ក្រុម​កូដករ​ណាហ្គាវើលដ៍​ជិត​១០០​នាក់​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ រំឭក​ខួប៣ឆ្នាំ​នៃ ការ ចេញ​ធ្វើ​កូដកម្ម

0:00 / 0:00

ក្រុម​កូដករ​ណាហ្គាវើលដ៍​ជិត​១០០​នាក់​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ រំឭក​ខួប៣ឆ្នាំ​នៃ ការ ចេញ​ធ្វើ​កូដកម្ម​តវ៉ា​នឹង​ការបញ្ឈប់​បុគ្គលិក​ដោយ​ការរើសអើង​សហជីព​ពី​សំណាក់​ថៅកែ​បនល្បែង​មួយ​នេះ។

ក្រុម​កូដករ​អះអាង​ថា នឹង​បន្ត​កូដកម្ម​តវ៉ា​តទៅទៀត​រហូត​មាន​ដំណោះស្រាយ ទៅ​តាម ការ​ទាមទារ​របស់​ពួកគេ ដែល​ចង់​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​បញ្ឈប់​ការ​រើសអើង​សហជីព ទទួល​យក​ក្រុម​តំណាង​សហជីព និង​សមាជិក​សហជីព ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​៣ឆ្នាំ​ឱ្យ​ចូល​ធ្វើការ​វិញ ព្រមទាំង​ទម្លាក់​ចោល​រាល់​បណ្ដឹង និង​បទ​ប្រកាន់​លើ​តំណាង​សហជីព​ទាំងអស់។

ចំនួន​កូដករ​ណាហ្គាវើលដ៍​ដែល​មក​ចូលរួម​កូដកម្ម​រំឭកខួប៣ឆ្នាំនៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ​នេះ​កើន​ឡើង​​ច្រើន​ជាង​ចំនួន​អ្នក​ចេញ​ធ្វើ​កូដកម្ម​រៀងរាល់​ថ្ងៃ។

ពួកគាត់​ស្រែក​តវ៉ា​ទាមទារ​ដំណោះស្រាយ​ផង នាំ​គ្នា​ឡើង​ថ្លែង​រំឭក​ពី​មូលហេតុ​ដែល​ពួកគេ​ចេញ​តវ៉ា​ផង និង​ស្រែកច្រៀង​ចម្រៀង​ពី​សិទ្ធិ​សេរីភាព​សហជីព​ផង។

«ទម្លាក់​រាល់​បទ​ចោទ និង​ទទួល​យក​ចូល​ធ្វើការ​វិញ​ទាំង​ថ្នាក់ដឹកនាំ សកម្មជន ព្រមទាំង​សមាជិក​សហជីព និង​ទូទាត់​​ប្រាក់​រំឭក​ចាប់​ពី​ថ្ងៃ​បញ្ឈប់​រហូត​ថ្ងៃ​ចូល​ធ្វើការ​វិញ។ ទី២ ៖ ណាហ្គាវើលដ៍​ត្រូវ​តែ​គោរព​សិទ្ធិ​សហជីព និង​ចរចា​ជាមួយ​តំណាង​សហជីពL.R.S.Uលើ​បញ្ហា​របស់​កម្មករ។ ទី៣៖ បញ្ឈប់​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​​សហជីព និង​ការ​គំរាមកំហែង​គ្រប់​ទម្រង់​មក​លើ​កម្មករ​និយោជិត ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ ទី៤៖ បញ្ឈប់​ការ​លាបពណ៌​គ្រប់​បែប​យ៉ាង មក​លើ​កម្មករ​និយោជិត ដែល​គ្រាន់តែ​ចង់​បាន​ការគោរព​សិទ្ធិ​ការងារ​នៅ​កន្លែង​ធ្វើការ»។

ពួកគាត់​ថ្លែង​ប្រាប់​សាធារណជន​ដែល​នៅ​ក្បែរៗ​អគារ​កាស៊ីណូ​ណាហ្គាវើលដ៍​ថា​ការ​តវ៉ា​របស់​ពួកគាត់ ដែល​មិនទាន់​បញ្ចប់​នៅ​ពេល​នេះ​ជា​ការ​តវ៉ា ដើម្បី​ឆ្នាំងបាយ​ពួកគេ មិនមែន​តវ៉ា​រឿង​នយោបាយ ឬ​រឿង​បដិវត្ត​ពណ៌​ណាមួយ​ទេ។

ក្រុម​កូដករ​បាន​ឈរ​តម្រៀប​គ្នា​ជាជួរ​ដៃ​កាន់​រូបថត និង បដា​ដែល​សរសេរ​ពី​ការ ទាមទារ​របស់​ពួកគេ​មាន​ដូចជា៖ ខួប៣ឆ្នាំ​នៃ​ការ​ទាមទារ​របស់​កូដករ​ណាហ្គាវើលដ៍ ណាហ្គាវើលដ៍​ត្រូវ​បញ្ឈប់​ការរើសអើង​សហជីព ពួក​យើង​ត្រូវ​ការ​ឱ្យ​មាន​សហជីព​នៅ​ណាហ្គាវើលដ៍ ពួក​យើង​ត្រូវការ​យុត្តិធម៌ ជាដើម។

នៅ​ខាង​មុខ​ជួរ​អ្នក​តវ៉ា នេះ​ពួកគេ​តាំង​បង្ហាញ​នំ​ខេក ឬ​នំ​ខួប​កំណើត​ធំ​មួយ​មាន៣ថ្នាក់ និង​មាន​ដាក់​លេខ៣​នៅ​ពី​លើ ដែល​មាន​ន័យ​ថា​ជា​ការ​រំឭក​ខួប ៣ឆ្នាំ​នេះ។

តំណាង​កូដករ​មួយ​រូប​អ្នកនាង ម៉ម សុវឌ្ឍិន មាន​ថ្លែង​ថា កូដកម្ម​នេះ​នឹង​មិន​បញ្ចប់​ទេ​ល្គឹកណា​ពុំ​មាន​ដំណោះស្រាយ។

អ្នកនាង ម៉ម សុវឌ្ឍិន៖ «សូម​បញ្ជាក់​ជំហរ​ថា​ពួក​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​រហូត​មាន​ដំណោះស្រាយ។ ពួកខ្ញុំ​អត់​ឈប់​ទេ បើ​ពួកខ្ញុំ​ឈប់​លុះត្រា​តែ​មាន​ដំណោះស្រាយ។ នេះ​ជា​វិវាទ​ឆ្នាំង​បាយ​មិនមែន​ជា​វិវាទ​នយោបាយ ឬ​ផ្ដួល​រំលំ​អ្នកធំ​ណាមួយ​ឡើយ គឺ​តវ៉ា​តែ​ជាមួយ​ថៅកែ​បរទេស ដែល​ជា​ម្ចាស់​កាស៊ីណូ​ណាហ្គាវើលដ៍​នៅ​កណ្ដាល​ទីក្រុងភ្នំពេញ​នេះ​ឯង»។

កូដករ​ម្នាក់​ទៀត ដែល​ឡើង​ថ្លែង​នៅ​ពេល​តវ៉ា​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ងាក​មក​ផ្ដល់​ដំណោះស្រាយ​ពិតប្រាកដ ការពារ​សិទ្ធិ​បុគ្គលិក​កម្មករ​ឈប់​ការពារ​និយោជក ឬ​ថៅកែ ដែល​រំលោភ​បំពាន​សិទ្ធិ​បុគ្គលិក និង​សេរីភាព​សហជីព។

«សុំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ក្រសួងការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​នៅ​ក្នុង​ស្រុកខ្មែរ​ហ្នឹង សូម​ជួយ​ដោះស្រាយ​វិវាទ​នៅ​កាស៊ីណូ​ណាហ្គា​ឱ្យ​មាន​ដំណោះស្រាយ ឱ្យ​បាន​ចូល​ធ្វើការ​វិញ​ផង។ ពួកខ្ញុំ​មិន​ចង់​នៅ​ខាងក្រៅ ហាល​ថ្ងៃ ហាល​ខ្យល់​ទេ។ ពួកខ្ញុំ​ចង់​ចូល​ធ្វើ​ការ​វិញ ហើយ​ក៏​ចង់​ឱ្យ​មាន​វត្តមាន​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ បាន​ចូល​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បី​បាន​ធ្វើការ​តទៅទៀត»។

ក្រុម​កូដករ​លើកឡើង​ដែរ​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរ​ពិចារណា​រឿង​នេះ​ឱ្យ​បាន​ដិតដល់ ព្រោះ​ករណី​រំលោភបំពាន​សហជីព​កម្មករ​នៅ​ណាហ្គាវើលដ៍​ហៅ​កាត់​ថា អិល.អរ.អេស.យូ (LRSU)នេះ​មាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ដែល​ទាមទារ​ឱ្យ​សហភាព​អឺរ៉ុប​ពិចារណា​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នៅ​សល់​ចំនួន​៨០%។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​រដ្ឋមន្ត្រី​ក្រសួងការងារ លោក ហេង សួរ និង​មន្ត្រី​ពាក់​ព័ន្ធ​ជុំវិញ​ការ​តវ៉ា​របស់​ក្រុម​កូដករ​ណាហ្គាវើលដ៍​នៅ​ថ្ងៃ​ទី១៨ ខែធ្នូ​នេះ​បាន​ទេ។

ក្រុម​កូដករ​ណាហ្គាវើលដ៍​បាន​ចេញ​ធ្វើ​កូដកម្ម​តវ៉ា​តាមផ្លូវ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី១៨ ខែធ្នូឆ្នាំ២០២១ ជំទាស់​នឹង​ការបញ្ឈប់​បុគ្គលិក​រាប់​រយ​នាក់​ពី​សំណាក់​ថៅកែ​បនល្បែង​នេះ​នៅ​ពេល​ដែល​ជំងឺ​កូវីដ​រាតត្បាត​ខ្លាំង។

រយៈពេល​៣ឆ្នាំ​កន្លង​ទៅ​នេះ ក្រុម​កូដករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​តែង​រង​អំពើ​ហិង្សា​ពី​កងកម្លាំង​អាជ្ញាធរ និង​ការ​លាប​ពណ៌​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ថា ជា​ក្រុម​អ្នក​ស៊ី​ឈ្នួល​តវ៉ា ឬ​ក្រុម​បដិវត្ត​ពណ៌​ថែមទៀត។ ជាមួយ​គ្នា​នេះ​ក្រុម​កូដករ​​ជិត ១០​នាក់ ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។ បន្ថែម​ពី​នេះ ប្រធាន​សហជីព​របស់​ពួក​គាត់ គឺ កញ្ញា ឈឹម ស៊ីថរ ក៏​ត្រូវ​បាន​តុលាការ​កាត់ក្ដី​ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ក្រោម​បទ​ចោទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដោយសារ​ការ​ការពារ​សិទ្ធិ​កម្មករ។ ពេល​នេះ​កញ្ញា​មាន​សេរីភាព​ក្រោយ​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន។

ក្រុម​កូដករ​ដែល​តែង​ចេញ​តវ៉ា​លើកឡើង​ថា ៣ឆ្នាំ​មក​នេះ ពួកគេ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព​ដោយសារ​គ្មាន​ការងារ​ត្រឹមត្រូវ និង​មាន​ចំណូល​ជាប់លាប់ តាម​រយៈ​ការងារ​ក្រៅ​ម៉ោង​នៅ​កន្លែង​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​ជីវភាព។ បើ​ទោះជា​បែបនេះ​ក្ដី​ពួកគេ​អះអាង​ថា នឹង​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​រហូត​ទទួល​បាន​ដំណោះស្រាយ​ពី​ថៅកែ​កាស៊ីណូ​ណាហ្គាវើលដ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។