អតីតអ្នកជាប់ឃុំមួយចំនួនបានទម្លាយអំពីភាពមិនប្រក្រតីជាច្រើននៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារប៉េហ្ស៊ី(PJ) ដូចជាការផ្តល់របបអាហារគ្មានស្តង់ដារ និងការលក់ដូអីវ៉ាន់មានតម្លៃថ្លៃជាដើម។ ពួកគាត់ស្នើឲ្យពន្ធនាគារបញ្ចុះតម្លៃអីវ៉ាន់ ដើម្បីជួយកាត់បន្ថយការចំណាយនិងបញ្ហាលំបាករបស់អ្នកជាប់ឃុំ។មន្ត្រីនាំពាក្យនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ អះអាងថា តម្លៃអីវ៉ាន់នៅក្នុងពន្ធនាគារ មិនថ្លៃខ្ពស់ហួសហេតុដូចការចោទប្រកាន់ឡើយ។
បញ្ហារបបអាហារមិនគ្រប់គ្រាន់ និងគ្មានអនាម័យត្រឹមត្រូវ ព្រមទាំងការលក់ដូរអីវ៉ាន់ក្នុងតម្លៃខ្ពស់ហួសហេតុ គឺជាបញ្ហាលេចធ្លោមួយនៅក្នុងចំណោមបញ្ហាធំៗជាច្រើន ទៀតនៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារប៉េហ្ស៊ី(PJ)។ អតីតអ្នកទោសចាត់ទុកថា បញ្ហាទាំងនេះ គឺជារំលោភសិទ្ធិ និងជាការបឺតជញ្ជក់ឈាមអ្នកជាប់ឃុំធ្ងន់ធ្ងរ។
អតីតអ្នកជាប់ឃុំមួយរូបដោយសារការតវ៉ាមុខស្ថានទូតចិន គឺលោកស្រី សាត ផា រៀបរាប់ថា ការគ្រប់គ្រងពន្ធនាគារប៉េហ្ស៊ី(PJ)គ្មានស្តង់ដារត្រឹមត្រូវនោះទេ បណ្តាលឲ្យអ្នកទោសរងទុក្ខវេទនាជាខ្លាំង។ លោកស្រីបន្តថា របបអាហារដែលពន្ធនាគារផ្តល់ឲ្យអ្នកទោសគឺខ្វះខាត និងគ្មានអនាម័យឡើយ ដូច្នេះអ្នកទោស ត្រូវបង្ខំចិត្តចំណាយលុយច្រើនសម្រាប់ទិញអីវ៉ាន និងម្ហូបអាហារនៅក្នុងពន្ធនាគារដែលមានតម្លៃខ្ពស់ហួសហេតុ។ អ្នកតវ៉ាទាមទារយុត្តិធម៌សង្គមរូបនេះ ចោទថា អាជីវកម្មលក់ដូរនៅក្នុងពន្ធនាគារប៉េហ្ស៊ីនោះ គឺជារបស់ប្រធានពន្ធនាគារ លោក ឈីម ធីតា និងមន្ត្រីពន្ធនាគារផ្សេងៗទៀត៖ «ដូចជាប៊ីចេងកន្លះគីឡូនៅក្រៅ តម្លៃត្រឹម៥ពាន់ ៣រយរៀល ( ៥ . ៣០០ ) ទេ តែក្នុងនោះ ៨ពាន់រៀល ( ៨ . ០០០ ) ទឹកត្រី សុទ្ធតែមួយដប ៤ពាន់៥រយ ( ៤ . ៥០០ ) គឺរបស់ថ្លៃទាំងអស់គ្រប់សព្វហ្មង។ មីក៏ថ្លៃដែរ មួយកញ្ចប់១ពាន់ ៥រយរៀល ( ១ . ៥០០ ) ទៅពីរពាន់រៀល ( ២ . ០០០ ) នៅក្នុងនោះ។ ពេលហូបបាយមិនមែនហូបតែម្នាក់ឯងទេ គឺមានអ្នកទោសគ្នាអត់ៗមកហូបជាមួយខ្ញុំដែរ ដូច្នេះមីយើងហូបម្តង ៥កញ្ចប់ ឬ៧ទៅ ៨កញ្ចប់បានគ្រប់។ មួយទៀត ពួកខ្ញុំរងទុក្ខខ្លាំងណាស់ សូម្បីតែទឹកផឹកក៏ទិញគេដែរ។ ទឹកទិញគេមួយដប៤ពាន់រៀល ( ៤ . ០០០ ) នៅក្នុងនោះដប ២លីត្រ»។
ក្រៅពីនេះ លោកស្រី សាត ផា អះអាងថា មន្ត្រីពន្ធនាគារប៉េហ្ស៊ី បានប្រើគ្រប់វិធី ដើម្បីរកលុយពីអ្នកទោស ដូចជាការយកលុយថ្លៃប្រើចង្ក្រានដាំស្លមួយខែ ៨ម៉ឺនរៀល យកលុយពីសាច់ញាតិដែលចូលសួរសុខទុក្ខម្នាក់ ៤ម៉ឺនរៀល និងការហាមឃាត់មិនឲ្យសាច់ញាតិ ផ្ញើបន្លែត្រីសាច់ពីខាងក្រៅជាដើម ព្រោះខ្លាចលក់អីវ៉ាន់ក្នុងពន្ធនាគារមិនដាច់៖ «ខ្ញុំចង់ឲ្យពន្ធនាគារ កុំជញ្ជក់ឈាមអ្នកទោសពេកដោយសារអ្នកទោសសុទ្ធតែអ្នកអត់។ និយាយទៅ ក្នុងពន្ធនាគារជញ្ជក់ឈាមហ្មង គាត់ពុករលួយហ្មង។ គាត់លក់ថ្លៃ ដែលអ្នកទោស អត់មានថវិកាទិញអីហូបទេ។ និយាយទៅអ្នកខ្លះ រកតែលុយទិញតែអំបិលហូបគ្មានផង ព្រោះអំបិលក៏ថ្លៃដែរ មួយកញ្ចប់៤ពាន់រៀល ( ៤ . ០០០ ) ហើយនៅខាងក្រៅ អំបិលតែ៥រយរៀល ទៅ១ពាន់រៀលសោះ។ បើលក់ថ្លៃបែបនេះ ក្រុមគ្រួសារគាត់ផ្ញើលុយទៅអត់ចាយបានមួយថ្ងៃទេ ជាពិសេសខ្ញុំ លុយទៅនោះ បានតែ ២ឬ ៣ថ្ងៃអស់ហើយ លុយ៣០ ទៅ៤០ម៉ឺនរៀលអីនោះ ព្រោះរបស់វាថ្លៃ»។
ដូចគ្នានេះដែរ សមាជិកក្រុមយុវជន លោកស្រី ឈឿន ដារ៉ាវី ដែលជាប់ពន្ធនាគារ១៥ខែដោយសារតវ៉ាអហិង្សាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន លើកឡើងថា នៅក្នុងពន្ធនាគារប៉េហ្ស៊ី បានក្លាយជាកន្លែងរកស៊ីដ៏សំខាន់របស់មន្ត្រីពន្ធនាគារគ្រប់ជាន់ថ្នាក់ ដោយមិនខ្វល់អំពីជនជាប់ឃុំកំពុងជួបការលំបាកនោះទេ៖ «ទាំងចាងហ្វាង និងមន្ត្រីថ្នាក់ក្រោមគាត់ក៏ដោយ គឺចែកគ្នា រកស៊ីហ្មង ដូចជាកុងទីន ឬហៅថាលក្ខណៈលក់ចាប់ហួយ គឺខាងចាងហ្វាងអ៊ីចឹងទៅ ។ ម្ហូបពេលព្រឹកមានអីកញ្ចិបកញ្ចុប មានបាយមានអី អាហ្នឹងគឺមន្ត្រីគាត់អ៊ីចឹងទៅ។ ដាំទឹក លក់គឺមន្ត្រីផ្សេងទៀតអ៊ីចឹងទៅ។ គេចែកគ្នារកស៊ីបែបហ្នឹង។ រហូតដល់មានការហាមឃាត់ដូចថា អ្នកទោស ធ្វើអីលក់អ៊ីចឹងទៅ បើសិនជាងខាងកុងទីនមានខាងរបស់ហ្នឹង គឺគេហាមមិនឲ្យធ្វើលក់ទេ ព្រោះខ្លាចសល់របស់គេ»។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីប្រធានពន្ធនាគារប៉េហ្ស៊ី លោក ឈីម ធីតា បាននៅឡើយទេ។
រីឯនៅក្នុងពន្ធនាគារព្រៃសផ្នែកបុរស(ម២) វិញ សមាជិកក្រុមយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ដែលធ្លាប់ជាប់ពន្ធនាគារ១៥ខែ ដោយសារការតវ៉ាអហិង្សាដែរនោះ ឲ្យដឹងថា រយៈពេលបីខែចុងក្រោយនេះ ពន្ធនាគារព្រៃស (ម២) ហាក់ដូចជាមានការកែប្រែទៅរកភាពល្អប្រសើច្រើន បន្ទាប់ពីសកម្មជនដែលជាប់ឃុំនាំគ្នាតវ៉ាជាបន្តបន្ទាប់។ លោកបញ្ជាក់ថា របបអាហារអាចទទួលយកបាន ខណៈការលក់ដូរអីវ៉ាន់វិញ នៅតែមានតម្លៃខ្ពស់ជាងខាងក្រៅ ប៉ុន្តែមិនថ្លៃខ្លាំងហួសហេតុនោះទេ។ទោះជាយ៉ាងណា លោក ចង់ឃើញពន្ធនាគារព្រៃស កែលម្អបន្ថែមទៀត ដូចជា ពង្រឹងការផ្តល់សេវាសុខាភិបាលឲ្យបានត្រឹមត្រូវ ស្មើភាពនិងគ្មានការរើសអើង ពង្រឹងការផ្តល់ជំនាញវិជ្ជាជីវៈ ដល់ជនជាប់ឃុំ ព្រមទាំងលុបបំបាត់អំពើពុករលួយគ្រប់ប្រភេទពីមន្ត្រីពន្ធនាគារ៖ «ពន្ធនាគារខ្លួនឯង គឺជាកន្លែងផ្តល់គំរូអាក្រក់ដល់អ្នកទោស ទៅវិញ ព្រោះថាអ្នកទោស គាត់ចាត់ទុកមន្ត្រីជាមនុស្សល្អ ជាអ្នកចេះដឹងច្បាប់ ប៉ុន្តែ ពេលគាត់ជាប់ទោស គាត់ឃើញមន្ត្រីពុករលួយ ឃើញមន្ត្រីធ្វើខុសច្បាប់ដូចអ្នកទោសទូទៅដែរ។ ដូច្នេះទង្វើរបស់មន្ត្រីគឺជាគំរូអាក្រក់ដល់អ្នកទោស។ អ៊ីចឹង មនុស្សដែលគាត់ប្រព្រឹត្តខុសហើយបញ្ជូនទៅពន្ធនាគារនោះ មិនបានឲ្យគាត់មានចំណេះដឹង និងឲ្យគាត់បានរៀនសូត្រជំនាញវិជ្ជាជីវៈអីទេ តែបែរជាឲ្យគាត់រៀនសូត្រពីគំរូអាក្រក់ គំរូសម្លុតយកលុយ ពុករលួយដែលមន្ត្រីពន្ធនាគារបង្ហាញដល់គាត់»។
ក្រៅពីនេះ អតីតអ្នកជាប់ឃុំទាំងនេះ បានទម្លាយអំពីភាពមិនប្រក្រតីជាច្រើនទៀតនៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារប៉េហ្ស៊ី(PJ) ដូចជាល្បែងស៊ីសង វាយទាត់ធាក់ មានអំពើពុករលួយ ការឃុំអ្នកទោសលើសកំណត់ ការផ្តល់សេវាសុខាភិបាលមិនត្រឹមត្រូវ និងគ្មានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអ្នកទោសជាដើម។ ពួកគាត់ ស្នើឲ្យរដ្ឋា ភិបាល ជួយកែលំអស្ថានភាពក្នុងពន្ធនាគារឲ្យបានប្រសើរជាងមុន។មាត្រា២ នៅក្នុងច្បាប់ស្ដីពីពន្ធនាគារឆ្នាំ២០១២ ចែងថា ច្បាប់នេះមានគោលដៅអប់រំ កែប្រែ និងស្ដារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មជនជាប់ឃុំទៅក្នុងសង្គមវិញ និងទប់ស្កាត់បទល្មើសសាជាថ្មី។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ឆ្លើយតបថា ការលក់ដូរអីវ៉ាន់ ក្នុងពន្ធនាគារមិនថ្លៃហួសហេតុពេកនោះទេ ហើយថា វាជាទីផ្សារដែលអ្នកលក់និងអ្នកទិញ បានព្រមព្រៀងគ្នា៖ «គេអត់មានបង្ខំឲ្យគាត់ទិញណា ។គេអត់មានបង្ខំឲ្យគាត់ទិញទេ បើគាត់ចង់ហូប គាត់គិតថា ហ្អាកបានអីហូបម៉េច របបគេចែកឲ្យហូបរាល់ថ្ងៃ នោះម៉េចវិញ គេអោយគាត់ស៊ីកន្ទក់មែន។ បើតម្រូវការគាត់ខ្ពស់ ហើយរបបគេទូទៅ អ៊ីចឹងឥឡូវធ្វើម៉េច។យើងមិនមែនព្រងើយកន្តើយទេ ។ឥឡូវ ខ្ញុំសូមបញ្ជាក់អារឿងអាហារូបត្ថម្ភ របបអាហារនេះ ក៏យើងកំពុងតាក់តែងឲ្យមានស្តង់ដារដែរ»។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា លោក នុត សវនា ក៏បានចេញសេចក្តីថ្លែងការណ៍ច្រានចំពោះការចោទប្រកាន់របស់សកម្មជនសង្គមទាំងនេះ ថា ធ្វើឡើងដោយចេតនាមិនស្មោះ ត្រង់ និងឆ្លៀតឱកាសកេងចំណេញនយោបាយ។ លោកបញ្ជាក់ថា ពន្ធនាគារជាកន្លែងឃុំឃាំងមនុស្ស ជាកន្លែងអប់រំកែប្រែអ្នកទោសឲ្យក្លាយជាពលរដ្ឋល្អ តែមិនមែនជាកន្លែងរស់នៅសុខស្រួល មានអាហារឆ្ងាញ់ៗ និងមានសេវាសុខាភិបាលដូចក្នុងសហគមន៍ទេ។ លោក ថែមទាំងព្រមានអតីតជនជាប់ឃុំដែលរិះគន់ភាពមិនប្រក្រតីក្នុងពន្ធនាគារនេះ ថា ប្រយ័ត្នប្រឈមនឹងវិធានការច្បាប់ដែលឈានដល់ការនាំខ្លួនមកឃុំក្នុងពន្ធនាគារវិញជាយថាហេតុ។ ប៉ុន្តែអតីតជនជាប់ឃុំទាំងនេះ ឆ្លើយតបថា អាជ្ញាធរពន្ធនាគារ គួរតែទទួលស្គាល់ការពិត និងខិតខំកែលម្អចំណុចខ្វះខាតឲ្យប្រសើរឡើង ជាជាងគ្រាន់តែនិយាយការពារ និងលាបពណ៌លើសកម្មជន។
ពន្ធនាគារនៅទូទាំងប្រទេស គឺស្ថិតនៅក្រោមការគ្រង់គ្រងរបស់ក្រសួងមហាផ្ទៃ ដែលមានលោក ស ខេង ជារដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ១៩៩៣មក។ រយៈពេលជិត៣០ឆ្នាំមកនេះ ពន្ធនាគារនៅតែត្រូវបានក្រុមអង្គការជាតិ និងអន្តរជាតិ រិះគន់ថា គ្មានស្តង់ដារត្រឹមត្រូវបណ្តាលឲ្យជនជាប់ឃុំរងទុក្ខវេទនា និងរំលោភសិទ្ធិពួកគេធ្ងន់ធ្ងរ ដោយសារកង្វះការចិត្តទុកដាក់របស់លោក ស ខេង។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា របបអាហារក្នុងពន្ធនាគារ ពិតជានៅមានកម្រិត ដូច្នេះអ្នកជាប់ឃុំ ដែលមានលទ្ធភាព តែងចំណាយលុយច្រើនទិញម្ហូបអាហារនៅក្នុងពន្ធនាគារ។ លោកបន្តថា បញ្ហាទំនិញក្នុងពន្ធនាគារថ្លៃ និងបញ្ហារបបអាហារនេះ ត្រូវបានជនជាប់ឃុំ រិះគន់ជាយូរមកហើយ ដូច្នេះលោក យល់ថា ពន្ធនាគារ គួរតែពិនិត្យ និងដោះស្រាយបញ្ហានេះ ដើម្បីជួយសម្រួលដល់ជនជាប់ឃុំ៖ «អ្នកជាប់ឃុំយើងឃើញថា គាត់អស់សិទ្ធិតែអ្វីដែលតុលាការ បានដកហូតទេ ជាពិសេសសិទ្ធិដើរហើរ និងសិទ្ធិមួយចំនួនទៀត ក្រៅពីនេះ គឺគាត់មានសិទ្ធិដូចពលរដ្ឋដទៃទៀត ទទួលបានអាហារគ្រប់គ្រាន់ទទួលបានសេវាសុខភាព ទទួលបានការហាត់ប្រាណដើម្បីកាយសម្បទាផ្សេងៗទៀត គឺសិទ្ធិដូចពលរដ្ឋដទៃ។អ៊ីចឹងកាលណាយើងលក់តម្លៃខ្ពស់ដែលប៉ះពាល់ដល់ការទិញរបស់គាត់ អាហ្នឹងក៏ជាការរំលោភសិទ្ធិរបស់គាត់មួយដែរ»។
អតីតអ្នកជាប់ឃុំជាសកម្មជនដែលទើបចេញពីពន្ធនាគារទាំងនេះ អះអាងថា ពួកគាត់នឹងតស៊ូមតិដោយសន្តិវិធីទាមទារឲ្យរដ្ឋាភិបាល ជួយពិនិត្យកែប្រែអំពីបញ្ហាដែលក្រុមអ្នកទោសកំពុងប្រឈមនៅក្នុងពន្ធនាគារនោះដោយមិនរាថយឡើយ។ ពួកគាត់យល់ថា ប្រសិនបើរដ្ឋាភិបាលមិនជួយកែប្រែស្ថានភាពនៅក្នុងពន្ធនាគារទេ នឹងបង្កឲ្យមានអំពើអយុត្តិធម៌ និងការឈឺចាប់ខ្លោចផ្សារដល់មនុស្សកំពុងជាប់ឃុំរាប់ម៉ឺននាក់ និងក្រុមគ្រួសាររបស់ពួកគេផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។