ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់បទចោទប្រកាន់ដែលមានចរិតនយោបាយ និងដោះលែងអ្នកការពារបរិស្ថានវ័យក្មេងទាំងអស់ឲ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែតំណាងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ឆ្លើយតបវិញថា ការទាមទារបែបនេះ គ្មានប្រយោជន៍ឡើយ ព្រោះនេះជាការអនុវត្តច្បាប់។
បណ្ដាញឃ្លាំមើលសាកល ដើម្បីការពារក្រុមអ្នកការពារសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយអង្គការពិភពលោកប្រឆាំងទារុណកម្ម (OMCT) និងអង្គការសហព័ន្ធសិទ្ធិ មនុស្សអន្តរជាតិ (FIDH) ព្រួយបារម្ភជាខ្លាំងអំពីករណីអាជ្ញាធរកម្ពុជា បន្តយាយីតាមផ្លូវច្បាប់ និងប្រព័ន្ធតុលាការលើអ្នកការពារបរិស្ថាន និងដីធ្លី។
ពួកគេថ្កោលទោសរបបក្រុងភ្នំពេញចំពោះការចាប់ឃុំខ្លួនតាមអំពើចិត្តលើអ្នកការពារបរិស្ថានវ័យក្មេងទាំង ៦រូបនៃចលនាមាតាធម្មជាតិ។ បណ្ដាញអន្តរជាតិដដែលនេះ ចាត់ទុកចំណាត់ការរបស់អាជ្ញាធរកម្ពុជានេះថា ជាចេតនាដើម្បីដាក់ទណ្ឌកម្មចំពោះភាពសកម្មនិយមស្របច្បាប់របស់សកម្មជនទាំងនោះ ក្នុងការការពារសិទ្ធិមនុស្ស និងបរិស្ថាន។ ពួកគេទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ធានានូវសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តសម្រាប់អ្នកការពារបរិស្ថានដែលកំពុងជាប់ឃុំ និងអ្នកការពារសិទ្ធិមនុស្សដទៃទៀតនៅកម្ពុជា។ ក្រៅពីនេះ ស្ថាប័នអន្តរជាតិដដែលទាមទារឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាប់ និងដោះលែងអ្នកការពារបរិស្ថានឲ្យមានសេរីភាពឡើងវិញ ព្រមទាំងបញ្ឈប់ការយាយីគ្រប់ទម្រង់។ ជាមួយគ្នានេះ អាជ្ញាធរត្រូវធានាថា ពួកគេអាចអនុវត្តសកម្មភាពស្របច្បាប់របស់ខ្លួនបានគ្រប់ពេលវេលាដោយគ្មានឧបសគ្គ និងការភ័យខ្លាចចំពោះការសងសឹក។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៨ កក្កដា។បណ្ដាញឃ្លាំមើលសាកល ដើម្បីការពារក្រុមអ្នកការពារសិទ្ធិមនុស្ស បានបញ្ជូនសេចក្ដីថ្លែងការណ៍របស់ខ្លួននេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ផងដែរ។
ការទាមទាររបស់ក្រុមអ្នកសង្កេតការណ៍ទាំងនេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បន្ថែមបទចោទ «រួមគំនិតក្បត់» លើសកម្មជនមាតាធម្មជាតិទាំងបីនាក់ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ខណៈពួកគេ កំពុងជាប់ទោសនៅក្នុងពន្ធនាគារជិត ១ឆ្នាំមកហើយ ក្រោមបទចោទ «ញុះញង់»។ ការបន្ថែមបទចោទថ្មីនេះគឺ ពាក់ព័ន្ធនឹងសំណុំរឿងជាមួយសកម្មជនមាតាធម្មជាតិ ៤នាក់ផ្សេងទៀត ដែលទើបត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែមិថុនា ឆ្នាំ២០២១ ពីបទ «រួមគំនិតក្បត់» និងបទ «ប្រមាថព្រះមហាក្សត្រ»។ អ្នក ៤នាក់ រួមមាន លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុធ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស និងលោក អាឡិចហាន់ដ្រូ ហ្គន់សា ឡេស ដេវិតសុន (Alejandro Gonzalez Davidson) ដែលកំពុងស្ថិតនៅក្រៅប្រទេស។
ទាក់ទងករណីនេះ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ឆ្លើយតបថា ការទាមទារនេះ រដ្ឋាភិបាលមិនអាចជួយផ្តល់ដំណោះស្រាយបានទេ ព្រោះសំណុំរឿងស្ថិតក្នុងដៃតុលាការ៖ « យើងគួរប្រើប្រាស់យន្តការតុលាការនេះតាមរយៈនីតិវិធីក្នុង ការទាមទារ តាមរយៈមេធាវី ការបង្ហាញភស្តុតាង ការបង្ហាញសាក្សី និងការដោះបន្ទុក ប្រសិនបើយើងមិនពេញចិត្តនឹងចំណាត់ការតុលាការ យើងមានសិទ្ធិប្ដឹងជំទាស់ទៅឧទ្ធរណ៍។ នេះហើយជាបែបបទក្នុងវិស័យតុលាការ។និយាយរួមយើងមិនអាចសន្មត ជាមុន ជំនួសតុលាការបានទេ ថាអ្នកនេះគ្មានទោស ឬអ្នកនោះមានទោស » ។
ទោះជាយ៉ាងណា មេធាវីការពារក្ដីឲ្យអ្នកការពារបរិស្ថានទាំងនេះ គឺលោក សំ សុគង់ ថ្លែងថា ការបន្ថែមបទចោទថ្មីលើកូនក្ដីរបស់លោកនេះ គឺជារឿងអយុត្តិធម៌ និងមិនមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ព្រោះកូនក្ដីរបស់លោកទាំង៣នាក់ ត្រូវបានតុលាការឃុំខ្លួន និងកាត់ទោសពីបទ "ញុះញង់" រួចហើយ អំឡុងពេលមានបទចោទថ្មីកើតឡើង។ លោកបន្តថា តាមគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ស្ដីពីអាជ្ញាអស់ជំនុំចែងថា ជនណាក៏ដោយដែលត្រូវបានតុលាការកាត់ទោសរួចហើយ គេមិនអាចយកជននោះមកកាត់ទោសចំពោះអំពើដដែលនោះទៀតបានទេ បើទោះជាការកាត់ទោសនោះធ្វើឡើងក្រោមការកំណត់ឈ្មោះបទល្មើសថ្មីផ្សេងក៏ដោយ ឬកាត់ទោសដោយតុលាការណាមួយផ្សេងទៀតក៏ដោយ។ ម្យ៉ាងវិញទៀត លោកអះអាងថា សកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិរបស់កូនក្ដីលោកទាំងអស់ មិនមែនជាអំពើល្មើសច្បាប់នោះទេ ប៉ុន្តែគឺជារឿងគួរឲ្យកោតសរសើរថែមទៀត៖ « ការចោទប្រកាន់នេះមិនទាន់មានលក្ខណៈអាចទទួលយកបានទេ ហើយក្រុមមេធាវីកំពុងត្រៀមរៀបចំ ឬរកភស្តុតាងដើម្បីដោះបន្ទុកចំពោះបទចោទប្រកាន់ថ្មីក្រោយនេះ » ។
ជុំវិញរឿងនេះនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ចំពោះការលើកឡើងរបស់តំណាងរដ្ឋាភិបាលនោះទេ ព្រោះមន្ត្រីទាំងនោះតែងតែច្រានចោលរបាយការណ៍ និងសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការជាតិនិងអន្តរជាតិ។ លោកបន្តថា តាមទិដ្ឋភាពជាក់ស្ដែង ការចាប់ខ្លួនអ្នកការពារបរិស្ថានកន្លងមក ត្រូវបានគេមើលឃើញថា ជាការរំលោភបំពានទៅលើសេរីភាពជាមូលដ្ឋាន និងជាការធ្វើទុក្ខបុកម្នេញច្រើនជាងការអនុវត្តច្បាប់ ដូច្នេះហើយទើបក្រុមអង្គការជាតិ និងអន្តរជាតិ តស៊ូមតិទាមទាររដ្ឋាភិបាលឱ្យដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញ៖ « សកម្មភាពដែលពួកគេបានធ្វើកន្លងមកនេះ វាជារឿងមួយសម្រាប់ចូលរួមកិច្ចការពារបរិស្ថាន ក៏ដូចជា សេរីភាពនៅក្នុងការបញ្ចេញមតិ របស់ពួកគេតែប៉ុណ្ណោះ ដែលមិនគួរណាមានការចោទប្រកាន់ទៅជាបទល្មើសហើយ ធ្វើការចាប់ និងឃុំខ្លួនពួកគេទេ » ។
ចាប់តាំងពីអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនអ្នកការពារបរិស្ថានវ័យក្មេងទាំង ៦រូបនោះមក ក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ ព្រមទាំងទាមទារទម្លាក់ចោលបទចោទ និងដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពវិញ ព្រោះសកម្មភាពការពារបរិស្ថានមិនមែនជាបទល្មើសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។