មតិពលរដ្ឋ ជុំវិញការហាមប្រាមអ្នកស្រី រ៉ូណា ស្មីត មិនឲ្យជួបលោក កឹម សុខា ជាលើកទី៣
2019.05.01

យុវជន កម្មករ និស្សិត គ្រូបង្រៀន និងអាជីវករ សម្ដែងការមិនពេញចិត្តជុំវិញការបដិសេធសំណើរបស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smit) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក្នុងការចូលជួបសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងឃុំឃាំងក្នុងផ្ទះ។ ពួកគេជំរុញឲ្យរបបក្រុងភ្នំពេញ អនុញ្ញាតឲ្យអ្នកស្រី រ៉ូណា ស្មីត បានជួបលោក កឹម សុខា ដើម្បីជួយសម្របសម្រួលវិបត្តិនយោបាយ និងបញ្ហាប្រឈមពីសំណាក់សហគមន៍អន្តរជាតិ។
យុវជនរស់នៅរាជធានីភ្នំពេញ លោក ខាន់ ភូមិន្ទ យល់ថា រដ្ឋាភិបាលគួរតែអនុញ្ញាតឲ្យអ្នកស្រី រ៉ូណា ស្មីត បានចូលជួបលោក កឹម សុខា ព្រោះថា ការបើកឲ្យមានជំនួបនោះ នឹងអាចដោះស្រាយវិបត្តិនយោបាយកំពុងជាប់គាំង ក៏អាចថាបាន។ យុវជនរូបនេះ យល់ថា បើរដ្ឋាភិបាលមិនព្រមឲ្យ អ្នកស្រី រ៉ូណា ស្មីត ជួប លោក កឹម សុខា ធ្វើឲ្យរដ្ឋាភិបាលកាន់តែប្រឈមកេរ្តិ៍ឈ្មោះល្បីខាងរំលោភសិទ្ធិមនុស្ស៖ «យោបល់ខ្ញុំ ជាពលរដ្ឋម្នាក់ ហើយក៏មិនកាន់ជើងបែបណា បែបណីដែរ។ ខ្ញុំគាំទ្រដំណើរទស្សនៈកិច្ចរបស់លោកស្រី រ៉ូណា ស្មីត ហើយសង្ឃឹមថា ភាពជាប់គាំងនយោបាយ ក៏ដូចជាសិទ្ធិមនុស្សកម្ពុជានឹងប្រព្រឹត្តិទៅដោយរលូនជាងនេះ។ មានន័យថា ឥឡូវក៏យើងមានសិទ្ធិដែរ តែចង់ឲ្យមានភាពប្រសើរ ចង់ឲ្យមានភាពមួយដែលគេទទួលស្គាល់ជាអន្តរជាតិ ។ មានន័យថា គាត់មក គាត់សម្លឹងស្មើភាពគ្នា គ្រប់បក្សនយោបាយទាំងអស់ មិនថា បក្សនយោបាយណា ជានរណាទេ ប៉ុន្តែអ្នកដែលរងគ្រោះ គឺគាត់ជួយ គាត់នឹងហៅថា សម្របសម្រួលភាពជាប់គាំងឲ្យមានតម្លៃមួយស្មើគ្នា នៅក្នុងតុចរចាមួយស្នើគ្នា។ នេះជាតម្លៃខ្ញុំ ជាពលរដ្ឋម្នាក់ណាបង»។
ចំណែកគ្រូបង្រៀននៅខេត្តតាកែវម្នាក់ លោក កង លាច ប្រាប់ថា លោក ចង់ឲ្យអ្នករាយការណ៍សិទ្ធិមនុស្សបានជួបមេបក្សប្រឆាំង លោក កឹម សុខា ដើម្បីអាចពាំនាំសាររបស់លោក កឹម សុខា ប្រាប់ទៅរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ៖ «ជាទស្សនៈរបស់ខ្ញុំ គឺខ្ញុំចង់ឲ្យលោកស្រី រ៉ូណា ស្មីត បានជួបលោក កឹម សុខា។ បាទ ចង់ឲ្យគាត់ជួបបាទ ព្រោះខ្ញុំយល់ថា លោក កឹម សុខា គាត់ជាអ្នកទោសមនសិការ អ៊ីចឹងទៅណា។ បើសិនលោកស្រី រ៉ូណា ស្មីត គាត់បានមកជួប គាត់អាចផ្ដល់ជាយោបល់ ឬគំនិតអ្វី សម្រាប់ពាំនាំទៅខាងក្រៅ ឬក៏ការគោរពសិទ្ធិអ៊ីចឹងណា»។
ឯនិស្សិតសាកលវិទ្យាល័យ នៅរាជធានីភ្នំពេញ លោក យឿ ឌីនិត យល់ថា ការបដិសេធសំណើរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស ដោយសាររដ្ឋាភិបាលចង់បង្អួតប្រាប់សហគមន៍អន្តរជាតិថា ខ្លួនមិនខ្វល់នឹងការរិះគន់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា៖ «សម្រាប់ខ្ញុំ ការមិនអនុញ្ញាតឲ្យអ្នកស្រី រ៉ូណា ស្មីត ចូលជួបអ៊ីចឹង វាហាក់ដូចជាបង្ហាញថា យើងកំពុងជួបបញ្ហារំលោភសិទ្ធិមនុស្សមែនហើយ បានយើងមិនឲ្យអ្នករាយការណ៍សិទ្ធិមនុស្សចូលជួប ឯកឧត្ដម កឹម សុខា។ ដល់អ៊ីចឹង វារឹតតែបង្ហាញទៅមតិជាតិ និងអន្តរជាតិថា យើងកំពុងជួបបញ្ហារំលោភសិទ្ធិមនុស្សហើយ»។
កម្មកររោងចក្រ ប៊ូវឃ័រ (bowker) នៅស្រុកអង្គស្នួល ខេត្តកណ្ដាល លោក ឡឹក សុភ័គ្រ យល់ថា រដ្ឋាភិបាលគួរផ្ដល់សិទ្ធិស្របច្បាប់ ឲ្យអ្នកស្រី រ៉ូណា ស្មីត ជួបលោក កឹម សុខា ព្រោះថា លោក កឹម សុខា អាចមានមានគំនិតល្អ ស្នើសុំអ្នកស្រី ស្មីត ដើម្បីជួយបញ្ចុះបញ្ចូលសហភាពអឺរ៉ុបកុំឲ្យផ្ដាច់ការអនុគ្រោះពន្ធ អ៊ី.ប៊ី.អេ (EBA)។ កម្មកររូបនេះ ចង់ឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានជំនួប ព្រោះលោក កឹម សុខា មិនត្រឹមជាអ្នកនយោបាយទេ តែគាត់បានរួមចំណែកជួយជំរុញឲ្យមានការដំឡើងប្រាក់ខែកម្មកររាល់ឆ្នាំ ទោះម្ដង ២០ ឬ ៣០ដុល្លារក៏ដោយ៖ «បើសិនជាគាត់ បានជួបវាល្អ ព្រោះគាត់បើតាមនិយាយទៅ គឺអ្នកស្នេហាជាតិ»។
អាជីវករម្នាក់ រស់នៅសង្កាត់ដង្កោ រាជធានីភ្នំពេញ លោក តារា វិច្ឆ័យ យល់ថា នេះជាការបង្ហាញថា រដ្ឋាភិបាលកំពុងតែគំរាមកំហែងធ្ងន់ធ្ងរលើសេរីភាព នៅកម្ពុជា៖ «អ៊ីចឹង ចេះតែអួតប្រាប់គេថា កម្ពុជានីតិរដ្ឋអ្វី តាមការពិតមើលគ្រាន់តែលោកស្រី រ៉ូណា ស្មីត គាត់ចង់ជួប លោកប្រធាន កឹម សុខា បំបិទសិទ្ធិគាត់ មិនឲ្យជួប ហើយចេះតែអួតប្រាប់គេ ថាម្ដេចទៅ? អ៊ីចឹង ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ យល់ថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា កាន់តែដើរថយក្រោយមែនទែនហើយ»។
នេះជាលើកទី៣ ហើយ ដែលអាជ្ញាធរ និងតុលាការនៃរបបឯកបក្ស បដិសេធសំណើអ្នកស្រី រ៉ូណា ស្មីត សុំជួបលោក កឹម សុខា នៅទីតាំងឃុំខ្លួន ទាំងក្នុងពន្ធនាគារត្រពាំងផ្លុង នៅជាប់ព្រំដែនកម្ពុជា វៀតណាម និងក្នុងគេហដ្ឋានរបស់លោក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។