សាច់ញាតិ​សកម្មជន​មាតា​ធម្មជាតិ​បួងសួង​សុំ​ឱ្យ​អ្នក​ជាប់ឃុំ​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ និង​អាច​នៅ​ក្រៅ​ឃុំ

0:00 / 0:00

សាច់ញាតិ​សកម្មជន​មាតា​ធម្មជាតិ​បួងសួង​នៅ​ព្រះអង្គ​ដង​កើ​សុំ​ឱ្យ​ប្ដី កូន និង​បង​របស់​ពួកគេ ដែល​កំពុង​ជាប់ឃុំ​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ និង​អាច​នៅ​ក្រៅ​ឃុំ។ ឆ្លើយតប​ករណី​នេះ មន្ត្រីជាន់ខ្ពស់​ពន្ធនាគារ​ថា សកម្មជន​នយោបាយ ព្រំដែន និង​សកម្មជន​បរិស្ថាន​ជាដើម​នោះ មិន​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ នោះ​ទេ។

សាច់ញាតិ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​លើកឡើង​ថា ពេល​នេះ​ពួកគាត់​អស់​ជំនឿ​ថា តុលាការ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​អាច​អនុញ្ញាត​ឱ្យ​ប្ដី កូន ឬក៏​សាច់ញាតិ​ពួកគាត់​អាច​នៅ​ក្រៅ​ឃុំ​បាន​ឡើយ​។ ពួកគាត់​បែរ​មក​បួងសួង​តាម​អបិយជំនឿ នៅ​ព្រះអង្គ​ដង​កើ​ពេល​នេះ សុំ​ឱ្យ​ប្ដី កូន និង​សាច់ញាតិ​ខ្លួន​ដែល​កំពុង​ជាប់ឃុំ រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ និង​ទទួល​បាន​យុត្តិធម៌​ឡើងវិញ​។​

ប្រពន្ធ​លោក ថុន រដ្ឋា ជា​សកម្មជន​មាតា​ធម្មជាតិ​គឺ​លោកស្រី ប៉ាត់ រស្មី ឱ្យ​អាស៊ីសេរី​ដឹង​ថា ការ​សម្រេច​មក​បួងសួង​ពេល​នេះ​ព្រោះ​លោកស្រី​បាន​បាត់​ដំណឹង​ប្ដី​ជិត​បី​ខែ និង​ទទួល​ដំណឹង​ថា ប្ដី​លោកស្រី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ពន្ធនាគារ។ លោកស្រី​ឱ្យ​ដឹង​ដែរ​ថា ក្រៅពី​ធ្វើ​ពិធីបួងសួង​លោកស្រី និង​សាច់ញាតិ​យុវជន​មាតា​ធម្មជាតិ​ផ្សេងទៀត​ក៏​ធ្វើ​ពិធី​លែង​សត្វ​សុំ​សុខ​ដែរ៖ «កន្លងមក​យើង​ឃើញ​ហើយ​សូម្បី​យើង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ក្រៅ​ឃុំ​បី​បួន​ដង ហើយ​គឺ​អត់​បាន​ទេ អ៊ីចឹង​មិន​អត់​លើ​ពួកគាត់​ទៀត​ទេ។ យើង​មានតែ​ជឿ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​បន់ស្រន់​សុំ​ឱ្យ​គាត់​នៅ​ក្នុង​ពន្ធនាគារ​សុខ​សប្បាយ»។

អ្នកចូលរួម​ក្នុង​ពិធីបួង​សួង​នេះ រួម​មាន ប្រពន្ធ​របស់​លោក ថុន រដ្ឋា ព្រមទាំង​ម្តាយ និង​ប្អូនស្រី​របស់​កញ្ញា ឡុង គន្ធា ដោយ​ពួកគាត់​បួងសួង​នៅ​ព្រះអង្គ​ដង​កើ មុខ​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃទី​០៣ មិថុនា។

តុលាការក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោស​សកម្មជន​មាតា​ធម្មជាតិ​០៣ នាក់​ដែល​កំពុង​ជាប់ឃុំ គឺ​កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ និង​លោក ថុន រដ្ឋា ចំនួន ២០​ខែ ក្រោម​បទ​ចោទ «​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ តុលាការ​ក៏​បាន​ពិន័យ​ពួកគេ​ម្នាក់ ៤ លាន​រៀល ឬ​ប្រហែល ១​ពាន់​ដុល្លារ​អាមេរិក​ផង​ដែរ ដោយសារតែ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួកគេ។

សកម្មភាព​តស៊ូ​មតិ​របស់​ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ថ្មីៗ​នេះ​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​មួយចំនួន​បាន​ទទួល​បាន​ព័ត៌មាន​ថា មាន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ចំនួន ៤​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ-19 បន្ទាប់​ពី​ជំងឺ​នេះ​ឆ្លង​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​បុរស​។ អ្នក​ដែល​ពួកគាត់​ទទួល​ដំណឹង​ថា បាន​ឆ្លង​ជំងឺ​កូវីដ​១៩ នោះ​រួមមាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​គឺ លោក តុន និមល និង​លោក ចាន់ សារ៉ាត់ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ និង​អនុប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្មមុនី។ រីឯ​លោក រ៉ុង ឈុន វិញ ពួកគាត់​ទទួល​ដំណឹង​ថា លោក​កំពុង​មាន​អាការៈ​ឈឺ​បំពង​ក​ធ្ងន់ធ្ងរ។

ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ឱ្យ​ដឹង​ថា ការ​បួងសួង​ជា​សិទ្ធិ​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ លោក​ថា ការ​សម្រេច​ដោះលែង ឬ​មិន​ដោះលែង​ជា​សមត្ថកិច្ច​របស់​តុលាការ។ ចំណែក​ករណី​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ពន្ធនាគារ​វិញ លោក​អះអាង​ថា អ្នក​ជាប់ឃុំ​ដែល​នៅ​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​បុរស​ដែល​មាន​អតីតភាព​ការងារ​ជា​សកម្មជន​បរិស្ថាន ព្រំដែន និង​សកម្មជន​នយោបាយ​ជាដើម​នោះ មិន​មាន​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ទេ​។ អគ្គនាយករង​ពន្ធនាគារ​រូប​នេះ​បន្ថែម​ថា បើ​សាច់ញាតិ​អ្នក​ជាប់ឃុំ​ចង់​ដឹង​សុខទុក្ខ​របស់​ញាតិ ពួកគេ​អាច​សរសេរ​លិខិតស្នើ​ទៅ​ខាង​ពន្ធនាគារ ឬ​សរសេរ​សំបុត្រ​ស្នើ​មក​លោក​ផ្ទាល់ ដើម្បី​ខាង​ពន្ធនាគារ​ផ្ដល់​ដំណឹង​ពី​អ្នក​ជាប់ឃុំ​ទាំង​នោះ៖ « . ១ បើ​តាម​ការ​រាយការណ៍​មក​ក៏​មាន​ការ​ជាសះស្បើយ​ដូចជា ៣០​ឬ​៤០​ភាគ​រយ​យើង​រក​ឃើញ​ទៅ​អវិជ្ជមាន​អ្នក​វិជ្ជមាន​ពីមុន»។

ទោះជា​យ៉ាងនេះ​ក្ដី​មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ខាង​ពន្ធនាគារ​គួរ​រក​វិធី​ណា​ដែល​លឿន​ជាង​នេះ​ដើម្បី​ឱ្យ​សាច់ញាតិ​អ្នក​ជាប់ឃុំ ឆាប់​បាន​ទទួល​ដំណឹង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ មន្ត្រី​សិទ្ធិមនុស្ស​ក៏​នៅតែ​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​អ្នក​ជាប់ឃុំ​ខ្លះ អាច​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែរ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ការ​ដែល​សាច់ញាតិ​អ្នក​ជាប់ឃុំ​មក​ធ្វើ​ពិធីបួងសួង​បែប​សាសនា ដូច្នេះ​ជា​ការ​បង្ហាញ​ថា ពួកគេ​លែង​មាន​ជំនឿ​ប្រព័ន្ធ​ច្បាប់​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​នៅតែ​ជំរុញ​ទៅ​ស្ថាប័ន​តុលាការ និង​ក្រសួង​យុត្តិធម៌​រក​មធ្យោបាយ​ដើម្បី​ឱ្យ​អ្នក​ជាប់ឃុំ​ខ្លះ​អាច​នៅ​ក្រៅ​ឃុំ​បាន៖ «ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​លើ​បទល្មើស​ណា​ដែល​អាច​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន ទី​២​ពិនិត្យ​ទៅលើ​ការ​ពន្លឿន​នីតិវិធី​ដើម្បី​ឱ្យ​មានការ​ជំនុំជម្រះ​ឱ្យ​បាន​លឿន​ទៅ​ហើយ មួយទៀត​ពិនិត្យ​ទៅ​លើ​អ្នក​ជាប់ឃុំ​ដែល​ជិត​ផុត​ទោស​ហើយ​អ្នក​ជាប់ឃុំ​ជន​ពិការ​ស្ត្រី​មាន​ផ្ទៃពោះ​ស្ត្រី​ដែល​មាន​កូន​តាម​ម្ដាយ​អ្នកទោស​មនសិការ​សកម្មជន​ការពារ​បរិស្ថាន​សកម្ម​ជន​សិទ្ធិមនុស្ស​ជាដើម​ដែល​អាច​ពិនិត្យ​ពិចារណា​ថា​តើ​អាច​ឱ្យ​ក្រៅ​ឃុំ​ឬ​យ៉ាងណា​ក៏​សម្រួល​ទៅ»។

ទាក់ទង​នឹង​ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​ពន្ធនាគារ​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវ​នា អះអាង​ដែរ​ថា ពេលនេះ​អ្នក​ជាប់ឃុំ​នៅ​តាម​ពន្ធនាគារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​ជាង​៣៥០​នាក់​រួមមាន​៖ ពន្ធនាគារ​ព្រៃ​ស ផ្នែក​បុរស​(​ម​១) ពន្ធនាគារ​ខេត្តកណ្តាល ពន្ធនាគារ​ខេត្ត​ព្រះសីហនុ និង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ដែល​ឆ្លង​ជំងឺ​covid-19 ប្រមាណ​៩០​ភាគ​រក​មិនឃើញ​មាន​ជំងឺ​នេះ​ទៀត​ទេ​។ ក្រៅ​ពី​នេះ លោក​ថា ក៏​មាន​ការ​រកឃើញ​អ្នក​ជាប់ឃុំ​ថ្មី​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ម្នាក់ អ្នក​ជាប់ឃុំ​ថ្មី​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​ម្នាក់​កើតមាន​ជំងឺ​កូ​វីដ១៩​។ ទោះ​យ៉ាងណា​លោក​ថា ខាង​ពន្ធនាគារ​បាន​យក​អ្នក​ជាប់ឃុំ​ទាំងនោះ​ទៅ​ឃុំ​ដាច់ដោយឡែក​រួចហើយ​។​

ទោះ​យ៉ាងណា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) កាលពី​ថ្មីៗ​នេះ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​ក្រោយ​ពួកគេ​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ថា មាន​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ប៉េហ្ស៊ី (PJ) ឬ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​រាប់​រយ​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ អង្គការ​ទាំងពីរ​ចោទ​ថា អាជ្ញាធរ​បាន​លាក់​ព័ត៌មាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ពន្ធនាគារ​ដោយ​បង្ហាញ​តួលេខ​អ្នក​ឆ្លង​តិចតួច​បំផុត​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បាន​ទទូច​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ជាប់ឃុំ​ក្នុង​បទល្មើស​ស្រាលៗ និង​អ្នក​ជាប់​ចោទ​ក្នុង​សំណុំរឿង​នយោបាយ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​កាន់តែ​ខ្លាំង​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។