សាច់​ញាតិ រំពឹង​មាន​​ការ​​ដោះលែង​​​​​អ្នក​ជាប់​ឃុំក្រោយ​ពី​​តំណាង UN នៅ​​កម្ពុជា លើក​ឡើង​​ពី​​បញ្ហា​ចង្អៀត​ណែន​​ក្នុង​​ពន្ធនាគារ​

ដោយ ជាតិ ចំណាន
2021-06-07
Share
សាច់​ញាតិ រំពឹង​មាន​​ការ​​ដោះលែង​​​​​អ្នក​ជាប់​ឃុំក្រោយ​ពី​​តំណាង UN នៅ​​កម្ពុជា លើក​ឡើង​​ពី​​បញ្ហា​ចង្អៀត​ណែន​​ក្នុង​​ពន្ធនាគារ​ ពន្ធនាគារខេត្តព្រះសីហនុដែលមានអ្នកទោសឆ្លងជំងឺកូវីដ១៩នាពេលកន្លងមក។
រូប៖ ពន្ធនាគារខេត្តព្រះសីហនុ។

អាជ្ញាធរ​មាន​សមត្ថកិច្ច​ នៅ​តែ​មិន​ទាន់​បង្ហាញ​​ផែនការ​ជាក់លាក់​ណាមួយ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​កូវីដ​១៩ តាម​ពន្ធនាគារ និងនៅ​តែ​មិន​ព្រម​ឲ្យ​​អ្នក​ជាប់​​ឃុំ​ អាច​​ទូរស័ព្ទ​មក​ប្រាប់​​ដំណឹង​ពី​​សុខ​ទុក្ខ​របស់​​ដល់​​សាច់​ញាតិ​ឡើយ​​។

ប្រពន្ធ​របស់​​សកម្មជន​បក្ស​ប្រឆាំង​​ខេត្ត​ត្បូងឃ្មុំ​ម្នាក់​លោក ព្រៅ ចាន់ធឿន​ គឺលោក​ស្រី តឹក សុខឡន មិន​ដែល​ទទួល​បាន​ដំណឹង​សុខ​ទុក្ខ​ប្ដី​ ពី​ក្នុង​ពន្ធនាគារ​​ខេត្ត​​នេះ​​ទេ ចាប់​តាំង​ពី​​នគរបាល​​ចាប់​ខ្លួនពី​ពាក់​កណ្ដាល​ខែ​មករា​មក​។

UN_meet_government_official_02.jpg
អ្នកស្រី ផូលីន តាមេស៊ីស (PAULINE TAMESIS) តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​​និង​តំណាង​អង្គការ​យូនីសែស​ (UNICEF)​ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត​ រិទ្ធិ​ កាល​ពី​ថ្ងៃ​ទី​០៣ មិថុនា ​​ដើម្បីដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ (រូប៖ ក្រសួងយុត្តិធម៌)

លោកស្រីបារម្ភ​ថា ប្ដី​របស់​លោកស្រី នឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ក្នុង​​ពន្ធនាគារ ព្រោះ​លោក ព្រៅ ចាន់ធឿន មាន​ជំងឺ​ប្រចាំ​កាយ ​និង​​​ពិការ​ភ្នែក ​(ឆ្វេង) ​មួយ​ចំហៀង។ លោកស្រី តឹក សុខឡន ស្នើសុំ​ក្រសួង​យុត្តិធម៌​ អន្តរាគមន៍​ជួយ​ដោះលែង​ប្ដីរបស់លោកស្រីឲ្យ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ចៀសវាង​និងកាត់​បន្ថយ​ហានិភ័យ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ពន្ធនាគារ៖ «ខ្ញុំ​ចេះ​តែ​ព្រួយ​បារម្ភ ខ្លាច​តែ​ក្នុង​ពន្ធនាគារ​ឆ្លង​កូវីដ ព្រោះ​អ្វី​ចង្អៀត​ណែន​តាន់តាប់។​ គ្មាន​កន្លែង​ណា​ស្រួល​ទេ ព្រោះ​លេង​មួយ​បន្ទប់ៗ ឡើង​ណែនៗ។ យើង​នៅ​ក្រៅ​ម្ដេច យើង​នៅ​ឃ្លាត​គ្នាមួយ​ម៉ែត្រ ទៅ​ពីរ​ម៉ែត្រ នៅ​តែ​យើង​ព្រួយ​បារម្ភ។ ចុះ​ចំពោះ​គាត់​នោះ នៅ​ក្នុង​ពន្ធនាគារ​ មិន​ដឹង​ចង្អៀត​​ប៉ុណ្ណា មិន​ដឹង​ពិបាក​ប៉ុណ្ណា ទឹក​មុជ បាយ​ម្ហូប​ មិន​ដឹង​របៀប​ម្ដេច! ខ្ញុំ​ព្រួយ​បារម្ភ​ណាស់​បង តែ​ខ្ញុំ​មិន​ដឹង​ថាធ្វើ​ម្ដេច»​។​

ចំណែក​​សាច់​ញាតិ​របស់​សកម្មជន​សង្គម​​វិញ ក៏​សម្ដែង​ការ​សោកស្ដាយ ដែលរដ្ឋាភិបាល បន្ត​ឃុំ​ខ្លួន​មនុស្ស​ច្រើន និង​​មិន​ខ្វាយខ្វល់​ពី​​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​​​សព្វ​ថ្ងៃ​នេះ​ដែរ​។

​​​​​​​​ម្ដាយ​​របស់​​សកម្មជន​បរិស្ថាន​កញ្ញា ភួន កែវ​រស្មី គឺលោកស្រី វង់ ម៉ានិត ប្រាប់​ថា លោកស្រីព្រួយ​បារម្ភ​​ពី​សុខ​ទុក្ខ​កូន​ស្រី នៅ​ក្នុង​ពន្ធនាគារ​ព្រៃសខ្លាំង​ណាស់​​។ ​ច្រើន​ខែ​ហើយ ដែល​ស្ត្រី​ជា​ម្ដាយ​រូប​នេះ​ មិន​ដែល​បាន​​ជួប​មុខ​ ឬ​​លឺ​សំឡេង​កូនស្រី​​ ហើយ​លោកស្រី ក៏​​មិន​ដឹង​​សុខ​ទុក្ខ​កូន​នៅ​​ក្នុង​ពន្ធនាគារ​យ៉ាង​ណា​​ហើយ​ដែរ។

លោកស្រីទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ចដោះលែង​កូន​ស្រី ​និង​​សកម្មជន​សង្គម​ទាំង​អស់ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន និង​ដើម្បី​ឲ្យ​ពួកគេ​​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើងវិញ៖ «កាល​ពី​មុន​មួយ​ខែ ទៅ​ជួប​កូន​២ដង។ តាំង​ពី​ថ្ងៃ​២០​ កុម្ភៈ ​មក ទទេ​សូន្យ។ សូម្បី​តែ​ថ្ងៃ​ឡើង​​តុលាការ ក៏​អត់​បាន​ទៅ​ជួប។ គេ​អត់​ឲ្យ​ចូល​ទេ គេ​ខ្លាច​កូវីដ​។ អ៊ីចឹង​ទេ អត់​បាន​ជួប​កូន ហើយ​គេ​យក​ទៅ​បាត់​ គ្មាន​បាន​ឃើញ​អ្វី​ផង»។

UN_meet_government_official_01.jpg
តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​និង​តំណាង​អង្គការ​យូនីសែស​ (UNICEF)​ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត​ រិទ្ធិ​ កាល​ពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ២០២១ ​​ដើម្បីដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ (រូប៖ ក្រសួងយុត្តិធម៌)

សំណើ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេលដែល​ តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​អ្នកស្រី ផូលីន តាមេស៊ីស (PAULINE TAMESIS) ​​និង​តំណាង​អង្គការ​យូនីសែស​ (UNICEF)​ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌លោក កើត​ រិទ្ធិ​ កាល​ពី​ថ្ងៃ​ទី​០៣ ខែមិថុនា ​​ដើម្បីដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី​ ខេត្ត និង​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​​ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​។

អាស៊ី​សេរីមិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែមពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ជុំវិញ​កិច្ច​ពិភាក្សា​គ្នា​នោះ។ អាស៊ី​សេរី ក៏​មិន​អាច​សុំ​​ការ​បញ្ជាក់​ពី​​បច្ចុប្បន្នភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ តាម​ពន្ធនាគារ​ពី​​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារលោក នុត សាវនា បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​យ៉ាង​ណា សង្គម​ស៊ីវិលគាំទ្រ​​​​ជំនួប ​ដែល​​មាន​ការ​លើក​ឡើង​ពី​ដំណោះស្រាយ​សម្រាប់​​បញ្ហា​ប្រឈម​​ក្នុង​ពន្ធនាគារ​។ នាយក​រង​អង្គការ​លីកាដូ​ ទទួល​បន្ទុក​​​ផ្នែក​​​សិទ្ធិ​មនុស្ស​​លោក អំ សំអាត សង្កេត​ឃើញ​​ថា ​​ព័ត៌មាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ពន្ធនាគារ​ មិន​ទាន់​មាន​តម្លាភាព​ទេ។ តែ​យ៉ាង​ណា លោក​យល់​ថា ស្ថានភាព​​នេះ មាន​​ហានិភ័យ​​ខ្ពស់ សម្រាប់​អ្នក​ជាប់​ឃុំ។ លោក អំ សំអាត​ នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ អនុវត្ត​ការ​កាត់​បន្ថយ​ចំនួន​​អ្នក​ជាប់​ឃុំ ក្នុង​ពន្ធនាគារ​ ឲ្យ​បាន​លឿន​បំផុត តាម​ការ​ដែល​អាច​ធ្វើ​បាន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ​១៩ ​នៅ​​តាម​ពន្ធនាគារ៖ «ដោយសារ​តែ​យើង​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់ ហើយ​ព័ត៌មាន​​តម្លាភាព​ពី​ការ​ទទួល​បាន​ អ៊ីចឹង​ហើយ បាន​ជា​អង្គការ​សង្គម​ស៊ីវិល ចង់​ឲ្យ​មាន​ព័ត៌មាន​តម្លាភាព​ទៅ ដើម្បី​ទី​១ វា​អាច​នឹង​អ្នក​ដែល​អង្គការ​​អន្តរជាតិ ឬ​ក៏​ស្ថាប័ន​ ដែល​ចង់​ជួយ​ គេ​មាន​ព័ត៌មាន​គ្រប់គ្រាន់។ ទី​២ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ ដែល​ជាប់​ឃុំ​នោះ គេ​មាន​ការ​បារម្ភ ដោយសារ​តែ​គ្មាន​ព័ត៌មាន​នោះ​»។

UN_meet_government_official.jpg
តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​អ្នកស្រី ផូលីន តាមេស៊ីស (PAULINE TAMESIS) ​​និង​តំណាង​អង្គការ​យូនីសែស​ (UNICEF)​ ក្រោយពីជំនួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត​ រិទ្ធិ​ កាល​ពី​ថ្ងៃ​ទី​០៣ មិថុនា ឆ្នាំ២០២១។ (រូប៖ ក្រសួងយុត្តិធម៌)

ជាមួយ​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២០ ​ផ្សេង​ទៀត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា កាល​ពី​ថ្ងៃ​ទី​៤ ខែមិថុនា ​ស្នើសុំ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំង​អស់​ចេញ​ពី​ពន្ធនាគារ។ អង្គការ​សមាគម​ទាំង​នោះយល់​ថា ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ តាម​ពន្ធនាគារ​ពេល​នេះ បណ្ដាល​ឲ្យ​​អ្នក​ទោស​ទាំង​អស់​​ប៉ះពាល់​​ទាំង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ​។​

ម្យ៉ាង​ទៀតអ្នក​ជាប់​ឃុំ​​​តាម​​ពន្ធនាគារ ​មិន​អាច​អនុវត្ត​គោល​ការណ៍ ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដូច​ជា ការ​ថែរក្សា​អនាម័យ ឬ​​ការ​រក្សា​គម្លាត​​សុវត្ថិភាព​បាន​ទេ ព្រោះ​តែ​មាន​អ្នក​​ជាប់​ឃុំ​ណែន​ចង្អៀត​គ្នា។ គិត​ត្រឹម​​ដើម​ខែ​មិថុនា អាជ្ញាធរ​​រក​ឃើញ​​ថា មាន​ពន្ធនាគារ​ចំនួន ​៦ ត្រូវ​បាន​រក​ឃើញ​ជន​ជាប់​ឃុំ​ឆ្លង​ជំងឺ​កូវីដ​១៩។ ទោះ​យ៉ាង​ជា​​ណា កន្លង​មន្រ្តី​ជាន់​ខ្ពស់​គ្រប់គ្រង​ពន្ធនាគារ ធ្លាប់​បដិសេធ​សំណើ​ដោះលែង​អ្នក​ជាប់​ឃុំ និង​​អះអាង​ថា រដ្ឋាភិបាល​អាច​គ្រប់គ្រង​ស្ថាន​ការណ៍​ក្នុង​​ពន្ធនាគារ​បាន ដោយដាក់អ្នកឆ្លងជំងឺកូវីដដាច់ដោយឡែក។ ប៉ុន្ត​ សាច់​ញាតិ​របស់​អ្នក​ជាប់​ឃុំ និង​សង្គម​ស៊ីវិល មិន​ជឿជាក់​លើ​ការ​អះអាង​នេះ​ទេ ពីព្រោះដាក់អ្នកកើតជំងឺកូវីដដាច់ដោយឡែករបៀបម៉េច បើអគារក្នុងគុកទាំងអស់ចង្អៀតណែនហើយនោះ៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល