កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា យុវជន​ក្រុម​ខ្មែរថាវរៈ រៀប​រាប់​អំពី​ជីវិត​លំបាក​ពេល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជាង ១ឆ្នាំ

សមាជិក​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ម្នាក់​គឺ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​វិញ។ សុខភាព​កញ្ញា​ទ្រុឌទ្រោម​ខ្លាំង​ពេល​នេះ បណ្ដាល​មក​ពី​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​សភាព​ចង្អៀត​ណែន ថប់​គ្មាន​ខ្យល់​ចេញ​ចូល ការ​រង​សម្ពាធ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ ជាដើម។ តែ​យ៉ាង​ណា​ក្ដី កញ្ញា​មិន​ដែល​សោកស្ដាយ​ចំពោះ​សកម្មភាព​កន្លង​មក​ទេ ហើយ​កញ្ញា​នៅ​តែ​តាំង​ចិត្ត​មោះមុត​ក្នុង​ការ​ចូលរួម​​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម​បន្ត​ទៀត។

ក្រោយ​បាន​ចេញ​ពី​ពន្ធនាគារ កញ្ញា សូ មេត្តា មាន​ជំងឺ​ច្រើន​មុខ ដូចជា ជំងឺ​ក្រពះ ជំងឺ​ស្ត្រេស (Stress) ស្លេកស្លាំង ជំងឺ​រវើរវាយ ឬ​ការ​ភ័យ​ខ្លាច​ដល់​សន្លប់​ជា​ដើម។ កញ្ញា សូ មេត្តា រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ជំងឺ​ទាំង​នេះ បាន​កើត​ឡើង​តាំង​ពី​កញ្ញា​ជាប់​ក្នុង​ពន្ធនាគារ «ម២» មក ហើយ​មក​ដល់​ពេល​នេះ​ម្ដងម្កាល​នៅ​តែ​ឈឺ និង​ពេល​ខ្លះ​រហូត​ដល់​ដួល​សន្លប់​ភ្លាមៗ ក៏​មាន៖ « ញ៉ាំ​បាយ​ឥឡូវ​ដាក់​លែង​ទទួល​ហើយ ដូច​ថា​ញ៉ាំ​បាន​តែ​មួយ​មាត់​ពីរ​មាត់​ទេ។ បើ​លើស​ហ្នឹង​ក្អួត​មក​វិញ​អស់ បើ​មិន​អ៊ីចឹង​ទេ ចុក​មួយ​យប់​ទល់​ភ្លឺ​អត់​បាន​ដេក​ទេ។ និយាយ​ទៅ​រាង​កាយ​គឺ​ទ្រុឌទ្រោម​ទាំង​អស់​។ ជា​ពិសេស​រាល់​ថ្ងៃ​ ខ្ញុំ​បារម្ភ​​ជើង​ខ្លាច​ពិការ​ ហើយ​ណា​មួយ​គេ​ហៅ​អា​ជំងឺ​ថប់​អារម្មណ៍​ហ្នឹង​ បើ​កាល​ណា​តែ​ស្ត្រេស​ខ្លាំង​កាច់​សន្លប់​តែ​ម្ដង»

កញ្ញា សូ មេត្តា គឺជា​យុវជន​ម្នាក់ ក្នុង​ចំណោម ៥នាក់​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ដែល​ទើប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ដើម​ខែ​វិច្ឆិកា។ កញ្ញា សូ មេត្តា មាន​ឈ្មោះ​ដើម​ថា អេង ម៉ាឡៃ កើត​នៅ​ឆ្នាំ១៩៨៩ គឺ​ជា​កូន​ទី៣ នៃ​គ្រួសារ​​កសិករ​មួយ​នៅ​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។ កញ្ញា​មាន​បងប្អូន​បង្កើត​ចំនួន​៧​នាក់​។នាង​បាន​ចាប់​កំណើត​ក្នុង​គ្រួសារ​​​ក្រីក្រ​នេះ​ នាង​មិន​បាន​​ផ្ដល់​ឱកាស​ឲ្យ​កញ្ញា បាន​រៀន​សូត្រ​ច្រើន​ទេ។ នៅ​អាយុ​ជាង ១០ឆ្នាំ កញ្ញា សូ មេត្តា ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៥​ដើម្បី​រក​លុយ និង​លៃ​ពេល​មើល​ថែ​ប្អូន គឺ​បន្ទាប់​ពី​ម្ដាយ​កញ្ញា​បាន​ស្លាប់​នៅ​ពេល​នោះ។

ចាប់​ពី​ពេល​នោះ​មក កញ្ញា សូ មេត្តា ត្រូវ​ចេញ​ទៅ​ធ្វើ​ការងារ​ពី​មួយ​ទៅ​មួយ​ដើម្បី​​ជួយ​សម្រាល​បន្ទុក​ឪពុក និង​​ត្រូវ​រក​លុយ​ផ្គត់ផ្គង់​ឲ្យ​ប្អូនៗ បាន​រៀន​បន្ត។ ចុង​ក្រោយ​​​កញ្ញា​​បាន​ធ្វើ​ជា​ជំនួយ​ការ​ចុងភៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​។ ប៉ុន្តែ​ដោយសារ​​កញ្ញា​មើល​ឃើញ​ថា​​​ អំពើ​អយុត្តិធម៌​​កើត​ក្នុង​សង្គម​កាន់​តែ​​ច្រើន ទើប​កញ្ញា​ និង​​ក្រុម​យុវជន​​​នាំ​គ្នា​បង្កើត​ក្រុម​មួយ​​ឈ្មោះ​ខ្មែរ​ថាវរៈ​​ហើយ​នាំ​គ្នា​ធ្វើ​សកម្មភាព និង​ប្រកាន់​ជំហរ​ទាមទារ​យុត្តិធម៌​ និង​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ៖ « គាត់​អសមត្ថភាព​ទេ។ គាត់​មិន​ទទួល​ស្គាល់​ទេ។ កំហុស​គាត់​ហ្នឹង​វា​អាក្រក់​ពេក​។ គាត់​នៅ​តែ​ព្យាយាម​បិទ​បាំង​ច្រាន​ចោល​ៗ​រហូត​ហ្នឹង​។ គ្រប់​មន្ត្រី​ពី​តូច​ដល់​​ធំ គឺ​ចរិត​​ដូច​គ្នា​ហ្នឹង​ពិបាក​ណាស់​ ហើយ​ចូល​ចិត្ត​លាប​ពណ៌​តែ​សកម្មជន​ហ្នឹង»

នគរបាល​​​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​កញ្ញា​ សូ មេត្តា​ កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ខណ្ឌ​ច្បារអំពៅ ​ហើយ​​​តុលាការ​​​បាន​សម្រេច​​ឃុំ​​កញ្ញា​​​​ក្នុង​​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ ក្នុង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​​​ ពាក់ព័ន្ធ​នឹង​គម្រោង​ស្នើសុំ​​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​មេ​សហជីព លោក រ៉ុង ឈុន។

ការ​រស់​នៅ​ក្នុង​​ពន្ធនាគារ​ជាង​​​មួយ​ឆ្នាំ​មក​នេះ កញ្ញា សូ មេត្តា ក៏​មិន​ខុស​ពី​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​ដែរ។ ​បញ្ហា​​ដែល​កើត​ឡើង​លើ​កញ្ញា សូ មេត្តា​ គឺ​ការ​ចង្អៀត​ណែន ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ការ​គំរាម​ ការ​ធ្វើ​បាប ការ​រើស​អើង​​ពី​មន្ត្រី​ពន្ធនាគារ បញ្ហា​ខ្វះ​ខាត​ថ្នាំ​សង្កូវ ​កង្វះ​​សេវា​គាំពារ​សុខភាព និង​បញ្ហា​អំពើ​ពុករលួយ​ជាដើម។ កញ្ញា​​​អះអាង​​ថា មន្ត្រី​ពន្ធនាគារ​ខ្លះ​បាន​​បង្កើត​ការ​​លំបាក​​ ហើយ​​រឹតត្បិត​មិន​ឲ្យ​​អ្នក​ជាប់​ឃុំ​បាន​ជួប​​សាច់​ញាតិ​ទេ ​ដើម្បី​បង្ខំ​ឲ្យ​អ្នក​ជាប់​ឃុំ ឬ​សាច់​ញាតិ​សូកប៉ាន់​ពួកគេ​​។

កញ្ញា​បន្ត​ទៀត​ថា ការ​ជួប​សួរ​សុខ​ទុក្ខ​គ្នា​​បាន​យូរ ឬ​លឿន​ គឺ​​អាស្រ័យ​លើ​ចំនួន​ទឹក​លុយ​។ ថ្វីត្បិត​តែ​បទ​បញ្ជា​ពន្ធនាគារ​​«ម២» ​ចែង​ថា ​ឆ្មាំ​​ត្រូវ​អនុញ្ញាត​ឲ្យ​សាច់​ញាតិ​របស់​​អ្នក​ជាប់​ឃុំ​នៅ​ភ្នំពេញ​អាច​ជួប​គ្នា​បាន​៣០​នាទី ឯ​សាច់​ញាតិ​​មក​ពី​ខេត្ត​ អាច​ជួប​បាន​ពី​៤៥​នាទី​ដល់​៦០​នាទី​មែន តែ​ការ​ជួប​​ជាក់ស្ដែង​មិន​ដូច្នោះ​ឡើយ។ កញ្ញា​ សូ មេត្តា​ បញ្ជាក់​ថា អនុរក្ស​ខ្លះ​បាន​ទារ​លុយ​ត្រង់ៗ​តែ​ម្ដង គឺ​ចន្លោះ​ពី​២០​ដុល្លារ ទៅ​១០០​ដុល្លារ ទើប​អនុញ្ញាត​ឲ្យ​ជួប​សាច់​ញាតិ​បាន​យូរ បើ​មិន​ដូច្នេះ​ទេ​ ពួកគេ​អនុញ្ញាត​ឲ្យ​ជួប​ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ ដោយ​យក​លេស​​​ថា​ដល់​វេន​អ្នក​ផ្សេង​។​​​​

​​​កញ្ញា ឲ្យ​ដឹង​ទៀតថា​ ​ទោះ​ជា​ក្នុង​ស្ថានភាព​កូវីដ​១៩​(Covid-19)​កំពុង​ឆ្លង​ខ្លាំង ហើយ​​ក្រសួង​មហាផ្ទៃ​បាន​​ប្រកាស​បិទ​ការ​សួរ​សុខ​ទុក្ខ​​ទាំង​ស្រុង​ក៏​ដោយ​ ​ក៏​​​មាន​មន្ត្រី​ខ្លះ​ ​អាច​​លួច​​​ជួយ​​អ្នក​ជាប់​ឃុំ​ដែល​មាន​លុយ ​បាន​ជួប​សាច់​ញាតិ​គេ​ដែរ។ កញ្ញា ​​ថា ​ដើម្បី​​​​​ជួប​សាច់​ញាតិ​ម្ដង​ក្នុង​ពេល​ឆ្លង​កូវីដ-១៩​ខ្លាំង​នោះ គឺ​ត្រូវ​សូក​ប៉ាន់​មន្ត្រី​ពន្ធនាគារ​ពី​៥០​ដុល្លារ​ឡើង។ កញ្ញា​ថា អ្នក​មាន​លទ្ធភាព​​សូក​ប៉ាន់​មន្ត្រី​ពន្ធនាគារ ដើម្បី​បាន​ជួប​សាច់​ញាតិ​​ គឺ​មាន​តែ​ក្រុម​​​​អ្នក​ជាប់​ឃុំ​គ្រឿងញៀន​ប៉ុណ្ណោះ​។​​

ឯ​​សម្រាប់​​អ្នក​ជាប់​ឃុំ​ក្រីក្រ ឬ​សកម្មជន​វិញ​ មិន​ទទួល​បាន​ការ​លក្ខខណ្ឌ​ពិសេស​បែប​នេះ​ទេ។ ​ពួកគេ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ខ្លះ​រើសអើង​ ​​ធ្វើ​បាប បង្គាប់​ឲ្យ​បង់​លុយ​​ថ្លៃ​​បូម​លូ​ក្នុង​ពន្ធនាគារ​ ឬ​ត្រូវ​​បង្ខំ​ឲ្យ​ចុះ​បា​លូ​ ជាដើម​។ កញ្ញា សូ មេត្តា ទទួល​បាន​កន្លែង​សម្រាក​ផ្ទាល់​លើ​​ឥដ្ឋ​ការ៉ូ​ក្នុង​បន្ទប់​​ឃុំឃាំង​តូច​មួយ ដែល​ដាក់​បាន​តែ​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​​​​​ ដោយសារ​កញ្ញា​មិន​មាន​លទ្ធភាព​បង់​លុយ​ទិញ​​ទំហំ​ការ៉ូ​ថែម ឬ​បន្ទប់​ពិសេស វីអាយភី (VIP)។

ក្នុង​ពេល​ឈឺ​​ជើង​ធ្ងន់ធ្ងរ​ដែល​ប្រឈម​នឹង​ពិការ​ភាព​ ​និង​កើត​រោគ​ស្ត្រេះ​​ខ្លាំង ក៏​កញ្ញា​មិន​ទទួល​បាន​សេវា​គាំទ្រ​សុខភាព​ត្រឹមត្រូវ​ដែរ។ នៅ​ពេល​ដែល​កញ្ញា​ សូ មេត្តា រអិល​ដួល​ក្នុង​បន្ទប់​ទឹក​កាល​ឆ្នាំ​មុន​គឺ​នៅ​​ថ្ងៃ​ទី ១៦​ វិច្ឆិកា​ ឆ្នាំ​២០២០ បណ្ដាល​ឲ្យ​របួស​ជើង​ដល់​ឆ្អឹង ឆ្មាំ​ពន្ធនាគារ​មិន​បាន​បញ្ជូន​កញ្ញា​ទៅ​ព្យាបាល​ភ្លាមៗ​ទេ គឺ​​ទុក​រហូត​ទាល់​តែ​របួស​ធ្ងន់ធ្ងរ​ ដោយ​កញ្ញា​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ទី​២៦​ វិច្ឆិកា ឆ្នាំ​២០២០ ពោល​គឺ​១០​ថ្ងៃ ទើប​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​កញ្ញា​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​មិត្តភាព​ខ្មែរ​សូវៀត ឬ​ពេទ្យ​រុស្ស៊ី​។

​​កញ្ញា​ សូ មេត្តា បញ្ជាក់​​​ថា ​ទោះ​ជា​មាន​ការ​ធ្វើ​បាប និង​ការ​រើស​អើង​ក៏​ដោយ​ចុះ ក៏​កញ្ញា និង​សកម្មជន​ដទៃ​ទៀត​មិន​ចុះញ៉ម​ដែរ។ កញ្ញា និង​សកម្មជន​ទាំង​អស់​តែងតែ​នាំ​អ្នក​ជាប់​ឃុំ​ទាំង​អស់​​តវ៉ា​ជាមួយ​មន្ត្រី​​ ចំពោះ​​អំពើ​​រំលោភ​សិទ្ធិ​ក្នុង​​ពន្ធនាគារ​ ដូចជា​​​ការ​ទាមទារ​ឲ្យ​​រដ្ឋ​​​ទទួល​ខុស​ត្រូវ​​​ករណី​​ស្ទះ​លូ​ក្នុង​ពន្ធនាគារ ដោយ​មិន​ត្រូវ​ទាមទារ​​លុយ ឬ​ប្រើ​ឲ្យ​អ្នក​ជាប់​ឃុំ​ចុះ​បា​លូ​ខ្លួន​ឯង​ទេ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​​ និង​ការ​ទ្រុឌទ្រោម​សុខភាព​នេះ​ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ លោក នុត សវនា បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា។ តែ​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ​លោក នុត សវនា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ ដោយ​លោក​បញ្ជាក់​ថា បញ្ហា​ពន្ធនាគារ​​ចង្អៀត​ណែន​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​កម្ពុជា​ទេ ហើយ​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ក៏​មាន​បញ្ហា​នេះ​ដែរ។

ឯ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ បណ្ដាល​មក​ពី​កំណើន​អ្នក​ជាប់​ឃុំ​​ច្រើន​ពេក​។ លោក​បញ្ជាក់​ថា​ ពន្ធនាគារ​​ជា​កន្លែង​ឃុំឃាំង​មនុស្ស​​ ​ជា​កន្លែង​អប់រំ​កែប្រែ​អ្នក​ទោស​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ តែ​​​មិន​មែន​ជា​កន្លែង​​រស់នៅ​សុខ​ស្រួល មាន​អាហារ​ឆ្ងាញ់ៗ និង​មាន​​សេវា​សុខាភិបាល​ដូច​ក្នុង​សហគមន៍​ទេ។ ​ក្រៅពី​​​នេះ លោក​ បាន​ចោទ​ថា កញ្ញា​ សូ មេត្តា មិន​គោរព​បទ​បញ្ជា​​ផ្ទៃ​ក្នុង​របស់​ពន្ធនាគារ និង​តែង​ចេញ​មុខ​តវ៉ា​​ការ​ពារ​ជន​ខិល​ខូច​។

​​​​​កញ្ញា សូ មេត្តា និង​​សកម្មជន​ជាប់​ឃុំ​ផ្សេង​ទៀត​ ហៅ​សេចក្ដី​ថ្លែងការណ៍​នេះ​ជា​ការ​ដោះ​​សារ​របស់​អាជ្ញាធរ។ សមាជិក​ក្រុម​ស្ត្រី​ក្លាហាន​​ដែល​អ្នក​ជាប់​​ឃុំ​ក្នុង​ពន្ធនាគារ​​«ម២»​​​ជាមួយ​កញ្ញា ​សូ មេត្តា គឺ លោកស្រី លឹម សាន ឲ្យ​ដឹង​ថា ក្នុង​ពន្ធនាគារ​មាន​បរិយាកាស​អាប់អួ និង​គ្មាន​ភាព​​​ប្រសើរ​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​​ទេ។

លោកស្រី លឹម សាន ថា លោកស្រី​ខ្លួន​ឯង​ក៏​​ធ្លាក់​ខ្លួន​ឈឺ​​ដូច​កញ្ញា​ សូ មេត្តា ដែរ។ លោកស្រី​បាន​ទៅ​ពឹង​ពាក់​សុំ​ការ​ពិនិត្យ​សុខភាព​ពី​គ្រូ​ពេទ្យ​អង្គការ​លីកាដូ ក្រោយ​​ត្រូវ​បាន​ដោះលែង ហើយ​​រក​ឃើញ​ថា លោកស្រី​ឆ្លង​ជំងឺ​ថ្លើម​ប្រភេទ​បេ(B) និង​រលាក​សន្លាក់។ ទោះ​យ៉ាង​ណា ​សមាជិក​ក្រុម​ស្ត្រី​ក្លាហាន​រូប​នេះ ក៏​តាំង​ចិត្ត​ថា​នឹង​មិន​​រុញ​រា​ក្នុង​​ការ​ចូលរួម​សកម្មភាព​សង្គម​ដដែល៖ « បើ​និយាយ​ពី​ក្នុង​ពន្ធនាគារ​វិញ​ពិបាក​ណាស់​។ បើ​អ្នក​​មាន​លុយ​ដូច​អ្នក​ឃាតក ឬ​ក៏​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ច្រើនៗ គេ​មាន​លុយ​ជួល​កន្លែង​គេង មាន​លុយ​ទិញ​អ្វី​ហូប។ ចំណែក​ឯ​អ្នក​គ្មាន​លុយ​ពិបាក​ណាស់​ គេង​ដូច​ដោត​ត្រី​ឆ្អើរ​អ៊ីចឹង​»។

សង្គម​ស៊ីវិល​យល់​ថា​ អាជ្ញាធរ​គួរ​តែ​ធ្វើការ​កែ​លម្អ​​ដើម្បី​បញ្ចៀស​ការ​រិះគន់​​ព្រោះ​ការ​មិន​ព្រម​កែ​លម្អ និង​ការ​បន្ត​បដិសេធ​នេះ ជា​ការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ទៅ​វិញ​ទេ​។

អ្នក​នាំ​ពាក្យ​​​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា មាន​​​ប្រសាសន៍​​ថា ​បើ​ទោះ​ជា​ពន្ធនាគារ​មិន​មែន​ជា​កន្លែង​រស់​ស្រួល និង​ហូប​ឆ្ងាញ់​ក៏​ពិត​មែន​ តែ​ពន្ធនាគារ​​​​មិន​​មែន​​​កន្លែង​​សម្រាប់​ធ្វើ​​ឲ្យ​​អ្នក​ជាប់​ឃុំ​​​​មាន​សុខភាព​ល្អ​ ប្រែ​ទៅ​ជា​ឈឺ​ និង​គ្មាន​អាហារ​ត្រឹម​ត្រូវ​នោះ​ទេ។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ យល់​ថា​ស្ថាប័ន​ថ្នាក់​ជាតិ​គួរ​តែ​​ធ្វើ​​អធិការ​កិច្ច​​​ពី​លើ​​​​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បន្ថែម​ទៀត​ដើម្បី​​​​ឲ្យ​មាន​ការ​កែ​លម្អ​ស្ថាន​ភាព​ក្នុង​ពន្ធនាគារ៖ « គួរ​តែ​ឲ្យ​ស្ថាប័ន​ថ្នាក់​លើ​របស់​ពន្ធនាគារ ឬ​ក៏​ស្ថាប័ន​ណា​មួយ​ដែល​មាន​ឯករាជ្យ​ភាព​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​ទាំង​អស់​ហ្នឹង​ឡើង​វិញ ហើយ​ធ្វើ​របាយការណ៍​​ទៅ​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់​លាស់ ហើយ​បើ​សិន​ជា​រក​ឃើញ​បញ្ហា​ហ្នឹង​កើត​ឡើង​គប្បី​ធ្វើការ​កែប្រែ​ទៅ»

អង្គការ​ជាតិ អន្តរជាតិ និង​​​​​​​​​​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) តែង​តែ​បង្ហាញ​ការ​​ព្រួយបារម្ភ​​ពី​ស្ថានភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​​កម្ពុជា។ តំណាង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ​ តែងតែ​​​ចេញ​ផ្សាយ​​​​​របាយការណ៍​ និង​​ទាម​ទារ​​ឲ្យ​​កម្ពុជា​កែ​លម្អ​ស្ថានភាព​​​​ការ​រំលោភ​សិទ្ធិ​អ្នក​ជាប់ឃុំ​ដែល​​រស់​ក្នុង​ស្ថាន​ភាព​ចង្អៀត ខ្វះ​អនាម័យ គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ ការ​ប៉ះពាល់​សុខភាព​ផ្លូវ​កាយ ផ្លូវចិត្ត​អ្នក​ជាប់​ឃុំ។

ជាង​នេះ​ទៅ​ទៀត អតីត​អ្នក​ជាប់​ឃុំ​អះអាង​ថា ពន្ធនាគារ​មិន​បាន​ក្លាយ​ជា​កន្លែង​អប់រំ​ កែប្រែ​អ្នក​ជាប់​ឃុំ​ឲ្យ​ប្រព្រឹត្តិ​អំពើ​ល្អ​​ទេ​​​ដូច​ការ​អះអាង​របស់​មន្ត្រី​ទេ​ផ្ទុយ​ទៅ​វិញ ពន្ធនាគារ គឺ​ជា​កន្លែង​ប្រព្រឹត្តិ​ល្បែង​ស៊ីសង កន្លែង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ និង​ជា​ទីតាំង​​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ពី​ការ​លួច ឆក់ ប្លន់ និង​​ការ​ជួញ​ដូរ​គ្រឿងញៀន៕