អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើកឡើងថា អំពើជួញដូរមនុស្សបានកើតមានឡើងទូទាំងពិភពលោកក្នុងនោះរួមមានទាំងកម្ពុជាផង។ អាជ្ញាធរអះអាងថា របាយការណ៍នានា ដែលបង្ហាញពីឧក្រិដ្ឋកម្មជួញដូរមនុស្សនៅលើទឹកដីកម្ពុជាចុងក្រោយនេះ សមត្ថកិច្ចក៏កំពុងបើកការស៊ើបអង្កេតលើក្រុមឧក្រិដ្ឋជន ដើម្បីធានាដល់សុវត្ថិភាពប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិល ស្នើដល់អាជ្ញាធរស៊ើបអង្កេតលើករណីជួញដូរមនុស្សនេះ ដោយឈរលើភាពអព្យាក្រឹត្យ និងតម្លាភាព ដើម្បីឱ្យមហាជនមានជំនឿលើប្រព័ន្ធច្បាប់នៅកម្ពុជា។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង លើកឡើងថា ករណីឧក្រិដ្ឋកម្មជួញដូរមនុស្សរបស់ក្រុមឧក្រិដ្ឋជននៅកម្ពុជាបានប្រតិបត្តិការចាប់ជំរិតមនុស្សដោយមានកលល្បិចជាច្រើនទម្រង់។ អ្នកស្រីថា ការជួញដូរមនុស្សរបស់ក្រុមឧក្រិដ្ឋជននៅកម្ពុជានៅតែបន្តកើតមាន ពីព្រោះពួកគេបានប្រើប្រាស់វិទ្យាសាស្ត្របែបទំនើបក្នុងការជួញដូរមនុស្សនេះ។ ទោះជាយ៉ាងណាក្ដី អ្នកស្រីអះអាងថា អាជ្ញាធរកម្ពុជា នឹងនៅតែបន្តសហការជាមួយអង្គការជំនាញ និងបណ្ដាប្រទេសជាមិត្តមួយចំនួនរួមគ្នាប្រឹងប្រែងបង្ក្រាបករណីជួញដូរមនុស្សនៅលើទឹកដីកម្ពុជា ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅកម្ពុជ៖ « ប៉ុន្តែ ដោយសារតែយើងឃើញថា វាមានសកម្មភាពថ្មីទៀតរបស់ជនល្មើស។ យើងបានឃើញបានទទួលយកការផ្សព្វផ្សាយព័ត៌មានហ្នឹង ដែលបានលើកឡើង បទល្មើសថ្មីៗ ដែលបានកើតមានឡើងនៅលើទឹកដីកម្ពុជា។ ចំពោះយើងខ្ញុំ ដែលជាអ្នកធ្វើការងារចំពោះការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិតជាមានការឈឺចាប់ខ្លាំងណាស់ ព្រោះយើងខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារប្រជាពលរដ្ឋ មិនឱ្យរងគ្រោះពីអំពើជួញដូរមនុស្ស។ ប៉ុន្តែ ទីបំផុតគេនៅតែយកទឹកដីកម្ពុជា ដើម្បីមកធ្វើបទល្មើសឱ្យយើងប្រឈម » ។
អ្នកស្រី លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១២ ខែសីហា។
អ្នកស្រី ជូ ប៊ុនអេង ក៏បានឆ្លើយតបទៅនឹងរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣ ដែលមានន័យថា ស្ថានភាពការជួញដូរនៅកម្ពុជាស្ថិតក្នុងស្ថានភាពដ៏អាក្រក់។ អ្នកស្រីថា កម្ពុជាមិនបានបដិសេធរបាយការណ៍សហរដ្ឋអាមេរិក និងហើយស្រីទទួលយករបាយការណ៍របស់អាមេរិកដោយសារតីទទួលខុសត្រូវ និងបន្តខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបករណីជួញដូរមនុស្សនៅកម្ពុជា។
ក្រៅពីនេះ អ្នកស្រីបន្ថែមថា របាយការណ៍របស់ស្ថាប័នសារព័ត៌មានអន្តរជាតិ ដែលបានត្រលាងត្រដាងអំពីឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលកំពុងប្រតិបត្តិការនៅលើទឹកដីកម្ពុជានារយៈពេលចុងក្រោយនេះ អ្នកស្រីស្វាគមន៍ក្នុងការផ្តល់កិច្ចសហការជាមួយអាជ្ញាធរកម្ពុជា។ អ្នកស្រីអះអាងទៀតថា អាជ្ញាធរជំនាញក៏កំពុងបើកការស៊ើបអង្កេតទៅលើទីតាំង និងឧក្រិដ្ឋកម្មជួញដូរមនុស្សតាមបែបបច្ចេកវិទ្យានៅលើទឹកដីកម្ពុជាដែរ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (LICAHDO) លោក អំ សំអាត សាទរចំពោះចំណាត់អាជ្ញាធរក្នុងការស៊ើបអង្កេតលើករណីជួញដូរមនុស្ស ដែលត្រូវបានលាតត្រដាងដោយស្ថាប័នអន្តរជាតិអំពីការឆបោកចាប់ជំរិតមនុស្សតាមបែបទំនើប។ លោកបន្ថែមថា ទន្ទឹមនឹងក្រុមឧក្រិដ្ឋជនជួញដូរមនុស្សដោយប្រើមធ្យោបាយកាន់តែទំនើបនេះ អាជ្ញាធររដ្ឋាភិបាលក៏គួរតែមានការវិវត្តន៍យន្តការទប់ស្កាត់ និងអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងលើជនល្មើស ដែលជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនេះដែរ៖ « សំខាន់ការប្រឹងប្រែង និងការស៊ើបអង្កេត របស់រដ្ឋាភិបាល បង្ហាញពីឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់ និងការបង្ក្រាប។ ពិសេស មានតែលទ្ធផលនៃការស្រាវជ្រាវ ការស៊ើបអង្កេត បង្ហាញជារបាយការណ៍ទេដែលអាចធ្វើឱ្យមានជំនឿទុកចិត្ត ដូចជា ការពារមុខមាត់រដ្ឋាភិបាលនោះ » ។
សារព័ត៌មានអន្តរជាតិធំៗ និងអាជ្ញាធរនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនបានរាយការណ៍មកជាបន្តបន្ទាប់ ចំពោះករណីឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការចាប់បង្ខាំងមនុស្សធ្វើទារុណកម្មបង្ខំឱ្យធ្វើការឆបោកតាមប្រព័ន្ធអ៊ីនធឹណែត (Internet) ដែលប្រតិបត្តិការដោយក្រុមហ៊ុនចិននៅលើទឹកដីខ្មែរ។ ស្ថាប័នអន្តរជាតិមួយចំនួន បានលាតត្រដាងថា ក្រុមហ៊ុនចិនឆបោកនៅកម្ពុជាដំណើរការទៅបានសេរី ដោយសារក្រុមហ៊ុនចិនទាំងនោះ សុទ្ធសឹងតែមានទំនាក់ទំនងគ្នាស្អិតល្មួតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមមន្ត្រី ព្រមទាំងឧកញ៉ា ដែលមានឥទ្ធិពលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ ចេញផ្សាយកាលពីខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាចុះមកលំដាប់ទី៣ ដែលមានន័យថា អាក្រក់បំផុត និងពុំធ្លាប់មានទេ ចាប់តាំងពីឆ្នាំ២០១៥ មក។ របាយការណ៍អាមេរិកបង្ហាញថា កម្ពុជាដើរថយក្រោយ និងគ្មានឆន្ទៈក្នុងការលុបបំបាត់ការជួញដូរមនុស្ស ដោយសារតែបញ្ហាអំពើពុករលួយជាប្រព័ន្ធ បានរារាំងដល់ការអនុវត្តច្បាប់លើក្រុមជនល្មើស ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។