គ្រួសារមេឃុំគណបក្សប្រឆាំង ព្រួយបារម្ភអំពីសុវត្ថិភាពលោកស្រី ឡាញ់ ថាវរី ជាខ្លាំងដោយសារពួកគាត់ មិនទាន់ទទួលដំណឹងណាមួយពីអាជ្ញាធរខ្មែរថា លោកស្រី កំពុងជាប់ឃុំនៅទីណានៅឡើយទេ បន្ទាប់ពីអាជ្ញាធរថៃចាប់បញ្ជូនមកអាជ្ញាធរកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា តបតាមសំណើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។ មន្រ្តីសង្គមស៊ីវិលចាត់ទុកករណីចាប់ និងឃុំខ្លួនដោយមិនជូនដំណឹង ឬផ្តល់ព័ត៌មានដល់គ្រួសារពួកគេបែបនេះ គឺជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ក្រុមគ្រួសាររបស់លោកស្រី ឡាញ់ ថាវរី ដែលជាមេឃុំជាប់ឆ្នោតគណបក្សប្រឆាំងនៅឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មិនទាន់ដឹងថា អាជ្ញាធរឃុំខ្លួនលោកស្រីនៅកន្លែងណាឱ្យច្បាស់លាស់នៅឡើយទេក្រោយពេលអាជ្ញាធរថៃចាប់បញ្ជូនលោកស្រីទាំងប្រញាប់ប្រញាល់មកឱ្យអាជ្ញាធរខ្មែរតាមច្រកព្រំដែនប៉ោយបែតកាលពីថ្ងៃ២០ខែវិច្ឆិកា។
ប្តីរបស់លោកស្រី ឡាញ់ ថាវរី គឺលោក ភិន រ៉ាដង់ ប្រាប់ វិទ្យុអាស៊ីសេរីថា រហូតមកដល់ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា លោកបានដឹងតាមរយៈមិត្តភក្តិត្រឹមតែថាអាជ្ញាធរថៃបានបញ្ជូនប្រពន្ធពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ចំណែកអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាវិញមិនទាន់ជូនដំណឹងឬបញ្ជាក់មូលហេតុនៃការចាប់ខ្លួននិងសុខទុក្ខឬទីកន្លែងឃុំខ្លួនឱ្យច្បាស់លាស់ដល់គ្រួសារនៅឡើយទេ។ លោកបន្តថា នៅពេលអាជ្ញាធរចាប់ខ្លួនប្រពន្ធរបស់លោកដោយមិនផ្តល់ដំណឹងបែបនេះធ្វើឱ្យលោកព្រួយបារម្ភជាខ្លាំង។ លោកមើលឃើញថា ករណីនេះធ្វើឡើងដោយលាក់បាំងព័ត៌មាន ដូច្នេះលោកទទូចដល់អាជ្ញាធរឱ្យជួយផ្តល់ដំណឹងមកគ្រួសារដើម្បីឱ្យពួកគាត់អស់ក្តីបារម្ភ។ លោកបន្តស្នើដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ ឱ្យជួយតាមដានករណីនេះផង៖ «សូមជួយតាមដាន ថាវរី គេយកទៅណាមែនទែន បើជាប់គុកជាប់នៅណាចឹង ហើយសុខភាពគេយ៉ាងមិចហើយពេលនេះ ប៉ុន្តែរឿងហ្នឹងគេលាក់តាំងពីចាប់មុនដំបូង សូម្បីប៉ូលិសថៃក៏គេលាក់ដែរ មិនប្រាប់អ្នកនៅនេះចាំដំណឹងមិនដឹងរឿងមិនដឹងអីទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីសាកសួរអំពីបញ្ហានេះបាននៅឡើយទេ មកទល់នឹងការផ្សាយនេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ចំណែកស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ ប្រាប់វិទ្យុអាស៊ីសេរីថា លោកនៅតែមិនបានដឹងអំពីករណីចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីប្រទេសថៃបញ្ជូនមកកម្ពុជាវិញនេះទេ៖ «ខ្ញុំនៅតែនិយាយពាក្យដដែលកិច្ចការនេះ ខ្ញុំក្តាប់អត់បានទេ ការងារអាជ្ញាធរគេបញ្ជូនសួរអ្នកដែលគេទទួលតម្កល់ចុះ តែខ្ញុំមិនដឹងរឿងហ្នឹងទេ សូមសួរភាគីដែលពាក់ព័ន្ធទៅ មិនជឿងអ្វីដែលខ្ញុំប្រាប់ ហើយចឹងដឹងអញ្ជើញចូលស្នងការដ្ឋានមកមើល ចង្អុលមុខនគរបាលណាដែលបងឃើញក្នុងរូបថតឱ្យខ្ញុំ ខ្ញុំបំភ្លឺរឿងហ្នឹងឱ្យតែម្តង»។
លោកស្រី ឡាញ់ ថាវរី គឺជាមេឃុំជាប់ឆ្នោតគណបក្សប្រឆាំងនៅឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៧។ លោកស្រីបានរស់នៅភៀសខ្លួនក្នុងប្រទេសថៃជាង៤ឆ្នាំ និងត្រូវបានទទួលស្គាល់ឋានៈជាជនភៀសខ្លួនដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)ប្រចាំនៅប្រទេសថៃ។ ទន្ទឹមនឹងនេះ លោកស្រីធ្លាប់ចូលរួមសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ ជាពិសេសគាំទ្រមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលឆ្នាំ២០១៩។ លោកស្រីត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿង រួមគំនិតក្បត់ ជាមួយថ្នាក់ដឹងនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជាង ១ រយនាក់ផ្សេងទៀត។ អាជ្ញាធរថៃចាប់ខ្លួនលោកស្រីកាលពីថ្ងៃទី១៩ ខែវិច្ឆិកា និងបានបញ្ជូនទៅកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយអាជ្ញាធរថៃទើបតែបានចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីរនាក់ដែលមានឋានៈជាជនភៀសខ្លួន គឺលោក វឿង សំណាង និងលោក វឿន វាសនា ហៅគ្រញូងព្រៃឡង់ បញ្ជូនទៅឱ្យអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន យកទៅដាក់ពន្ធនាគារ។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ ឬឃុំខ្លួនដោយមិនជូនដំណឹងឬផ្តល់ព័ត៌មានដល់គ្រួសារពួកគេគឺជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។លោកយល់ថាការចាប់បញ្ជូនសកម្មជនគណបក្សប្រឆាំងពីប្រទេសថៃដែលទទួលស្គាល់ដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ជាបន្តបន្ទាប់ បង្ហាញថា ស្ថានភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាហាក់មិនទាន់ប្រសើនៅឡើយទេ៖ «យើងទទូចឱ្យមានការផ្តល់ព័ត៌មានសម្រាប់ក្រុមគ្រួសារអំពីការឃុំខ្លួន ឬកន្លែងឃុំខ្លួនរបស់គាត់ឱ្យគ្រួសារបានដឹង នេះវាគឺជាសិទ្ធិរបស់គាត់ដែលគ្មាននរណាហាមឃាត់ទេ ហើយវាជាការទទួលខុសត្រូវផងដែរ របស់អាជ្ញាធរពាក់ព័ន្ធដើម្បីឱ្យគ្រួសារគេបានដឹង»។
ទាក់ទងនឹងការចាប់បញ្ជូនជនភៀសខ្លួនខ្មែរទៅកាន់ប្រទេសកម្ពុជាវិញជាបន្តបន្ទាប់នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំប្រទសថៃ សោកស្តាយ និងថ្កោលទោសចំពោះរដ្ឋាភិបាលថៃ និងកម្ពុជាថា កំពុង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបានឡើយ។ លើសពីនេះទៀតអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទាមទារឱ្យអាជ្ញាធរថៃ ត្រូវតែលើកកម្ពស់កិច្ចការពារជនភៀសខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។