"រដ្ឋាភិបាលបារម្ភពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ ដូចអ្នករាយការណ៍ពិសេសUN”
2021.10.07
តំណាងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លើកឡើងថា រដ្ឋាភិបាល ក៏ព្រួយបារម្ភពីស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារដែរ និងកំពុងចាត់វិធានការដោះស្រាយបញ្ហានេះជាបន្តបន្ទាប់។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា អ្នកជាប់ឃុំនៅក្នុងពន្ធនាគារបន្តកើនឡើងច្រើនគួរឲ្យព្រួយបារម្ភ និងជំរុញឲ្យរដ្ឋាភិបាល ចាត់វិធានការចាំបាច់ជាបន្ទាន់ដើម្បីកាត់បន្ថយភាពចង្អៀតណែននោះ។
មន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលើកឡើងថា បញ្ហាពន្ធនាគារចង្អៀតណែននេះ ក៏ជាកង្វល់របស់អាជ្ញាធរពាក់ព័ន្ធដែរ មិនមែនតែជាកង្វល់របស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះទេ។
សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី៧ តុលាថា អាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនេះជាយូរមកហើយ ដូចជាការពន្លឿនដោះស្រាយសំណុំរឿងកកស្ទះនិងការដោះលែងជនជាប់ឃុំដែលប្រព្រឹត្តបទល្មើសស្រាលៗ។ លោកបញ្ជាក់ថា មូលហេតុដែលពន្ធនាគារបន្តចង្អៀតណែន ដោយសារបទល្មើសកើនឡើងជាពិសេសបញ្ហាគ្រឿងញៀន និងរដ្ឋាភិបាលខ្វះលទ្ធភាពពង្រីកអាគារពន្ធនាគារបន្ថែមទៀត។ ទោះជាយ៉ាងណា លោកអះអាងថា ក្នុង ស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នេះ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរពន្ធនាគារ បានយកចិត្តទុកដាក់ទប់ស្កាត់ជំងឺកូវីដ និងព្យាបាលអ្នកឆ្លងជំងឺកូវីដ ដើម្បីធានាសុវត្ថិភាពនិងសុខភាពជូនជនជាប់ឃុំគ្រប់រូប៖ «យើងមិនមែនទុកគាត់នៅតែឯង យើងមិនមែនមិនគិតគូរគាត់នោះទេ។ យើងប្រឹងប្រែងគិតគូរគាត់តាំងពីដើមទីម្ល៉េះ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនោះ យើងទទួលស្គាល់ថា វាមានភាពចង្អៀត វាមានអាគារទ្រុឌទ្រោម។ យើងត្រូវការថវិកាយើងត្រូវការធនធានក្នុងការពង្រីកអាគារទាំងអស់នោះ ឲ្យទូលំទូលាយ ទីតាំងសុវត្ថិភាព។ កន្លងមក យើងឃើញមានប្រទេសមួយចំនួនដែលជាប្រទេសផ្តល់ជំនួយ ដូចជាអូស្ត្រាលីជាដើម យើងបានប្រឹងប្រែងសហការគ្នាដើម្បីកសាងអាគារពន្ធនាគារថ្មីៗ ធ្វើយ៉ាងណាយើងរក្សាសុវត្ថិភាពជូនគាត់ ធ្វើយ៉ាងណាអនុវត្តវិធានការសុខាភិបាល ទៅលើអ្នកជាប់ឃុំទាំងអស់នោះ ដូចជាប្រជាជននៅខាងក្រៅដែរ ដើម្បីការពារកុំឲ្យជំងឺកូវីដរីករាលដាលក្នុងពន្ធនាគារ»។
ទោះជាយ៉ាងណា ស្របពេលដែលមន្ត្រីរដ្ឋាភិបាលរូបនេះទទួលស្គាល់ពីបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីជូនព័ត៌មានដាច់ដោយឡែកមួយទៀត ដើម្បីឆ្លើយតបបន្ថែម នៅថ្ងៃដដែលនេះ។ ស្ថាប័ននេះ លើកឡើងថា ការអំពាវនាវឲ្យដោះលែងអ្នកទោសរបស់ អង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ មិនមែនជាវិធានការសមស្របនោះទេ ផ្ទុយទៅវិញ នឹងនាំឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
ការបកស្រាយ និងប្រតិកម្មទាំងនេះ ធ្វើឡើងក្រោយពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុសុ្សនៅកម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បង្ហាញក្តីព្រួយបារម្ភអំពីស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារនៅកម្ពុជា។ លោក វិទិត មុនតាប៊ន បានលើកឡើងពីកង្វល់បែបនេះនៅក្នុងរបាយការណ៍លើកដំបូងរបស់លោកដែលត្រូវបង្ហាញក្នុងសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ តុលា។ លោកពិនិត្យឃើញថា ស្ថានភាពជនជាប់ឃុំក្នុងពន្ធនាគារ កើនឡើងច្រើនជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ ជាពិសេសក្នុងពេលឆ្លងរាតត្បាតជំងឺកូវីដ-១៩នេះ។ លោកបន្តថា ពន្ធនាគារនៅកម្ពុជាបច្ចុប្បន្ននេះ កំពុងផ្ទុកអ្នកជាប់ឃុំលើសរហូតដល់ ៣០០ភាគរយដែលមិនអាចឲ្យពួកគេរក្សាគម្លាតសុវត្ថិភាពបានទេ។
អ្នករាយការណ៍ពិសេសរូបនេះ រំលឹកថា ក្នុងសារលិខិតមួយច្បាប់កាលពីខែធ្នូ ឆ្នាំ២០២០ អ្នករាយការណ៍ពិសេសលើកមុន និងអ្នករាយការណ៍ពិសេសម្នាក់ទៀត ក៏បានបង្ហាញកង្វល់ចំពោះកង្វះខាតការធ្វើតេស្ដនានាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ សម្រាប់អ្នកជាប់ឃុំ ហើយនិងហានិភ័យផ្សេងៗនៃការប្រឈមនឹងជំងឺនេះនៅក្នុងពន្ធនាគារ ព្រមទាំងភាពចង្អៀតណែនខ្លាំង។ ក្រៅពីនេះ ក៏មានដែរសេចក្តីថ្លែងការណ៍ស្ដីពីនីតិវិធីពិសេសមួយចំនួនដែលអំពាវនាវឱ្យមានការធ្វើតេស្ដជាចាំបាច់លើអ្នកដែលនៅក្នុងពន្ធនាគារ ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩។ ក្រោយមកទៀត នៅថ្ងៃទី២៧ ខែឧសភា អ្នករាយការណ៍ពិសេស ក៏បានដឹងអំពីការផ្ទុះជំងឺកូវីដក្នុងពន្ធនាគារចំនួន៣ ដែលធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង អំពីដំណើរការទទួលបានការព្យាបាលដ៏សមរម្យ និងសមធម៌សម្រាប់អ្នកជាប់ឃុំ ព្រមទាំងលទ្ធភាពនៃការឆ្លងរាតត្បាតវីរុសកូវីដនៅតាមពន្ធនាគារនិងមន្ទីរឃុំឃាំងផ្សេងៗ។ ដោយសារតែពន្ធនាគារចង្អៀតណែនបែបនេះ លោក វិទិត មុនតាប៊ន អំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល ចាត់វិធានការទៅតាមច្បាប់និងគោលនយោបាយ ដើម្បីកាត់បន្ថយចំនួនអ្នកជាប់ឃុំនៅក្នុងពន្ធនាគារឲ្យបានឆាប់រហ័ស។
ជុំវិញរឿងនេះនាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គឺជារឿងត្រឹមត្រូវ និងឆ្លុះបញ្ចាំងពីការពិត។ លោកកត់សម្គាល់ថា វិធានការរបស់រដ្ឋាភិបាលកន្លងមក ដូចជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងរបស់ក្រសួងយុត្តិធម៌ជាដើម នៅមិនទាន់អាចកាត់បន្ថយភាពចង្អៀតណែនឲ្យមានប្រសិទ្ធភាពបានទេ។ លោកយល់ថា ដើម្បីដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាល គួរតែចាត់វិធានការជាបន្ទាន់មួយចំនួនដូចជា កែទម្រង់ប្រព័ន្ធយុត្តិធម៌ ពន្លឿនការដោះលែងអ្នកជាប់ឃុំដែលមានបទល្មើសតូចតាច ព្រមទាំងដោះលែងអ្នកជាប់ឃុំដែលត្រូវបានឃុំខ្លួនដោយគ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ដូចជាសកម្មជនសិទ្ធិមនុស្ស សង្គម និងបរិស្ថាន ជាដើម៖ «ការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាល វាអត់មានអីភ្ញាក់ផ្អើលទេ ព្រោះយើងឃើញជាបទពិសោធន៍កន្លងមក ប៉ុន្តែទិដ្ឋភាពជាក់ស្តែង យើងទាំងអស់គ្នាជាសង្គមស៊ីវិល ជាពិសេសស្ថាប័នដែលពាក់ព័ន្ធក្នុងរដ្ឋាភិបាល គួរតែរកយន្តការ ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារឲ្យបានឆាប់កាន់តែល្អ ពីព្រោះទី១ ជំងឺរាតត្បាតនៃកូវីដ-១៩ មួយហើយ។ បញ្ហាទី២ ជំងឺឆ្លងផ្សេងៗ បញ្ហាទី៣ វាធ្វើឲ្យប៉ះពាល់ទៅលើសិទ្ធិក្នុងការរស់នៅរបស់អ្នកជាប់ឃុំ ព្រោះភាពចង្អៀតណែន វាប៉ះពាល់ច្រើន។ បើស្ថានភាពចង្អៀតណែននៅតែកើតបន្តទៅទៀត ដូច្នេះផលវិបាក ក្រៅពីជនជាប់ឃុំ ក៏ធ្លាក់ទៅលើអនុរក្សពន្ធនាគារដែរ»។
របាយការណ៍របស់អង្គការលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ បង្ហាញថា ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជា មានចំនួនជិត ៤ម៉ឺន (៣៨.៩៩០) នាក់ គិតត្រឹមខែមីនា ឆ្នាំ២០២០។ នេះជាចំនួនដ៏ច្រើនលើសលប់ ពីព្រោះពន្ធនាគារនៅកម្ពុជាត្រូវបានប៉ាន់ប្រមាណថា អាចផ្ទុកមនុស្សបានត្រឹមចំនួនជាង ២ម៉ឺន ៦ពាន់ (២៦. ៥៩៣)នាក់ប៉ុណ្ណោះ។ អង្គការទាំងនេះបញ្ជាក់ថា ការកើនឡើងចំនួនជនជាប់ឃុំនេះ គឺបន្ទាប់ពីមានយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងដោយសារការកើនឡើងច្រើនហួសហេតុនៃការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការជម្រះក្តី។ បញ្ហានេះបង្កើតឱ្យមានប្រព័ន្ធនៃការឃុំខ្លួនយ៉ាងធំសម្បើម ដែលជិត ៧៥%នៃអ្នកជាប់ឃុំទាំងនេះ មិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ។ ការផ្ទុកមនុស្សលើសចំណុះក្នុងពន្ធនាគារនេះ បានធ្វើឱ្យអ្នកជាប់ឃុំរស់នៅទាំងលំបាកលំបិន ខ្វះអនាម័យ ប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។