អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រកឃើញថា គម្រោងរេដបូក (Redd+) នៅតំបន់ឧទ្យានជាតិភ្នំក្រវាញខាងត្បូង ដែលស្ថិតនៅខេត្តកោះកុង និងខេត្តពោធិ៍សាត់បានបណ្ដេញចេញ ដុតបំផ្លាញស្រែចម្ការ និងផ្ទះសម្បែងជនជាតិដើមភាគតិចជងក្រោមហេតុផលអភិរក្ស។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី២៨ កុម្ភៈថា គម្រោងលក់កាបូន ឬរេដបូក (Redd+) នៅតំបន់ឧទ្យានជាតិភ្នំក្រវាញខាងត្បូងរបស់ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) បានរំលោភសិទ្ធិជនជាតិដើមភាគតិចជងនៅតំបន់នោះ។
របាយការណ៍ចំនួន ១១៨ទំព័ររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរកឃើញថា គម្រោងលក់កាបូន តំបន់ឧទ្យានជាតិភ្នំក្រវាញខាងត្បូងបានបណ្ដាលឱ្យមានករណី ស្លាប់ រងរបួស និងការ រំលោភលើសិទ្ធិជនជាតិដើមភាគតិចជង។ ប្រភពដដែលថា គម្រោងលក់កាបូនក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានកំណត់ទំហំព្រៃឈើដែលអភិរក្ស ប៉ុន្តែពួកគេមិនបានបញ្ជាក់ទៅកាន់ជនជាតិដើមភាគតិច ដែលបានរស់នៅទីនោះថាទីតាំងណា ដែលអាចអាស្រ័យផលបាន និងទីតាំងណាជាព្រៃតំបន់អភិរក្សនោះទេ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានសម្ភាសន៍គ្រួសារជនជាតិដើមភាគតិចជង ហើយពួកគាត់លើកឡើថាមន្ត្រីអនុរក្ស កងរាជអាវុធហត្ថ និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបណ្ដេញពួកគាត់ចេញពីចម្ការវិលជុំដែលបានអាស្រ័យផលរាប់រយឆ្នាំមកហើយ។ ក្នុងករណីខ្លះ សមាជិកសហគមន៍ត្រូវបានចាប់ខ្លួន និងឃុំខ្លួនអស់ជាច្រើនខែដោយគ្មានការជំនុំជម្រះទៀតផង។
របាយការណ៍ផ្លូវការមួយបានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២១ គម្រោងលក់កាបូន ឬរេដបូក (Redd+) រកចំណូលបានជាង ១៨លានដុល្លារអាមេរិកពីការលក់ឥណទានកាបូន ខណៈដែលគម្រោងនេះត្រូវបានចំណាយត្រឹមតែ ៦លានដុល្លារប៉ុណ្ណោះ។ កាលខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនទីផ្សារកាបូនអីវើលែន (Everland) បានចុះ កិច្ចព្រមព្រៀងជាមួយសាជីវកម្មចម្រុះជាតិសាសន៍ដែលប្ដេជ្ញាទិញឥណទានកាបូនរាប់លានតោនពីគម្រោងលក់កាបូន ឬរេដបូក (Redd+) តំបន់ឧទ្យានជាតិភ្នំក្រវាញខាងត្បូង។ ទោះជាយ៉ាងណានៅពាក់កណ្ដាល ឆ្នាំ២០២៣ ឥណទានកាបូនជាង ៥ លានមិនអាចលក់ក្នុងទីផ្សារអន្តរជាតិនោះទេ ដោយសារតែកាបូន ដែលចេញពីតំបន់ឧទ្យានជាតិភ្នំក្រវាញខាងត្បូងសឹករិចរិល ឬមានការកាប់បំផ្លាញព្រៃឈើនៅទីនោះ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីឆ្នាំ២០២៣ បានឱ្យដឹងថា ទឹកប្រាក់ជាង ២លាន (២.០៤៥.៧៣៣) ដុល្លារ ស្មើនឹង ៣៦ភាគរយ បានជួយសហគមន៍ រួមមាន ការសាងសង់អណ្ដូង បង្គន់អនាម័យ ផ្លូវ សាលារៀន និងមណ្ឌលសុខភាពជាដើម។ ចំណែក ៦៤ភាគរយ គឺចំណាយទៅលើសកម្មភាពការពារព្រៃឈើ ក្នុងនោះ ក៏មានការចំណាយទៅលើមន្ត្រីរដ្ឋាភិបាលផងដែរ។
ជនជាតិដើមភាគតិចជងមួយរូប នៅភូមិជំនាប់ខេត្តកោះកុង ប្រាប់អ្នកសារព័ត៌មានស៊ើបអង្កេតរបស់វិទ្យុអាស៊ីសេរីថា លោកមិនអាចទៅធ្វើស្រែនៅដីចម្ការវិលជុំទៀតនោះទេ ដោយលោកបារម្ភថា មន្ត្រីឧទ្យានុរក្ស និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃចាប់ខ្លួន និងដុតបំផ្លាញស្រូវដូច កាលពីឆ្នាំ២០២២ ទៀត។ លោកថា គ្រួសាររបស់លោកបានដាំស្រូវនៅក្នុងចម្ការវិលជុំនោះ តាំងពីឆ្នាំ១៩៩០ មក។
នៅក្នុង លិខិតសាធារណៈ ដែលបានចែករំលែកកាលពីខែមករា ស្ថាបនិក និងនាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អ្នកស្រី សូវ៉ាណា កោនឡេត (Suwanna Gauntlett) លើកឡើងថា អង្គការរបស់អ្នកស្រី គ្មានអ្វីត្រូវលាក់បាំងនោះទេ។ អ្នកស្រីបន្តថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមិនបានគិតគូរពី ទិដ្ឋភាពទូលាយអំពីផលប៉ះពាល់ពេញលេញ នៃគម្រោងនេះទេ។
អ្នកស្រី ក៏បានប្រាប់វិទ្យុអាស៊ីសេរីតាមរយៈសារអេឡិចត្រូនិក (Email) ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានបង្ហាញតែអ្វីមួយ ដែលអ្នកស្រីអះអាងថា ជារូបភាពបំភ័ន្ត និងបំភ្លៃការពិតរបស់គម្រោងការពារព្រៃនេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក ជួប បារីស៍ និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បានទេ នៅថ្ងៃ ២៩ ខែកុម្ភៈ។
ទាក់ទងរឿងនេះ នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើងថារវាងសិទ្ធិជនជាតិភាគតិច និងការលក់កាបូនសុទ្ធមានសារសំខាន់ដូចគ្នា។ លោកថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃក្រសួងបរិស្ថាន និងសហគមន៍ជនជាតិដើមគួរពិភាក្សាគ្នាម្ដងទៀតដើម្បីរកចំណុចរួមមួយ។
លោក ហេង គឹមហុង៖ «ជនជាតិដើមភាគតិចជង ក៏ដូចជាអង្គការ Wildlife Alliance ត្រូវតែមានការពិភាក្សាគ្នា និងកំណត់ឱ្យបានច្បាស់លាស់នូវអ្វីដែលធ្វើបាន និងមិនបាន ដើម្បីជៀសវៀងការព្រួយបារម្ភ ជៀសវៀងការរំលោភសិទ្ធិជនជាតិដើមនៅទីនោះ ដូច្នេះលទ្ធភាពដែលអាចដោះស្រាយបញ្ហានេះបានភាគីទាំងបី មានក្រសួងបរិស្ថានទៀតហ្នឹងត្រូវធ្វើការពិភាក្សាគ្នា»។
ជនជាតិដើមភាគតិចជងកំពុងរស់នៅក្នុងភូមិចំនួន១១ ក្នុងចំណោមភូមិចំនួន២៩ ដែលត្រូវបានដាក់បញ្ចូលក្នុង គម្រោងលក់កាបូន ឬរេដបូក។ ពួកគាត់បានរស់នៅក្នុងតំបន់ភ្នំក្រវាញជាច្រើនសតវត្សមកហើយ។ ក្នុងចំណោមភូមិទាំង១១ មានភូមិចំនួនប្រាំបី ស្ថិតនៅក្នុងឃុំជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង និងភូមិចំនួនបីទៀត ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការរៀបចំគម្រោងរេដបូកជួរភ្នំក្រវាញ (REDD+) ធំជាងគេនៅកម្ពុជាប្រមាណ ៥សែនហិកតារ ក្នុងឧទ្យានជាតិក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃដើម្បីចូលរួមក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ដល់តម្លៃដល់ព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។