ក្រុមគ្រួសាររបស់អ្នកជាប់ឃុំ ស្នើសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានក្តីមេត្តាប្រគល់សេរីភាពជូន សកម្មជននយោបាយ សកម្មជនសង្គម និងបរិស្ថាន ដើម្បីឲ្យពួកគាត់បានរស់នៅជួបជុំក្រុមគ្រួសារឡើងវិញ ដូចដែលលោក ហ៊ុន សែន មានកី្តមេត្តាដោះលែងសត្វតោឲ្យទៅរស់នៅជួបជុំជាមួយម្ចាស់របស់វាដែរ។
ប្រពន្ធរបស់សកម្មជនគណបក្សប្រឆាំងកំពុងជាប់ឃុំលោក កាក់ កុម្ភារ គឺលោកស្រី ព្រំ ចន្ថា លើកឡើងថា ការលែងសត្វតោនេះ គ្រាន់តែបំពេញបំណងម្ចាស់ចិញ្ចឹមសត្វដែលជាជនជាតិចិនតែប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលកន្លងមកពុំដែលមានចិត្តមេត្តា ឬការពារពលរដ្ឋខ្លួន ដែលហ៊ានចេញមុខទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការពារផលប្រយោជន៍សង្គមនោះទេ។ លោកស្រីចង់ឃើញរដ្ឋាភិបាលប្រើមនោសញ្ចេតនានេះ ដើម្បីដោះលែងអ្នកទោសនយោបាយសង្គម និងបរិស្ថានឱ្យមានសេរីភាពឡើងវិញ ព្រោះពួកគេក៏ចង់ជួបជុំគ្រួសារផងដែរ៖ «គាត់អត់គិតថា គាត់ស្រឡាញ់ពលរដ្ឋខ្លួនឯងនឹងគាំទ្រគ្នាឯងដែលចេះដឹងរឿងសង្គមចេះដឹងរឿងប្រទេសជាតិ គាត់អត់គិតចឹងទេ បើគាត់គិតអ៊ីចឹងមែន គាត់ចាប់ប្តីពួកខ្ញុំដាក់គុកនិងកូនខ្ញុំដាក់គុកចា៎ ចឹងវាខុសច្បាប់ទាំងស្រុងខុសនីតិវិធីទាំងស្រុក ចឹងគាត់អត់បានគិតដល់រឿងហ្នឹងទេ ចឹងបានន័យថា កិត្តិយសនិងអាយុជីវិតប្តីរបស់ពួកខ្ញុំមិនស្មើសត្វតោមួយផងចឹង»។
ស្រដៀងគ្នានេះដែរ កូនស្រីសកម្មជនបក្សប្រឆាំងកំពុងជាប់ពន្ធនាគារលោកស្រី លឹម សាន គឺកញ្ញា ផាន សាត ថារដ្ឋាភិបាលខំប្រឹងបង្ហាញមហាជនចំពោះការយកចិត្តទុកដាក់ អាណិតសត្វតោរបស់ជនជាតិចិន ប៉ុន្តែបែរជាចាប់ពលរដ្ឋរបស់ខ្លួន ដាក់ពន្ធនាគារដោយគ្រាន់តែឈឺឆ្អាលរឿងសង្គម ការពារយុត្តិធម៌ និងប្រយោជន៍សង្គមទៅវិញ។ លោកស្រី ស្តោកស្តាយដែលរដ្ឋាភិបាលគិតគូរសត្វតោរបស់ជនជាតិចិនជាងពលរដ្ឋរបស់ខ្លួនកំពុងរងគ្រោះដោយសារអំពើអយុត្តិធម៌៖ «ចាប់គ្នាអត់មានថ្ងៃចេញ និយាយទៅអត់មានថ្ងៃឡើងដោះស្រាយ ឡើងសវនាការឃើញឡើងរហូត ខ្ញុំតាមពេលចាប់ម៉ែខ្ញុំរយៈពេល ៨ ខែហ្នឹងមក តែអត់មានថាកាត់ទោសយ៉ាងណា ដោះលែងនៅក្រៅឃុំ ដែលគាត់មិនគួរដាក់គុកយកទៅដាក់គុកអត់ឃើញដំណោះស្រាយថា លែងគាត់ក្រៅឃុំ ឬព្យួរទោសគាត់អ៊ីចឹងអត់មានឃើញ តែបើសម្រាប់ជនជាតិចិន សម្រាប់អ្នកមានអំណាចមួយចំនួន គាត់ដោះលែងនៅក្រៅឃុំចឹង»។
រីឯម្តាយរបស់យុវជនខ្មែរថាវរៈកំពុងជាប់ពន្ធនាគារលោកស្រី ឈឿន ដារ៉ាវី គឺលោកស្រី ថាច់ ធីតា ប្រាប់ថា កូនលោកស្រីជាប់ពន្ធនាគារទាំងអយុត្តិធម៌ ១១ ខែមកហើយ ប៉ុន្តែរដ្ឋាភិបាលពុំបង្ហាញកាយវិការ ឬទឹកចិត្តណាមួយដើម្បីលើកទឹកចិត្តដល់យុវជននោះទេ។ លោកស្រីស្នើឱ្យរដ្ឋាភិបាលដោះលែងកូនលោកស្រីនិងសកម្មជនផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ ព្រោះលោកស្រីព្រួយបារម្ភសុខទុក្ខកូននៅក្នុងពន្ធនាគារពេលរីករាលដាលនៃជំងឺកូវីដ៖ «ដូចជាកូនខ្ញុំឬក៏ក្មេងៗដែលគ្នាធ្វើការងារដើម្បីការពារបរិស្ថានចង់ឱ្យនាយករដ្ឋមន្រ្តីពិចារណាឡើងវិញ អំពីបញ្ហាក្មេងៗដែលគ្នាធ្វើសកម្មភាពគ្រាន់តែការពារទ្រព្យសម្បត្តិជាតិប្រជាពលរដ្ឋ »។
ប្រតិកម្មនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្រោយពលរដ្ឋផ្តល់មតិយោបល់អាណិតសត្វតោ លោកបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្មដោយសម្រេចអនុញ្ញាតឱ្យម្ចាស់សត្វតោរបស់ជនជាតិចិនយកទៅចិញ្ចឹមនៅក្នុងផ្ទះវិញ ក្រោមលក្ខខណ្ឌធ្វើទ្រុងឱ្យត្រឹមត្រូវដើម្បីធានាសុវត្ថិភាពមនុស្សនៅក្នុងផ្ទះ និងអ្នកជិតខាងដែរ។ លោក ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលលោកយោគយល់និងដោះលែងសត្វតោនេះ ព្រោះនេះគឺជាករណីពិសេស ដោយសារសត្វតោមួយក្បាលនេះ ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូចមក។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក ស្រី វុឌ្ឍី និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ដើម្បីបកស្រាយមូលហេតុនិងការអនុវត្តផ្លូវច្បាប់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី៥ ខែកក្កដា។
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានបញ្ចេញប្រតិកម្មព្រោងព្រាតចំពោះលោក ហ៊ុន សែន ថាការចិញ្ចឹមសត្វព្រៃនៅតាមផ្ទះ គឺផ្ទុយពីច្បាប់រដ្ឋ ដូច្នេះមនោសញ្ចេតនាលែងសត្វយកទៅចិញ្ចឹមនៅផ្ទះវិញ វាបង្ហាញពីការអនុវត្តផ្ទុយនឹងផ្លូវច្បាប់។ ពួកគេបន្តថា បើលោក ហ៊ុន សែន ដោះលែងសត្វតោបាន ដូច្នេះលោក គួរតែដោះលែងយុវជនដែលការពារបរិស្ថាន ការពារធនធានធម្មជាតិ អភិរក្សព្រៃឈើសត្វព្រៃឱ្យជួបជុំគ្រួសារឡើងវិញ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ថ្ងៃនេះលោក ហ៊ុន សែន បង្ហាញទឹកចិត្តមេត្តាធម៌ ចំពោះសត្វតោមួយ ហើយបានបញ្ជាឱ្យដោះលែងទៅម្ចាស់វិញ ក៏ប៉ុន្តែអ្នកទោសនយោបាយ និងមនសិកា រួមទាំងកុមារា កាក់ សុវណ្ណច័្ឆយ មិនដឹងពេលណាលោក ហ៊ុន សែន មានចិត្តមេត្តាធម៌ធ្វើអន្តរាគមន៍ឱ្យដោះលែងពួកគេនោះទេ។
សមាជិកបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា យល់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលផ្អែកលើមនោសញ្ចេតនានេះ អាចប៉ះពាល់ដល់សត្វព្រៃដោយជំរុញឲ្យមានអ្នកដែលមានបំណងចិញ្ចឹមសត្វព្រៃកាន់តែច្រើន ដែលផ្ទុយគោលការណ៍ច្បាប់។ លោកថា រដ្ឋាភិបាលសម្រេចចិត្តលែងសត្វតោនេះ រដ្ឋាភិបាលគួរប្រើមនោសញ្ចេតនានេះ ដោះលែងយុវជនការពារបរិស្ថានដែលកំពុងជាប់ពន្ធនាគារ និងទំលាក់ចោលការចោទប្រកាន់ ដើម្បីឱ្យពួកគាត់មានសេរីភាពជួបជុំគ្រួសារឡើងវិញ៖ «មហាជនមួយចំនួនគាត់មានអារម្មណ៍ថា អាណិតតោឬក៏ស្នើឱ្យរដ្ឋាភិបាលហ្នឹងប្រគល់តោឱ្យទៅម្ចាស់វិញ រដ្ឋាភិបាលក៏បានសម្រេចចិត្តដោយយោងទៅលើកត្តាមនោសញ្ចេតនា ដូច្នេះខ្ញុំក៏គិតថា រដ្ឋាភិបាលគួរមានមនោសញ្ចេតនាចំពោះយុវជនក្មេងៗដែលគាត់គ្រាន់តែធ្វើការងារដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ ហើយធ្វើការដោះលែងទំលាក់ចោលការចោទប្រកាន់ដើម្បីឱ្យពួកគាត់មានសេរីភាពជួបជុំគ្នានិងបំពេញការងារស្របទៅតាមច្បាប់»។
មកទល់ពេលនេះ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនសកម្មជន នយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថានប្រមាណ ៨០ នាក់ ហើយដាក់ក្នុងពន្ធនាគារ ដោយភាគច្រើន ចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់។ ក្រុមគ្រួសាររបស់អ្នកជាប់ឃុំ រួមទាំងក្រុមអង្គការជាតិ-អន្តរជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យធំៗ តែងតែថ្កោលទោសជាបន្តបន្ទាប់ថា ការចាប់ឃុំខ្លួនទាំងនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ និងទាមទារឲ្យដោះលែងពួកគេវិញជាបន្ទាន់។
ទោះជាយ៉ាងណា អាជ្ញាធររបបលោក ហ៊ុន សែន មិនដែលយកចិត្តទុកដាក់ចំពោះសំឡេងទទូចអង្វរកទាំងនេះទេ ថែមទាំងបំភិត បំភ័យ គំរាមកំហែង និងធ្វើទុក្ខបុកម្នេញគ្រប់រូបភាពទៅលើសមាជិកក្រុមគ្រួសាររបស់សកម្មជនសង្គ្រោះជាតិដែលតវ៉ាទាមទារឲ្យដោះលែងអ្នកកំពុងជាប់ឃុំនោះទៀតផង។ លើសពីនេះ ថ្មីៗនេះ អាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ឃុំខ្លួនកូនប្រុសរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ គឺក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដែលមានវ័យ១៦ និងមានបញ្ហាផ្នែកសតិបញ្ញាថែមទៀត ដែលគេមើលឃើញថា ជាចេតនាបំបាក់ស្មារតីកុំឲ្យងើបតវ៉ាទាមទារយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។