សាលាឧទ្ធរណ៍​បំភ្លឺ​ថា អតីត​បុគ្គលិក​អាស៊ីសេរី​លែង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ

0:00 / 0:00

សាលាឧទ្ធរណ៍​ប្រកាស​ច្រានចោល​បណ្ដឹង​ទាស់​របស់​អតីត​បុគ្គលិក​អាស៊ីសេរី​ពីររូប ដោយ​យោង​លើ​ហេតុផល​ថា បណ្ដឹង​នេះ​មិន​មាន​លក្ខណៈ​ត្រូវ​តាម​ផ្លូវ​ច្បាប់។ ក៏ប៉ុន្តែ សាលាឧទ្ធរណ៍​បាន​បំភ្លឺ​ថា អ្នក​ទាំងពីរ​មិន​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ទៀត​នោះ​ទេ ដោយសារតែ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុងភ្នំពេញ មិនបាន​ចេញ​ដីកា​ដោយឡែក​មួយទៀត​ដែល​ដាក់​អ្នក​ទាំងពីរ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី លោក សំ ចំរើន ថ្លែង​ថា សវនាការ​នេះ មាន​លក្ខណៈ​អំណោយផល​ដល់​កូន​ក្តី​របស់​លោក ដោយសារ​អង្គ​ជំនុំជម្រះ​បាន​វែកញែក​លើ​ទិដ្ឋភាព​ច្បាប់​ថា ប្រសិនបើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បន្ត​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ លុះត្រាតែ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុងភ្នំពេញ​មាន​ចេញ​ដីកា​ដាច់ដោយឡែក​មួយទៀត​ចំពោះ​នីតិវិធី​នេះ។

ពុំដូច្នេះ​ទេ ដីកា​ដំណោះស្រាយ​ដែល​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​បញ្ជូន​កូន​ក្តី​របស់​លោក​ទាំងពីរ​ទៅ​ជំនុំជម្រះ​កន្លង​ទៅ នឹង​មាន​អនុភាព​លុប​លើ​ដីកា កាល​ពី​មុន​ដែល​តម្រូវ​ឱ្យ​កូន​ក្តី​របស់​លោក​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ត្រូវ​បង្ហាញ​ខ្លួន​​នៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​ខែ​ម្តង​នោះ​។

​ទោះជា​យ៉ាងណា លោក​មេធាវី​រូប​នេះ​បន្ត​ថា ក្នុង​ទិដ្ឋភាព​ជាក់ស្ដែង កូន​ក្តី​របស់​លោក​នៅ​មិនទាន់​ទទួល​បាន​សេរីភាព​ដើរហើរ​ពេញលេញ​ឡើយ ពីព្រោះ​លិខិតឆ្លងដែន និង​ឯកសារ​ផ្លូវការ​របស់​ពួកគេ នៅតែ​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅឡើយ៖ «ការ​យល់​អ៊ីចឹង​ ក៏​ត្រូវ​ឈាន​ទៅដល់​ការ​អនុវត្ត​ជាក់​ស្ដែង​ដែរ បាន​យើង​គិត​ថា ផល​ប្រយោជន៍​នៃ​សេចក្ដី​សម្រេច​ហ្នឹង វា​​បាន​ធ្លាក់​មក​ពួក​យើង វា​បាន​មក​ដល់​ដៃ​ពួក​យើង។ បើ​គ្រាន់​តែ​ការ​យល់​នៅ​ក្នុង​កម្រិត​ស្ថាប័ន​តុលាការ​ ស្ថាប័ន​ប៉ូលិស​អត់​ទាន់​យល់​ផង ខ្ញុំ​គិត​ថា វា​នៅ​តែ​មាន​ការ​ភ័ន្ត​ច្រឡំ និង​ច្របូក​ច្របល់​ជាមួយ​គ្នា​នៅឡើយ»

កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បាន​បិទ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត និង​បាន​ចេញ​ដីកា​ដំណោះស្រាយ​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​។ នៅ​ក្នុង​ដីកា​ដំណោះស្រាយ​នោះ លោក​បាន​ដាក់​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

មេធាវី សំ ចំរើន បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​រូប​នេះ មិនបាន​ចេញ​ដីកា​ដោយឡែក​មួយទៀត​ឡើយ ដែល​អាច​នាំ​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​ក្នុង​ការ​អនុវត្ត ហេតុដូច្នេះ​ទើប​លោក​ដាក់​បណ្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ទទួល​បាន​ការសម្រេច​ជា​លាយលក្ខណ៍អក្សរ​លុប​ចោលការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​មក​លើ​កូន​ក្ដី​របស់​លោក៖ «យើង​បារម្ភ​ខ្លាច​ថា យើង​មិន​គោរព​តាម​ដីកាសម្រេច​ក្រោម​ការ​ត្រួតពិនិត្យ​ហ្នឹង វា​អាច​មាន​រឿង​រ៉ាវ​វែង​ឆ្ងាយ​ទៀត អ៊ីចឹង​កូន​ក្ដី​ទាំង​ពីរ​នាក់​ហ្នឹង គាត់​នៅ​តែ​បន្ត​អនុវត្ត​តាម​សេចក្ដី​សម្រេច​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​រហូត​មក​ហ្នឹង។ គាត់​ទៅ​បង្ហាញ​ខ្លួន​ជា​រៀង​រាល់​ខែ និង​មិន​ហ៊ាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស អ៊ីចឹង​បាន​ជា​យើង​យល់​ថា ត្រូវ​តែ​មាន​សេចក្ដី​សម្រេច​ណាមួយ​លុប​លើ​សេចក្ដី​សម្រេច​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ»

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី លោក សំ ចំរើន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​របង​សាលាឧទ្ធរណ៍ កាល​ពីថ្ងៃ​ទី២១ មិថុនា ២០១៩។
មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី លោក សំ ចំរើន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​របង​សាលាឧទ្ធរណ៍ កាល​ពីថ្ងៃ​ទី២១ មិថុនា ២០១៩។ (Radio Free Asia)

ថ្វីត្បិតតែ​ការ​ដេញដោល​ហាក់​មាន​ភាព​អនុគ្រោះ​សម្រាប់​កូន​ក្តី​មែន ក៏​មេធាវី​រូប​នេះ​មានការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ច្រាន​ចោល​បណ្ដឹង​ទាស់​នេះ​។ លោក​ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍ ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កូន​ក្តី​របស់​លោក ជាពិសេស​ពួក​គេ​​មិន​អាច​ទទួល​បាន​សម្ភារៈ​ទាំងឡាយ យក​មក​ប្រើ​ប្រាស់ ដើម្បី​បម្រើ​ដល់​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន។

អតីត​បុគ្គលិក​អាស៊ីសេរី​លោក យាង សុធារិន្ទ ថ្លែង​ក្រោយ​សវនាការ​នៅ​ថ្ងៃ​ទី​២១ មិថុនា​ថា លោក​សប្បាយចិត្ត​ដែល​សាលាឧទ្ធរណ៍​បាន​បំភ្លឺ​ថា រូបលោក និង​លោក អ៊ួន ឈិន លែង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ តាំងពី​ពេល​មាន​ដីកា​ដំណោះស្រាយ។ លោក​បញ្ជាក់​ថា ដោយសារតែ​មិនបាន​ដឹង​ពី​រឿង​នេះ ទើប​ពួក​លោក​នៅតែ​ទៅ​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ។

លោក​បន្ត​ថា ពួក​លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី​បន្ថែម​ទៀត ដើម្បី​ដាក់ពាក្យ​ស្នើសុំ​លិខិតឆ្លងដែន និង​សម្ភារៈ​ផ្សេងៗ និង​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ជាមួយ​តុលាការ​ក្រុង​ភ្នំពេញ​ថា ពួក​លោក​ពិតជា​លែង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​មែន៖ «សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នៅ​តែ​ទៅ​បង្ហាញ​ខ្លួន​អ៊ីចឹង ដរាបណា​ដែល​តុលាការ​មិន​ទាន់​មាន​សេចក្ដី​បង្គាប់ សេចក្ដី​សម្រេច​ណាមួយ​ផ្សេង​ទៀត អ៊ីចឹង​បាន​ថា យើង​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​បាន​លឿន​ទាក់ទង​នឹង​ការ​ស្នើសុំ​ទៅ​យក​លិខិត​ឆ្លង​ដែន ហើយ​និង​សម្ភារៈ​​អី​ផ្សេងៗ។ នៅ​ពេល​ហ្នឹង យើង​នឹង​ច្បាស់លាស់​ហើយ​ថា តើ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ ឬ​មិន​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ។ យើង​ចង់​ឱ្យ​មាន​ភាព​ច្បាស់លាស់ ដើម្បី​កុំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​អី​ផ្សេង​ទៀត ថា​យើង​មិន​បាន​គោរព​ទៅ​តាម​ការ​បញ្ជា​​របស់​តុលាការ»

អតីត​បុគ្គលិក​អាស៊ីសេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពី​បទ "​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​”។ អ្នក​ទាំងពីរ​បានជាប់​ពន្ធនាគារ​ជាង ៩​ខែ ទម្រាំ​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៨ កន្លង​ទៅ។

សំណុំរឿង​របស់​អតីត​បុគ្គលិក​អាស៊ីសេរី​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ វាយ​តម្លៃ​ថា ជា​រឿង​អយុត្តិធម៌ និង​មិន​សម​ហេតុផល ដោយសារ​លោក​ទាំងពីរ​បាន​លាឈប់​ពី​អាស៊ីសេរី ចាប់​តាំង​ពី​ក្រោយ​ការ​បិទ​ការិយាល័យ​នៅ​ភ្នំពេញ​មក​ម្ល៉េះ​។ ក៏ប៉ុន្តែ​អាជ្ញាធរ​របប​លោក ហ៊ុន សែន នៅតែ​បន្ត​ចាត់ការ​រឿង​នេះ ដោយ​ប្ដូរ​ការ​ចោទប្រកាន់​ពី​រឿង “​ការ​បង្កើត​ស្ទូឌីយូ​ថត​ចម្រៀង​ដោយ​គ្មាន​ការអនុញ្ញាត​” ទៅជា​រឿង​ឧក្រិដ្ឋ​ចារកម្ម​ទៅវិញ​។ របប​ក្រុងភ្នំពេញ​បាន​ចោទ​ពួកគេ​ទាំងពីរ​ថា បាន​ផ្ញើ​ព័ត៌មាន​​សម្ងាត់​ទៅ​ឱ្យ​ស្ថាប័ន​អាស៊ីសេរី នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក​។ បើ​គិត​លើ​បទ​ចោទ​ដែល​តុលាការ​ប្រើ​នោះ គឺ​មិន​សម​ហេតុ​ឡើយ ដោយសារ​អាស៊ីសេរី​មិនមែន​ជា​រដ្ឋ​បរទេស​ឡើយ ប៉ុន្តែ​ត្រឹម​ជា​ស្ថាប័ន​ព័ត៌មាន​វិជ្ជាជីវៈ ​ដែល​ផ្សព្វផ្សាយ​ពី​បញ្ហា​នៅ​ប្រទេស​កម្ពុជា។ ជាពិសេស​ទៅទៀត​នោះ ព័ត៌មាន​ដែល​អាស៊ីសេរី​ផ្សព្វផ្សាយ មិនមែន​ព័ត៌មាន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​នាំ​ឱ្យ​អន្តរាយ​ដល់​ប្រទេស​កម្ពុជា​នោះ​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វាយ​តម្លៃ​ថា អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប គឺជា​ជនរងគ្រោះ​នៃ​អំពើ​វាយប្រហារ​ឥត​ឈប់ឈរ​របស់​លោក ហ៊ុន សែន ទៅលើ​អង្គភាព​ព័ត៌មាន ដែល​ហ៊ាន​ផ្សព្វផ្សាយ​​​ព័ត៌មាន​រិះគន់​របប​របស់​លោក។ អង្គការ​អន្តរជាតិ​មួយ​នេះ​ពិនិត្យ​ឃើញ​ថា តុលាការ​​គ្មាន​​មូលដ្ឋាន​​អ្វី​សម្រាប់​​ការ​ចោទ​ប្រកាន់​​បែប​​ឆ្កួត​​លីលា ឬក៏​ការ​ដាក់​អ្នក​ទាំងពីរ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​បែបនេះ​ឡើយ។ អង្គការ​ដដែល​នេះ​ទាមទារ​ឱ្យ​​តុលាការ​​កម្ពុជា​​ត្រូវ​តែ​បញ្ឈប់​ការ​ត្រួត​ពិនិត្យ និង​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​លើ​អ្នក​ទាំងពីរ។

ចំណែក​ក្រុម​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញការងារ​នៅ​កម្ពុជា​វិញ បាន​អះអាង​ថា ការចោទប្រកាន់​លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ កំពុងតែ​កំពុង​បង្ក​ភាព​ភ័យខ្លាច​ដល់​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាននៅ​កម្ពុជា​ធ្លាក់​ចុះ​ផង​ដែរ។

រីឯ​អង្គការសហប្រជាជាតិ​វិញ បាន​ពិនិត្យ​ឃើញ​ថា អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​នេះ ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​ដោយ​បំពាន តាមរយៈ​ការ​ឃុំខ្លួន និង​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។ សហគមន៍​ជាតិ និង​អន្តរជាតិ​ស្នើ​យ៉ាង​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​អ្នក​ទាំងពីរ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងឡាយ​ទៅលើ​អង្គការ​ព័ត៌មាន និង​អ្នកកាសែត​តទៅទៀត។

បច្ចុប្បន្ន​នេះ សំណុំរឿង​លើ​អង្គ​សេចក្តី​របស់​អ្នក​ទាំងពីរ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ក្រុង​ភ្នំពេញ​។ ចៅក្រម​ស៊ើបសួរ​បាន​បិទ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត​តាំងតែ​ពី​ចុងខែ​កុម្ភៈ​មក​ម្ល៉េះ និង​បាន​ចេញ​ដីកា​ដំណោះស្រាយ​បញ្ជូន​រឿង​នេះ​ទៅ​ជំនុំជម្រះ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ តុលាការ​មិនទាន់​កំណត់​ពេល​បើកសវនាការ​នៅឡើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ចៅក្រម​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ឹម វណ្ណៈ ដែល​កាន់​សំណុំ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី​២១ មិថុនា ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។

​អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុធារិន្ទ ស្នើ​ឱ្យ​តុលាការ​ពន្លឿន​សវនាការ​លើ​អង្គ​សេចក្តី​ក្នុង​សំណុំ​រឿង​នេះ ដើម្បី​ឱ្យ​ពួក​លោក​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ៖ «ខ្ញុំ​សំណូម​ពរ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​នៃ​ការ​ជំនុំ​ជម្រះ​ទៅ ដើម្បី​ឱ្យ​ពួក​យើង​ខ្ញុំ​បាន​សេរីភាព បាន​យុត្តិធម៌។ ហើយ​បើ​ឱ្យ​យើង​ខ្ញុំ​ចេះ​តែ​រង់​ចាំ​អ៊ីចឹង វា​ជា​រឿង​លំបាក​សម្រាប់​យើង​ខ្ញុំ​ទាំងពីរ​នាក់​ហ្នឹង មិន​ដឹង​ថា ត្រូវ​រង់​ចាំ​រហូត​ដល់​ពេល​ណា ហើយ​ស្ថិត​ក្រោម​ត្រួត​ពិនិត្យ​របស់​តុលាការ​ហ្នឹង​អ៊ីចឹង​រហូត ហើយ​យើង​អាច​រស់​នៅ​បាន​សុខ​ស្រួល​យ៉ាង​ម៉េច បើ​ខ្លួន​យើង​មិន​មាន​សេរីភាព​ ចេះ​តែ​មាន​ការ​បារម្ភ​រឿង​តុលាការ​ហ្នឹង»

មេធាវី សំ ចំរើន ពន្យល់​ថា ទាំង​គោលការណ៍​ច្បាប់ ទាំង​គោលការណ៍​សិទ្ធិមនុស្ស ទាមទារ​ឱ្យ​ការ​ជំនុំជម្រះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ឆាប់រហ័ស​។ លោក​បន្ថែម​ថា ចាប់ពី​៣ ខែ​ឡើង​ទៅ ក្រោយ​បិទ​ការ​ស៊ើបសួរ ប្រសិនបើ​តុលាការ​នៅតែ​មិន​បើកសវនាការ​ទៀត នោះ​សំណុំ​រឿង​នេះ​ត្រូវ​បាន​ចាត់ទុកថា មាន​ភាព​យឺតយ៉ាវ ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ជនជាប់ចោទ៕

ទាក់ទង​នឹង​ការ​បកស្រាយ​របស់​សាលាឧទ្ធរណ៍​ជុំវិញ​ការ​មិន​ទទួលយក​បណ្ដឹង​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​នាក់​នេះ អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (ADHOC) លោក ស៊ឹង សែនករុណា ទាមទារ​ឱ្យ​តុលាការ គួរតែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ជាង​ទៅទៀត ជុំវិញ​ដីកា​ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ។ លោក​ថា ប្រសិនបើ​អ្នក​ទាំងពីរ មិន​បាន​អនុវត្ត​និង​គោរព​តាម​ដីកា​ដំណោះស្រាយ ដោយ​ត្រូវ​បង្ហាញមុខ​រៀងរាល់​ខែ​នោះ​ទេ តុលាការ​អាច​ចោទប្រកាន់​បទល្មើស​ថ្មី​ផ្សេង​ទៀត​។ ម្ល៉ោះហើយ​លោក​ថា ជា​ការ​លំបាក​ខ្លាំង​ណាស់​ចំពោះ​អ្នក​ទាំងពីរ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​របង​សាលាឧទ្ធរណ៍ កាល​ពីថ្ងៃ​ទី២១ មិថុនា ២០១៩។
អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​របង​សាលាឧទ្ធរណ៍ កាល​ពីថ្ងៃ​ទី២១ មិថុនា ២០១៩។ (Radio Free Asia)

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត នៅមុខ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃ​សុក្រ​ទី​២១ ខែ​មិថុនា លោក សឹង សែនករុណា អះអាង​ថា បើ​យើង​ពិនិត្យ​ពី​ទិដ្ឋភាព​រួម ករណី​នេះ ក្នុង​ដំណាក់កាល​នៃ​ស្ថានភាព​មួយ​ដែល​តុលាការ គួរតែ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ប្រគល់​សម្ភារៈ​ដែល​រឹបអូស​នោះ​ជូន​ពួកគាត់​វិញ ដើម្បី​ឱ្យ​ពួកគេ​អាច​ប្រកប​របរ​ចិញ្ចឹម ជីវិត​ប្រចាំថ្ងៃ​បាន៖ «ខ្ញុំ​គិត​ថា រឿង​នេះ តុលាការ​ជាពិសេស​សាលាដំបូង ដែល​ស៊ើបអង្កេត​ករណី​ផ្ទាល់​នេះ បើ​និយាយ​ពី​រយៈពេល សម្ភារៈ​ប្រើប្រាស់ វា​ល្មម​គ្រប់គ្រាន់​មើល​ឃើញ​អស់ហើយ ដូចនេះ គួរតែ​បញ្ចប់​និង​ប្រគល់​សម្ភារៈ​ឱ្យ​គាត់​វិញ ព្រោះ​ពួកគាត់​ពិបាក​ណាស់ ដែល​ត្រូវការ​ចាំបាច់​រក​ចំណូល​ជួយ​គ្រួសារ​។ ម្យ៉ាងវិញទៀត តុលាការ​ដល់​ពេល​បង្ហាញ​ថា​សេរីភាព​របស់​អ្នក​សារព័ត៌មាន ត្រូវ​បាន​គិតគូរ​ឡើងវិញ​ហើយ»។

លោក ស៊ឹង សែនករុណា បន្ត​ថា ការ​ដាក់​ទោស​ទណ្ឌ​ដល់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ឱ្យ​ជាប់ឃុំ រយៈពេល​ជាង​៩​ខែ​នោះ គឺ​វា​មាន​ភាព​អយុត្តិធម៌​រួច​ទៅ​ហើយ​។ ហេតុនេះ តុលាការ​គួរតែ​បញ្ឈប់ ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ប្រគល់​លិខិតឆ្លងដែន​ដល់​ពួកគេ​វិញ ដើម្បី​អាច​មាន​សិទ្ធិ​សេរីភាព​ដើរហើរ​ពេញលេញ ពិសេស លោក យាង សុធារិន្ទ អាច​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ឪពុក​ម្តាយ​ចាស់ជរា នៅ​កម្ពុជា​ក្រោម​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។