អ្នកឃ្លាំមើលសិទ្ធិពលរដ្ឋ ថា រដ្ឋាភិបាលយឺតយ៉ាវ ក្នុងការបញ្ជាឱ្យស៊ើបអង្កេត ការស្លាប់របស់ទារិកាអាយុ៥ខែ ដែលរស់នៅជាមួយម្ដាយកំពុងជាប់ឃុំក្នុងពន្ធនាគារ។ បើទោះ យ៉ាងណា សង្គមស៊ីវិលសង្ឃឹមថា ក្រោយការស៊ើបអង្កេតម្ដងនេះ រដ្ឋាភិបាលអាចមានចំណាត់ការ ក្នុងការកែប្រែស្ថានភាពអាក្រក់ ការរំលោភសិទ្ធិមនុស្សទាំងក្នុង និងក្រៅពន្ធនាគារ។
ការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ក្រោយពេល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសកាលពីថ្ងៃទី១៩ កុម្ភៈ ថា នឹងបើកការស៊ើបអង្កេត ការស្លាប់របស់ទារិកាអាយុ ៥ខែ បើទោះ គ្មានសំណូមពរពីអង្គការសិទ្ធិមនុស្សក៏ដោយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ស្វាគមន៍ចំណាត់ការ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែលោក ថា ចំណាត់ការនេះ មានភាពយឺតយ៉ាវ ព្រោះ ការស្លាប់របស់ទារិកា ជិត ១ខែមកហើយ និងទាល់តែមានរបាយការណ៍ពីខាងអង្គការលីកាដូ ទើបរដ្ឋាភិបាលបង្ហាញឆន្ទៈ ថា បើកការស៊ើបអង្កេត។
ម្យ៉ាងទៀត លោក យង់ គិមអេង សង្កេតឃើញថា ការស៊ើបអង្កេតករណីមិនប្រក្រតីកន្លងមក រដ្ឋាភិបាល មិនបានចាត់វិធានការច្បាស់លាស់ទេ ដែលធ្វើឱ្យករណីរំលោភលើសិទ្ធិជនជាប់ឃុំ នៅតែកើតឡើងដដែលៗ។ លោក ចង់ឱ្យរដ្ឋាភិបាលចាត់វិធានការឱ្យច្បាស់លាស់ នឹងតឹងរ៉ឹង ក្រោយពេល ស៊ើបអង្កេតរកឃើញភាពមិនប្រក្រតីនេះរួច៖ «មន្ត្រីនៅក្នុងពន្ធនាគារនោះ អត់បានរាយការណ៍មកដល់ក្រសួង ឬក៏យ៉ាងម្ដេច ? នេះជារឿងមួយសំខាន់ណាស់ណា។ បើសិនណា ខ្វះចំណាត់ការនៃការរាយការណ៍ ឬក៏មានការលាក់ព័ត៌មាន ដែលក្រសួងអត់ដឹងហ្នឹង អាហ្នឹងត្រូវតែមានទោសទណ្ឌធ្ងន់ធ្ងរតទៅទៀតហើយ។ ឬក៏ថា ក្រសួងមិនទាន់រៀបចំក្រុមស៊ើបអង្កេតអ្វី ឱ្យបានលឿន។ ប៉ុន្តែពាក់ព័ន្ធនឹងការស្លាប់មនុស្ស គួរតែរៀបចំក្រុមស៊ើបអង្កេតឱ្យបានលឿន ជាជាងទុកពេលវេលាយូរអ៊ីចឹងណា»។
កាលពីថ្ងៃទី១៩ កុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឱ្យសមត្ថកិច្ចស៊ើបអង្កេត ការស្លាប់របស់ទារិកាអាយុ ៥ ខែម្នាក់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ដែលទារិកានោះ រស់នៅជាមួយម្ដាយកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែម២។ លោក ស ខេង ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រសួងមហាផ្ទៃ ថា ករណីនេះ បើទោះគ្មានសំណូមពរពីខាងអង្គការលីកាដូ ក៏សមត្ថកិច្ច ត្រូវតែធ្វើការស៊ើបអង្កេតដែរ៖ «អាហ្នឹង យើងត្រូវតែស៊ើបអង្កេតហើយ មិនបាច់គាត់អំពាវនាវ ក៏យើងត្រូវស៊ើបអង្កេត»។
ប៉ុន្តែទារិកានេះ ស្លាប់ជិតមួយខែមកហើយ គឺស្លាប់កាលពីថ្ងៃអាទិត្យ ទី២៦ មករា និងទាល់តែអង្គការលីកាដូ បង្ហាញរបាយការណ៍ជាសាធារណៈ នៅថ្ងៃទី១៨ កុម្ភៈ ទើបអាជ្ញាធរ បានបង្ហាញឆន្ទៈ ស៊ើបអង្កេត ជាបន្តបន្ទាប់។
គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានចេញមុខ ការពារភាពត្រឹមត្រូវ របស់អាជ្ញាធរពាក់ព័ន្ធ ថា ការស្លាប់របស់ទារិកា ដោយសារ អាការៈជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ដល់ថ្នាក់មិនអាចជួយសង្គ្រោះបាន។ គណៈកម្មការនេះ អះអាងថា ក្រុមគ្រូពេទ្យថត ឃើញថាទារិការងគ្រោះ សណ្ដកឆ្អឹង និងបានយកចិត្តទុកដាក់ព្យាបាល ដោយគ្មានការធ្វើប្រហែលម្ដងសោះ។ ឯខាងពន្ធនាគារក៏មានការសោកស្ដាយដែរ។
ប៉ុន្តែអង្គការលីកាដូ រកឃើញថា មូលហេតុដំបូង គឺទារិកា បាក់ឆ្អឹងភ្លៅ មិនមែនសណ្ដកឆ្អឹងទេ។ លីកាដូ ថា ការស្លាប់នេះ មានការពាក់ព័ន្ធ នឹងភាពមិនស៊ីសង្វាក់គ្នា រវាងមន្ត្រីពន្ធនាគារ និងគ្រូពេទ្យ នៅមន្ទីរពេទ្យរុស្ស៊ី និងពេទ្យកុមារជាតិ ដែលបញ្ជូនទារិការងគ្រោះចុះឡើង មិនព្រមអនុញ្ញាតឱ្យក្មេងរងគ្រោះបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ អ្នកការពារសិទ្ធិមនុស្ស ហៅការប្រកាសព័ត៌មានរបស់គណៈកម្មការសិទ្ធិមនុស្ស ថា មិនឆ្លុះបញ្ចាំងការពិត។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យសង្គមកម្ពុជា លោក សន ជ័យ យល់ថា ដើម្បីកាត់បន្ថយ ឬលុបបំបាត់ករណីរំលោភសិទ្ធិមនុស្សបែបនេះ ចាំបាច់ក្រសួងមហាផ្ទៃ ត្រូវបើកចំហឱ្យបានទូលាយក្នុងការចូលរួម តាមដានការងាររបស់មន្ត្រីក្នុងពន្ធនាគារ ពីភាគីពាក់ព័ន្ធ ពិសេសការចូលរួមរបស់សង្គមស៊ីវិល។ បើគ្មានការបើកចំហឱ្យចូលរួមចំណែកទេ បញ្ហានេះ នឹងនៅតែកើតឡើងបន្ត៖ «បើគ្មានដំណោះស្រាយ ឬក៏គ្មានមធ្យោបាយណាមួយ ដើម្បីជាការរួមចំណែក យើងយល់ថា បញ្ហានេះ នឹងនៅតែបន្តដដែល។ ការបើកទូលាយនៅក្នុងការតាមដានការងាររបស់ពន្ធនាគារ គួរតែកើតមាន ហើយផ្ដល់ឱកាសឱ្យ NGO ពិនិត្យមើលបញ្ហានេះ»។
ទារិកា អាយុ៥ខែ ដែលរស់នៅជាមួយម្ដាយកំពុងជាប់ឃុំ ក្នុងមណ្ឌលអប់រំកែប្រែម២ ឬគុកព្រៃស បានស្លាប់ ដោយសារតែ រលាកសួត និងខ្វះអាហារូបត្ថម្ភ។ ម្ដាយរបស់ទារិការងគ្រោះ ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារ នៅពាក់កណ្ដាលឆ្នាំ២០១៩ នៅពេលស្ត្រីនោះ មានគភ៌៨ខែ ជិតដល់ថ្ងៃឆ្លងទន្លេ។ មន្ត្រីតុលាការ បញ្ជាឱ្យឃុំខ្លួនស្ត្រីនោះ ដោយមូលហេតុ ថា បានកាន់កាប់កញ្ចប់គ្រឿងញៀន មានតម្លៃប្រហែល១ម៉ឺនរៀល ស្មើ២,៥ដុល្លារអាមេរិក។ ការឃុំខ្លួនបណ្ដោះអាសន្ន ជាងកន្លះឆ្នាំមកនេះ ស្ត្រីរូបនោះ មិនមានមេធាវី មិនទទួលបានការណែនាំពីសិទ្ធិរបស់ខ្លួន និងមិនទាន់ទទួលបានការជម្រះក្ដីនៅឡើយទេ។
អង្គការលីកាដូថា ការស្លាប់ដ៏ខ្លោចផ្សារ ក្នុងករណីនេះ បង្ហាញពីតម្រូវការចាំបាច់ សម្រាប់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្ដល់អាទិភាព សិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដទៃទៀត ដែលមានកូនតូច នៅជាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។