្រួសារទៀត កាន់តែលំបាកហើយ»។

កាលពីសប្ដាហ៍មុន ក្រុមសង្គមស៊ីវិលបានទាមទារឲ្យដោះលែងសកម្មជនបរិស្ថានកំពុងជាប់ឃុំចំនួន ៦ នាក់។ ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១៦ ខែសីហា សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន ៣ រូប ដែលចាប់ខ្លួនកាលពីពីខែមិថុនា គឺលោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា។ តែអាជ្ញាធរមិនបានដឹកយុវជនទាំង ៣ នាក់ មកចូលរួមសវនាការសុំនៅក្រៅឃុំនេះទេ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គឺលោក យឹម លាងម៉េង មិនព្រមដោះលែងយុវជនទាំង ៣ នាក់នេះទេ ដោយលោកសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្រោមហេតុផលថា បទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រក្នុងសំណុំរឿងរបស់យុវជនទាំង ៣ នាក់ មានជាប់ពាក់ព័ន្ធនឹងមនុស្សច្រើននាក់ និងកំពុងដំណើរការស៊ើបអង្កេតនៅសាលាដំបូង។
ក្រុមមេធាវីការពារក្តី ហៅការសម្រេចក្ដីនេះថា មិនផ្ដល់យុត្តិធម៌សម្រាប់កូនក្ដី។ លោកមេធាវី សំ សុគង់ បញ្ជាក់ថា ក្រុមមេធាវីនឹងស្នើសុំជួបកូនក្ដីក្នុងពន្ធនាគារ ដើម្បីប្រឹក្សាផ្នែកផ្លូវច្បាប់បន្ថែមទៀត៖ « អ៊ីចឹងហើយក្រុមមេធាវី នឹងជួបជាមួយកូនក្ដីនៅក្នុងពន្ធនាគារដើម្បីពិគ្រោះយោបល់ និងផ្ដល់យោបល់ទាក់ទងផ្លូវច្បាប់ ហើយនិងប្រាប់ពួកគាត់អំពីរយៈពេលនៃបណ្ដឹងសារទុក្ខបើសិនជាកូនក្ដីគាត់ពឹងក្រុមមេធាវីគាត់ធ្វើបណ្ដឹងសារទុក្ខ ក្រុមមេធាវីនឹងធ្វើបណ្ដឹងជូនកូនក្ដី»។
ចំណែកក្រុមសាច់ញាតិដែលទន្ទឹងរង់ចាំមើលផ្លូវកូនប្រុសស្រីរបស់ពួកគេ នៅខាងក្រៅរបងសវនាការវិញ ក៏សោកស្ដាយចំពោះការសម្រេចក្ដីនេះដែរ។
មកទល់ពេលនេះ របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជននយោបាយ សង្គម សិទ្ធិមនុស្ស និងបរិស្ថានជាង ៨០ នាក់ហើយ ដាក់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផង ហៅការចាប់ខ្លួនទាំងនោះ ថាជាសកម្មភាពបង្ក្រាបលើសំឡេងរិះគន់។ ពួកគេទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងអស់ឲ្យគ្មានលក្ខខណ្ឌ និងបញ្ឈប់អំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។