ក្រុម​យុវជន​ដែល​ធ្លាប់​បង្អត់​អាហារ​ខ្លួន​ឯង​ក្នុង​ពន្ធនាគារ​បារម្ភ​ពី​សុខភាព​កញ្ញា សេង ធារី ដែល​កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ

ក្រុម​យុវជន​ដែល​ធ្លាប់​ជួប​បទពិសោធ​បង្អត់​អាហារ​ខ្លួនឯង​ក្នុង​ពន្ធនាគារ​បារម្ភ​ពី​សុខភាព​កញ្ញា សេង ធារី ដែល​កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ​នៅ​ពេល​នេះ។ ពួកគេ​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ពិចារណា​ការ​តវ៉ា​របស់​កញ្ញា សេង ធារី និង​ត្រូវ​ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព​វិញ​ព្រោះ​ការ​បង្អត់​អាហារ​របស់​កញ្ញា​នេះ​ជា​សញ្ញាដែល​កញ្ញា​ចង់​ប្រាប់​ពិភពលោក​ថា កញ្ញា​ត្រូវ​ជាប់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស។ ពួកគេ​រម្លឹកថា អ្នក​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ពុំមាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ការ​តវ៉ា​អហិង្សាជាពិសេស​គឺ​ការ​បង្អត់​អាហារ​ខ្លួន​ឯងដើម្បី​បញ្ជាក់​ប្រាប់ថា ពួកគេ​មិន​អាច​ទទួល​យក​បាន​នូវ​ភាព​អយុត្តិធម៌​ចំពោះ​ពួកគេ​បើទោះបី​ការ​បង្អត់​អាហារ​ជា​ការ​ពិបាកនិង​ប៉ះពាល់​សុខភាព​ពួកគេ​ក៏​ដោយ។

យុវជន​ដែល​ឆ្លង​កាត់​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​ក្នុង​ពន្ធនាគារ​បារម្ភ​ថា កញ្ញា សេង ធារី នឹង​ជួប​ការ​លំបាក​ជា​ច្រើន​ក្នុង​ពន្ធនាគារ​ក្នុង​ពេល​បង្អត់​អាហារ​នេះដែល​រួមមានផលប៉ះពាល់​ចំពោះ​សុខភាព​ដោយ​សាររាង្គកាយ​ចុះទន់​ខ្សោយ​ខ្លាំងការ​ធ្វើ​ទុក្ខបុកម្នេញការ​រារាំងនិង​ការកៀប​សង្កត់​ពី​ឆ្មាំ​ពន្ធនាគារ។

យុវជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា ឱ្យ​ដឹង​ថាប្រសិន​បើ​កញ្ញា សេង ធារី ជ្រើសរើស​យក​ការ​បង្អត់​អាហារ​ខ្លួនឯង​ពេញ​មួយ​ថ្ងៃគឺ​មិន​ទទួល​អាហារ​ទាំង​ស្រុង​និង​ធ្វើរយៈពេល​វែង​ពេញ​មួយ​សបា្ដហ៍​នោះនោះរាងកាយ​កញ្ញា​នឹង​ចុះទន់​ខ្សោយ​ខ្លាំង​អាច​ឱ្យ​មាន​ជំងឺ​ភ្លាមៗ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រម្លាយ​អាហារ​មាន​ដូចជា ឈឺបំពង់ក ធ្វើទុក្ខក្រពះ ពោះវៀន វិលមុខ ឬអាច​ដួល​សន្លប់៖

«អាច​ពិបាក​ទ្រាំ​មែន​ទែនហើយ​អ្នក​មីងសេង ធារីដែលកម្លាំង​របស់​គាត់​ជា​មនុស្ស​ស្រី​ខ្ញុំ​គិតថា យ៉ាង​យូរ​ត្រឹម​២​ទៅ​៣ថ្ងៃ​អាច​នឹង​មាន​ការ​ដួល​សន្លប់ឬ​មាន​បញ្ហា​ដល់​សុខភាព​ធ្ងន់ធ្ងរ។នេះគឺ​ជាការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ព្រោះអ្វី​ដែល​ជា​ការ​ឃាត់ខ្លួន​គាត់​ជា​ការ​ឃាត់​ខ្លួនដោយ​អយុត្តិធម៌​ការ​បំបិទ​សិទ្ធិសេរីភាព។នេះមិនមែន​ជា​រឿង​លេង​សើច​ទេហើយ​អាជ្ញាធរ​គួរ​តែ​ចាប់​ផ្ដើម​មាន​វិធានការក្នុង​ការ​ដោះ​លែង​គាត់»។

កាលពី​ឆ្នាំ២០២០តុលាការ​ក្រុងភ្នំពេញ​បាន​កាត់ទោស​លោក ថុន រដ្ឋា ដាក់​ពន្ធនាគារ​រយៈពេល​២០​ខែដោយ​ចោទ​ប្រកាន់​ថា បាន​លួច​បើក​ស្ទូឌីយោ​ផ្សាយ​ព័ត៌មានដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​នៅ​ពេល​លោក​កំពុង​ផលិត​វីដេអូ​មួយដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាលបញ្ឈប់​លុប​បឹងតាមោក។ ថុន រដ្ឋា រួច​ខ្លួន​ពី​ពន្ធនាគារ​ក្រោយ​ជាប់​ពន្ធនាគារ​បាន​១៤​ខែប៉ុន្តែ​ត្រូវ​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​របស់​តុលាការ​រយៈពេល​ប្រមាណ​៣​ឆ្នាំ។នៅ​ពន្ធនាគារ​ព្រៃសរ​រដ្ឋា​ ធ្លាប់​តវ៉ា​មិន​ហូប​អាហារ​ចំនួន​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ជា​មួយ​សកម្មជន​សង្គម​មួយ​ចំនួន​ទៀតដើម្បី​បង្ហាញ​ថា ពួកគេ​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ពន្ធនាគារ​យល់ព្រម​ឱ្យ​សកម្មជន​សង្គម​អាច​ទូរស័ព្ទ​ជួប​សាច់​ញាតិ​នៅក្រៅ​ពន្ធនាគារ​នៅពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។

ស្រដៀង​គ្នា​នេះ​ដែរយុវតី​ក្រុម​យុវជន​ខ្មែរថាវរៈ​កញ្ញា អេង ម៉ាឡៃ ហៅសូរ មេត្តា រៀបរាប់​ថា កូដកម្ម​បង្អត់​អាហារ​ជា​ជម្រើស​មួយដែល​អ្នក​ជាប់​ឃុំ​ដោយ​ភាព​អយុត្តិធម៌ឬ​ដោយ​ពុំបាន​ប្រព្រឹត្ត​ទោស​កំហុស​សោះប្រើប្រាស់​នៅ​ពេល​ដែល​ពួកគាត់​មាន​ជម្រើស​រើស​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ការ​សម្ដែង​មតិប្រឆាំង​នឹង​ភាព​អយុត្តិធម៌ឬ​ការ​រំលោភ​បំពាន​សិទ្ធិ​ក្នុង​ពន្ធនាគារ។ កញ្ញា​បន្ត​ថាក្នុង​ពេល​កញ្ញា​ជាប់​ពន្ធនាគារ​ដំបូង​ឆ្មាំ​ពន្ធនាគារ​បាន​បញ្ជូន​កញ្ញា​ឱ្យ​ទៅនៅ​ក្នុង​បន្ទប់​ពិន័យ​ដែល​កខ្វក់ដេក​មិន​បាន​ប្រៀប​បាន​នឹង​ទារុណកម្មលើ​រូប​កញ្ញា​នោះ មេត្តា ចាប់​ផ្តើម​បង្អត់​អាហារ​ខ្លួន​ឯង​ឆ្លើយតប​នឹង​ទង្វើ​របស់​ឆ្នាំ​គុក។មេត្តា​បន្តថា ករណី​កញ្ញា សេង ធារី ក៏​មិន​ខុសគ្នា​នេះ​ដែរគឺ​កញ្ញាធ្វើកូដកម្ម​មិន​ទទួល​ទាន​អាហារ​នេះគឺ​ដើម្បី​ប្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន សាធារណជន និង​ពិភពលោក​ថានៅទី​ដែល​កញ្ញា​កំពុង​នៅមាន​ភាព​អយុត្តិធម៌ដែលមិន​អាច​ទទួល​យក​បាន៖

«យើង​បង្អត់​អាហារ​គឺ​យើង​ចង់​បញ្ជាក់ថា យើង​ស្រេក​ឃ្លាន​នូវ​យុត្តិធម៌ហើយ​យើង​ចង់​បង្ហាញ​ទៅ​មន្រ្តី​អាជ្ញាធរ​ទាំង​អស់ដែល​ខ្ញុំជឿថា ពួកគាត់​ក៏​មាន​មនសិការ​ភាគរយ​តិចតួច​នៅ​ក្នុង​បេះដូង​គាត់។គាត់ជា​ខ្មែរ​គាត់​ក៏​គួរ​ឈឺ​ចាប់​ដែ។អីចឹង​ខ្ញុំជឿថា មនសិការដែល​ស្ពឹកស្អុយ​រលួយ​របស់​គាត់​នៅក្នុង​ខ្លួន​ក៏​អាច​នៅ​ក្រោក​ឡើង​វិញហើយ​ថា​គាត់ចាប់​ជន​ដែល​មិន​មាន​កំហុស​មក​ឃុំគាត់​ជាអ្នក​ដែល​ទទួល​ខុស​ត្រូវ​ហើយ​ត្រូវ​ដោះលែង​មក​វិញ»។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​កញ្ញា សូ មេត្តា កាលពី​ខែកញ្ញា ឆ្នាំ២០២០ នៅ​ខណ្ឌច្បារអំពៅហើយ​តុលាការ​បាន​សម្រេច​ឃុំ​កញ្ញា​ក្នុង​ពន្ធនាគារ​ជាង​មួយ​ឆ្នាំក្នុង​បទញុះញង់​បង្កឲ្យ​មានភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សង្គម​ពាក់ព័ន្ធ​នឹង​គម្រោង​ស្នើសុំ​ធ្វើ​បាតុកម្ម​នៅ​ទី​លាន​ប្រជាធិបតេយ្យដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មេសហជីព​លោក រ៉ុង ឈុន។ កញ្ញា សូ មេត្តា មានជំងឺ​ច្រើន​មុខ​ជាប់​ខ្លួន​ពេល​ចេញ​ពី​ពន្ធនាគារ ដូចជា ជំងឺក្រពះ ជំងឺស្ត្រេស (Stress) ស្លេកស្លាំង ជំងឺរវើរវាយ ឬ​ការភ័យ​ខ្លាច​ដល់​សន្លប់​ជា​ដើម។

យូរៗ​ម្ដង​មាន​ព័ត៌មាន​លេចចេញ​ពន្ធនាគារ​ថា ក្រុម​អ្នក​ជាប់​ឃុំដោយ​អយុត្តិធម៌ ឬ អ្នកទោស​មនសិកា​នាំគ្នា​ធ្វើ​កូដកម្ម។ ពួកគេ​តវ៉ា​រួមគ្នា​ជាក្រុមឬ​តវ៉ា​តែម្នាក់​ឯងដើម្បី​ឱ្យ​មន្រ្តី​ពន្ធនាគារ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ក្នុង​នោះ​មាន​ទាំងបញ្ហា​បន្ទប់​ចង្អៀត​ណែន អនាម័យ ការ​ជក់​បារី​ក្នុង​បន្ទប់ការ​រំលោភ​បំពាន​សិទ្ធិការ​រើសអើងនិងការរារាំង​មិន​ឱ្យ​ក្រុម​គ្រួសារ​ចូល​សួរ​សុខ​ទុក្ខ​ជា​ដើម។ក្រៅ​ពី​ការ​តវ៉ាដោយ​បង្អត់​អាហារ​ខ្លួន​ឯងអ្នក​ជាប់ឃុំក៏​អាច​នាំគ្នា​តវ៉ាដោយ​មិន​ត្រឡប់​ចូល​បន្ទប់​ឃុំឃាំងឬ​មិន​ព្រម​ចេញ​ពី​បន្ទប់​ឃុំឃាំងសរសេរ​លិខិត​រ៉ាយរ៉ាប់​ពីការ​លំបាក​ផ្ញើទៅ​អ្នក​គ្រប់គ្រង​ពន្ធនាគារឬទៅ​សារព័ត៌មាន​នៅ​ខាង​ក្រៅ​ពន្ធនាគារនិងការ​លើកបដា​រួមគ្នា​នៅ​ក្រៅឬ​ក្នុង​បន្ទប់​ឃុំឃាំង​ជាដើម។

តាមរយៈសកម្មភាព​តវ៉ាទាំងនេះ​ទំនង​ណាស់​ដែល​គេ​អាច​បង្ហាញថា អ្នកជាប់ឃុំ​អាច​ប្រើប្រាស់​សិទ្ធិ​តវ៉ា​បាន​ងាយ​ស្រួល​ក្នុង​ពន្ធនាគារតែតាម​ជាក់​ស្ដែង​ការ​តវ៉ា​នោះមិន​ងាយ​ស្រួល​ឡើយ។

កញ្ញា សូរ មេត្តា បញ្ជាក់ថា ជាធម្មតាឆ្មាំ​ពន្ធនាគារ​នឹង​មិន​បណ្ដោយ​ឱ្យរឿងនេះ​កើត​ឡើង​ដោយ​ងាយ​ស្រួល​ឡើយនៅពេល​គេដឹងថា មាន​ការ​តវ៉ា​ម្ដងៗអ្នក​តវ៉ា​ត្រូវ​គេ​ប្រមាថ ជេរប្រទិច ត្រូវ​ដាក់​ឱ្យ​នៅ​ឯកោពេល​ខ្លះ​ក៏​ត្រូវ​ដៃជើង​របស់​ឆ្មាំ​ពន្ធនាគារដែលភាគច្រើន​ជាអ្នក​ជាប់​ទោស​ដោយ​ទោស​ឧក្រិដ្ឋ​វាយ​ធ្វើ​បាប​ជា​ការ​ព្រមាន៖

«ខ្ញុំនៅ​ព្រៃសរមន្រ្តី​គេតែងតែ​លើក​ឡើង​បែប​ហ្នឹងតែ​ការ​យាយីគំរាមកំហែង​របស់​គេ​ការ​អុកឡុក​របស់​គេនៅ​តែមាន​អីញ្ចឹង។ គេអុកឡុកគេគំរាមកំហែង​ដោយ​ប្រយោល។នេះគឺ​គេលើកឡើង​ធ្វើម៉េចដើម្បី​តែ​ឱ្យ​ល្អ​មើល»។

លើសពី​នេះ កញ្ញា សូរ មេត្តា គិតថា មន្រ្តីពន្ធនាគារ​អាច​នឹង​មាន​ផែនការ​រាំងខ្ទប់​បិទ​រាល់​ព័ត៌មាន​ទាំង​អស់​ពី​កញ្ញា សេង ធារី ធ្វើយ៉ាងណា មិនឱ្យ​ព័ត៌មាន​ពីការ​បង្អត់​អាហារ​នេះបាន​ធ្លាយ​ចេញ​មក​ខាងក្រៅ​ពន្ធនាគារ​ឡើយ។

ទំនង​មិនខុស​ពី​ការ​គិតទុក​របស់​កញ្ញា សូរ មេត្តា ទេមកដល់ពេលនេះ ស្ទើតែគ្មាន​ព័ត៌មានទាល់តែ​សោះពីការ​ធ្វើកូដកម្ម​បង្អត់​អាហារ​របស់​កញ្ញា សេង ធារី នៅ​ពន្ធនាគារ​ក្នុង​ខេត្តព្រះវិហារ។

ទាក់ទង​នឹង​រឿង​នេះ កញ្ញា សេង ធារី បានផ្ញើលិខិត​ចេញពី​ពន្ធនាគារ​កាលពី​ចុង​ខែតុលាថា កញ្ញានឹង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នេះ​រយៈពេល​១​សប្ដាហ៍​ចាប់​ពី​ថ្ងៃ៧ ខែវិច្ឆិកា ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព​មក​វិញដោយ​គ្មាន​លក្ខខ័ណ្ឌ។

ចំណែកមេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កញ្ញា សេង ធារី បាន​បញ្ជាក់​បន្ថែមថា កូដកម្ម​អត់​អាហារ​រយៈពេល​១​សប្តាហ៍​នេះដើម្បីទាមទារ​ឱ្យអាជ្ញាធរ​ពន្ធនាគារ​ផ្លាស់ប្ដូរ​កញ្ញាពី​ការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​មក​ពន្ធនាគារ​នៅភ្នំពេញ​វិញនិងស្នើ​ឱ្យ​អាជ្ញាធរ​បើកឱ្យ​កញ្ញាមាន​សិទ្ធិ​ទទួល​បាន​សេវា​ផ្សេងៗ​ក្នុង​ពន្ធនាគារ​ឱ្យ​បាន​ដូចគ្នា​នឹង​អ្នកជាប់ឃុំ​ផ្សេង​ទៀត​ដែរក្នុង​នោះ​រួមទាំងសិទ្ធិ​ទៅ​បួងសួង​តាម​គ្រិស្ដសាសនានិង​ប្រើ​ទូរស័ព្ទ​ជា​ដើម។

វិទ្យុអាស៊ីសេរី​នៅមិនទាន់​អាច​សុំការ​ឆ្លើយតប​រឿង​នេះ​ពី​អ្នក​នាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនារ បាន​ទេប៉ុន្តែលោក​ធ្លាប់​អះអាង​ថា ការ​តវ៉ា​បង្អត់​អាហារ​ជាសេរីភាព​របស់​អ្នក​ជាប់​ឃុំ។

ការ​តវ៉ា​ក្នុង​ពន្ធនាគាររបស់​កញ្ញ សេង ធារី នេះស្របពេល​ដែលកម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​រៀបចំ​ខ្លួន​ទទួល​ស្វាគមន៍​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាននិងប្រទេស​ជាដៃ​គូ​អាស៊ានរួមទាំង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ផង ដែលនឹង​មកចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាននិង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃទៀត​នៅក្នុង​សប្ដាហ៍​នេះ។

អ្នកជំនាញ​វិទ្យាសាស្រ្ត​នយោបាយនិង​កិច្ចការ​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍ថា ការ​តវ៉ា​របស់​កញ្ញា សេង ធារី នៅពេលនេះ​នឹង​មិន​បាន​ការ​ឆ្លើយតប​ពី​អាជ្ញាធរ​កម្ពុជា​ឡើយប៉ុន្តែ​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ។ លោកថា ល្គិកណា​រឿងនេះ​មានការ​លើកឡើង​ពី​អន្តរជាតិ​កាន់​តែ​ច្រើនក៏​អាច​ជា​ផ្នែក​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពិចារណា​ដែរ៖

«ថ្វីត្បិត​តែ​វា​មិន​បាន​ផល​ពី​អាជ្ញាធរ​កម្ពុជា​ក៏ដោយ​ក៏ប៉ុន្តែ​វា​អាច​បាន​ផល​ពី​សហគមន៍​អន្តរជាតិហើយ​យន្តការ​ដែល​គាត់​ជ្រើសរើស​កូដកម្ម​អត់​អាហារ​ជា​ជម្រើស​តែ​មួយ​គត់ដែល​គាត់​អាច​ធ្វើ​បាន​នៅក្នុង​ពន្ធនាគារ»។

ទាក់ទងនឹងរឿង​នេះ​ដែរមេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កញ្ញា សេង ធារី បានអំពាវនាវ​ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ចូ បៃឌិន (Joe Biden) ដាក់​សម្ពាធ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ដោះលែង​កញ្ញា សេង ធារី និង​អ្នក​ជាប់​ឃុំដោយ​សារ​រឿង​នយោបាយ​ទាំងអស់។

មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​ក៏​បាន​រម្លឹក​ពី​សំណើ​របស់​ក្រុម​អ្នក​សិទ្ធិមនុស្ស​អន្តរជាតិអង្គការ​ផ្នែក​ពង្រឹង​ប្រជាធិបតេយ្យនិង​មន្រ្តីការទូតអាមេរិកដែល​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្សជាពិសេស​សិទ្ធិ​នយោបាយសេរីភាព​បញ្ចេញមតិនិងការ​ធានា​ផ្ដល់​លទ្ធភាព​គ្រប់បែប​យ៉ាង​ដល់​ពលរដ្ឋ​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ។

សមត្ថកិច្ច​ចាប់​ខ្លួនខ្មែរ​សញ្ជាតិ​អាមរិកកាំង​កញ្ញា សេង ធារី អ្នក​ជំនាញ​ច្បាប់និង​កិច្ចការ​អន្តរជាតិកាល​ពី​ថ្ងៃទី១៤ ខែមិថុនា ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ឲ្យ​កញ្ញា​ជាប់​ពន្ធនាគារ​៦​ឆ្នាំពី​បទចោទ​រួមគំនិត​ក្បត់​ក្នុង​សំណុំរឿង​វិលចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ២០១៩និង​បាន​បញ្ជូន​យ៉ាង​តក់ក្រហល់​ទៅ​ឃុំ​បន្ត​នៅ​ពន្ធនាគារ​ក្នុង​ខេត្តព្រះវិហារ។

ស្របគ្នា​នឹង​យុវជន​ធ្លាប់​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ​បារម្ភ​ពី​សុខ​ទុក្ខ​កញ្ញា សេង ធារី នៅខាង​ក្នុង​ពន្ធនាគារ​នេះនៅខាងក្រៅ​ពន្ធនាគារ​មាន​ក្រុមយុវជន​ខ្មែរថាវរៈ​មាន​គ្នា៦​នាក់​បាន​នាំគ្នា​ជួប​ជុំ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​តាម​កញ្ញ សេង ធារី ដែរ ដោយពួកគេរំពឹងថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ពិចារណា​ឡើង​វិញដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព​វិញ​នៅក្នុង​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។