មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ការ​លើកឡើង​របស់​អង្គការ​អន្តរជាតិ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​របប​ផ្ដាច់ការ

0:00 / 0:00

មន្ត្រី​បក្ស​កាន់​អំណាច​ចាត់ទុក​ការ​លើកឡើង​របស់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ថា ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើកកម្ពស់​ផ្នែក​សិទ្ធិមនុស្ស នៅក្នុង​ស្រុក​ស្នើ​ឱ្យ​រដ្ឋាភិបាល ពិនិត្យមើល​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​អន្តរជាតិ ជាជាង​បដិសេធ​ចោល។

មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​បដិសេធ​ចំពោះ​លើកឡើង​របស់​អង្គការ​សិទ្ធិ មនុស្ស​អន្តរជាតិ​ដែល ថា កម្ពុជា​កំពុង​ធ្លាក់ ចូល ទៅ​របប​ផ្ដាច់ការ​នោះ​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​ការពិត ពីព្រោះ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​បាន​បើក​លំហ​សិទ្ធិ សេរីភាព សម្រាប់​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ។

អ្នកនាំពាក្យ​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ធ្នូ ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​សន្តិភាព ពេញលេញ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សុខដុមរមនា ដោយ​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ និង​គ្មាន​បញ្ហា​អសន្តិសុខ កើតឡើង​នោះ​ទេ។

លោក សុខ ឥសាន៖ «ចោទ​ថា រដ្ឋាភិបាល​ដឹកនាំ​បែប​ផ្ដាច់ការ​វា​អត់​មាន​ទេ​។ បើ​មាន លទ្ធិ​ប្រជាធិបតេយ្យ​ទូលំទូលាយ បើ​មាន​ការគោរព​សិទ្ធិ មនុស្ស​ល្អ មាន សន្តិភាព​ហើយ ការ​ចោទប្រកាន់​ដឹកនាំ​ផ្ដាច់ការ​នោះ​វា​អត់​មាន​ទេ ។ បើ​ផ្ដាច់ការ គណបក្ស​ប្រជាជន ដែល​ជា​គណបក្ស​កាន់​អំណាច​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការបោះ​ឆ្នោត​រហូតដល់​៨២,៣០ ភាគរយ​។ យើង​ចាំ មើល​គណបក្ស​នៅ​លើ​ពិភពលោក សួរ​ថា តើ​គណបក្ស​ដែល​ជាប់ឆ្នោត​ប៉ុន្មាន​ភាគរយ​វាយ​ច្រើនតែ​៥០​ទៅ​៦០ ភាគរយ​ប៉ុណ្ណោះ​ទេ មិន​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​មានការ​គាំទ្រ​អត្រា​ខ្ពស់​ដែល​ប្រជាជន​គាំទ្រ​សឹងតែ​ទូទាំង​ប្រទេស​ទៅ​ហើយ​ទេ»។

ការ​បដិសេធ​នេះ ស្រប​ពេល​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៦ បាន​ធ្វើ​លិខិត ចំហ​រួមគ្នា​មួយ​ដាក់​ទៅ​សភា​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន ដោយ​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្លាក់ចុះ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

អង្គការ​ទាំងនេះ បាន​ចាត់ទុកថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​របប​ផ្ដាច់ការ ក្រោយពី​រៀបចំ​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០២៣។

អង្គការ​ទាំងនេះ រួមមាន​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Hunman Rights Watch) បណ្ដាញ ប្រជាធិបតេយ្យ​អាស៊ី (ADN) វេទិកា​អាស៊ាន សម្រាប់​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ (Forum-Asian) សមាជិកសភា​អាស៊ាន និង​អង្គការ​អាន់ហ្វ្រែល (ANFREL) ជាដើម។

អង្គការ​ទាំងនេះ​បាន​ធ្វើ​លិខិត​ចំហ​រួមគ្នា ដាក់​ទៅ​សភា​អឺរ៉ុប និង​ប្រទេស ប្រជាធិបតេយ្យ​មួយចំនួន​ទៀត ដូចជា ជប៉ុន (Japan) អាមេរិក ( United Stated) កាណាដា (CANADA) អូស្ត្រាលី (Australia)​និង ប្រទេស​មួយ​ចំនួន​ទៀត។

ក្រុម​អង្គការ​អន្តរជាតិ​ទាំង​៦ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងនេះ ចាត់​វិធានការ​ជា​បន្ទាន់ នៅ​មុន​ពេល​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត រៀបចំ​ការបោះឆ្នោត នៅ​ដើមឆ្នាំ​២០២៤ ហើយ​នៅតែ​ផាត់ ចោល​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​នោះ។

លិខិត​ចំហ​បញ្ជាក់​ទៀត​ថា កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ រាប់​ចាប់​តាំង​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​តុលាការ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧។

អាជ្ញាធរ​រដ្ឋាភិបាល​គំរាមកំហែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ប្រទេស និង​មាន​ករណី​លួច​វាយ​សកម្មជន​បក្ស​ប្រឆាំង​តាមផ្លូវ​ឥត​ត្រា​ប្រណី ជាច្រើន​ករណី តែ​អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​រក​យុត្តិធម៌ ជូន​ជន​រងគ្រោះ​ទាំង​នោះ​ឡើយ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ពិនិត្យ​មើល​ចំពោះ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ឡើងវិញ ក៏ដូចជា​ទទួល​យក​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ រួម​ទាំង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ជាជាង​ច្រាន​ចោល​បែប​នេះ។

លោក​ថា ការ​បដិសេធ​របស់​រដ្ឋាភិបាល​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​អត្ថប្រយោជន៍ ផ្សេងៗ​បន្ថែម​ទៀត ក្រៅពី​ប្រព័ន្ធ​អនុគ្រោះ EBA ២០​ភាគរយ​ពី​អឺរ៉ុប និង​ប្រព័ន្ធ​អនុគ្រោះ GSP ពី​សហរដ្ឋអាមេរិក ខណៈ​សហគមន៍​អន្តរជាតិ នៅតែ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។

លោក អំ សំអាត៖ «បើ​កម្ពុជា​យើង​ពិនិត្យ​ហើយ​ធ្វើការ​កែ​លម្អ​ទី​១ កម្ពុជា​មានមុខមាត់ កេរ្តិ៍ឈ្មោះ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ទី​២ អាច​ទទួល​បាន ផល​ចំណេញ​ផ្សេង​ទាក់ទង​នឹង​ហើយ​ការ​វិនិយោគ​ផ្សេងៗ​ទៀត​ពី​បណ្ដាល​ប្រទេស​សេរី​ពីព្រោះ​បើសិនជា​លក្ខខណ្ឌ​ដែល​គេ​រិះគន់​អំពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​។ អាហ្នឹង​ក៏​ប៉ះពាល់​សម្រាប់ វិនិយោគទុន​បណ្ដាល​ប្រទេស​លោកខាងលិច គេ​នឹង​ពិចារណា​រឿង​ផង​ដែរ»។

នៅ​ពេល​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​បន្ត​នោះ លោក​គ្មានអ្វី​ផ្លាស់ប្ដូរ​របៀប​នៃ​ការ​ដឹកនាំ​ឡើយ។

រដ្ឋបាល​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នៅតែ​គំរាមកំហែង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន ចាប់ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា និង​នៅតែ​មាន​ករណី​ប្រើ​អំពើ​ហិង្សា លួច​វាយ​សកម្ម​ជនតាម​ផ្លូវ គ្មាន​ត្រា​ប្រណី មិន​ខុស​ពី​រដ្ឋបាល​ដឹកនាំ របស់​ឪពុក​នោះ​ឡើយ។ក្រុម​អង្គការ​អន្តរជាតិ​ទាំង​៦​នេះ ក៏​ទទួល​ឲ្យ​រដ្ឋបាល​របស់​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​ទំរង់​ជាបន្ទាន់ និង​អំពាវនាវ​ឲ្យ​ដោះ លែង​សកម្មជន នយោបាយ ដោយ​ឥត​លក្ខខណ្ឌ​។ ពួកគេ​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ឲ្យ​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ឆ្នាំ​២០២៤ ដោយ សេរី និង​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។