នារី​ដែល​ចោទ​ថា​អធិការ​ស្រុក​នៅ​កំពង់ឆ្នាំង​ចាប់​រំលោភ​រក​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស

ដោយ ជិន ជេដ្ឋា
2015-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នារី​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​ក្នុង​រឿង​ចាប់​រំលោភ​ពី​សំណាក់​លោក អធិការ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទទួល​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​ពី​មន្ត្រី​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។
នារី​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​ក្នុង​រឿង​ចាប់​រំលោភ​ពី​សំណាក់​លោក អធិការ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទទួល​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​ពី​មន្ត្រី​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Chin Chetha

អធិការ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា បាន​ចាប់​រំលោភ​សិស្ស​សាលា​វ័យ ១៩​ឆ្នាំ ហើយ​ប្រើ​អាវុធ​គំរាម​សម្លាប់​សិស្ស​រូប​នោះ និង​ក្រុម​គ្រួសារ។ ប៉ុន្តែ​អធិការ​ស្រុក​បដិសេធ​ថា លោក​មិន​បាន​ប្រើ​អាវុធ​គំរាម​ចាប់​រំលោភ​នោះ​ទេ តែ​វា​ជា​ករណី​ត្រូវរ៉ូវ​គ្នា។

ក្រុម​គ្រួសារ និង​នារី​ម្នាក់​រស់​នៅ​ឃុំ​កោះថ្កូវ ស្រុក​ជលគីរី និង​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ហ៊ុន សែន កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កំពុង​រក​អន្តរាគមន៍​លើ​ករណី​ចាប់​រំលោភ​នេះ​ពី​នគរបាល​យុត្តិធម៌ និង​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល។ ក្រុម​គ្រួសារ និង​នារី​ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ បាន​ទាមទារ​ឲ្យ​មន្ត្រី​ថ្នាក់​លើ​ដក​តំណែង​លោក​អធិការ និង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។

កញ្ញា យន បុប្ផា (ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ) បាន​រៀបរាប់​ទាំង​អួល​ដើមក​ថា លោក​អធិការ​ស្រុក​កំពង់ត្រឡាច ឈ្មោះ ហ៊ុល វាសនា បាន​យក​កាំភ្លើង​ខ្លី​គំរាម និង​ប៉ុនប៉ង​ចាប់​រំលោភ​នាង​ចំនួន ២​ដង​នៅ​ថ្ងៃ​ខុសៗ​គ្នា ប៉ុន្តែ​ក្រោយ​មក​ទៀត​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ លោក ហ៊ុល វាសនា ចាប់​រំលោភ​នាង​បាន​សម្រេច​នៅ​ក្នុង​បន្ទប់​ នា​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច។

កញ្ញា​ថា ពេល​នោះ​លោក ហ៊ុល វាសនា បាន​ទះ​កំផ្លៀង និង​យក​កាំភ្លើង​វាយ​នាង​ពក​ក្បាល ហើយ​គំរាម​សម្លាប់​ទាំង​គ្រួសារ​ទៀត​ផង បើ​ទម្លាយ​រឿង​នេះ​ប្រាប់​គេ៖ «នៅ​ម៉ោង ១២ គាត់​ទូរស័ព្ទ​សួរ​ខ្ញុំ​ថា ចេញ​ពី​រៀន​នៅ? ខ្ញុំ​ថា ចេញ​ហើយ ខ្ញុំ​កំពុង​រៀបចំ​អីវ៉ាន់ និង​ទឹកដោះគោ​ជូន​យាយ​នៅ​ស្រុក ព្រោះ​យាយ​ឈឺ។ គាត់​ឲ្យ​ខ្ញុំ​មក​យក​ម៉ូតូ​គាត់​ជិះ ខ្ញុំ​ក៏​ជិះ​ម៉ូតូ​ឌុប​ទៅ​យក ហើយ​គាត់​ឲ្យ​ខ្ញុំ​ដើរ​ទៅ​យក​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់ គាត់​ថា​ទូរស័ព្ទ​លាក់​នៅ​ក្រោម​កន្ទេល ខ្ញុំ​រក​អត់​ឃើញ។ ដល់​រយៈ​ពេល​ប្រហែល​ជា ៥​នាទី គាត់​ក៏​មក​បិទ​ទ្វារ​អត់​ឲ្យ​ខ្ញុំ​ចេញ ហើយ​ក៏​គាត់​ធ្វើ​ជា​សកម្មភាព​គំរាម​កំហែង​ខ្ញុំ»

កញ្ញា​រំលឹក​ថា លោក ហ៊ុល វាសនា បាន​ស្គាល់​កញ្ញា​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​ពេល​ដែល​កញ្ញា​ថត​រូប​ខ្លួន​ឯង​ក្នុង​សកម្មភាព​ចូល​រួម​ទិវា​ប្រឆាំង​គ្រឿង​ញៀន នៅ​ស្រុក​កំពង់ត្រឡាច។ ក្រោយ​មក​​លោក ហ៊ុល វាសនា បាន​ចាប់​ឆ្លើយ​ឆ្លង​តាម​ហ្វេសប៊ុក សុំ​រាប់​អាន​កញ្ញា​ជា​ក្មួយ​ស្រី និង​រាប់​អាន​ម្ដាយ​របស់​កញ្ញា​ចាត់​ទុក​ដូច​ជា​ម្ដាយ​ធម៌។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អធិការ​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល វាសនា បញ្ជាក់​ថា លោក និង​នារី​ម្នាក់​នេះ​មាន​សម្ពន្ធភាព​ស្នេហា​ស្រឡាញ់​គ្នា​ដូច​ប្ដី​ប្រពន្ធ។ លោក​ថា សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​លើ​រឿង​រ៉ាវ​ស្នេហា តែ​លោក​សុំ​ឲ្យ​មន្ត្រី​ថ្នាក់​លើ​ស៊ើប​អង្កេត​រឿង​ដែល​ចោទ​លោក​ថា បាន​បង្ខំ​ចាប់​រំលោភ​នោះ៖ «ខ្ញុំ​មាន​ទៅ​ចាប់​នាង​មក​ណា! គាត់​មក​កន្លែង​ខ្ញុំ​ហូប​បាយ នៅ​អី​ជាមួយ​គ្នា​ដល់​ពេល​យប់​ឡើង​នាង​ទៅ​ផ្ទះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី ជុំវិញ​ចំណាត់​យ៉ាងណា​លើ​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា។ ប៉ុន្តែ​លោក​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​នារី​រងគ្រោះ ហើយ​លោក​ក៏​រាយការណ៍​ករណី​នេះ​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ​រួច​ហើយ​ដែរ។

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែង​ថា ជន​រងគ្រោះ​បាន​ចូល​មក​ប្ដឹង​សមាគម​អាដហុក និង​បាន​ស្នើ​សុំ​មេធាវី។ លោក​បាន​យល់​ព្រម​ផ្ដល់​មេធាវី​ក្នុង​ករណី​នេះ​មាន​ការ​តតាំង​តាម​ផ្លូវ​តុលាការ ហើយ​លោក​ក៏​នឹង​ចុះ​ប្រមូល​ព័ត៌មាន​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល