សកម្មជន​ព្រៃឈើ និង​ដីធ្លី​ថា ការ​បិទ​សារព័ត៌មាន​វីអូឌី ប្រៀប​ដូចជា​បិទ​សំឡេង​របស់​ពួក​គាត់

0:00 / 0:00

ក្រុម​សកម្មជន​ព្រៃឈើ និង​ដីធ្លី​លើក​ឡើង​ថា ការ​បិទ​សារព័ត៌មាន​វីអូឌី (VOD) គឺ​ប្រៀប​ដូចជា​ការ​បិទ​សំឡេង​របស់​ពួកគាត់ ទៅ​កាន់​សាធារណៈ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​គួរ​ផ្ដល់​តម្លៃ​ដល់​សារព័ត៌មាន​ឯករាជ្យ ជាង​សារព័ត៌មាន​ដែល​តែងតែ​គាំទ្រ​ខ្លួន ដើម្បី​ធានា​ឱ្យ​ការ​អភិវឌ្ឍ​មិន​រំលោភ​សិទ្ធិមនុស្ស និង​បរិស្ថាន។

ប្រជា​សហគមន៍​ព្រៃឈើ និង​សកម្មជន​ដីធ្លី លើក​ឡើង​ដូចៗ​គ្នា​ថា ការ​បិទ​សារព័ត៌មាន វីអូឌី គឺ​ប្រៀប​ដូចជា​ការ​កាត់​ផ្ដាច់​សំឡេង​របស់​ពួកគេ ដែល​តែងតែ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បាន​ដឹង​ពី​ទុក្ខ​លំបាក និង​ស្វែង​រក​ដំណោះ​ស្រាយ​ទៅ​ដល់​ពួកគេ​ដូច្នេះ​ដែរ។

ប្រជា​សហគមន៍​ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព ប្រាប់​វិទ្យុអាស៊ីសេរី​ថា ក្រោយ​ពី​ការ​បិទ​សារព័ត៌មាន​ឯករាជ្យ វីអូឌី លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​ការ​កាប់​ព្រៃឈើ ឱ្យ​បាន​ញឹកញាប់​ដូច​កាល​ពី​មុន​នោះ​ឡើយ។ លោក​បន្ត​ទៀត​ថា ការ​ផ្សព្វផ្សាយ​សារព័ត៌មាន វីអូឌី កន្លង​មក មិន​បាន​បំភ្លៃ​ការ​ពិត ឬ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​នោះ​ឡើយ ព្រោះ​ការ​ចុះ​ផ្សាយ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​ព្រៃឡង់ គឺ​គ្រាន់​តែ​មាន​គោល​បំណង​ឱ្យ​រដ្ឋាភិបាល ចាត់​វិធានការ​ការពារ​ព្រៃឈើ​ឱ្យ​នៅ​គង់វង្ស​តែ​ប៉ុណ្ណោះ។

លោក ហឿន សុភាព៖«នៅ​ពេល​នេះ​កម្ពុជា​យើង គឺ​បាន​ន័យ​ថា​បាត់​បង់​វិទ្យុ​ធំៗ វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​ហ្នឹង មិន​ដឹង​ថា​មាន​អី​ពឹង​បន្ត​ទៀត​ទេ ឥឡូវ​វា​ទៅ​ជា​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ក្រុម​សហគមន៍​មួយ​ចំនួន​ដែរ ដែល​ចង់​ផ្សព្វផ្សាយ​បន្ត»។

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​ដីធ្លី លោកស្រី ប្រាក់ សុភា ដែល​ជា​ពលរដ្ឋ​កំពុង​រងគ្រោះ​ពី​ការ​លុប​បឹង​តាមោក ក្នុង​រាជធានី​ភ្នំពេញ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ការ​បិទ​វិទ្យុ វីអូឌី ប្រៀប​ដូចជា​ការ​បិទ​សំឡេង​តវ៉ា​របស់​ប្រជា​សហគមន៍​ដី​ធ្លី​បឹង​តាមោក មួយ​ផ្នែក​ផង​ដែរ។ លោក​ស្រី​បន្ថែម​ថា សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល មិន​ដែល​ចុះ​ផ្សាយ​បញ្ហា​ដែល​កំពុង​កើត​មាន​របស់​សហគមន៍​លោក​ស្រី​នោះ​ឡើយ ក៏​ប៉ុន្តែ​បែរជា​ចុះ​ព័ត៌មាន​បំភ្លៃ ចោទ​ក្រុម​តវ៉ា​ដែល​រងគ្រោះ​គឺជា​អ្នក​បង្ក​អសន្តិសុខ​ទៅ​វិញ។ លោកស្រី​បន្ថែម​ថា សារព័ត៌មាន​ឯករាជ្យ វីអូឌី បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​ឱ្យ​សាធារណៈ​ជន​បាន​ដឹង​ពី ការពិត​អំពី​បញ្ហា​នៅ​ក្នុង​សហគមន៍​លោកស្រី ដូច្នេះ​រដ្ឋាភិបាល​មិន​គួរ​បិទ​សារព័ត៌មាន​នេះ​ឡើយ។

លោកស្រី ប្រាក់ សុភា៖«យើង​ជឿជាក់​លើ វីអូឌី ព្រោះ​ វីអូឌី បាន​ឡាយ​ផ្ទាល់​ពី​ទុក្ខសោក​របស់​ពួក​យើង ព្រោះ​អី​នៅ​ពេល​ដែល​ពួក​យើង​មាន​ទុក្ខសោក យើង​បាន​ទម្លាយ​ព័ត៌មាន​តាម​សារព័ត៌មាន វីអូឌី គឺ វីអូឌី បាន​ផ្សាយ​ផ្ទាល់​អ៊ីចឹង យើង​សោក​ស្ដាយ​បំផុត​ដែល​បិទ វីអូឌី ហើយ​យើង​សង្ឃឹម​ថា ​សារព័ត៌មាន វីអូឌី នឹង​ត្រឡប់​មក​វិញ»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​សារព័ត៌មាន ដកហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន វីអូឌី យ៉ាង​តក់​ក្រហល់​កាល​ពី​យប់​ថ្ងៃ​ទី១៣ ខែកុម្ភៈ កន្លង​ទៅ។ លោក ហ៊ុន សែន ចោទ​សារព័ត៌មាន​នេះ​ថា បាន​ប្រព្រឹត្តិ​កំហុស​វិជ្ជាជីវៈ និង​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល​ធ្ងន់ធ្ងរ ទាក់ទង​នឹង​ការ​ចុះផ្សាយ​ប្រធានបទ​ដែល​មាន​ចំណង​ជើង​ថា "មន្ត្រី​រដ្ឋាភិបាល​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្ដល់​ជំនួយ​ឱ្យ​តួគី (Turkey) មិនមែន​ជា​រឿង​ខុស​ឆ្គង"។

ការ​បិទ​សារព័ត៌មាន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ធ្វើ​ឡើង​តាម​ទំនើង​ចិត្ត របស់​លោក ហ៊ុន សែន និង​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ដែល​មិន​បាន​ចែង​ឱ្យ​ដក​អាជ្ញាប័ណ្ណ សារព័ត៌មាន​នោះ​ឡើយ បើ​ទោះបីជា​ការ​ចុះផ្សាយ​មាន​ព័ត៌មាន​នោះ​មាន​កំហុស​ក្ដី។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​នោះ​ទេ នៅ​ថ្ងៃ​ទី៦ ខែមីនា​នេះ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជា​សហគមន៍។ លោក​បន្ថែម​ថា សារព័ត៌មាន​ឯករាជ្យ មាន​សារៈសំខាន់​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ស្ថិរភាព​សង្គម ដូច្នេះ​ការ​បិទ​សារព័ត៌មាន វីអូឌី គឺជា​កំហុស​ឆ្គង​មួយ​របស់​រដ្ឋាភិបាល។ លោក ស៊ឹង សែនករុណា បន្ថែម​ថា សារព័ត៌មាន វីអូឌី មិន​បាន​វាយ​ប្រហារ​រដ្ឋាភិបាល ដូច​ការ​ចោទ​ប្រកាន់​នានា​កន្លង​មក​នោះ​ទេ ក៏​ប៉ុន្តែ​សារព័ត៌មាន​នេះ បាន​ជួយ​រដ្ឋាភិបាល​ជា​ច្រើន ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ការពារ​ធនធាន​ធម្មជាតិ​ជា​ដើម។

លោក ស៊ឹង សែនករុណា៖«បើសិនជា​បាត់​សំឡេង​ទាំង​អស់​ហ្នឹង ថា​តើ​បញ្ហា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ វា​មាន​ការ​ចូលរួម​ដូច​ម្ដេច​បាន ព្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​គឺជា​ការ​ចូលរួម​របស់​ពលរដ្ឋ ហើយ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច អ៊ីចឹង​បើសិនជា​គាត់​មាន​ការ​ខ្វះ​ការ​ចូលរួម​ហើយ ធាតុផ្សំ ឬ​ក៏​សសរស្ដម្ភ​សង្គម​ប្រជាធិបតេយ្យ​ហ្នឹង អាច​ហ្នឹង​មាន​ការ​រង្គោះ​រង្គើ អាច​មាន​ការ​ចាត់​ទុក​ថា សង្គម​មួយ​មិនទាន់​មាន​លទ្ធិប្រជាធិបតេយ្យ ត្រឹមត្រូវ ពិត​ប្រាកដ​នោះ​ទេ»។

អង្គការ​ជាតិ និង​អន្តរជាតិ លើក​ឡើង​ថា ការ​បិទ​សារព័ត៌មាន​ឯករាជ្យ វីអូឌី គឺជា​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន បន្ថែម​មួយ​កម្រិត​ទៀត ខណៈ​សារព័ត៌មាន​ជាច្រើន ​រួម​មាន​ដូច​ជា វិទ្យុ ទូរទស្សន៍ និង​បណ្ដាញ​សង្គម​ជាច្រើន មិន​ដែល​ចុះ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នោះ​ឡើយ។ ព័ត៌មាន​ទាំង​នោះ​ចុះ​ផ្សាយ​តែ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ ក្រោយ​ពី​បិទ​សារព័ត៌មាន វីអូឌី ដែល​មាន​បុគ្គលិក​ ៥៦នាក់ កំពុង​ធ្វើ​ការ​នៅ​ទូទាំង​ប្រទេស និង​អ្នក​តាម​ដាន​តាម​ផេក​ហ្វេសប៊ុក ១,៨លាននាក់ បញ្ហា​តាម​សហគមន៍​ជា​ច្រើន មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដូច​មុន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។