HRW អំពាវនាវ​ដល់​ម្ចាស់ជំនួយ​អន្តរជាតិ​ឱ្យ​ឈប់​​ផ្តល់​​ជំនួយ​​ដល់​​ស្ថាប័ន​​យុត្តិធម៌​​នៅ​​កម្ពុជា

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​ម្ចាស់ជំនួយ​អន្តរជាតិ ឱ្យ​ពិចារណា​ឡើងវិញ បញ្ឈប់​ការផ្តល់​ជំនួយ​នានា​ដល់​ស្ថាប័ន​យុត្តិធម៌​នៅ​កម្ពុជា។ អង្គការ​នេះថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​តែងទទួល​រង​នូវ​ឥទ្ធិពល​នយោបាយ និង​ ខ្វះភាពឯករាជ្យ ជាក់ស្តែង​ ដូចជា​ករណី​កាត់ទោស​លោក រ៉ុង ឈុន និង​សកម្មជន​ពីរនាក់ ឱ្យ​ជាប់​គុក​រហូតដល់​ពីរឆ្នាំ ទាំងដែល​ពួកគេ​ពុំបាន​ប្រព្រឹត្តកំហុស​អ្វីសោះ។

ការកាត់​ទោស​មេសហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជាលោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់ទៀត គឺលោក តុន និមល និង​កញ្ញា ស កណិការ កំពុង​​ទទួល​នូវ​ប្រតិកម្ម​រិះគន់​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

នាយក​រង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ហៅ​ការ​កាត់ទោស​នេះ​ថា ជា​រឿង​មិន​អាចទទួលយក​បាន និង​ជា​ទង្វើ​ជ្រុលហួសហេតុ​របស់​តុលាការ​កម្ពុជា។ លោកថា រដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស ការសងសឹក​ផ្នែក​នយោបាយ​ប្រឆាំង​នឹង​លោក រ៉ុង ឈុន ដោយសារតែ​ពួកគេ​ដឹងថា លោក រ៉ុង ឈុន គឺជា​មេសហជីព​ដ៏ល្បីល្បាញ​ម្នាក់​​នៅ​កម្ពុជា។ លោកថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចេតនា​ចង់​បញ្ឈប់​សកម្មភាព​របស់​លោក រ៉ុង ឈុន នៅ​មុន​រដូវកាល​បោះឆ្នោត​មកដល់ ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​រៀបចំ​បទចោទ​បែបប្រឌិត​ទាំងនេះ ប្រឆាំង​នឹង​លោក រ៉ុង ឈុន និង​ចាប់ឃុំ​ខ្លួនលោក​ដាក់គុក។

មន្ត្រី​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូបនេះ លើកឡើង​ថា សំណុំរឿង​ទាំងមូល​នៃ​ករណី​លោក រ៉ុង ឈុន នេះ មាន​ចរិក​នយោបាយ និង​គឺជា​ការប្រមាថ​ជាក់ស្តែង​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​សេរីភាព​នៃ​ការជួបប្រជុំ​នៅ​កម្ពុជា។ រីឯ ករណី​សកម្មជន​ពីររូប​ទៀត គឺលោក តុន និមល និង​កញ្ញា ស កណិការ វិញ លោក ហ្វីល រ៉ូប៊ឺតសុន ថា ការកាត់ទោស​ពួកគេ​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​បំភិតបំភ័យ និង​បំបិទមាត់​សកម្មជន​ដទៃទៀត ដែល​ហ៊ាន​និយាយ​រិះគន់ និង​រៀប​ចំ​​ការ​តវ៉ានានា​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​ដទៃទៀត។ ទន្ទឹមនឹង​នេះ លោក ហ្វីល រ៉ូប៊ឺតសុន លើកឡើង​ថា ការណ៍​ដែល​តុលាការ​ពិន័យ​​ជាប្រាក់​ដ៏ច្រើន​បែបនេះ ក៏គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បំភិតបំភ័យ​របស់​រដ្ឋាភិបាល ប្រាប់​ទៅ​សកម្មជន​ដទៃ​ទៀត​ដែល​មិនព្រម​ចុះញ៉ម​ថា ពួកគេ​នឹង​ទទួល​បាន​លទ្ធផល​មិនត្រឹមតែ​ជាប់គុក​ប៉ុណ្ណោះទេ តែថែមទាំង​ប្រឈម​នឹង​ការក្ស័យធន​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ពួកគេ​ផ្ទាល់ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផង។ លោកថា ការកាត់ក្តី​នេះ គ្រាន់តែ​ជា​រឿងរ៉ាវ​ចុងក្រោយ​មួយ​នៃ​យុទ្ធនាការ​ដ៏​យូរអង្វែង​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ ដើម្បី​ធានាថា គ្មាន​គណបក្សប្រឆាំង​ពិតប្រាកដ​ អាច​​មាន​វត្តមាន​សម្រាប់​ប្រកួតប្រជែង​ការបោះឆ្នោត​នាពេលខាងមុខ។

ក្រៅពី​បាន​ថ្កោលទោស​ការកាត់ក្តី​លើ​លោក រ៉ុង ឈុន និង​សកម្មជន​ពីរនាក់នេះ នាយក​រង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន អំពាវនាវ​ដល់​ម្ចាស់ជំនួយ​អន្តរជាតិ ឱ្យ​ពិចារណា​ឡើងវិញ​ក្នុង​ការបញ្ឈប់​ការផ្តល់​ជំនួយនានា​ដល់​ស្ថាប័ន​យុត្តិធម៌​នៅកម្ពុជា។ លោក​លើកហេតុផល​ថា ការផ្តល់​ជំនួយ​តាមរយៈ​គម្រោងនានា​ដល់​ស្ថាប័ន​យុត្តិធម៌​នៅ​កម្ពុជា នឹង​មានន័យ​ស្មើនឹង​ការបង្ហូរ​លុយ​ស្អាតស្អំ​ទៅឱ្យ​ដៃគូ​អាក្រក់​ដែលតែងតែ​ប្រើ​ឥទ្ធិពល​មកលើ​ប្រព័ន្ធ​តុលាការ មិនឱ្យ​មាន​ភាពឯករាជ្យ​បាន។ លោក ហ្វីល រ៉ូប៊ឺតសុន ផ្តល់​អំណះអំណាងថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើ​កំណែទម្រង់​ឱ្យ​បាន​ពិតប្រាកដ និង​ស៊ីជម្រៅ​មួយ។

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌លោក ជិន ម៉ាលីន ដើម្បី​សុំ​ការឆ្លើយតប​ជុំវិញ​រឿងនេះ​បាន​នៅឡើយទេ​គិតត្រឹម​ម៉ោងផ្សាយ​នេះ។ ក៏ប៉ុន្តែ លោក ជិន ម៉ាលីន បាន​ប្រតិកម្ម​ទៅនឹង​ការរិះគន់​នានា​ពាក់ព័ន្ធ​នឹង​ការកាត់​ទោស​លោក រ៉ុង ឈុន នេះ ដោយ​ផ្តល់​អំណះអំណាង​ថា ករណី​លោក រ៉ុង ឈុន មិនមែន​ជា​ការអនុវត្ត​សិទ្ធិសេរីភាព​តាម​ផ្លូវ​ច្បាប់​នោះទេ តែ​សមត្ថកិច្ច​មាន​មូលដ្ឋាន​ផ្លូវច្បាប់​រឹងមាំ​ក្នុង​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ ហើយ​សម្រេច​ផ្តន្ទាទោស​លោក​ដោយសារតែ​លោក​ប្រព្រឹត្តបទល្មើស។

យ៉ាងណាក៏​ដោយ ប្រទេស​កម្ពុជា​រង​ការរិះគន់​ថា ជា​ប្រទេស​ពូកែ​ខាង​ប្រព្រឹត្តអំពើ​រំលោភ​ច្បាប់​ជាងគេ ខណៈ​ស្ថាប័ន​តុលាការ​នៅកម្ពុជា​ជាប់​ចំណាត់ថ្នាក់​ខាង​ពូកែ​ខាង​ប្រព្រឹត្តអំពើពុករលួយ ដូចដែល​ត្រូវបាន​រកឃើញ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ។ កម្ពុជា​ជាប់ចំណាត់ថ្នាក់​បាតតារាង​នៃ​ប្រទេស​រំលោភ​ច្បាប់​ជាងគេ​នៅលើ​ពិភពលោក​ផ្អែកតាម​សន្ទទស្សន៍​អន្តរជាតិ​ស្តីពី​នីតិរដ្ឋ​របស់​អង្គការ​គម្រោង​យុត្តិធម៌​អន្តរជាតិ (World Justice Project)។

ក្រៅពី​ការអំពាវនាវ​ឱ្យ​ប្រទេស​ម្ចាស់ជំនួយ​ពិចារណា​បញ្ឈប់​ផ្តល់​ជំនួយ​ដល់​ស្ថាប័ន​យុត្តិធម៌​នៅ​កម្ពុជា នាយក​រង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន ក៏​ជំរុញ​ដល់​ក្រុមប្រទេស​ប្រជាធិបតេយ្យ ឱ្យ​ប្រើ​ឱកាស​នៃ​ទិវាខួប​លើកទី៣០ឆ្នាំ​ នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ធ្វើការប្តេជ្ញាចិត្ត​ឱ្យ​បាន​កាន់តែ​រឹងមាំ​ក្នុងការ​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​ក្រុមមេដឹកនាំ​នៅ​កម្ពុជា។ លោកថា អស់រយៈពេល​យូរហើយ​ដែល​សហរដ្ឋអាមេរិក និង​ក្រុមប្រទេស​និយមប្រជាធិបតេយ្យ​ដទៃទៀត​ ដូចជា ​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិកខាងជើង នៅ​មិនទាន់​​ដាក់​​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាក់លាក់ប្រឆាំងនឹង​ក្រុមមន្ត្រី​នយោបាយ យោធា និង​នគរបាល ដែល​បាន​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភសិទ្ធិមនុស្ស​ជាប្រព័ន្ធ​ប្រឆាំងនឹង​ពលរដ្ឋ​កម្ពុជា​ខ្លួនឯង ដោយ​ប្រព្រឹត្តនូវ​អំពើ​និទណ្ឌភាព និង​លួចលុយជាតិ និង​ធនធាន​ធម្មជាតិ ដើម្បី​ភាពមានបាន​ពីអំពើ​ពុករលួយ​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។