មន្ត្រីបក្សកាន់អំណាចចាត់ទុកការលើកឡើងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិដែលថា ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ។ ប៉ុន្តែសង្គមស៊ីវិល ដែលធ្វើការលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស នៅក្នុងស្រុកស្នើឱ្យរដ្ឋាភិបាល ពិនិត្យមើលចំពោះការលើកឡើងរបស់អង្គការអន្តរជាតិ ជាជាងបដិសេធចោល។
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចបដិសេធចំពោះលើកឡើងរបស់អង្គការសិទ្ធិ មនុស្សអន្តរជាតិដែល ថា កម្ពុជាកំពុងធ្លាក់ ចូល ទៅរបបផ្ដាច់ការនោះថា មិនបានឆ្លុះបញ្ចាំងការពិត ពីព្រោះបច្ចុប្បន្ននេះ រដ្ឋាភិបាលបានបើកលំហសិទ្ធិ សេរីភាព សម្រាប់ប្រជាពលរដ្ឋ និងអ្នកនយោបាយ។
អ្នកនាំពាក្យប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ធ្នូ ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ពេញលេញ ប្រជាពលរដ្ឋខ្មែររស់នៅសុខដុមរមនា ដោយគ្មានការរំលោភសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ និងគ្មានបញ្ហាអសន្តិសុខ កើតឡើងនោះទេ។
លោក សុខ ឥសាន៖ «ចោទថា រដ្ឋាភិបាលដឹកនាំបែបផ្ដាច់ការវាអត់មានទេ។ បើមាន លទ្ធិប្រជាធិបតេយ្យទូលំទូលាយ បើមានការគោរពសិទ្ធិ មនុស្សល្អ មាន សន្តិភាពហើយ ការចោទប្រកាន់ដឹកនាំផ្ដាច់ការនោះវាអត់មានទេ ។ បើផ្ដាច់ការ គណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាចមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតរហូតដល់៨២,៣០ ភាគរយ។ យើងចាំ មើលគណបក្សនៅលើពិភពលោក សួរថា តើគណបក្សដែលជាប់ឆ្នោតប៉ុន្មានភាគរយវាយច្រើនតែ៥០ទៅ៦០ ភាគរយប៉ុណ្ណោះទេ មិនដូចគណបក្សប្រជាជនកម្ពុជាមានការគាំទ្រអត្រាខ្ពស់ដែលប្រជាជនគាំទ្រសឹងតែទូទាំងប្រទេសទៅហើយទេ»។
ការបដិសេធនេះ ស្របពេលអង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន៦ បានធ្វើលិខិត ចំហរួមគ្នាមួយដាក់ទៅសភាអឺរ៉ុប និងប្រទេសប្រជាធិបតេយ្យមួយចំនួន ដោយសំដែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា។
អង្គការទាំងនេះ បានចាត់ទុកថា កម្ពុជាកំពុងធ្លាក់ចូលទៅរបបផ្ដាច់ការ ក្រោយពីរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៣។
អង្គការទាំងនេះ រួមមានអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Hunman Rights Watch) បណ្ដាញ ប្រជាធិបតេយ្យអាស៊ី (ADN) វេទិកាអាស៊ាន សម្រាប់សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (Forum-Asian) សមាជិកសភាអាស៊ាន និងអង្គការអាន់ហ្វ្រែល (ANFREL) ជាដើម។
អង្គការទាំងនេះបានធ្វើលិខិតចំហរួមគ្នា ដាក់ទៅសភាអឺរ៉ុប និងប្រទេស ប្រជាធិបតេយ្យមួយចំនួនទៀត ដូចជា ជប៉ុន (Japan) អាមេរិក ( United Stated) កាណាដា (CANADA) អូស្ត្រាលី (Australia)និង ប្រទេសមួយចំនួនទៀត។
ក្រុមអង្គការអន្តរជាតិទាំង៦ បានអំពាវនាវឲ្យប្រទេសទាំងនេះ ចាត់វិធានការជាបន្ទាន់ នៅមុនពេលរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត រៀបចំការបោះឆ្នោត នៅដើមឆ្នាំ២០២៤ ហើយនៅតែផាត់ ចោលគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងនៅកម្ពុជានោះ។
លិខិតចំហបញ្ជាក់ទៀតថា កម្ពុជាបានធ្លាក់ទៅក្នុងរបបផ្ដាច់ការ រាប់ចាប់តាំងការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់តុលាការ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។
អាជ្ញាធររដ្ឋាភិបាលគំរាមកំហែងសកម្មជនគណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេស និងមានករណីលួចវាយសកម្មជនបក្សប្រឆាំងតាមផ្លូវឥតត្រាប្រណី ជាច្រើនករណី តែអាជ្ញាធររដ្ឋាភិបាលមិនបានរកយុត្តិធម៌ ជូនជនរងគ្រោះទាំងនោះឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ថា រដ្ឋាភិបាលកម្ពុជាគួរពិនិត្យមើលចំពោះចំណុចខ្វះខាតរបស់ខ្លួនឡើងវិញ ក៏ដូចជាទទួលយកអនុសាសន៍របស់អង្គការអន្តរជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាជាងច្រានចោលបែបនេះ។
លោកថា ការបដិសេធរបស់រដ្ឋាភិបាលនេះ នឹងធ្វើឱ្យកម្ពុជាបាត់បង់អត្ថប្រយោជន៍ ផ្សេងៗបន្ថែមទៀត ក្រៅពីប្រព័ន្ធអនុគ្រោះ EBA ២០ភាគរយពីអឺរ៉ុប និងប្រព័ន្ធអនុគ្រោះ GSP ពីសហរដ្ឋអាមេរិក ខណៈសហគមន៍អន្តរជាតិ នៅតែបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ។
លោក អំ សំអាត៖ «បើកម្ពុជាយើងពិនិត្យហើយធ្វើការកែលម្អទី១ កម្ពុជាមានមុខមាត់ កេរ្តិ៍ឈ្មោះបន្ថែមទៀតសម្រាប់កម្ពុជានៅលើឆាកអន្តរជាតិទី២ អាចទទួលបាន ផលចំណេញផ្សេងទាក់ទងនឹងហើយការវិនិយោគផ្សេងៗទៀតពីបណ្ដាលប្រទេសសេរីពីព្រោះបើសិនជាលក្ខខណ្ឌដែលគេរិះគន់អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សមិនទាន់មានភាពល្អប្រសើរ។ អាហ្នឹងក៏ប៉ះពាល់សម្រាប់ វិនិយោគទុនបណ្ដាលប្រទេសលោកខាងលិច គេនឹងពិចារណារឿងផងដែរ»។
នៅពេលកូនប្រុសលោក ហ៊ុន សែន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តនោះ លោកគ្មានអ្វីផ្លាស់ប្ដូររបៀបនៃការដឹកនាំឡើយ។
រដ្ឋបាលដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅតែគំរាមកំហែងសកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន ចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និងនៅតែមានករណីប្រើអំពើហិង្សា លួចវាយសកម្មជនតាមផ្លូវ គ្មានត្រាប្រណី មិនខុសពីរដ្ឋបាលដឹកនាំ របស់ឪពុកនោះឡើយ។ក្រុមអង្គការអន្តរជាតិទាំង៦នេះ ក៏ទទួលឲ្យរដ្ឋបាលរបស់លោក ហ៊ុន ម៉ាណែត បញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់ទំរង់ជាបន្ទាន់ និងអំពាវនាវឲ្យដោះ លែងសកម្មជន នយោបាយ ដោយឥតលក្ខខណ្ឌ។ ពួកគេក៏អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បើកឲ្យរៀបចំការបោះឆ្នោតព្រឹទ្ធសភានៅឆ្នាំ២០២៤ ដោយ សេរី និងត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។