បើទោះបីជានៅប្រទេសកម្ពុជា មានច្បាប់និងគោលនយោបាយ រួមទាំងយន្តការពាក់ព័ន្ធនឹងកិច្ចការពារកុមារជាច្រើនត្រូវបានបង្កើតឡើងយ៉ាងណាក៏ដោយ ក៏បញ្ហាប្រឈមពាក់ព័ន្ធនឹងអំពើហិង្សាប្រឆាំងកុមារ និងការដាក់ទណ្ឌកម្មលើកុមារនៅតែកើតមាន។
កុមារបានរងគ្រោះដោយអំពើហិង្សា និងទារុណកម្មលើរូបរាងកាយ នៅតាមផ្ទះ សាលារៀន កន្លែងធ្វើការ និងនៅក្នុងសហគមន៍។ ចំណែកឯបញ្ហាកុមារសុំទាន និងប្រកបរបរផ្សេងៗនៅតាមដងផ្លូវ នៅតែមានបរិមាណគួរឲ្យកត់សម្គាល់។
អង្គការមិនមែនរដ្ឋាភិបាលធ្វើការលើកស្ទួយសិទ្ធិកុមារ អាជ្ញាធរពាក់ព័ន្ធ និងបណ្ដាញកុមារ បន្ទាប់ពីជួបប្រជុំគ្នា នឹងចងក្រងរបាយការណ៍មួយដាក់ជូនស្ថាប័នរដ្ឋចំនួន២ ដើម្បីដាក់បញ្ហារបស់កុមារទៅក្នុងផែនការសកម្មភាពរបស់ស្ថាប័នទាំងពីរនោះ ឲ្យដោះស្រាយការប្រើប្រាស់អំពើហិង្សានិងទារុណកម្មលើកុមារដែលនៅតែកើតមាន។
អគ្គលេខាធិការនៃសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ លោក មាស សំណាង មានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នឹងទទួលបានរបាយការណ៍មួយដែលបានមកពីការវែកញែកនៅក្នុងកិច្ចពិភាក្សានៅពេលនេះ។ លោកថា ពួកគាត់នឹងចងក្រងជារបាយការណ៍ពីបញ្ហាប្រឈម ភាពរងគ្រោះ និងអំពើហិង្សា ទារុណកម្មមកលើកុមារ រួមទាំងអនុសាសន៍ផង ដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនៅអំឡុងខែតុលា និងខែវិច្ឆិកា៖ «កិច្ចពិភាក្សានេះចុងក្រោយយើងនឹងរៀបចំឲ្យមានជាផែនការសកម្មភាពដើម្បីឆ្លើយតបបញ្ហានឹងអនុសាសន៍អ្វីដែលបានជជែកនៅថ្ងៃនេះ គឺយើងនឹងផ្ញើទៅស្ថាប័នពីរ គឺ១ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមួយទៀតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដើម្បីឲ្យគាត់បញ្ចូលអ្វីដែលគាត់បានកំណត់នៅថ្ងៃនេះ ជាពិសេសគឺសកម្មភាពដែលត្រូវតែឆ្លើយតបបញ្ហានេះហើយនឹងអនុសាសន៍ទៅដល់រាជរដ្ឋាភិបាល និងសង្គមស៊ីវិលដើម្បីឲ្យគាត់បញ្ចូលទៅក្នុងផែនការរបស់ស្ថាប័នទាំងពីរនេះ ជាពិសេសអាចជាគំនិតយោបល់ក្នុងការរៀបចំផែនការសកម្មភាពនៅក្នុងគណៈកម្មការអាស៊ានទទួលបន្ទុកការលើកកម្ពស់និងការពារសិទ្ធិកុមារដែលកម្ពុជាយើងមានតំណាងពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»។

ការថ្លែងនេះ នៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិ ស្ដីពីអំពើហិង្សាលើកុមារ និងផលប៉ះពាល់លើការរស់នៅរបស់កុមារ នៅថ្ងៃទី១០ ខែកញ្ញា នៅរាជធានីភ្នំពេញ។
កុមារត្រូវបានគេមើលឃើញថា បច្ចុប្បន្នកំពុងរងគ្រោះដោយអំពើហិង្សា និងអំពើទារុណកម្មនៅតាមទីកន្លែងនានា ដូចជានៅតាមផ្ទះ សាលារៀន កន្លែងធ្វើការ និងនៅក្នុងសហគមន៍។ ចំណែកឯអ្នកដែលបានប្រើប្រាស់ហិង្សាមកលើកុមារមានពីសំណាក់ក្រុមគ្រួសារ គ្រូបង្រៀន អ្នកថែទាំកុមារនៅក្នុងមណ្ឌល អ្នកមានទ្រព្យសម្បត្តិ និងអ្នកមានបុណ្យស័ក្ដិដែលយកកុមារទៅធ្វើការក្នុងផ្ទះ ការបង្ខិតបង្ខំឲ្យកុមារចេញធ្វើពលកម្មដើម្បីរកលុយជាដើម ។ល។ បញ្ហានេះបានធ្វើឲ្យប៉ះពាល់ទៅដល់ការរីកចម្រើនផ្នែកប្រាជ្ញាស្មារតីរបស់កុមារ។
កុមារីឈ្មោះ មុំ ចាន់ធឿន រស់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងថា មានឪពុកម្ដាយ និងអាណាព្យាបាលភាគច្រើនក្នុងសហគមន៍គាត់រស់នៅបានបង្ខំឲ្យកុមារបោះបង់ការរៀនសូត្រ ដើម្បីចេញរកលុយ។
កុមារីរូបនេះ ស្នើឲ្យស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយច្បាប់ការពារកុមារឲ្យបានទូលំទូលាយ៖ «ក្មេងនៅវាអ៊ីចឹងភាគច្រើនឪពុកម្ដាយបង្ខិតបង្ខំឲ្យគ្នាហ្នឹងបោះបង់ការសិក្សាទាំងនៅក្មេង ទៅរកស៊ីមកទីក្រុងភ្នំពេញ ទៅប្រទេសក្រៅទាំងមិនទាន់គ្រប់អាយុ។ នៅក្នុងស្រុកខ្ញុំភាគច្រើនបោះបង់ចោលការសិក្សាអ្នករៀនបានភាគតិច។ ខ្ញុំគិតថា អំពើហិង្សាហ្នឹងធ្ងន់ធ្ងរណាស់ ចង់សំណូមពរឲ្យរដ្ឋជួយពង្រឹងច្បាប់លើផ្នែកកុមារហ្នឹងឲ្យកាន់តែខ្លាំងឡើង។ ពេលមានហេតុការណ៍ហ្នឹងចុះធ្វើអន្តរាគមន៍ឲ្យបានភ្លាមៗជួយផ្សព្វផ្សាយសិទ្ធិកុមារហ្នឹងឲ្យបានធំទូលំទូលាយ»។
ចំណែកកុមារីមួយរូបទៀត មកពីបណ្ដាញកុមារអ្នកតស៊ូមតិ ក្នុងរាជធានីភ្នំពេញ កុមារី លីលី អាយុ ១៦ឆ្នាំ បានលើកយកករណីដែលមិត្តរបស់នាងបានរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដោយសារឪពុកម្ដាយបង្ខំឲ្យទៅធ្វើការនៅប្រទេសថៃ។
នាងបានដំណាលដូច្នេះ៖ «គ្រួសារ១ក្រុមឪពុកម្ដាយគាត់គឺអ្នកផឹកទាំងពីរ កូនគាត់ទើបអាយុដំណាលខ្ញុំទេ គាត់ឲ្យធ្វើការនៅថៃ គាត់ប្រាប់ខ្ញុំថា អាលី ខ្ញុំអត់ចង់ទៅថៃទេ ប៉ុន្តែម៉ាក់ខ្ញុំបង្ខំ។ ពេលហើយខ្ញុំទៅមើលឃើញគាត់ចាប់បោចសក់។ អត់ ហ្អែងអត់ព្រមទៅចេញពីផ្ទះ អញបណ្ដេញចេញ ដល់ពេលហើយខ្ញុំប្រាប់ម៉ាក់ខ្ញុំ ម៉ាក់ខ្ញុំជួយដោះស្រាយតែគាត់នៅតែធ្វើអ៊ីចឹង។ ម៉ាក់ខ្ញុំគាត់អត់មានដំណោះស្រាយដែរ គាត់ទៅប្រាប់ឃុំ អត់ដោះស្រាយអត់បាន ប៉ុន្តែកូនហ្នឹងទៅថៃបាត់ហើយ។ ខ្ញុំមានអារម្មណ៍ថា ខ្លោចផ្សាណាស់ពេលឪពុកម្ដាយបង្កើតវាយកូនអ៊ីចឹង»។
សមាជិកក្រុមប្រឹក្សាឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ អ្នកស្រី ជា សារឿន ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះដែរ មានមតិថា ភាពអសកម្មមួយចំនួនក្នុងពេលអន្តរាគមន៍បានកើតឡើងដោយសារតែខ្វះកិច្ចសហការពីថ្នាក់ដឹកនាំឃុំ ឬមន្ត្រីពាក់ព័ន្ធ៖ «ការប្រឈមរបស់ខ្ញុំសម្រាប់ខ្ញុំទទួលបន្ទុកកិច្ចការនារី និងកុមារត្រង់ថា អាជ្ញាធរយើងចង់ឲ្យជួយរកដំណោះស្រាយអ្វីមួយគឺថាគាត់ធ្វើល្មម។ សំខាន់ខ្លួនខ្ញុំសហការជាមួយអង្គការនានា ដើម្បីរកដំណោះស្រាយសហការជាមួយគ្រូជាមួយព្រះសង្ឃដើម្បីរកផ្លូវគន្លឹះដែលឲ្យក្មេងវាដើរទៅមុខបាន»។
នៅក្នុងកិច្ចពិភាក្សានោះ មន្ត្រីមកពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលបានឡើងធ្វើបទបង្ហាញបានបដិសេធមិនអត្ថាធិប្បាយនោះទេ។
យ៉ាងនេះក្ដី លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ថ្វីត្បិតតែនៅកម្ពុជាមានច្បាប់ និងគោលនយោបាយជាច្រើនដើម្បីគាំពារកុមារ ក៏ប៉ុន្តែលោកមើលឃើញថា កម្ពុជានៅត្រូវការមានតុលាការកុមារ និងសភាកុមារដែលជាប្រព័ន្ធយុត្តិធម៌របស់កុមារដាច់ដោយឡែក។ លោកថា មានតែច្បាប់ ក៏ប៉ុន្តែនៅមានកង្វះយន្តការក្នុងការអនុវត្តច្បាប់ទាំងនោះ។ ចំណែកការយល់ដឹងរបស់មន្ត្រីដែលមានតួនាទីក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធកុមារនៅមានកម្រិត ដែលត្រូវការឲ្យមានការយល់ដឹងបន្ថែម និងគិតគូរក្នុងការយកចិត្តទុកដាក់ក្នុងការអនុវត្តសិទ្ធិកុមារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។