អាជ្ញាធរ​ជាតិ​៖ បទល្មើស​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ

ដោយ ឡេង ម៉ាលី
2022.08.12
Share on WhatsApp
Share on WhatsApp
អាជ្ញាធរ​ជាតិ​៖ បទល្មើស​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ (រូបខាងឆ្វេង) ជនជាតិថៃ ដែល​ត្រូវ​បាន​ជនជាតិ​ចិន​បោក​បញ្ឆោត​ឱ្យ​ធ្វើការ​ឱ្យគេ ហើយត្រូវ​បានជនជាតិចិន​បង្ខាំង​ទុក នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២១។
រូបភាពពីពលរដ្ឋ និង​ហ្វេសប៊ុក​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស លើក​ឡើង​ថា អំពើ​ជួញដូរ​មនុស្ស​បាន​កើត​មាន​ឡើង​ទូទាំង​ពិភពលោក​ក្នុង​នោះ​រួមមាន​ទាំង​កម្ពុជា​ផង។ អាជ្ញាធរ​អះអាង​ថា របាយការណ៍​នានា ដែល​បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​លើ​ទឹកដី​កម្ពុជា​ចុង​ក្រោយ​នេះ សមត្ថកិច្ច​ក៏​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុម​ឧក្រិដ្ឋជន ដើម្បី​ធានា​ដល់​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​អាជ្ញាធរ​ស៊ើប​អង្កេត​លើ​ករណី​ជួញដូរ​មនុស្ស​នេះ ដោយ​ឈរ​លើ​ភាព​អព្យាក្រឹត្យ និង​តម្លាភាព ដើម្បី​ឱ្យ​មហាជន​មាន​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​អ្នកស្រី ជូ ប៊ុនអេង លើក​ឡើង​ថា ករណី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​កម្ពុជា​បាន​ប្រតិបត្តិការ​ចាប់​ជំរិត​មនុស្ស​ដោយ​មាន​កលល្បិច​ជា​ច្រើន​ទម្រង់។ អ្នកស្រី​ថា ការ​ជួញដូរ​មនុស្ស​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើត​មាន ពីព្រោះ​ពួក​គេ​បាន​ប្រើប្រាស់​វិទ្យាសាស្ត្រ​បែប​ទំនើប​ក្នុង​ការ​ជួញដូរ​មនុស្ស​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី​អះអាង​ថា អាជ្ញាធរ​កម្ពុជា នឹង​នៅ​តែ​បន្ត​សហការ​ជាមួយ​អង្គការ​ជំនាញ និង​បណ្ដា​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​រួម​គ្នា​ប្រឹងប្រែង​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​នៅ​លើ​ទឹកដី​កម្ពុជា ដើម្បី​ធានា​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​នៅ​កម្ពុជ៖ «ប៉ុន្តែ ដោយសារ​តែ​យើង​ឃើញ​ថា វា​មាន​សកម្មភាព​ថ្មី​ទៀត​របស់​ជន​ល្មើស។ យើង​បាន​ឃើញ​បាន​ទទួល​យក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង ដែល​បាន​លើក​ឡើង បទល្មើស​ថ្មីៗ ដែល​បាន​កើត​មាន​ឡើង​នៅ​លើ​ទឹក​ដី​កម្ពុជា។ ចំពោះ​យើង​ខ្ញុំ ដែល​ជា​អ្នក​ធ្វើ​ការងារ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ពិតជា​មាន​ការ​ឈឺចាប់​ខ្លាំង​ណាស់ ព្រោះ​យើង​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ មិន​ឱ្យ​រង​គ្រោះ​ពី​អំពើ​ជួញ​ដូរ​មនុស្ស។ ប៉ុន្តែ​ ទីបំផុត​គេ​នៅ​តែ​យក​ទឹក​ដី​កម្ពុជា ដើម្បី​មក​ធ្វើ​បទល្មើស​ឱ្យ​យើង​ប្រឈម»

អ្នកស្រី លើក​ឡើង​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី១២ ខែសីហា។

អ្នកស្រី ជូ ប៊ុនអេង ក៏​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក ដែល​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជាមកកម្រិតទី៣ ដែល​មាន​ន័យ​ថា ស្ថានភាព​ការ​ជួញដូរ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​អាក្រក់។ អ្នកស្រី​ថា កម្ពុជា​មិន​បាន​បដិសេធ​របាយការណ៍​សហរដ្ឋ​អាមេរិក និង​ហើយ​ស្រី​ទទួល​យក​របាយការណ៍​របស់​អាមេរិក​ដោយ​សារតី​ទទួល​ខុសត្រូវ និង​បន្ត​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។

ក្រៅ​ពី​នេះ អ្នកស្រី​បន្ថែម​ថា របាយការណ៍​របស់​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ ដែល​បាន​ត្រលាង​ត្រដាង​អំពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ដែល​កំពុង​ប្រតិបត្តិការ​នៅ​លើ​ទឹកដី​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នកស្រី​ស្វាគមន៍​ក្នុង​ការ​ផ្តល់​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា។ អ្នកស្រី​អះអាង​ទៀត​ថា អាជ្ញាធរ​ជំនាញ​ក៏​កំពុង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ទីតាំង និង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​តាម​បែប​បច្ចេកវិទ្យា​នៅ​លើ​ទឹក​ដី​កម្ពុជា​ដែរ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (LICAHDO) លោក អំ សំអាត សាទរ​ចំពោះ​ចំណាត់​អាជ្ញាធរ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​ជួញដូរ​មនុស្ស ដែល​ត្រូវ​បាន​លាត​ត្រដាង​ដោយ​ស្ថាប័ន​អន្តរជាតិ​អំពី​ការ​ឆបោក​ចាប់​ជំរិត​មនុស្ស​តាម​បែប​ទំនើប។ លោក​បន្ថែម​ថា ទន្ទឹម​នឹង​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ដោយ​ប្រើ​មធ្យោបាយ​កាន់តែ​ទំនើប​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ក៏​គួរតែ​មាន​ការ​វិវត្តន៍​យន្តការ​ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​លើ​ជន​ល្មើស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ​ដែរ៖ «សំខាន់​ការ​ប្រឹងប្រែង និង​ការ​ស៊ើប​អង្កេត របស់​រដ្ឋាភិបាល​ បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប។ ពិសេស មាន​តែ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ការ​ស៊ើបអង្កេត បង្ហាញ​ជា​របាយការណ៍​ទេ​ដែល​អាច​ធ្វើ​ឱ្យ​មាន​ជំនឿ​ទុក​ចិត្ត ដូចជា ការពារ​មុខ​មាត់​រដ្ឋាភិបាល​នោះ»

សារព័ត៌មាន​អន្តរជាតិ​ធំៗ និង​អាជ្ញាធរ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​បាន​រាយការណ៍​មក​ជា​បន្តបន្ទាប់ ចំពោះ​ករណី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​ការ​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​បង្ខំ​ឱ្យ​ធ្វើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឹណែត (Internet) ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ចិន​នៅ​លើ​ទឹកដី​ខ្មែរ។ ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន បាន​លាត​ត្រដាង​ថា ក្រុមហ៊ុន​ចិន​ឆបោក​នៅ​កម្ពុជា​ដំណើរ​ការ​ទៅ​បាន​សេរី ដោយ​សារ​ក្រុមហ៊ុន​ចិន​ទាំង​នោះ សុទ្ធ​សឹង​តែ​មាន​ទំនាក់ទំនង​គ្នា​ស្អិតល្មួត​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​មន្ត្រី ព្រម​ទាំង​ឧកញ៉ា ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

របាយការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ២០២២ ចេញ​ផ្សាយ​កាល​ពី​ខែកក្កដា បាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា​ចុះ​មក​លំដាប់​ទី៣ ដែល​មាន​ន័យ​ថា អាក្រក់​បំផុត និង​ពុំ​ធ្លាប់​មាន​ទេ ចាប់​តាំង​ពី​ឆ្នាំ២០១៥ មក។ របាយការណ៍​អាមេរិក​បង្ហាញ​ថា កម្ពុជា​ដើរ​ថយ​ក្រោយ និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស ដោយសារ​តែ​បញ្ហា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ បាន​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់​លើ​ក្រុម​ជន​ល្មើស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ជួប​អ្នក​គាំទ្រ នៅ​បុរី​ញូវយ៉ក ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។