អង្គការជនពិការកម្ពុជា អះអាងថា ការរើសអើង កង្វះខាតនៃការទទួលសេវាអប់រំ និងឱកាសការងាររបស់ជនពិការ នៅតែជាបញ្ហាប្រឈមសម្រាប់ជនពិការ។ ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលាប្រចាំឆ្នាំលើកទី២ ជាមួយភាគីពាក់ព័ន្ធស្ដីពីការអភិវឌ្ឍដែលមានការដាក់បញ្ចូលពិការភាព ក្នុងវិស័យការងារ កាលពីថ្ងៃទី៩ ខែតុលា នាសណ្ឋាគារក្រុងភ្នំពេញ។
មន្ត្រី រដ្ឋាភិបាលទទួលស្គាល់ឧបសគ្គរបស់ជនពិការទាំងនេះ ទន្ទឹមគ្នានេះរដ្ឋាភិបាលថា នឹងបន្តផ្សព្វផ្សាយបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់ជនពិការ។
ជន ពិការនៅក្នុងប្រទេសកម្ពុជា មើលឃើញថា ទោះបីជាមានឯកសារច្បាប់ អនុក្រឹត្យសេចក្ដីណែនាំ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗស្ដីពីការចូលរួមរបស់ជនពិការនៅ ក្នុងកិច្ចអភិវឌ្ឍន៍សង្គមយ៉ាងណាក៏ដោយ តែការអនុវត្តជាក់ស្ដែងរបស់រដ្ឋាភិបាលនៅតែមានភាពចន្លោះប្រហោងនៅ ឡើយ។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា តាមគោលការណ៍ស្ដីពីការអនុវត្តអត្រាជនពិការរបស់រដ្ឋាភិបាល គឺនឹងស្រូបយកជនពិការចំនួន ២ភាគរយឲ្យបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋ តែមកដល់ឆ្នាំ២០១៥ មានជនពិការ ១,៤០ភាគរយ ស្មើប្រមាណជាង ២ពាន់នាក់ ដែលរដ្ឋផ្ដល់ការងារជាក់ស្ដែង។
លោកបញ្ជាក់ថា ជនពិការរស់នៅចាញ់ប្រៀបគេច្រើនទាំងការអប់រំ និងឱកាសការងារ៖ «ជនពិការយើង មិនចង់ដើរសុំទានគេ និងមិនត្រូវការភាពអាណិតអាសូរទេ គឺយើងចង់បានឱកាសការងារដូចបងប្អូនយើងដទៃទៀតដែរ ហើយប្រសិនបើគាត់មានការងារ គឺគាត់មានលុយ អាចប្រកបមុខរបរខ្លួនឯងបាន គាត់អាចចូលរួមសង្គមបាន។ សង្គមរើសអើងដោយសារគាត់ក្រីក្រ ហើយពិការទៀត។ ភាពអាណិតអាសូររបស់ស្ថាប័នមួយចំនួន គឺជាការសម្លាប់ឱកាសបងប្អូនជនពិការក្នុងការចូលរួមសង្គម ហើយមិនបានចូលរួមអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនៅឡើយទេ»។
នាយកប្រតិបត្តិអង្គការ ជនពិការកម្ពុជា ទទួលស្គាល់ថា មូលហេតុដែលជនពិការគ្រប់ប្រភេទពិបាកស្វែងរកការងារទាំងក្នុងវិស័យ រដ្ឋ និងជាពិសេសឯកជននោះ ដោយសារពួកគាត់មិនអាចធ្វើឲ្យខ្លួនឯងមានសមត្ថភាពដូចមនុស្សទូទៅ បាន។ បញ្ហានេះ លោកបន្ទោសទៅលើក្រសួងអប់រំយុវជន និងកីឡា ដែលមិនអាចធានាអោយជនពិការទទួលបានសេវាអប់រំស្មើគ្នា។
លោក ងិន សៅរ័ត្ន រកឃើញថា សាលារៀនប្រមាណ ៨៥ភាគរយ មិនទាន់មានផ្លូវជម្រាលសម្រាប់ដំណើរជនពិការ ខ្វះបង្គន់អនាម័យ ខ្វះសម្ភារៈស្តង់ដារ និងខ្វះគ្រូជំនាញបង្រៀនជនពិការគ្រប់ប្រភេទជាដើម។
ឆ្លើយតប ចំពោះបញ្ហានេះ មន្ត្រីរដ្ឋាភិបាលទទូលស្គាល់ថា ជនពិការនៅតែជួបឧបសគ្គរារាំងជាច្រើនសម្រាប់ជីវិតការងាររបស់ ពួកគេ។ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ចាប ឬទ្ធី មានប្រសាសន៍ថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ បានជំរុញ និងអប់រំផ្សព្វផ្សាយទៅដល់សាធារណជនទូទៅ បណ្ដាស្ថាប័នរដ្ឋ និងឯកជនដើម្បីធានាការចូលរួមស្មើភាពគ្នារបស់ជនពិការនៅក្នុង សង្គមកម្ពុជា។ ទន្ទឹមគ្នានេះ លោកថា ក្រសួងការងារកំពុងយកចិត្តទុកដាក់នៅយុទ្ធសាស្ត្រកាត់បន្ថយភាព ក្រីក្ររបស់ជនពិការ និងធានាថា ជនពិការអាចទទួលសេវាអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាព។
ដោយឡែក លោក ឈន សុវណ្ណដេត ដែលបានបាត់បង់ជើងឆ្វេងមានប្រសាសន៍ថា លោកគ្មានការងារធ្វើនោះទេរហូតមកទល់ពេលនេះ។ លោកតែងតែឮការសន្យារបស់រដ្ឋាភិបាលជាញឹកញយដែរ ប៉ុន្តែលោកបញ្ជាក់ថា មិនបានទទួលផលប្រយោជន៍ណាមួយនោះទេ៖ «ការយកចិត្តទុកដាក់វាមានគឺមានហើយ ប៉ុន្តែអ្វីដែលសំខាន់យើងចង់បានរូបភាពជាក់ស្ដែងច្រើនជាងនៅលើ ក្រដាស។ ជនពិការនៅតែមានការតិចតួចនៅឡើយ»។
ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា ទិន្នន័យជនពិការនៅកម្ពុជា បច្ចុប្បន្នមាន ១០ ទៅ ១៥ភាគរយនៃប្រជាជនសរុប ប៉ុន្តែរដ្ឋាភិបាលអះអាងថា តួលេខជនពិការបច្ចុប្បន្នមាន ២,១ភាគរយ ស្មើប្រមាណជាង ៣៣ម៉ឺននៃប្រជាជនសរុប។
អង្គការជនពិការកម្ពុជា ដែលតំណាងអោយសំឡេងជនពិការទូទាំងប្រទេស អំពាវនាវអោយរដ្ឋាភិបាលជំរុញ ឬដាក់សម្ពាធទៅលើស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីលើកតម្កើង និងផ្ដល់តួនាទីសំខាន់ៗដល់ជនពិការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។