Freedom House ​ថា ​សេរីភាព​​អ៊ីនធឺណិត​នៅ​កម្ពុជា​ធ្លាក់​ចុះ​ដុន​ដាប​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ​នេះ

ដោយ មាន ឫទ្ធិ
2018-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
របាយការណ៍ Freedom House  ស្ដីពី​សេរីភាព​​អ៊ីនធឺណិត​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨។
របាយការណ៍ Freedom House ស្ដីពី​សេរីភាព​​អ៊ីនធឺណិត​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨។
screenshot

សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​ ​បាន​ធ្លាក់​ចុះ​ដុន​ដាប​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ។ ​កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​សេរីភាព​តិចតួច​ (Partly Free) ​តាម​អ៊ីនធឺណិត​ដដែល។

ប្រទេស​ទាំង៥ ​ដែល​រង​ការ​ធ្លាក់ចុះ​ដុន​ដាប​ខ្លាំង​បំផុត​ខាង​ផ្នែក​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ៦៥ ​ដែល​អង្គការ​ Freedom House ​ធ្វើ​ការវាយតម្លៃ​សម្រាប់​ឆ្នាំ ២០១៨ នេះ​ ​រួមមាន​ ​កម្ពុជា​ ​វេណេហ្ស៊ុយអេឡា (Venezuela) ​អ៊ុយក្រែន (Ukraine) ​អេហ្ស៊ីប (Egypt) ​និង​ប្រទេស​តួគី (Turkey)។ ពិន្ទុ​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​កម្ពុជា​ ​បាន​ធ្លាក់​ចុះ​ពី​ ៤៧ ​ពិន្ទុ​ក្នុង​ឆ្នាំ២០១៤ មក​ ៥៥ ​ពិន្ទុ​ ​ក្នុង​ឆ្នាំ ២០១៨ នេះ​ ​ដែល​ពិន្ទុ​សូន្យ​មាន​ន័យ​ថា​ ​មាន​សេរីភាព​បំផុត​ ​ខណៈ​ពិន្ទុ ១០០ ​មាន​ន័យ​ថា​ ​មាន​សេរីភាព​តិចតួច​បំផុត។

អាស៊ី​សេរី ​នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ប្រតិកម្ម ​ពី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ​និង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​នៃ​របប​ក្រុង​ភ្នំពេញ​ ​បាន​នៅឡើយ​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

របាយការណ៍​ Freedom House ​ផ្សាយ​កាលពី​ ទី១ វិច្ឆិកា ​រក​ឃើញ​ថា​ ​ក្រោម​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​របស់​លោក​ ហ៊ុន សែន ​ប្រទេស​កម្ពុជា​បាន​បង្កើន​ការ​បង្ក្រាប​មក​លើ​ក្រុម​អ្នករិះគន់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ខណៈ​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ ​និង​ក្រម​ព្រហ្មទណ្ឌ​ ​កាលពី​ឆ្នាំ២០១៥ ​និង​ឆ្នាំ​២០១៨ ​បាន​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​ករណី​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ ​នៅ​លើ​បណ្ដាញ​សង្គម​ ​និង​គេហទំព័រ​ព័ត៌មាន។

របាយការណ៍​រក​ឃើញ​ដែរ​ថា មាន​ការ​កើន​ឡើង​ ការ​រឹតត្បិត​សិទ្ធ​សេរីភាព​ខ្លួនឯង​ ​ខណៈ​ដែល​សកម្មជន​ និង​អ្នកប្រើប្រាស់​ទូទៅ មាន​ការភ័យខ្លាច​នឹង​ការសងសឹក ​ស្រប​ពេល​ដែល​មាន​ការ​បង្កើន​ការ​ឃ្លាំមើល​កាន់តែ​ខ្លាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពីសំណាក់​របប​ក្រុង​ភ្នំពេញ។

របាយការណ៍​ដដែល​ឲ្យដឹង​ទៀត​ថា​ ​នៅ​មុន​ពេល​ព្រឹត្តិការណ៍​បោះឆ្នោត​ខែ​កក្កដា ​ឆ្នាំ​២០១៨ ​គណបក្ស​កាន់អំណាច​ ​បាន​ធានា​ជ័យជម្នះ​របស់​ខ្លួន​តាមរយៈ​ការ​បំភិត​បំភ័យ​ ​និង​ការ​ចាប់ខ្លួន​គូរ​បដិបក្ខ​នយោបាយ​ ​និង​ការ​រឹតត្បិត​សេរីភាព​របស់​ពួកគេ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

អង្គការ​ Freedom House ​រក​ឃើញ​ថា​ ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ ​និង​ការ​ឃោសនា ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​កំពុងតែ​បំពុល​ព័ត៌មាន​នៅ​លើ​លំហ​សាធារណៈ​មួយ​នេះ​ ​ហើយ​ថា​ក្រុម​ប្រទេស​មួយ​ចំនួន​កំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​គ្រប់គ្រង​ផ្ដាច់ការ​តាម​បែប​ឌីជីថល ​ដោយ​យក​តាម​គំរូ​តាម​ប្រទេស​កុម្មុយនិស្ត​ចិន​ តាមរយៈ​ការ​រឹតត្បិត​ខ្លាំង​ ​និង​ការប្រើប្រាស់​ប្រព័ន្ធ​ឃ្លាំមើល​ដោយ​ស្វ័យប្រវត្តិ។ របាយការណ៍​ក៏​បាន​ឲ្យដឹង​ដែរ​ថា​ ​ក្រុមហ៊ុន​ចិន​បាន​ផ្ដល់​ដល់​បណ្ដា​រដ្ឋាភិបាល​នានា ​ដែល​ល្បី​ខាង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​លើ​ពិភពលោក​ នូវ​ឧបករណ៍​បច្ចេកវិជ្ជា​ទំនើប​ចុងក្រោយ​ ​ដើម្បី​ជំនួយ​ដល់​ប្រតិបត្តិការ​ឃ្លាំមើល​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។

របាយការណ៍​ដដែល​ ​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​នៅ​ប្រទេស​អ៊ីរ៉ង់ (Iran) រុស្ស៊ី​ ​(Russia) ​អេហ្ស៊ីប ​(Egypt) ​វេណេហ្ស៊ុយអេឡា (Venezuela) បេឡារូស ​(Belarus) ​ចិន ( China ) ​និង​ប្រទេស​កម្ពុជា​ ​សុទ្ធសឹងតែ​បាន​ចាត់​វិធានការណ៍​ដើម្បី​បំបិទ​មាត់​សំឡេង​ឯករាជ្យ ​ជាពិសេស​តាមរយៈ​ការ​លើក​យក​ហេតុផល​ ​ឬ​លេស​ដែល​ថា​ ​មាន​តែ​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋអំណាច​ទេ ​ទើប​អាច​ជឿ​ទុកចិត្ត​បាន​ រវាង​ព័ត៌មាន​ពិត​ ​និង​ព័ត៌មាន​ប្រឌិត។

របាយការណ៍​ផ្ដល់​អនុសាសន៍​ថា​ ​ដើម្បីឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​អាច​រស់រាន​បាន​ក្នុង​យុគសម័យ​ឌីជីថល​នេះ​ ​ទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា ​ទាំង​រដ្ឋាភិបាល​ ​និង​ទាំង​សង្គម​ស៊ីវិល ​ត្រូវ​ធ្វើ​ការងារ​រួមគ្នា​ ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ពិតប្រាកដ​ ​ចំពោះ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការចាត់ចែង​ព័ត៌មាន​ដោយ​មិន​ស្មោះត្រង់​លើ​បណ្ដាញ​សង្គម​ និង​ការ​ប្រមូល​ទិន្នន័យ​ខុស​ច្បាប់។

អង្គការ​ Freedom House ​ចង់​ឃើញ​មាន​ការ​សម្របសម្រួល​ពហុ ​និង​អន្តរ​វិស័យ​ ​ចាំបាច់​ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល​ ​កំណត់​អត្តសញ្ញាណ​អ្នក​ប្រព្រឹត្តិ​ខុស​ច្បាប់​ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ ​អាច​បន្ត​បំប៉ោង​ព័ត៌មាន​មិន​ពិត​តទៅ​ទៀត​បាន​ឡើយ​។ អង្គការ​ Freedom House ​យល់ឃើញ​ថា​ ​សេរីភាព​អ៊ីនធឺណិត​ជា​សាកល ​គួរតែ​ក្លាយ​ជា​ឧបករណ៍​ ​ដើម្បី​លុបបំបាត់​ចោល​របប​ផ្ដាច់ការ​បែប​ឌីជីថល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល