គ្រួសារ​​ជនរងគ្រោះ​ ទាមទារ​​អាជ្ញាធរ​​បើកការ​​ស៊ើប​​អង្កេត​​ដោយ​​ឯករាជ្យ​​ជុំវិញ​​ឃាតកម្ម​លើ​​សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ិន ខុន

0:00 / 0:00

គ្រួសារ​ជន​រង​គ្រោះ​ទាមទារ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ជុំវិញ​ឃាតកម្ម​លើ​សកម្មជន​គណបក្ស​ប្រឆាំង​លោក ស៊ិន ខុន កាល​ពី​ថ្ងៃទី២១ ខែវិច្ឆិកា​ បន្ទាប់​​ពី​​រូប​លោក​​ចូល​រួម​យ៉ាង​សកម្ម​ផ្នែក​នយោបាយ និង​រិះគន់​កំហុសឆ្គង​របស់​រដ្ឋា​ភិបាល​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា ​សំណើ​របស់​គ្រួសារ​ជន​រង​គ្រោះ និង​សង្គម​ស៊ីវិល មិន​អាច​ទៅរួច​ឡើយ។

គ្រួសារ​ជន​រង​គ្រោះ​ដែល​មាន​ជីវភាព​ក្រីក្រ​រស់​នៅ​ភូមិ​ចេក ឃុំចំប៉ា ស្រុកព្រៃក​ប្បាស ខេត្តតាកែវ រំពឹង​ថា អាជ្ញាធរ​មាន​សមត្ថ​កិច្ច នឹង​បង្កើត​គណៈ​កម្មការស៊ើប​អង្កេត​​​ដោយ​ឯករាជ្យ និង​ឥត​លម្អៀង ដើម្បី​ស្វែង​រក​ឃាតក​ពិត​និង​អ្នកពាក់ព័ន្ធ​មក​ដាក់​ទោស​តាម​ច្បាប់ និង​ផ្តល់​យុត្តិធម៌​ដល់​លោក ស៊ិន ខុន ដែលជា​សកម្ម​ជន​បក្ស​ប្រឆាំង។

CNRP_Sin Khon Dead by Killing_21_11_2021.jpg
សពរបស់លោក ស៊ិន ខុន ត្រូវបានឃាតករវាយសម្លាប់នៅប្រមាណជាម៉ោង ១ យប់ ឈានចូលព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសួនច្បារក្បែវត្តចាស់ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

បង​ស្រី​​បង្កើត​​យុវជន​​គណបក្ស​​ប្រឆាំងលោក ស៊ិន ខុន គឺលោក​ស្រី ស៊ិន យ៉ុន ប្រាប់​​វិទ្យុ​​អាស៊ី​​សេរី​​នៅ​​ថ្ងៃ​​ទី​៦ ខែ​​ធ្នូ​ថា ​​រហូត​​មក​​ដល់​​ពេល​​នេះ ក្រុម​គ្រួសារ​លោក​​ស្រី​​មិន​​ទាន់​​ទទួល​​ដំណឹង​​ទាក់ទង​​ទៅ​​នឹង​​លទ្ធ​ផល​ណា​មួយ ​ច្បាស់​លាស់​ជុំវិញ​ឃាតកម្ម​លើ​ប្អូន​ប្រុស​​​នៅ​​ឡើយទេ ប៉ុន្តែ​លោក​ស្រី​បាន​ដឹង​តាម​រយៈអ្នក​ភូមិ​ថា​ សមត្ថកិច្ច​បាន​ចាប់​ជន​សង្ស័យ​ម្នាក់។ ទោះ​ជា​យ៉ាង​ណា​ លោក​ស្រីទាមទាម​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ ដើម្បី​ផ្តល់យុត្តិធម៌​ដល់​ប្អូន​ប្រុស​ដែល​ឃាតក បាន​កាប់​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ នា​ពេល​ថ្មីៗ នេះ។

លោក​ស្រី ស៊ិន យ៉ុន ឱ្យ​ដឹង​ថា​ក្រុម​គ្រួសារ​លោកស្រី​នៅ​តែ​សោក​ស្តាយ និងនឹក​រលឹក​ដល់​លោក ស៊ិន ខុន ជា​ពិសេស​ឪពុក​លោក​ស្រី​ត្រូវ​បាន​ធ្លាក់​ខ្លួន​ឈឺធ្ងន់​ដេក​នឹង​កន្ទេរ​ដោយ​សារ​រឿង​នេះ៖ «ព័ត៌​មាន​អី​ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​ខ្ញុំ​អត់​មាន​ព័ត៌​មាន​មើល​ហ្នឹងគេ ឮ​តែ​អ្នក​ភូមិ​គេ​និយាយ សោក​ស្តាយ​ដែរ​កុង​ឡើង​ឈឺ​ហើយ គ្រាំ​ចិត្ត​គាត់ធ្វើ​មិច​កូន​គាត់​ចិញ្ចឹម​មក​មិន​ដែល​វាយ ឬ​សម្តី​ធំ​ដាក់​ផង»។

លោក ស៊ិន ខុន អាយុ ៣១ឆ្នាំ គឺ​​ជា​​យុវជន​​​បក្ស​​សង្គ្រោះ​​​ជាតិ​​​ខណ្ឌ​​​ជ្រោយ​ចង្វា រាជ​​ធានី​​​ភ្នំពេញ។ កាល​​​នៅ​​​មាន​​​ជីវិត លោក​​​តែង​​​បញ្ចេញ​​មតិ​​​រិះ​គន់​​រដ្ឋាភិ​បាល និង​​​ភាព​​អយុត្តិធម៌​​សង្គម​​លើ​​​បណ្ដាញ​​​សង្គម​​ហ្វេស​ប៊ុក​​ជា​​ហូរហែ រហូត​ដល់​​ត្រូវ​​​បាន​​​គេ​​​គំរាម​​កំហែង និង​​​វាយ​​​ឱ្យ​​​របួស​​​ធ្ងន់​ធ្ងរ​​​រួច​​​ម្ដង​​ហើយ​។ ទោះ​​ជា​​រងការ​​វាយ​​​ដំ​យ៉ាង​​ណា​​ក្តី លោក​​​នៅ​​​តែ​​​រក្សា​​​ជំហរ​​​នយោ​​បាយ​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​ជាតិ និង​បញ្ចេញ​​មតិ​​រិះ​គន់​​បញ្ហា​​នានា ព្រម​ទាំង​​​ចូល​រួម​​ទាម​ទារ​​​ឱ្យ​​​មាន​​យុត្តិធម៌​សង្គម​​ដដែល។ ​ក្រោយ​​មក​​លោក ស៊ិន ខុន ត្រូវ​​បាន​​​ជន​​​មិន​​​ស្គាល់​​​មុខ​​កាប់​​​ត្រូវ​​ជា​​ច្រើន​​​កាំបិត​​​នៅ​​​លើ​​​ដង​​ខ្លួន បណ្ដាល​​​ឱ្យ​​ស្លាប់​​នៅ​​​មាត់​​​ទន្លេ​​​ក្បែរ​​​វត្ត​​ចាស់ សង្កាត់​​​ជ្រោយ​​ចង្វា ខណ្ឌ​​​ជ្រោយ​​ចង្វា រាជធានី​​​ភ្នំពេញ កាល​​ពី​​​វេលា​ម៉ោង ១​យប់ ឈាន​​​ចូល​​​ថ្ងៃ​​ទី​​២១ ខែវិច្ឆិកា។

ពីរ​ថ្ងៃ​ក្រោយ​មក សមត្ថ​កិច្ច បាន​ចាប់​ខ្លួន​ជន​​សង្ស័យ​​ម្នាក់​​​ឈ្មោះ សៀង ឆរ័ត្ន អាយុ ​២៩ឆ្នាំ ជា​ជាង​សំណង់។ ជន​សង្ស័យ​​បាន​​សារ​ភាព​ប្រាប់​មន្ត្រី​កង​រាជអាវុធ​ហត្ថ​​ថា ខ្លួន​បាន​​កាប់​​សម្លាប់​​ជន​រង​គ្រោះ ដោយ​​ផ្ដើម​​ចេញ​​ពី​​គំនុំ ពី​ព្រោះតែ​​ខឹង​​ជន​​រង​​គ្រោះ​​ផឹក​​ស្រា​​ស្រវឹង​​ទៅ​​ឡូឡា​​នៅ​​កន្លែង​​ប្អូន​​របស់​​ខ្លួន​​ជួស​ជុល​​ម៉ូតូ។​ ប៉ុន្តែ​​ចម្លើយ​​​សារ​​ភាព​​របស់​​​ជន​សង្ស័យ​​​នោះ ត្រូវ​​​បាន​​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​លោក ស៊ិន ខុន ព្រម​ទាំង​​​អ្នក​​ប្រើ​​ហ្វេស​​ប៊ុក​​មួយ​​​ចំនួន​​រិះ​​គន់ និង​សង្ស័យ​​​ថា​​​ ជា​​​ឆាក​​ល្ខោន ព្រោះ​​​ពួក​​គាត់​​​យល់​​ថា​​ ករណី​​នេះ​​​ពាក់​​ព័ន្ធ​​​នឹង​​រឿងនយោ​​បាយ ព្រោះ​​លោក ស៊ិន ខុន ជា​​មនុស្ស​​ស្លូត​​បូត ​ចូល​​ចិត្ត​​​ធ្វើ​​ការ​​ងារសង្គម និង​​​មិន​​​ធ្លាប់​​​មាន​​​គំនុំ​​​ជា​មួយ​​​អ្នក​​​ណា​​ឡើយ។

CNRP_Sin_Khon_Dead_by_killing_at_Overnight_on_21_11_2021_02.jpg
សាច់ញត្តិនិងមិត្តភ័ក្ត្ររបស់សពលោក ស៊ិន ខុន ចូលរួមមរណទុក្ខចំពោះសពលោក ស៊ិន ខុន កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

ឆ្លើយ​តប​រឿង​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាលលោក ផៃ ស៊ីផាន បញ្ជាក់​​ថា រដ្ឋា​ភិបាល​មិន​អាច​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ណាមួយ​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​លើស​កម្មជន​បក្ស​ប្រឆាំង​តាម​សំណើ​​​គ្រួសារ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ទេ ដោយ​លោក​អះអាង​ថា​ រំលោភ​ច្បាប់របស់កម្ពុជា​​។ ប៉ុន្តែលោកបន្តលើកទឹកចិត្ត​ឱ្យ​ ​អ្នក​ពាក់​ព័ន្ធ​សហការ​ជា​មួយ​សមត្ថ​កិច្ច និង​ដាក់​ភស្តុតាងដាក់បន្ទុក​ទៅ​តុលាការ​ដើម្បីរកយុត្តិធម៌វិញ៖ «ដែន​សមត្ថ​កិច្ច​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ គឺ​ជា​ដែន​សមត្ថ​កិច្ច​ផ្លូវ​ការ​មិន​មែន​បង្កើត​ចេះ​តែ​នឹក​ឃើញ​ណា ហើយអង្គ​ភាព​ឯក​រាជ្យ​ណា​មួយ​មក​ពាក់ព័ន្ធ​រឿង​តុលាការ​នោះ​ទេ ត្បិត​អី​តុលាការ​គេមាន​អធិប​តេយ្យ​ភាព ឯករាជ្យ​ភាព​របស់​គេ​រួច​ស្រេច​ រក​ភស្តុតាង​ដាក់​ទៅ»។

ចំណែក​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក តាំង ស៊ុនឡាយ ប្រាប់​វិទ្យុអាស៊ី​សេរី​នៅ​ថ្ងៃទី៦ ខែធ្នូ​ថា ​ករណី​ឃាតកម្ម​លើ​សកម្ម​ជនបក្ស​ប្រឆាំង​ដែលមាន​ជន​សង្ស័យ​ឈ្មោះ សៀង ឆរ័ត្ន បាន​ដល់​ដៃ​តុលាការ​ហើយ ប៉ុន្តែ​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​របស់​តុលាការ​នៅ​ឡើយ។ ហើយ​លោក​មិន​អាច​បក​ស្រាយ​បន្ថែម​បា​នដែរ ដោយ​លោក​រុញ​ឱ្យ​ទៅ​សួរអ្នក​នាំ​ពាក្យ​វិញ៖ «ការ​ងារ​ហ្នឹង​ខ្ញុំ​ឱ្យ​អ្នក​នាំ​ពាក្យ​ធ្វើ​ការហើយ​ទៅ​សួរ​អ្នក​នាំពាក្យ​បន្ថែម​ទៅ រឿង​ស៊ើប​អង្កេត​ក៏​ប្រាប់​អត់​កើត​ដែរ ​គេ​កំពុង​ស៊ើប​អង្កេត ក្នុងដំណាក់​កាល​ស៊ើប​អង្កេត»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ អ៊ី រិន និងលោក ប្លង់ សុផល ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី៦ ខែធ្នូ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុកលោក ស៊ឹង សែន​ករុណា សង្កេត​ឃើញ​ថា​ ឃាតកម្ម​នេះ​បាន​បង្កើត​នូវ​មន្ទិល​សង្ស័យចំពោះ​ភាព​មិន​ប្រក្រតី និង​មិន​ស៊ី​សង្វាក់​ជា​ច្រើន​ជុំវិញ​ការ​លើក​ឡើង​របស់​ជនសង្ស័យ និង​អង្គហេតុ​នៃ​ការ​ស្លាប់របស់​​​ជន​​រង​គ្រោះ។ លោក​បន្ត​ថា ​ចាប់​តាំង​ពីជន​សង្ស័យ​ធ្វើ​សន្និសិទសារព័ត៌មានជា​មួយ​សមត្ថ​កិច្ច​មក សង្គម​ស៊ីវិល​មិនបាន​ទទួល​ដំណឹង​ថា ​ជន​នោះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​អ្វី មាត្រាណា ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ឬ​ទេ ខណៈ​​អាជ្ញាធរ​មាន​សមត្ថ​កិច្ចតែង​តែ​បញ្ជាក់​ថា ​ពួកគេ​កំពុង​ស៊ើប​អង្កេត។ លោក​ថា ​សហគមន៍​ជាតិ និង​អន្តរជាតិ​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជុំវិញ​​ឃាតកម្ម​លើ​សកម្ម​ជននយោ​បាយ​រូប​នេះ ហើយ​បើ​តុលាការ​មិន​មាន​ចំណាត់​ការ​ណា​មួយ ដើម្បី​ផ្តល់​ទំនុកចិត្ត និង​ច្បាស់​លាស់​នោះ​ទេ គឺ​មិន​អាច​លាង​ជម្រះ​មន្ទិល​សង្ស័យ​បាន​ឡើយ៖ «ខ្ញុំ​យល់​ថា ​ដោយ​សារ​សមត្ថ​កិច្ច​ខ្លួន​ឯង​ទេ ដែល​ធ្វើ​ឱ្យ​មានមន្ទិល​សង្ស័យ​ដល់​សាធារណ​ជន ចេះ​តែ​វាយ​តម្លៃ​ថា​អ្វីៗ​កើត​ឡើង​ដោយ​សារការ​រៀប​រៀង​ចឹង​ទៅ ដោយ​សារ​កន្លង​មក​ធ្លាប់​មាន​ការ​ចាប់​មនុស្ស​ដែល​មិនត្រឹម​ត្រូវ​ចឹង គេ​តែង​តែ​លើក​ឡើង​រឿង ប៊ន់ សំណាង សុខ សំអឿន ចឹង​ហើយបាន​ជា​គេ​ព្រួយ​បារម្ភ​ថា ​ក្នុង​ករណី​នេះ​វា​អាច​ដូច​គ្នា។ វាយ​ម្លៃ​ទៅ​មើល​ថា​ តើជន​សង្ស័យ​ដែល​បាន​ចាប់​ខ្លួន​នេះ​ប្រា​កដ​បាន​ទំនុក​ចិត្ត​ហើយ​ឬ​នៅ»។

លោក ស៊ឹង សែនករុណា បញ្ជាក់ថា សង្គម​ស៊ីវិល​គាំទ្រ​ការ​ស្នើ​ឱ្យ​អាជ្ញាធរ​បង្កើត​គណៈកម្មការ​ស៊ើប​​អង្កេត​​​ដោយ​ឯករាជ្យ ​ត្រឹម​ត្រូវ ដើម្បី​​ផ្តល់​​យុត្តិធម៌​ដល់​​ជន​​រង​​គ្រោះ​ ហើយ​សំណើ​នេះ​មិន​ខុស​ច្បាប់​នោះ​ទេ ព្រោះ​កន្លង​មក​ស្ថាប័នពាក់​ព័ន្ធ​ធ្លាប់​បង្កើត​គណៈកម្មការ​លើ​ឃាតកម្ម​មេ​ដឹក​នាំ​សហជីពលោក ជា វិជ្ជា ម្តង​ហើយ ប៉ុន្តែ​​រហូត​មក​ដល់​ពេល​នេះ សំណុំ​រឿង​នោះ​មិន​ដឹង​ដំណើរ​ការដល់​ណា​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក្តី​លោក​ថា ​បើ​គ្រួសារ​ជន​រង​គ្រោះ​ត្រូវ​ការជំនួយ​ផ្នែក​ច្បាប់ និង​មេ​ធាវី​ការ​ពារ​ក្តី អង្គការ​សង្គម​ស៊ីវិល​នឹង​ផ្តល់​ជូន​ពួក​គាត់ដោយ​ឥត​គិត​ថ្លៃ។

កាល​ពី​ថ្ងៃ​ទី៣ ខែធ្នូ អ្នក​នាំ​ពាក្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​​សហ​​ប្រជា​ជាតិ​ ​បាន​ចេញ​លិខិត​មួយ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា ​បើក​​ការ​​ស៊ើប​​អង្កេត​​ឯក​រាជ្យ​មួយ​ ជុំវិញ​​ករណី​​ឃាត​កម្ម​​លើ​​សកម្មជន​​នយោបាយ​​នៃ​​អតីត​​គណបក្ស​សង្រ្គោះ​​ជាតិ​ គឺលោក ស៊ិន ខុន​។ អ្នកនាំ​ពាក្យ​ការិយា​ល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​​សហ​​ប្រជា​​ជាតិ​ លោក រ៉ូភឺត ខូលវីល​(Rupert Colville) លើក​ឡើងថា ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ពិត​មែន ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​នោះ គឺភាព​មិន​ស៊ី​គ្នា​រវាង​ភស្តុតាង​របស់​អាជ្ញាធរ និង​ព័ត៌មាន​ដែល​ការិយា​ល័យរបស់​លោក​ទទួល​បាន។

CNRP_Sin_Khon_Dead_by_killing_at_Overnight_on_21_11_2021_03_His_Mather and Father.jpg
ឳពុកម្តាយសពរបស់លោក ស៊ិន ខុន ដែលមានវ័យចាស់ជរា បានទន្ទឹងរង់ចាំការដឹកសពរបស់កូនប្រុសពីរាជធានីភ្នំពេញទៅធ្វើបុណ្យនៅឯស្រុកកំណើត ស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ (រូប៖ គេផ្តល់ឱ្យ)

ដោយ​ឡែក កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អង្គការ​​សង្គម​​ស៊ីវិល​​ចំនួន ​១៧ ដែល​មក​ពី​សហ​រដ្ឋ​​អាមេរិក កាណាដា និង​​អូស្រ្តាលី​ បាន​​ចេញ​​សេចក្តី​​ថ្លែង​​ការណ៍​​រូម​​គ្នាថ្កោល​​ទោស​​ចំពោះ​​ការ​​សម្លាប់​​សកម្ម​ជន​​គណបក្ស​​ប្រឆាំង​​លោក ស៊ិន ខុន ដែល​​​តែង​​តែរិះ​គន់​​ទង្វើ​​ខុស​​ឆ្គង​​របស់​​រដ្ឋា​​ភិបាល​​លោក ហ៊ុន សែន។ ​សង្គម​​ស៊ីវិល​​ដដែល​​យល់​ថា ការ​​សម្លាប់​​សកម្ម​​ជន​​បក្ស​ប្រឆាំង​​លោក​ ស៊ិន ខុន ទំនងក្រោម​​ហេតុ​​ផល​​នយោ​បាយ ​ដែល​​រដ្ឋា​​ភិបាល​​កម្ពុជា​​ត្រូវ​​តែ​​ស្វែង​​រក​​ឃាត​ករ ឬ​ជន​​ដៃ​​ដល់​​យកមក​​ផ្តន្ទា​ទោស​​តាម​​ច្បាប់។ ពួក​គេ​​ជំរុញ​​ឱ្យ​​សហគមន៍​​អន្តរជាតិ​​ថ្កោល​​ទោស ហើយ​​ទាម​ទារ​​ឱ្យ​​អ្នក​រាយការណ៍​​ពិសេស​​ទទួល​​បន្ទុក​​សិទ្ធិ​មនុស្ស​​របស់​​អង្គការ​​សហ​​ប្រជា​ជាតិ ប្រចាំ​​កម្ពុជា ស្នើ​​ឱ្យ​​​មាន​​ការ​​ស៊ើប​​អង្កេត​ដោយ​​ឯករាជ្យ​​លើ​​ការ​​វាយ​​ប្រហារ​ និង​ការ​សម្លាប់​លើ​លោក ស៊ិន ខុន កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។