មន្ត្រីបរិស្ថានម្នាក់នៅខេត្តស្ទឹងត្រែងរងការចោទថា ប្រើហិង្សាលើពលរដ្ឋ
2022.01.08

ប្រធានដែនជម្រកសត្វ ព្រៃឡង់ នៅខេត្តស្ទឹងត្រែង លោក ទូច វិចិត្រ រងការចោទថា ប្រើហិង្សាលើពលរដ្ឋម្នាក់ បណ្តាលឱ្យរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីថ្ងៃទី៣០ ធ្នូកន្លងទៅ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ មករាថា សមាគមអាដហុកបានទទួលពាក្យបណ្ដឹងពីពលរដ្ឋរួចហើយ ខណៈដែលជនរងគ្រោះមិនហ៊ានប្តឹង មន្ត្រីបរិស្ថានរូបនេះ ទៅសមត្ថកិច្ច និងស្ថាប័នអយ្យការ ដើម្បីរកយុត្តិធម៌នោះទេ ព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
លោកបន្ថែមថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ជាមន្ត្រីនគរបាលយុត្តិធម៌ ដូច្នេះប្រសិនបើពលរដ្ឋប្រព្រឹត្តខុសច្បាប់ គួរតែអនុវត្តតាមច្បាប់ និងអប់រំណែនាំ មិនគួរប្រើអំពើហិង្សា ដើម្បីដោះស្រាយបញ្ហានោះទេ។ លោកចាត់ទុកទង្វើនេះ ផ្ទុយពីច្បាប់ និងបំពានក្រមសីលធម៌របស់មន្ត្រីនគរបាលយុត្តិធម៌ ដែលប៉ះពាល់មុខមាត់ក្រសួងបរិស្ថាន៖ «យើងចង់ឱ្យអនុវត្តច្បាប់ គុណតម្លៃមួយដែរមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ គួរតែមានក្រមសីលធម៌ ហើយប្រសិនបើពលរដ្ឋខុសច្បាប់ មិនធ្ងន់ធ្ងរទេ គួរណែនាំ និងកិច្ចសន្យា។ ពេលខ្លះមន្ត្រីបរិស្ថាន ធ្វើឱ្យប៉ះពាល់ក្រមសីលធម៌ ក្នុងនាមជាមន្ត្រី ដែលធ្វើផ្ទុយពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឯង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីប្រធានដែនជម្រកសត្វព្រៃឡង់ ខេត្តស្ទឹងត្រែង លោក ទូច វិចិត្រ បាននៅឡើយទេ ដោយអ្នកលើកទូរសព្ទនិយាយថា ច្រឡំលេខ។
ពលរដ្ឋដែលរងការអំពើហិង្សានេះ មានឈ្មោះ សុខ ធឿន។ ជនរងគ្រោះរៀបរាប់នៅក្នុងបណ្ដឹងដាក់ជូនសមាគមអាដហុកថា កាលពីចុងខែធ្នូកន្លងទៅ មន្ត្រីបរិស្ថានមានគ្នា ៦នាក់ ដឹកនាំដោយលោក ទូច វិចិត្រ បានវាយទាត់ធាក់រូបលោក បណ្តាលឱ្យរបួសជើង នៅពេលលោកកំពុងកាន់ស្នា ដើម្បីបាញ់ជ្រូកព្រៃនៅចម្ការដំឡូងមី ឋិតនៅ ភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។ មន្ត្រីសិទ្ធិមនុស្ស លោក ប៊ី វ៉ាន់នី បញ្ជាក់ថា ខាងសមាគមអាដហុកកំពុងពិនិត្យ និងសិក្សាផ្លូវច្បាប់បន្ថែម ដើម្បីជួយដល់ជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។