សហភាព​អឺរ៉ុប​ថា ការ​សម្រេច​ក្ដី​លោក រ៉ុង ឈុន ជា​ការ​ផ្ដន្ទាទោស​លើ​សិទ្ធិ​បញ្ចេញ​មតិ

0:00 / 0:00

សហភាព​អឺរ៉ុប​បញ្ចេញ​ប្រតិកម្ម​មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​កម្ពុជា ដែល​សម្រេច​ដាក់​ទោស​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គាត់ ទាក់ទង​នឹង​ការ​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម។ ប៉ុន្តែ​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ឆ្លើយ​តប​វិញ​ថា សេចក្ដី​ថ្លែង​ការណ៍​បែប​នេះ មាន​ភាព​លម្អៀង​ខាង​នយោបាយ។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​មិន​នៅ​ស្ងៀម​ទេ​ចំពោះ​ការ​ផ្ដន្ទាទោស លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត ដោយ​ហេតុ​ថា នេះ​ជា​ករណី​អយុត្តិធម៌ និង​​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​ឥត​លាក់លៀម​ពីសំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន។ បន្ទាប់​ពី​ការ​រិះគន់​ធ្ងន់ៗ របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ឥឡូវនេះ​ដល់​វេន​សហភាព​អឺរ៉ុប​វិញ​ម្ដង។

ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី១៩ សីហា​ថា ការ​ផ្ដន្ទាទោស​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត នាំ​ឱ្យ​សហភាព​អឺរ៉ុប​មាន​ក្តី​បារម្ភ ពីព្រោះ​នេះ​ជា​ការ​ផ្ដន្ទាទោស​ចំពោះ​ការ​សម្ដែង​មតិ​រិះគន់​ជា​សាធារណៈ ឬ​ការ​មិន​យល់​ស្រប​ផ្នែក​នយោបាយ។ ម្យ៉ាងវិញទៀត ការ​ផ្ដន្ទាទោស​នេះ​បាន​បង្ក​ឱ្យ​មាន​ជា​សំណួរ​អំពី​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ផង​ដែរ។

តំណាង​សហភាព​អឺរ៉ុប​ដដែល​គូស​បញ្ជាក់​ថា សេរីភាព​នៃ​ការ​បញ្ចេញមតិ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដំណើរការ​ប្រជាធិបតេយ្យ ដូច​គ្នា​ទៅ​នឹង​តុលាការ​ឯករាជ្យ ដែល​មិន​គួរ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​របស់​សកម្មជន​អហិង្សា​​យ៉ាង​ដូច្នេះ​ដែរ។ សហភាព​អឺរ៉ុប​អំពាវនាវ​ជាថ្មី​ដល់​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ប្រមូល​ផ្ដុំ ស្រប​ទៅតាម​ការ​ប្ដេជ្ញា​ចិត្ត​ជា​អន្តរជាតិ​របស់​កម្ពុជា។

សេចក្ដី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ​​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ជា​អ្នក​ឃ្លាំមើល​ព្រំដែន លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដោយសារ​លោក​បញ្ចេញ​មតិ​រិះគន់​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។ ក្នុង​សំណុំ​រឿង​តែ​មួយ​នេះ តុលាការ​នេះ​បាន​ផ្ដន្ទាទោស​សកម្មជន​ពីរ​នាក់​ទៀត គឺ​កញ្ញា ស កណិការ និង​លោក តុន និមល ឱ្យ​ជាប់​ពន្ធនាគារ​​ម្នាក់ ២០ខែ។ សាលក្រម​នេះ ក៏​តម្រូវ​ឱ្យ​ពួក​គេ​បង់​សំណង និង​ការ​ផាក​ពិន័យ ជា​លក្ខណៈ​បុគ្គល និង​រួម​គ្នា រហូត​ដល់​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៀត។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កត្តា អ៊ន ថ្លែង​ការពារ​សេចក្តី​សម្រេច​របស់​តុលាការ​​នេះ​ថា ស្រប​តាម​អង្គហេតុ និង​អង្គច្បាប់។ លោក​ចាត់​ទុក​ការ​លើក​ឡើង​របស់​​សហភាព​អឺរ៉ុប និង​អង្គទូត​បរទេស​មួយ​ចំនួន​ថា មាន​ភាព​លម្អៀង​ខាង​នយោបាយ និង​បំពាន​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​កម្ពុជា៖ « ការ​វាយ​តម្លៃ​នេះ ជា​ការ​វាយ​តម្លៃ​បែប​នយោបាយ​ប្រឆាំង​មក​លើ​សេចក្ដី​សម្រេច​របស់​តុលាការ ប្រឆាំង​មក​លើ​​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា »

ផ្ទុយ​ពី​ការ​បកស្រាយ​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​វាយ​តម្លៃ​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ និង​អ្នក​ជំនាញ​នានា​កន្លងមក​នោះ ឈរ​លើ​មូលដ្ឋាន​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​លិខិតុបករណ៍​ទាំងឡាយ​ស្តី​ពី​សិទ្ធិ​មនុស្ស​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត​ មាន​ប្រសាសន៍​ថា ការ​បកស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល​ហាក់​ក្នុង​ន័យ​ការពារ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា សហគមន៍​ជាតិ និង​អន្តរជាតិ​ពិនិត្យ​ឃើញ​ថា សំណុំ​រឿង​របស់​លោក រ៉ុង ឈុន ជាមួយ​សកម្មជន​ពីរ​នាក់​ទៀត​នោះ មាន​ចរិត​នយោបាយ និង​រំលោភ​លើ​សិទ្ធិ​មនុស្ស តាំង​ពី​ដំណាក់​កាល​ចាប់​ខ្លួន​ពួក​គាត់​មក​ម្ល៉េះ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​សង្កត់ធ្ងន់​ថា ការ​ផ្ដន្ទាទោស​សកម្មជន​ទាំង​បី​នាក់​នេះ ធ្វើ​ឱ្យ​កម្ពុជា​ជាប់​ក្នុង​កំណត់​ត្រា​អាក្រក់​ផ្នែក​សិទ្ធិ​មនុស្ស​បន្ថែម​ទៀត៖ « ជា​សាលក្រម​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​រិះគន់ និង​កត់​សម្គាល់​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​សហភាព​អឺរ៉ុប​ហ្នឹង​ទៀត អ៊ីចឹង​យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ទៅ​ទៀត​ដែរ ពីព្រោះ​វា​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ហ្នឹង​ទៀត។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ជា​អង្គការ​សង្គម​ស៊ីវិល យើង​នៅ​តែ​​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ និង​ពិចារណា​លើ​ការ​កែ​លម្អ​នូវ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នេះ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះពាល់ ឬ​ក៏​ការ​ខាត​បង់​ប្រយោជន៍​របស់​កម្ពុជា​តទៅទៀត »

សហភាព​អឺរ៉ុប​បាន​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធEBAចំនួន ២០% រួច​ទៅ​ហើយ បន្ទាប់​ពី​រក​ឃើញ​ថា កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នក​តាម​ដាន​ស្ថានការណ៍​ជឿជាក់​ថា សហភាព​អឺរ៉ុប​អាច​នឹង​ពង្រីក​ទណ្ឌកម្ម​នេះ​បន្ថែម​ទៀត បើ​របប​លោក ហ៊ុន សែន នៅ​តែ​រំលោភ​សិទ្ធិពលរដ្ឋ​ធ្ងន់ធ្ងរ និង​បន្ត​បំផ្លាញ​ប្រជាធិបតេយ្យ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទៀត។

សហភាព​អឺរ៉ុប​បាន​សង្កត់ធ្ងន់​នៅ​ក្នុង​សារ​របស់​ខ្លួន​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា ប្រជាពលរដ្ឋ​កម្ពុជា មិន​ថា​មក​ពី​សម្ព័ន្ធភាព​ណា​នោះ​ទេ គឺ​ត្រូវតែ​ទទួល​បាន​នូវ​ការ​ធានា​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ស្រប​ទៅតាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រម​ទាំង​សិទ្ធិ​នានា​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។