សាលាក្ដី​ខ្មែរ​ក្រហម គ្រោង​បិទ​នៅ​ចុង​ឆ្នាំ២០២២ ទាំង​សំណុំរឿង​នៅ​មាន​ភាព​ចម្រូងចម្រាស

0:00 / 0:00

សាលាក្ដី​ខ្មែរ​ក្រហម ដែលបើកដំណើរការ ១៥ឆ្នាំ មក​ហើយ​នេះ គ្រោង​នឹង​បិទ​បញ្ចប់​ជា​ស្ថាពរ នៅ​ចុង​ឆ្នាំ២០២២ ទាំង​សំណុំរឿង​នៅ​មាន​ភាព​ចម្រូងចម្រាស។

ការ​បិទ​បេសកកម្ម​សាលាក្ដី​នេះ គឺ​បាន​ភ្លើង​ខៀវ​ពី​អង្គការ​សហប្រជាជាតិ ដែល​ ចេញសេចក្តី​សម្រេចមួយ ក្នុង​មហាសន្និបាត​របស់​ខ្លួន កាល​ពី​ដើម​ខែកក្កដា។

ក្នុងពេលជាមួយគ្នា សំណុំរឿង​ដ៏​ចម្រូងចម្រាស​ចំនួន​ពីរ គឺ​ សំណុំរឿង ០០៣ ពាក់ព័ន្ធ​នឹង​លោក មាស មុត និង​ សំណុំរឿង ០០៤ ពាក់ព័ន្ធ​នឹង​លោក យឹម ទិត្យ នៅ​មិន​ទាន់​ដាច់​ស្រេច ព្រោះ​ចៅក្រម​ស៊ើប​អង្កេត និង​ព្រះរាជអាជ្ញា​ជាតិ ខ្វែង​យោបល់​គ្នា​ជាមួយ​ចៅក្រម​ស៊ើប​អង្កេត និង​ព្រះរាជអាជ្ញា​អន្តរជាតិ​ រឿង​បញ្ជូន ឬ​មិន​បញ្ជូន​សំណុំរឿង​ទាំង​នេះ ទៅ​ជំនុំជម្រះ​បន្ត។

ដោយសារ​ភាព​មិន​ចុះ​សម្រុង​គ្នា​នេះ អង្គភាព​ស៊ើបអង្កេត​តែ​មួយ​ចេញ​ដីកា​ដំណោះស្រាយ​ពីរ​ផ្សេង​គ្នា។ ចៅក្រម​ស៊ើបអង្កេត​ជាតិ ចេញ​ដីកា​ដំណោះស្រាយ​មួយ ដោយ​ទម្លាក់​ការ​ចោទ​ប្រកាន់ ស្រប​ពេល​ដែល​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ចេញ​ដីកា​ដំណោះស្រាយ​មួយ​ដាច់​ដោយ​ឡែក ដោយ​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។

អង្គ​បុរេ​ជំនុំជម្រះ​រក​ឃើញ​ថា បញ្ហា​នេះ កើត​ឡើង​ដោយសារ​កំហុស​ធ្ងន់ធ្ងរ​របស់​ចៅក្រម​ស៊ើបអង្កេត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​គ្រឹះ​នៃ​ប្រព័ន្ធ​តុលាការ​កូន​កាត់​នេះ និង​ធ្វើ​ឲ្យ​ភាគី​ទាំង​អស់​ធ្លាក់​ចូល​ក្នុង​ភាព​មិន​ច្បាស់លាស់​ផ្នែក​គតិយុត្តិ ប៉ះពាល់​ដល់​អ្នក​ដាក់​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ជន​រង​គ្រោះ​រាប់​ម៉ឺន​នាក់​ ក្នុង​សំណុំរឿង​ទាំង​នោះ។ អង្គ​បុរេ​សម្រេច​ឲ្យ​បិទ​បញ្ចប់​រឿង​ក្ដី​នេះ​ត្រឹមនេះ និង​បិទ​ផ្លូវ​តវ៉ា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អង្គ​បុរេ​ជំនុំជម្រះ​មិន​បាន​កំណត់​ទោស​ទណ្ឌ​យ៉ាង​ណា ចំពោះ​ចៅក្រម​ស៊ើបអង្កេត ដែល​ប្រព្រឹត្តិ​កំហុស​ធ្ងន់​ទាំង​នេះ​ទេ។

ដំណឹង​នៃ​ការ​គ្រោង​បិទ​បេសកកម្ម​សាលាក្ដី​ខ្មែរក្រហម​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​រឿងរ៉ាវ​ជា​ច្រើន នៅ​មិន​ទាន់​ដាច់​ស្រេច។ នៅ​មាន​សំណុំរឿង​ដែល​នៅ​សេសសល់​នៅ​ចំពោះ​មុខ ដែល​ត្រូវ​ដោះ​ស្រាយ​តាម​នីតិវិធី​ច្បាប់។ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា ថា សាលាក្ដី​នេះ​ត្រូវ​បំពេញ​ឲ្យ​ចប់​សព្វគ្រប់ រាល់​សំណុំរឿង​ទាំង​អស់​នោះ ជា​មុន​សិន មុន​នឹង​អាច​បិទ​ទ្វារ​បាន។ លោក​ថា ពេល​វេលា​នៃ​ការ​បិទ​បញ្ចប់​បេសកកម្ម​របស់​តុលាការ លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា នៅ​ពេល​ណា​នៅ​ឡើយ​នោះ​ទេ។

សាលាក្ដី​ខ្មែរក្រហម បាន​ចំណាយ​ប្រាក់​ជាង ៣៣០ លានដុល្លារ សម្រាប់​ដំណើរ​ការ​ក្តីតាំង​ពី​ឆ្នាំ ២០០៦។ អតីត​កម្មាភិបាល​ខ្មែរក្រហម​បី​រូប តុលាការ​កូន​កាត់​នេះ បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ អ្នក​ទាំង​បី​នោះ រួម​មាន អតីត​មេ​គុក​ទួល​ស្លែង​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច បង​ធំ​ទី​ពីរ​នៃ​របប​ខ្មែរ​ក្រហម​លោក នួន ជា និង​អតីត​គណៈប្រធាន​រដ្ឋ លោក ខៀវ សំផន។ ក្នុង​ចំណោម​អ្នក​ទាំង​នេះ មាន​ពីរ​នាក់​ស្លាប់​ក្នុង​ពេល​កំពុង​ជាប់​ឃុំ។ លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ស្លាប់​ជា​រាពាធ ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល។ លោក នួន ជា ស្លាប់​ពេល​កំពុង​ជាប់​ឃុំ នៅ​មន្ទីរ​ឃុំឃាំង​របស់​សាលាក្ដី​ខ្មែរក្រហម។

ដោយ​ឡែក​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ពីរ​រូប​ទៀត គឺ​ អតីត​រដ្ឋមន្ត្រី​ការ​បរទេស​របប​ខ្មែរក្រហម​លោក អៀង សារី ស្លាប់​ពេល​កំពុង​ដំណើរ​ការ​ក្ដី។ ភរិយា​របស់​លោក និង​ជា​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អ្នកស្រី អៀង ធិរិទ្ធ បាន​ស្លាប់​ ក្រោយ​តុលាការ​ដោះ​លែង​វិញ ដោយសារ​មាន​កាយ​សម្បទា​ផ្លូវ​ចិត្ត​មិន​គ្រប់គ្រាន់ ដើម្បី​បន្ត​ដំណើរ​ការ​ក្ដី។ អតីត​កម្មាភិបាល​ខ្មែរក្រហម​តែ​ម្នាក់​គត់ ដែល​នៅ​រស់ និង​កំពុង​តតាំង​ក្ដី​នៅ​តុលាការ គឺ​លោក ខៀវ សំផន ដែល​ឆ្នាំ​នេះ មាន​វ័យ ៩០ឆ្នាំ ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ដង ក្នុង​បទ​ល្មើស​ផ្សេង​គ្នា។

បើ​ទោះ​បី​សាលាក្ដី​ខ្មែរក្រហម នឹង​បិទ​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២២ ក្ដី ក៏​នៅ​មាន​រឿង​សេសសល់​ជា​ច្រើន ដែល​នៅ​មិន​ទាន់​ដោះ​ស្រាយ​បញ្ចប់​ឆាប់ៗ នៅ​ឡើយ​ទេ ជា​ពិសេស រឿង​សំណង​រដ្ឋប្បវេណី សម្រាប់​ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម។

ជាលទ្ធផល ចៅក្រម​ជាតិ​មួយ​រូប និង​ចៅក្រម​អន្តរជាតិ​មួយ​រូប ត្រូវ​ការិយាល័យ​រដ្ឋបាល​តុលាការ ចាត់​តាំង​កាល​ពី​ដើម ខែកញ្ញា ឲ្យ​ធ្វើ​ជា​ចៅក្រម​របាយការណ៍ សម្រាប់​មុខងារ​ដែល​នៅ​សេសសល់​ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ​នេះ។ ចៅក្រម​ទាំង​នេះ កំពុង​អំពាវនាវ​សុំ​ការ​ចូលរួម​ចំណែក​ជា​គំនិត ពី​សាធារណជន​ទូទៅ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។