ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អឺរ៉ុប និង​អាល្លឺម៉ង់ ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លេង​គ្រួសារ

ដោយ នៅ វណ្ណារិន
2023.03.11
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អឺរ៉ុប និង​អាល្លឺម៉ង់ ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លេង​គ្រួសារ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែល​ជា​ប្រពន្ធ និង​កូន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់ឃុំ​នោះ តវ៉ា​លើក​បដាដាក់​ញត្តិ​ទៅ​ស្ថានទូត​អឺរ៉ុប (EU) ប្រចាំ​កម្ពុជា កាលពីថ្ងៃទី១០ មីនា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែល​ជា​ប្រពន្ធ និង​កូន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់ឃុំ​នោះ នាំគ្នា​ជួបជុំ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អឺរ៉ុប (EU) និង​ស្ថានទូត​អាល្លឺម៉ង់ (German) ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ឲ្យ​ដោះលែង​សមាជិកគ្រួសារ និង​សកម្មជន​ផ្សេងទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ក្រោម​ហេតុផល​នយោបាយ​។ មន្ត្រី​សង្គម​ស៊ីវិល ថា មានតែ​ការ​ជជែក​គ្នា​របស់​អ្នក​នយោបាយ​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមាណ​២០​នាក់ នៅ​ថ្ងៃទី​១០​មីនា​នេះ បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អឺរ៉ុប និង​ស្ថានទូត​អាល្លឺម៉ង់។ ពួកគេ​ស្លៀកពាក់​ចម្រុះ​គ្នា និង​ឈរ​កាន់​រូបថត​អ្នក​ជាប់ឃុំ​ដោយសារ​បញ្ហា​នយោបាយ​រួមមាន លោក កាក់ កុម្ភារ កញ្ញា សេង ធារី លោក គង់ ម៉ាស និង​អ្នក​ជាប់ឃុំ​មនសិការ​ផ្សេង​ទៀត។

អាជ្ញាធរ​ដែល​មក​ឃ្លាំមើល មាន​ស្លៀកពាក់​ស៊ីវិល​ផង និង​ឯកសណ្ឋាន​ផង មក​ថតរូប​អ្នក​ចូលរួម និង​រារាំង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ មិន​ឲ្យ​ធ្វើដំណើរ​ថ្មើរ​ជើង​ពី​ស្ថានទូត​អាល្លឺម៉ង់ ទៅកាន់​ស្ថានទូត​អឺរ៉ុប​នោះ​ទេ។

តំណាង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ និង​ជា​ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ លោកស្រី ព្រំ ចាន់ថា ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អឺរ៉ុប និង​ស្ថានទូត​អាល្លឺម៉ង់​នៅថ្ងៃ​នេះ ក្នុង​គោល​បំណង​ឲ្យ​តំណាង​ទូត​ទាំងអស់​ពាំនាំ​ពាក្យ​របស់​ក្រុម​គ្រួសារ អ្នក​ដែល​ជាប់ឃុំ​ទាំង​អយុត្តិធម៌ ទៅកាន់​រដ្ឋាភិបាល​ដើម្បី​ពិចារណា រួច​ទម្លាប់​បទ​ចោទ និង​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ «»

ដូចគ្នា​នេះ​ដែរ ប្រពន្ធ​របស់​អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​កំពុង​ជាប់ឃុំ​លោក ថាច់ សេដ្ឋា គឺ លោកស្រី ថាច់ សុខបូរ៉ានី និយាយ​ថា ការ​ឃុំ​ខ្លួន​ប្ដី​របស់​លោក​ស្រី​គឺ ជា​រឿង​មិន​យុត្តិធម៌​សម្រាប់​គាត់​នោះ​ទេ ព្រោះ​រឿងរ៉ាវ​អំពី​សែក​នោះ​គឺ​បាន​ចប់​តាំងពី​ឆ្នាំ​២០១៩​មក​ម្ល៉េះ ។ ប្រសិនបើ​ការ​ឃុំ​ខ្លួន​នោះ​ដោយសារតែ​ជា​រឿង​បំណុល ឬ​រឿង​លុយ​គួរ​ណាស់​តែ​ដាក់​ឲ្យ​លោក ថាច់ សេដ្ឋា នៅ​ក្រៅ​ឃុំ ដើម្បី​រក​លុយ​មក​ដោះស្រាយ​បញ្ហា​នោះ។ «»

ស្រដៀង​គ្នា​នេះ​ដែរ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បច្ចុប្បន្ន​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន លោក ស៊ូ យាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តំណាង​ស្ថានទូត​អាល្លឺម៉ង់​បាន​ទទួល​ញត្តិ និង​អញ្ជើញ​អ្នកតំណាង​ចូល​ទៅ​ជួប​ក្នុង​ស្ថានទូត។ លោក​បន្ត​ថា តំណាង​ស្ថានទូត​អាល្លឺម៉ង់​សន្យា​ថា នឹង​នាំ​យក​ពាក្យ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែល​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង អ្នក​ជាប់ឃុំ​នយោបាយ​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល។ «»

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ចេញ​មក​ទាមទារ ដើម្បី​ក្រុម​គ្រួសារ​របស់​គាត់​ដែល​កំពុង​ជាប់ឃុំ​បែបនេះ បណ្ដាលមកពី​ពួកគេ​យល់​ឃើញ​ថា ក្រុម​គ្រួសារ​របស់​ពួកគេ​មិន​បាន​ធ្វើ​រឿង​អ្វី​ខុស​នោះ​ទេ គ្រាន់តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ស្រប​ទៅ​តាម​ច្បាប់​។ លោក​យល់​ឃើញ​ថា មានតែ​ការ​ជជែក​គ្នា​រវាង​អ្នកនយោបាយ​ទេ ដែល​អាច​បញ្ចប់​ការ​ទាមទារ​របស់​ស្ត្រី​ថ្ងៃ​សុក្រ​នេះ​បាន។ «»

កន្លងទៅ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​បាន​ដាក់​ញត្តិ​នៅ​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ មួយចំនួន​រួចហើយ ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន អូស្ត្រាលី ព្រមទាំង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​ប​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ជាដើម​។ បើទោះបី​ជា​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ តែងតែ​ប្រឈម​នឹង​ការ​គំរាមកំហែង និង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ និង​ក្រុម​សន្តិសុខ​យ៉ាង​ណា​ក្តី ក្រុម​ស្ត្រី​សុក្រ​ទាំង​នេះ​បញ្ជាក់​ថា ពួកគាត់​មិន​រាថយ​ឡើយ​ក្នុង​ការ​ធ្វើ​សកម្មភាព​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​អ្នក​កំពុង​ជាប់ឃុំ​។ ពួកគាត់​នៅតែ​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​សាច់​ញាតិ​ពួកគេ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។