អតីត​គរុសិស្ស​ នៃ​វិទ្យា​ស្ថាន​ជាតិ​អប់រំកាយ និង​កីឡា គ្រោង​ប្ដឹង​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ ក្រោយ​ប្រើ​ហិង្សា​លើ​រូបលោក​ជា​លើក​ទី២

0:00 / 0:00

​អតីត​គរុសិស្ស​ នៃ​វិទ្យា​ស្ថាន​ជាតិ​អប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ​ នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ដែល​ប្រើ​អំពើ​ហិង្សា​​លើ​លោក និង​អ្នក​ថត​រូប​លោក។ មន្ត្រី​​សង្គម​ស៊ីវិល​ចាត់​ទុក​ថា​ការ​ប្រើ​អំពើ​ហិង្សា​​ពី​សំណាក់​អាជ្ញាធរ​មក​លើ​​ពលរដ្ឋ​ដោយ​គ្រាន់​តែ​ទាមទារ​តវ៉ា​ដោយ​សន្តិវិធី​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ​​​

ការ​លើកឡើង​របស់​អតីត​គរុសិស្ស​ នៃ​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​កាយ​ និង​កីឡា​ រូប​នេះ​ ក្រោយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​នៅ​រសៀល​​ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា​ បាន​ចាប់​ទាញ​ រុញច្រាន​ លោក កែវ សុវណ្ណឫទ្ធិ​​ បញ្ចូល​ទៅ​ក្នុង​​​រថយន្ត ក្នុង​ពេល​លោក​កំពុង​ឈរ​ស្រែក​តវ៉ា​នៅ​ពី​មុខ​ក្រសួង​អប់​រំ យុវជន និង​កីឡា​ លើ​មហាវិថី​ព្រះ​ នរោត្តម ដើម្បី​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់​រំ លោក ហង់ ជួនណារ៉ុន ទទួល​យក​រូប​លោក និង​គរុសិស្ស​ ១១​នាក់​ទៀត ដែល​ត្រូវ​បាន​វិទ្យាស្ថាន​ជាតិ​អប់រំកាយ និង​កីឡា លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​​ដោយ​អយុត្តិធម៌។

ក្រោយ​រង​អំពើ​ហិង្សា លោក កែវ សុវណ្ណឫទ្ធិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​វាយដំ លោក និង​អ្នក​ថតរូប​លោក រហូត​ធ្វើ​ឱ្យ​លោក​រង​របួស និងរ​ហែក​អាវ។ លោក កែវ សុវណ្ណឫទ្ធិ ខកចិត្ត​លើ​ការប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​មក​លើ​ពលរដ្ឋ​ខ្លួនឯង​ទាំង​គ្មាន​កំហុស​បែប​នេះ។

ក្រោយ​រង​អំពើ​ហិង្សា​ លោក កែវ សុវណ្ណឫទ្ធិ​​ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​បាន​វាយ​ដំ​​​លោក​ និង​អ្នក​ថត​រូប​លោក​​ រហូត​ធ្វើ​ឱ្យ​លោក​រង​របួស​ និង​រហែក​អាវ។ លោក កែវ សុវណ្ណឫទ្ធិ​ ខក​ចិត្ត​​លើ​ការ​ប្រើ​​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​មក​លើ​ពលរដ្ឋ​ខ្លួន​ឯង​​ទាំង​គ្មាន​កំហុស​បែប​នេះ។ ​​​

លោក កែវ សុវណ្ណឫទ្ធិ​៖«ខ្ញុំ​ឈរ​ស្ងៀម​សោះ​ក៏​គាត់​ប្រើ​អំពើ​ហិង្សា​​មក​លើ​ខ្ញុំ​ដែរ​ ខ្ញុំ​អន់​ចិត្ត​ខ្លាំង​មែន​សម្រាប់​សង្គម​ជាតិ​ដែល​មាន​សមត្ថកិច្ច​បែប​នេះ​។ ខ្ញុំ​ត្រូវ​គាត់​ទះ​មួយ​កំផ្លៀង​ចំ​​សៀត​ផ្កា​​ ហឹង​ត្រចៀក​ ហើយ​ខ្ញុំ​វិល​មុខ​ ខ្ញុំ​ក្រោក​អត់​រួច​ទេ ខ្ញុំ​យល់​ថា​អំពើ​ហិង្សា​នេះ​ធ្វើ​ខុស​នីតិវិធី​ផ្លូវ​ច្បាប់​ហើយ គាត់​ធ្វើ​ទាំង​កម្រោល ​ហើយ​ខ្ញុំ​នឹង​ប្ដឹង​គាត់​»។

លោក កែវ សុវណ្ណឫទ្ធិ​​​ ថា​ លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​នៅ​ពេល​នេះ​ទៅ​កាន់​តុលាការ​នា​ពេល​ឆាប់ៗ។ លោក កែវ សុវណ្ណឫទ្ធិ​ ថា​ ការ​គំរាមកំហែង​ វាយដំ​​នេះ​​ មិន​អាច​បញ្ឈប់​រូប​លោក​ទាម​ទារ​រក​យុត្តិធម៌​បាន​នោះ​ទេ។ ​​​​

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ ពីអធិការ​ខណ្ឌ​ដូនពេញ លោក ទៀង ច័ន្ទសារ​ និង​​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក​ កាន់ ពុទ្ធី ​​​ បាន​ទេ​ នៅ​ថ្ងៃ​ទី៩ ខែ​តុលា។ ចំណែកអភិបាលខណ្ឌ​ដូន​ពេញ លោក ជា ខេមា​ ថា​ លោក​​កំពុង​ជាប់​រវល់។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត​ ចាត់​ទុក​​​​ការ​ប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​​មក​លើ​ពលរដ្ឋ​​ ដែល​តវ៉ា​ដោយ​អហិង្សា​នេះ​​ថា ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​មិន​គួរ​​កើត​មាន​ដដែលៗ​ មក​លើ​ពលរដ្ឋ​នោះ​ទេ​។ លោក អំ សំអាត​ ស្នើ​ដល់​គ្រប់​ភាគី​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ និង​ងាក​មក​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ ​​​​

លោក អំ ​ សំអាត​៖«អ៊ីចឹង​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង​ជា​អង្គការ​សង្គម​ស៊ីវិល​មិន​គាំទ្រ​នូវ​ទង្វើ​ហិង្សា​ណា​មួយ​ទេ​ ទោះ​បី​ជា​កើត​ឡើង​ពី​ភាគី​ណា​មួយ​ក៏​ដោយ​ ជា​ពិសេស​ អាជ្ញាធរ​គួរ​តែ​មាន​ភាព​អត់​ធ្មត់​ខ្ពស់​ នៅ​ក្នុង​បញ្ហា​ទាំង​អស់​នេះ​។ អ៊ីចឹង​បញ្ហា​នេះ​​ គឺ​ជា​រឿង​មួយ​ ដែល​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​នូវ​អំពើ​ហិង្សា​ហ្នឹង​។ អ៊ីចឹង​ គួរ​តែ​មាន​វិធានការ​ផ្សេង​ក្នុង​ការ​ដោះ​ស្រាយ​​​»។

មុន​រង​អំពើ​ហិង្សា​ លោក កែវ សុវណ្ណឫទ្ធិ​​​​ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​តុលា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ក្រសួង​មុខ​ងារ​សាធារណៈ​​ដើម្បី​ទៅ​សុំ​អន្តរាគមន៍​​លើ​ការ​លុប​ឈ្មោះ​លោក​ និង​​អតីត​​គរុសិស្ស​​ផ្សេង​ទៀត​ចេញពី​ក្រប​ខណ្ឌ​។ ប៉ុន្តែ​ លោក​ កែវ សុវណ្ណឫទ្ធិ​​​​ ខកចិត្ត​ក្រោយ​​ក្រសួង​​​មុខ​ងារ​សាធារណៈ មិន​ផ្ដល់​ដំណោះ​ស្រាយ​ជាក់​លាក់​ណា​មួយ​ ចំពោះ​សំណើ​សុំ​កិច្ច​អន្តរាគមន៍​របស់​លោក​ទៅ​កាន់​​ លោក​ ហ៊ុន ម៉ានី​ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​កាល​ពី​២សប្ដាហ៍​មុន។ ​ ​

លោក កែវ សុវណ្ណឫទ្ធិ​ បន្ថែម​ថា​មូល​ហេតុ​ដែល​មាន​តែ​រូប​លោក​បន្ត​​ចេញ​មុខ​ទាម​ទារ​តវ៉ា​លើ​ការ​លុប​ក្រប​ខណ្ឌ​នេះ​ ដោយ​អតីត​​គរុសិស្ស​១១នាក់ទៀត​បារម្ភ​ពី​សុវត្ថិភាព​ និង​​មិន​មាន​ថវិកា​គ្រប់​គ្រាន់​​ដើម្បី​ធ្វើ​ដំណើរ​ពី​ខេត្ត​មក​ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា​ លោក​ កែវ សុវណ្ណឫទ្ធិ​ ថា​រូប​លោក​ប្ដេជ្ញា​​​បន្ត​​​ទាម​ទារ​រក​យុត្តិធម៌​ដល់​រូប​លោក​ និង​​អតីត​​គរុសិស្ស​ផ្សេង​ទៀត​​ឱ្យ​ខាន​តែ​បាន។ ​​​​​​

លោក កែវ សុវណ្ណឫទ្ធិ​៖«សម្រាប់​ខ្ញុំ​ផ្ទាល់​ យើង​ដឹង​ស្រាប់​ហើយ​ភាព​យុត្តិធម៌​ ប្រសិន​បើ​កាល​ណា​ខ្ញុំ​ទទួល​ភាព​យុត្តិធម៌​តែ​ឯង​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​អាត្មានិយម​ ខ្ញុំ​អាច​ចូល​រួម​សង្គម​អំពើ​ខ្មៅ​ងងឹត​របស់​ក្រសួង​​អប់​រំ​ ប្រសិន​បើ​ការ​តវ៉ា​ម្នាក់​ឯង​ ហើយ​យើង​ចូល​រៀន​តែ​ម្នាក់​ឯង»។

ចំណែក​អតីត​​គរុសិស្ស​ម្នាក់​ទៀត​ លោក​ ផន​ សំបូ​ ដែល​ក្រសួង​អប់​រំ​លុប​ឈ្មោះ​ចេញ​ក្របខ័ណ្ឌ​ថា​លោក​គាំទ្រ​ចំពោះ​ការ​ទាម​ទារ​តវ៉ា​កន្លង​មក​របស់​ លោក​ កែវ សុវណ្ណឫទ្ធិ។ លោក​ ផន​ សំបូ​ ​ថា​រូប​លោក​ក៏​ចង់​ចូល​រួម​ទាមទារ​តវ៉ា​ដែរ​ ប៉ុន្តែ​ដោយ​សារ​លោក​រស់​នៅ​ខេត្ត​ពោធិ៍សាត់​​ និង​ជាប់​រវល់​ធ្វើ​ការ​ ទើប​ធ្វើ​ឱ្យ​លោក​មិន​អាច​ចូល​រួម​តវ៉ា​បាន។ ​​​

លោក​ ផន​ សំបូ៖«ទី​មួយ​ការ​ស្នើសុំ​គឺ​ចង់​ដឹង​ថា​ ហេតុ​អី​បាន​ជា​ពួកគេ​ដែល​ខុស​លក្ខខណ្ឌ​នោះ​ គេអាច​រៀន​ដល់​ចប់​ហើយ​ ឥឡូវ​ចេញ​បម្រើ​ការងារ​ទៀត​ ហើយ​ខ្ញុំ​​ខុស​លក្ខខណ្ឌ​ដែរ​ តែ​ខុស​តិច​តួច​ដូច​គ្នា ប៉ុន្តែ​ហេតុ​អី​គាត់​លុប​តែ​ពួក​ខ្ញុំ​ចេញ​ ហើយ​ពួកគេ​បាន​រៀន​ ហើយ​ចេញ​បម្រើ​ការងារ​ដល់​ឥឡូវ​​»។

លោក កែវ សុវណ្ណឫទ្ធិ អាយុ​ ២០ឆ្នាំ​ គឺ​ជា​​អតីត​គរុសិស្ស​ម្នាក់​ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ​ និង​កីឡា​ ដែល​បាន​ប្រលង​ជាប់​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១​។ លោក កែវ សុវណ្ណឫទ្ធិ និង​អតីត​គរុសិស្ស​១១នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​ ២០២១។ លោក កែវ សុវណ្ណឫទ្ធិ ធ្លាប់​ត្រូវ​បាន​​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ប្រើ​អំពើ​ហិង្សា​ និង​ចាប់​អូស​ទាញ​ចូល​ក្នុង​រថ​យន្ត ម្ដង​រួច​ទៅ​ហើយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ​ខែ​សីហា ​កន្លងទៅ៕

អត្ថបទរឿង​នេះ ត្រូវបាន​ធ្វើបច្ចុប្បន្នភាព​ដោយ​បញ្ចូលព័ត៌មាន​ពិស្ដារ លើ​ព័ត៌មាន​បឋម​កាល​ពី​ពេល​ព្រឹក។

កំ ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។