មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា កម្ពុជា​​នឹង​​មិន​​ទទួល​យក​​អនុសាសន៍​​ដែល​​មាន​​ចរិត​​នយោបាយ​​ពី​​អ្នក​រាយការណ៍​​ពិសេស អ.ស.ប នោះ​ទេ

ដោយ មាន ឫទ្ធិ
2021.10.05
មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា កម្ពុជា​​នឹង​​មិន​​ទទួល​យក​​អនុសាសន៍​​ដែល​​មាន​​ចរិត​​នយោបាយ​​ពី​​អ្នក​រាយការណ៍​​ពិសេស អ.ស.ប នោះ​ទេ (ឆ្វេង) លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា និងលោក វិទិត មុនតាប៊ន​(Vitit Muntarbhorn)​ អ្នក​រាយការណ៍​​ពិសេស​​របស់​​​អង្គការ​​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
រូប៖ ហ្វេសប៊ុកលោកទាំងពីរ

មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបានបញ្ជាក់​​ជំហរ​​ថា កម្ពុជា​​នឹង​​មិន​​ទទួល​យក​​អនុសាសន៍​​ទាំងឡាយ​​ណា​​របស់​​អ្នក​រាយការណ៍​​ពិសេស​​អង្គការ​​សហប្រជាជាតិដែល​​មាន​​ចរិត​​នយោបាយនិង​​ជ្រៀតជ្រែក​​កិច្ចការ​​ផ្ទៃក្នុង​​របស់​​កម្ពុជា​​នោះ​ទេ។ ការ​បញ្ជាក់​​ជំហរ​​បែប​​នេះ កើត​មាន​​ឡើង​​ស្របពេល​ដែល​​អ្នក​រាយការណ៍​​ពិសេស​​របស់​​អង្គការ​​សហប្រជាជាតិលោក វិទិត មុនតាប៊ន​​(Vitit Muntarbhorn)​​ នឹង​​ធ្វើ​បទបង្ហាញ​​អំពី​​របាយការណ៍​​លើកដំបូង​របស់​លោក​​ជុំវិញ​ស្ថានភាព​​សិទ្ធិមនុស្ស​នៅ​​កម្ពុជា នៅក្នុង​​សម័យ​​ប្រជុំ​លើកទី៤៨ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃពុធ ទី៦ ខែតុលានេះ។

មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាលលោក កត្តា អ៊ន អះអាង​ថា រដ្ឋាភិបាល​តែងតែ​ពិនិត្យមើល​រាល់​អនុសាសន៍​ទាំងឡាយ​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដរាបណា​មាន​ប្រយោជន៍​ដល់​កម្ពុជា។ តែ​លោកថា រដ្ឋាភិបាល​នឹង​មិនទទួល​យក​អនុសាសន៍​ទាំងឡាយណា​ដែល​មាន​ចរិត​នយោបាយ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​​របស់​កម្ពុជា​​នោះ​ទេ៖ «ជំហរ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ទទួលយក​អនុសាសន៍​ទាំងឡាយ​ណា​ដែល​ផ្ទុយ​ពី​ការពិត​នៅ​កម្ពុជា។ អនុសាសន៍​ទាំងឡាយ​ណា​ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ និង​អនុសាសន៍​ទាំងឡាយណា​ដែល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង។ ដូច្នេះ ឧទាហរណ៍ នៅក្នុង​របាយការណ៍ UPR កន្លងមកនេះ មាន ១៩៨ អនុសាសន៍។ អ៊ីចឹងកម្ពុជា​ទទួលយក១៧៣អនុសាសន៍។ ដូច្នេះហើយ យើង​មិនដែល​បដិសេធ យើង​មិនដែល​ទាត់ចោល ឬមួយ​ក៏​មិនដែល​ផាត់ចេញ​នូវ​អនុសាសន៍​ទាំងអស់​នោះទេ»

ទោះជាយ៉ាងណាលោក កត្តា អ៊ន បដិសេធ​បញ្ជាក់​លម្អិត​ថា តើ​អនុសាសន៍​ណាខ្លះ​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ មាន​ចរិត​នយោបាយ និង​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ។ លោកអះអាង​ថា ភាគី​រដ្ឋាភិបាល​នៅ​មិនទាន់​ឃើញ​អនុសាសន៍​ទាំងនោះ​ជាផ្លូវការ​នៅឡើយទេ ហើយ​កម្ពុជា​នឹង​ពិចារណា​នៅពេល​ដែល​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បញ្ចប់ និង​មាន​ការពិភាក្សា​គ្នា​នៅក្នុង​វេទិកា​នៃ​អង្គការ​សហប្រជាជាតិ។

ការបញ្ជាក់​ជំហរ​បែប​នេះ​ ធ្វើឡើង​ស្របពេល​ដែល​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិលោក វិទិត មុនតាប៊ន នឹង​ធ្វើបទបង្ហាញ​ពី​របកគំហើញ​នៃ​របាយការណ៍​លើកដំបូង​របស់​លោក​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ការកត់សម្គាល់​របស់លោក ទៅកាន់​សម័យប្រជុំ​លើកទី៤៨ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិនៅថ្ងៃទី០៦ ខែតុលា នេះ។ នៅថ្ងៃបន្ទាប់ គឺ​នៅថ្ងៃទី៧ ខែតុលា ក៏​នឹង​មាន​ការធ្វើ​បទបង្ហាញ​អំពី​របាយការណ៍​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ស្តីពី​តួនាទី និង​សមិទ្ធផល​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា ក្នុងការ​ចូលរួម​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល និង​ពលរដ្ឋ​កម្ពុជា​ឱ្យ​​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស។

នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូលោក អំ សំអាត កត់សម្គាល់​ថា ជាទូទៅ​ជាជាង​ទទួលយក​អនុសាសន៍​នានា​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​តែង​បដិសេធ​ដោយ​លើកយក​ហេតុផល​ថា របាយការណ៍​ទាំងនោះ​មិនឆ្លុះ​បញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​នោះទេ ឬក៏​ថា​របាយការណ៍​​ទាំង​នោះ​​មាន​​ចរិត​នយោបាយ ឬជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ជា​ដើម។ យ៉ាងណា លោក​ពន្យល់​ថា រដ្ឋាភិបាល​មិន​អាច​រួចផុត​ពី​កាតព្វកិច្ច​នានា​ដែល​ខ្លួន​បាន​សន្យា​ត្រូវ​ធ្វើតាម ដោយសារតែ​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​ឯកសារ​នានា​របស់​អន្តរជាតិ៖ «រដ្ឋ​ណា​ក៏ដោយ​មិនមែនថា​តែ​កម្ពុជា​ទេ នៅពេលដែល​ខ្លួន​ផ្តល់​សច្ចាប័ន​ហើយ​ត្រូវតែ​មាន​កាតព្វកិច្ច​នៅក្នុងការ​អនុវត្ត​ទៅតាម​បទដ្ឋាន​ដែល​យើង​បាន​ផ្តល់​សច្ចាប័ន ជាពិសេស​រដ្ឋធម្មនុញ្ញ​យើង​បាន​ទទួលស្គាល់​ទៅ​ទៀត។ អ៊ីចឹង ត្រូវតែ​ចែក​ឱ្យ​ដាច់​ថា​ អ្វីជា​កាតព្វកិច្ច អ្វីជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង។ អ៊ីចឹង បើយើង​ទទួលស្គាល់​បទដ្ឋាន​អន្តរជាតិ​ដែល​យើង​បាន​ផ្តល់​សច្ចាប័ន​អាហ្នុង​គេហៅថា​ ជា​កាតព្វកិច្ច​នៅក្នុង​ការអនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ទៅតាម​អ្វីដែល​យើង​បាន​ផ្តល់​សច្ចាប័ន។ អាហ្នុង​មិនមែន​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងទេ»

លោក អំ សំអាត ចង់ឃើញ​​រដ្ឋាភិបាល​ពិនិត្យមើល​របាយការណ៍ និង​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​នេះ ថាតើ​កម្ពុជា​នៅ​មាន​ការខ្វះខាត ឬខ្វះចន្លោះ​ត្រង់​ណា​ខ្លះ​​ដែល​​អាច​​យក​​មក​ធ្វើការ​កែលម្អ​បាន ជាជាង​បដិសេធ ឬ​ចោទប្រកាន់​ទៅវិញ​នោះ។ លោកថា វាជារឿង​ល្អ​ព្រោះ​អនុសាសន៍​ដាក់​ចេញ​ដោយ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ គឺ​ចង់ឃើញ​កម្ពុជា​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​នៃ​គោលការណ៍​សិទ្ធិមនុស្ស​ដើម្បី​ធានានូវ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ ដែល​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល។

របាយការណ៍​ដែល​អ្នករាយការណ៍​ពិសេសលោក វិទិត មុនតាប៊ន គ្រោង​នឹងយក​ទៅ​ធ្វើបទបង្ហាញ​នេះ ពិនិត្យ​មើលស្ថានភាព​ទូទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ចាប់ពី​ពាក់​កណ្តាល​ឆ្នាំ២០២០ រហូតមកទល់​នឹង​ខែឧសភា ឆ្នាំ២០២១។ របាយការណ៍​នេះ​បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ ១០ចំណុច។ ក្នុងចំណោម​អនុសាសន៍​​ទាំងនេះ លោក វិទិត មុនតាប៊ន ចង់ឃើញ​រដ្ឋាភិបាល​កែលំអ​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស បញ្ឈប់​ការស៊ើបអង្កេត និង​ការផ្តន្ទាទោស​ក្រុមអ្នករិះគន់ ព្រមទាំង​ធានានូវ​បរិយាកាស​សេរី និង​ពហុបក្ស​សម្រាប់​ការបោះឆ្នោត​ខាងមុខ។ សំខាន់​ជាងនេះ​ទៀត លោក​ចង់ឃើញ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​​បើក​​លំហ​​ដើម្បីឱ្យ​មាន​កិច្ចសន្ទនា ការផ្សះផ្សាជាតិ និង​ការស្តា​ស្ថាប័ន​ជាតិឡើងវិញ។ លោក​ព្រមាន​ថា សុខសន្តិភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព មិន​អាច​សម្រេច​ទៅបាន​នៅ​កម្ពុជា​នោះទេ លុះត្រាណាតែ​អំណាច​ត្រូវបាន​ចែករំលែក​ក្នុងចំណោម​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​មាន​ភាព​ចម្រុះ ដើម្បី​ឱ្យ​ពួកគេ​ម្នាក់ៗ​ទទួលបាន​អារម្មណ៍​ថា ​ពួកគេ​គឺជាម្ចាស់​កំណត់​ជោគវាសនា​របស់​ប្រទេសជាតិ​ទាំងអស់គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។