គ្រួសារសកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម (Wanchalearm) ដែលបាត់ខ្លួននៅកម្ពុជាបន្តទាមទារយុត្តិធម៌។ ពួកគេស្នើគណបក្សភឿថៃដឹកនាំដោយកូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinavatra) ជំរុញទៅលោក ហ៊ុន សែន ឱ្យឆ្លើយតបករណីចាប់ពង្រត់សកម្មជនអាវក្រហមរូបនេះ កាលពីឆ្នាំ២០២០។ ការស្នើឡើងនេះធ្វើឡើងស្របពេលដែលលោក ថាក់ស៊ីន និងប្អូនស្រីលោកគឺអ្នកស្រីយីងឡាក់ (Yingluck) ទើបបានជួបជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី៥ ខែសីហា នៅកម្ពុជា។ ចំណែកមន្ត្រីសិទ្ធិមនុស្សទទូចដល់អាជ្ញាធរពាក់ព័ន្ធពន្លឿនការស៊ើបអង្កេតដោយត្រឹមត្រូវ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងផ្តល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ។
គ្រួសារ និងអង្គការសិទ្ធិមនុស្ស បានរៀបចំសិក្ខាសាលាអំពីការស្វែងរកយុត្តិធម៌ និងការវិវឌ្ឍទាក់ទងនឹងការបាត់សកម្មជននយោបាយថៃលោក វ៉ាន់ឆាឡឺម ខណៈកំពុងស្វែងរកសិទ្ធិជ្រកកោន នៅក្នុងទីក្រុងភ្នំពេញ កាលពីប្រមាណបីឆ្នាំមុន។
កម្មវិធីនេះរៀបចំនៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌នៅទីក្រុងបាងកក កាលពីថ្ងៃទី១១ ខែសីហា ចំថ្ងៃខួបកំណើត៤១ឆ្នាំ របស់សកម្មជនរូបនោះ។ វាគ្មិនចូលរួមក្នុងកម្មវិធីនោះ រួមមានអភិបាលក្រុងបាងកក អ្នកនាំពាក្យគណបក្សកាវក្លៃ ឬគណបក្សចលនាឆ្ពោះទៅមុខ(MFP) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) និងតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីជាដើម។
បងស្រីរបស់លោក វ៉ាន់ឆាឡឺម គឺលោកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) បានរំឮកពីប្រវត្តិតស៊ូ និងបានបង្ហាញរូបថតដែលប្អូនប្រុសលោកស្រីបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតនៅមុនពេលត្រូវបានចាប់ពង្រត់នៅកម្ពុជា។ លោកស្រីបន្តថា រយៈពេលបីឆ្នាំមកនេះក្រុមគ្រួសារលោកស្រីបានលះបង់គ្រប់យ៉ាងដើរស្វែងរកដំណឹងរបស់លោក វ៉ានឆាឡឺម ទោះបីលោកស្រីបានដាក់ភស្តុតាងជាសារទំនាក់ទំនង ស្លាកលេខឡានពីកាមេរ៉ាសុវត្ថិភាពទៅឱ្យអាជ្ញាធរកម្ពុជា និងថៃជាបន្តបន្ទាប់ក៏ដោយ ក៏មកដល់ពេលនេះលោកស្រីពុំទាន់ទទួលបានចម្លើយអំពីយុត្តិធម៌ និងជោគវាសនាប្អូនប្រុសឡើយ។ លោកស្រីនៅតែប្ដេជ្ញាបន្តទាមទាររកយុត្តិធម៌ជូនប្អូនប្រុស។
ទន្ទឹមនឹងនេះលោកស្រី ស៊ីតាណាន់ ក៏បានបង្ហាញរូបថតរបស់អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអ្នកស្រី យីងឡាក់ ពីភាពស្និទ្ធស្នាលជាមួយលោក ហ៊ុន សែន នៅលើទឹកដីនៃប្រទេសកម្ពុជា កាលពីពេលថ្មីៗដែរ។ លោកស្រីឆ្ងល់ថា តើលោក ថាក់ ស៊ី ឬគណបក្សភឿថៃដែលជាបក្សរបស់ប្អូនប្រុសលោកស្រីធ្លាប់ជួយធ្វើការងារនោះ មានបានសួរលោក ហ៊ុន សែន រឿងបាត់ខ្លួនប្អូនរបស់លោកស្រីដែរឬទេ?
មកដល់ពេលនេះ លោក វ៉ាន់ឆាឡឺម មានវ័យ៤១ឆ្នាំ ជាសកម្មជនគណបក្សភឿថៃត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់ពង្រត់ កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០២០ ក្នុងពេលដែលលោកកំពុងដើរតាមផ្លូវទៅទិញម្ហូបអាហារ នៅមុខកន្លែងស្នាក់នៅរបស់លោកនៅក្នុងទីក្រុងភ្នំពេញ។ អ្នករិះគន់រដ្ឋាភិបាលថៃរូបនេះ បានរត់គេចចេញពីប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីរដ្ឋប្រហារយោធា ឆ្នាំ២០១៤ និងបានរស់នៅនិរទេសខ្លួនក្នុងប្រទេសកម្ពុជា ហើយលោកនៅតែបន្តរិះគន់រដ្ឋាភិបាលថៃនៅលើទំព័របណ្ដាញសង្គមរបស់គាត់។ កន្លងទៅអាជ្ញាធរកម្ពុជា និងថៃ មិនបានផ្តល់ការពន្យល់ណាមួយអំពីករណីបាត់ខ្លួននេះ ដែលអាចឱ្យសហគមន៍ជាតិ និងអន្តរជាតិជឿជាក់បាននៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក្រ ដើម្បីសាកសួរអំពីរឿងនេះបានទេ នៅថ្ងៃទី១៣ ខែសីហា។
លោកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) ធ្លាប់បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីស្វែងរកយុត្តិធម៌ជូនប្អូនប្រុសលោកស្រីដែរ។ លោកស្រីបានដាក់ឯកសារចំនួន ១៧៧ទំព័រ អមដោយភស្តុតាង ព្រមទាំងបានផ្តល់សក្ខីកម្មដល់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការមិនទាន់មានវិធានការណ៍អ្វីនៅឡើយទេ។
ជុំវិញរឿងនេះ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ ថ្លែងថា យុវជនតែងនាំគ្នាចេញទាមទារឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីបាត់ខ្លួនលោក វ៉ាន់ឆាឡឺម ដោយយុត្តិធម៌ដើម្បីបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនដែលមាននិន្នាការមិនស្របនឹងរដ្ឋអំណាច។ លោកថារឿងនេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជា។ លោកបញ្ជាក់ថា ការបាត់ខ្លួនសកម្មជនដោយបង្ខំបែបនេះ គឺជាការគំរាមកំហែងដល់សកម្មជនសិទ្ធិមនុស្សនៅក្នុងស្រុក និងនៅក្នុងតំបន់គួរឱ្យព្រួយបារម្ភ។
លោក កើត សារ៉ាយ៖ «អស្ថិរភាពក្នុងតំបន់អាហ្នឹងហើយដែលយើងថា វាគ្មានសញ្ញាណាមួយទាញឱ្យកម្ពុជាឈានទៅស្រាវជ្រាវ ឬបង្ហាញតម្លាភាពអំពីបញ្ហារបស់លោក វ៉ាន់ឆាឡឺម ទេ ទោះយ៉ាងណាយើងឃើញយុវជន និងសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា គឺគាត់បានចូលរួមសោកស្តាយ និងចូលរួមធ្វើយុទ្ធនាការសម្ដែងមតិទាក់ទងការបាត់ខ្លួនរបស់លោក វ៉ាន់ឆាឡឺម ដែរ តែមកដល់ពេលនេះគ្មានអ្វីប្រែប្រួល ឬធ្វើឱ្យភាគីពាក់ព័ន្ធបើកការស៊ើបសួរស្វែងរកដំណឹងនៃការបាត់ខ្លួននោះទេ»។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ហើយអាជ្ញាធរមានកាតព្វកិច្ចស្រាវជ្រាវព័ត៌មានជុំវិញការបាត់ខ្លួននេះឱ្យត្រឹមត្រូវ។ លោកជំរុញដល់អាជ្ញាធរ និងតុលាការកម្ពុជាគួរតែពន្លឿននីតិវិធីស៊ើបអង្កេតករណីបាត់ខ្លួនសកម្មជននយោបាយ លោក វ៉ាន់ឆាឡឺម ឱ្យបានឆាប់ ដើម្បីផ្ដល់យុត្តិធម៌ទៅដល់គ្រួសារជនរងគ្រោះ និងចូលរួមលើកម្ពស់បញ្ហាសិទ្ធិមនុស្សជាដើម។
លោក អំ សំអាត៖ «ទោះបីការបាត់ខ្លួននេះរស់ ឬស្លាប់ក៏ដោយ ក៏ត្រូវតែមានការផ្តល់សម្រាប់ក្រុមគ្រួសាររបស់គេ អ៊ីចឹងបញ្ហានេះយើងឃើញហើយថាលោក វ៉ាន់ឆាឡឺម គឺជាសកម្មជនសិទ្ធិមនុស្សរបស់ថៃផង ហើយមានការបាត់ខ្លួននៅកម្ពុជារបស់យើង អ៊ីចឹងករណីទាំងអស់នេះដើម្បីជៀសវាងនូវការរិះគន់ផ្សេងៗសម្រាប់ភាគីកម្ពុជា អាហ្នឹងកម្ពុជាត្រូវស្វះស្វែង ស្រាវជ្រាវរកព័ត៌មាន»។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សកាលពីពេលកន្លងទៅ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតដោយម៉ត់ចត់ និងឥតលម្អៀងពីការបាត់ខ្លួនដោយបង្ខំរបស់លោក លោក វ៉ាន់ឆាឡឺម។ ស្ថាប័នទាំងនោះលើកឡើងថា រដ្ឋាភិបាលត្រូវផ្តល់ព័ត៌មាន និងការវិវត្តនៃការស៊ើបអង្កេតលំអិត ដើម្បីធានាថា លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ ស្លាប់ ឬរស់ ហើយបើរស់ លោកនៅកន្លែងណា ពីព្រោះសកម្មជននយោបាយថៃអាវក្រហមរូបនេះ បានបាត់ខ្លួននៅលើទឹកដីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។