មតិ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជុំវិញ​ទស្សន​បណ្ឌិត កែម ឡី ក្នុង​ខួប​៥​ឆ្នាំ

0:00 / 0:00

ចំណែក​នៅ​លើ​បណ្ដាញ​សង្គម​វិញ​!! ពលរដ្ឋ​ខ្មែរ​ដែល​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន នាំ​គ្នា​ផុស​(Posted) និង ចែក​រម្លែក​(Share) នូវ​ទស្សនៈ របស់​បណ្ឌិត​កែម ឡី និង​វីរភាព​របស់​លោក​សម្រាប់​ជាតិខ្មែរ កាលពី​លោក​នៅ​មាន​ជីវិត។

ទស្សនៈ​ល្បីល្បាញ និង មានការ​ចាប់អារម្មណ៍​ច្រើន​ជាងគេ នោះ មាន​ប្រមាណ​ជាង​១០។ ក្នុង​នោះ មាន​ដូចជា​៖

១. ជូត​ទឹកភ្នែក​របស់​អ្នក រួច​បន្តដំណើរ​ទៅមុខ​ទៀត

២. ចូរ​យើង​នាំគ្នា​និយាយ​ការពិត​ជាជាង​និយាយ​ការពារ​

៣. ការ​បង្រៀន​ឱ្យ​ខ្មែរ​ចេះ​គិត​ពិត​ជា​ការ​ចាំបាច់​បំផុត

៤. សុវត្ថិភាព​ខ្ពស់​បំផុត​ដែល​អាច​ការពារ​យើង​បានជា​និរន្តរ៍ គឺ បេះដូង​ពលរដ្ឋ

៥. ខ្លាច​ស្លាប់​ដោយសារ​ជួយ​ការពារ​ពលរដ្ឋ និង បូរណភាព​ទឹកដី​មិនមែន​ជា​ជម្រើស​ល្អ​ទេ​

៦. អ្នក​មាន​អំណាច មាន​លុយ​ច្រើន​ពី​ការ​កេងប្រវ័ញ្ច​ធនធាន​សង្គម ពី​ពលរដ្ឋ​ខ្លួនឯង​នោះ អ្នក​អាច​មាន​សុវត្ថិភាព​តែ​ពេល​នៅ​រស់​ទេ តែ​ពេល​ស្លាប់​ទៅ សូម្បីតែ​ទី​តម្កល់​សាកសព​ក៏​អាច​គ្មាន​សុវត្ថិភាព​ដែរ

៧. ប្រសិនបើ​យើង​មិន​ព្យាបាល​ជំងឺ​បាក់ស្បាត​ឱ្យ​ជាសះស្បើយ​បាន​ឆាប់រហ័ស​ទេ ជំងឺ​បាក់​ស្បាត​ប្រាកដជា​ឆ្លង​ទៅ​កូនៗ​ច្រើន​ជំនាន់​បន្ត​ទៀត

៨. បើ​អ្នក​មិន​ធ្វើ​អ្វី​ទាល់តែសោះ ក៏​គង់​តែ​ទទួលរង​គ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​តែប៉ុណ្ណោះ

៩. ត្រី​ដែល​ហែល​បណ្ដោយ​ទឹក​គឺជា​ត្រី​ងាប់

១០. ឈើ​ពុក​កុំ​អង្គុយ​លើ

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ស្រ៊ន់ ស្រីល័ក្ខ បាន​ចែក​រម្លែក​នូវ​ទស្សនៈ​ទាំងនេះ លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក ព្រមទាំង​បាន​បញ្ជាក់​ជំហរ របស់​ខ្លួន ចំពោះ បណ្ឌិត កែម ឡី ថា​៖ ពួក​យើង​នៅ​ចងចាំ​នូវ​វីរភាព​របស់​បណ្ឌិត កែម ឡី។

ស្រីល័​ក្ខ សរសេរ​បន្ត​ទៀត​ថា សម្ដី​ទាំង​១០ របស់​បណ្ឌិត កែម ឡី នេះ សម្រាប់​កូន​ខ្មែរ​គិត​ពិចារណា…!!

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ មហិន្ទ្រ បូព៌ា ក៏​បាន​ចែក​រម្លែក ឬ shared នូវ​កម្រង​ទស្សនៈ​ទាំង​១០ របស់​បណ្ឌិត កែម ឡី នេះ​ឡើងវិញ​ដែរ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូប​គំនូរ​បណ្ឌិត កែម ឡី និង​មាន​សំណេរ​ភ្ជាប់​មក​ជា​មួយ​ផង​ថា៖ សម្រង់​សម្ដី​របស់​បណ្ឌិត កែម ឡី កូន​ខ្មែរ​គ្រប់រូប​ត្រូវ​ធ្វើ​ការ​ត្រិះរិះ និង​គប្បី​រៀនសូត្រ​តាម។

ទស្សន​ទាំង​នេះ ត្រូវ​បាន​គេ​ដកស្រង់​ចេញពី​សៀវភៅ​កម្រង​ទស្សន​សង្គម និង​នយោបាយ របស់​បណ្ឌិត កែម ឡី។

ដោយឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Sros heng (​ហេង ស្រស់​)​បាន​ផុស​នូវ​រូបថត បណ្ឌិត កែម ឡី ពណ៌​ស​-​ខ្មៅ​ដោយ​ភ្ជាប់​ជាមួយ នូវ​ទស្សនៈ របស់​លោក​ផង​ថា​៖ «​បើ​និយាយ​ពី​អ្វី គឺ​ត្រូវ​និយាយ​ការ​ពិត​» ហេង ស្រស់ ក៏​បាន​សរសេរ​ឲ្យ​ដឹង​ពាក់ព័ន្ធ​នឹង​ទស្សនៈ​នេះ​ដែរ​ថា « ខ្ញុំ​និយាយ​អ្វី​ដែល​ពិត​…!! ព្រៃឈើ​ប្រទេស​របស់ខ្ញុំ ត្រូវ​បាន​គេ​លក់​នៅ​ក្រៅ​ប្រទេស​។ #ឈ្មួញកាប់ #មន្ត្រី​កាង #​ថ្ងៃ​ណាមួយ​នឹង​វិនាស #ចងចាំ កែម ឡី។

ចំណែក ម្ចាស់​គណនី ហ្វេសប៊ុក​មួយទៀត ឈ្មោះ ឈាម ត្រជាក់ ក៏​បាន ផុស​នូវ​ទស្សនៈ កែម ឡី ដែរ​ថា​៖ « ធ្វើ​នយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម មិនមែន​ធ្វើ​នយោបាយ ដើម្បី​បង្កើត​បញ្ហា​សង្គម​ទេ»។

បណ្ឌិត កែម ឡី ក្រៅ​ពី​មាន​ទស្សនៈ ផ្សេងៗ លោក​ក៏​បាន​ចងក្រង ជា​រឿង​ខ្លី ក្នុង​ន័យ អប់រំ ផ្ដល់​ជា​គំនិត​ពលរដ្ឋ​ក្នុង​សង្គម​ដើម្បី​ពិចារណា​ក្នុង​ការរស់នៅ​ក្នុង​សង្គម​ផង​ដែរ។

ម្ចាស់ គណនី ហ្វេសប៊ុក​ឈ្មោះ ព្រះបាទ​ធម្មិក មិន​បាន ផុស​នូវ​កម្រង​ទស្សនៈ​ទេ តែ​គាត់​បាន​ចែក​រម្លែក​រឿងនិទាន ដោយ​លោក​បណ្ឌិត កែម ឡី (​ពី​ភាគ​១​ដល់​ភាគ​១៩) ដើម្បី​អាន​នឹង​បាន​ជា​គតិ។

បាទ​!! ដោយសារតែ​ពេលវេលា​ខ្ញុំបាទ សូម លើក​យក​#​រឿង​ទី​១ ដែល​មាន​ចំណងជើង​ថា​៖ «​អ្នកវិភាគ​អត់​ចេះ​អ្វី​ទេ​» មក​ជម្រាប​ជូន​លោក​អ្នកនាង​នៅ​ពេល​នេះ​៖

មាន​បុរស​ពីរ​នាក់​ធ្វើការ​ធំ​បាន​ជជែក​គ្នា​ពី​បញ្ហា​សង្គម និង​នយោបាយ​ខ្មែរ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា​២០១៦។

បុរស​ឈ្មោះ បញ្ហា បាន​លើកឡើង​ថា​៖ សង្គម​យើង​ឥឡូវ​សប្បាយ​ណាស់ មាន​កន្លែង​ផឹកស៊ី​គ្រប់​ទីកន្លែង លេងល្បែង​ស៊ីសង​តាមចិត្ត និង​មាន​កន្លែង​ទិញ​គ្រឿងញៀន​បាន​ទៀត​ផង។​

​បុរស​ឈ្មោះ ពូកែ​ស្តាប់ បាន​សួរ​ថា ហេតុអ្វី​បានជា​លោក កែម ឡី ចេះ​គ្រប់មុខ និង​និយាយ​ត្រូវៗ និង ចំៗ​ម្លេះ​?

បុរស ឈ្មោះ​បញ្ហា បាន​បដិសេធ​ភ្លាម​ថា ទេ លោក កែម ឡី គាត់​មិនដឹង​អ្វី​ច្រើន​ទេ គាត់​អត់​ចេះ​អ្វី​ច្រើន​ទេ ប៉ុន្តែ​ដោយសារតែ​យើង​បង្កើត​បញ្ហា​ច្រើនពេក និយាយ​ត្រង់ណា​ក៏​ត្រូវ​ដែរ​។ បញ្ហា​មួយ​មិន ព្រម​ដោះស្រាយ ទៅ​នាំគ្នា​បង្កើត​បញ្ហា​រាប់​រយ​ជំពូក​ថែមទៀត​។ ដូចនេះ មិន​ចាំបាច់​តែ លោក កែម ឡី និយាយ​ទេ សូម្បីតែ​កុមារ​តូចៗ​ក៏​និយាយ​មិន​ខុស​ដែរ​ព្រោះ​បញ្ហា​សង្គម​ច្រើន​ហួសហេតុ គ្រប់​ទីកន្លែង។

និយាយ​កន្លែង​ណា​ក៏​មិន​ខុស​ដែរ មិន​ចាំ​បាច់​តែ លោក កែម ឡី និយាយ​ទេ។

ចុងបញ្ចប់​នៃ​សាច់រឿង​អ្នក​និពន្ធ​បាន​បង្ហាញ​ថា​៖ សូម​បងប្អូន​ជួយ​លើក​ឡើង និង​ចូលរួម​ធ្វើ​យ៉ាងណា​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន និង​ទទួល​ខុស​ត្រូវ​ចំពោះ​ពលរដ្ឋ​និង​ជួយ​ជំរុញ​ឲ្យ «​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សង្គម​ប្រកបដោយ​ភាព​យុត្តិធម៌ និង​តម្លាភាព។

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ JonniJon (ចននី ចន) បាន​ប្តូរ​ស៊ុំ​ឈ្មោះ​គណនី ហ្វេសប៊ុក​របស់​ខ្លួន ដែល​សរសេរ​ថា​៖ ចងចាំ បណ្ឌិត កែម ឡី ដូច​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ផ្សេងទៀត​ដែរ​។​

​ម្ចាស់​គណនី ហ្វេសប៊ុក​រូប​នេះ បាន​ផុស​នូវ​ទស្សនៈ​របស់​បណ្ឌិត កែម ឡី ដែល​ដាក់​ថា​៖« ត្រី ហែល​បណ្ដោយ​ទឹក គឺជា​ត្រី​ដែល​ស្លាប់»

គណនី​ហ្វេសប៊ុក​ឈ្មោះ Jonni Jon (ចននី ចន) ក៏​បាន​ផុស ចែក​រម្លែក​នូវ​កំណាព្យ​ខ្លី​មួយ​ពាក់ព័ន្ធ​នឹង សង្គម និង​បណ្ឌិត កែម ឡី ផង​ថា​៖ កំណាព្យ​នេះ និពន្ធ ដោយ ហ៊ួន ស៊ីឡូន កាល​ពី​ ខែ​សីហា ឆ្នាំ ២០១៦​។ តើ​អ្នកនិពន្ធ​ព្រួយ​យ៉ាង​ដូចម្តេច​ខ្លះ​……?

បាទ​…!! ព្រួយ​ខ្លាច​ជាតិ​បង់​លង់​លិច​បាត់ ព្រួយ​ខ្លាច​ខ្មែរ​ខ្ចាត់ បាត់​ទឹកដី ព្រួយ​ខ្លាច​ពាល​ចោរ ជា​មន្ត្រី ព្រួយ​ខ្លាច​ហ៊ាន​ស្តី​គេ​សម្លាប់។

ព្រួយ​ខ្លាច​បណ្ឌិត គេ​បិទ​មាត់ ព្រួយ​ខ្លាច​ពាល​ស្ទាត់ អាង​ចាក់​កាប់ ព្រួយ​ខ្លាច​ខ្មែរ​ស្លាប់​ទាំង​នៅ​ឈរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។