អង្គការ HRW ថា បទ​បញ្ជាឱ្យ​បង្ហាញ​​ប័ណ្ណ​ចាក់​​វ៉ាក់សាំង បង្ក​ក្ដី​បារម្ភ​ពី​​បញ្ហា​សិទ្ធិមនុស្ស

ដោយ សេក បណ្ឌិត
2021-10-27
Share
អង្គការ HRW ថា បទ​បញ្ជាឱ្យ​បង្ហាញ​​ប័ណ្ណ​ចាក់​​វ៉ាក់សាំង បង្ក​ក្ដី​បារម្ភ​ពី​​បញ្ហា​សិទ្ធិមនុស្ស វ៉ាក់សាំងចិនឈ្មោះ Sinopharm ដែលចាក់លើពលរដ្ឋកម្ពុជាជាង១៣លាននាក់ ដើម្បីបង្ការឆ្លងពីជំងឺកូវីដ-១៩។
រូប៖ ហ្វេសប៊ុក SPM

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យ​ឃើញ​ថា បទបញ្ជា​របស់​អាជ្ញាធរ​កម្ពុជា​ដែល​ឱ្យ​បង្ហាញ​ភស្តុតាង​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បកស្រាយ​ថា វិធានការ​នេះ គឺ​ដើម្បី​ការពារ​អាយុជីវិត​​របស់​​ពលរដ្ឋ​ភាគច្រើន។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) សង្កេត​ឃើញ​ថា បទ​បញ្ជា​មួយចំនួន​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ដាក់​ចេញ​ទាក់​ទង​​រឿង​វ៉ាក់សាំង​កូវីដ-១៩ បង្កើត​ជា​ហានិភ័យ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព ការអប់រំ សុវត្ថិភាព​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន​ដទៃ​ទៀត​របស់​ពលរដ្ឋ។ ការ​អះអាង​បែបនេះ​របស់​អង្គការ Human Rights Watch គឺ​ដោយសារ​តែ​នៅក្នុង​ខែ​តុលា​នេះ អាជ្ញាធរ​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ក្នុង​ការ​បង្ហាញ​ភស្តុតាង​នៃ​ការ​ចាក់​វ៉ាក់សាំង ឬ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ដែល​គ្របដណ្ដប់​លើ​ទីតាំង​សាធារណៈ និង​ឯកជន។ អង្គការ​អន្តរជាតិ​ដដែល​បារម្ភ​ថា វិធានការ​ថ្មី​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយចំនួន​ត្រូវ​បាន​គេ​បដិសេធ​មិន​ផ្តល់​អាហារ ការថែទាំ​សុខភាព ឬក៏​ការ​អប់រំ​ជាដើម។

នាយករង​អង្គការ Human Rights Watch ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្ដីថ្លែងការណ៍​កាល​ពី​ថ្ងៃទី២៦ ខែតុលា​ថា បទបញ្ជា​របស់​រដ្ឋាភិបាល​ដែល​ទាមទារ​ភស្តុតាង​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដោយ​មិន​ផ្តល់​ព័ត៌មាន ឬ​ការ​បណ្ដុះបណ្ដាល​ជា​សាធារណៈ​នេះ នឹង​បង្ក​ជា​មហន្តរាយ​ជាច្រើន។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវតែ​ធានា​ថា វ៉ាក់សាំង​កូវីដ-១៩ មាន​សម្រាប់​ពលរដ្ឋ​គ្រប់រូប និង​ធានា​ថា​ វិធានការ​រឹតត្បិត​ទាំង​ឡាយ​​នឹង​​មិន​រារាំង​ពលរដ្ឋ​អំពី​ការ​ទទួល​បាន​តម្រូវ​ការ​ជា​មូលដ្ឋាន និង​សេវា​ចាំបាច់​ដទៃ​ទៀត​នោះ​ឡើយ។

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឱ្យ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​នៅ​តាម​ទីតាំង​សាធារណៈ និង​ឯកជន​នេះ គឺ​ដើម្បី​ការពារ​អាយុ​ជីវិត​ពលរដ្ឋ ព្រមទាំង​សកម្មភាព និង​អាជីវកម្ម​នៅ​តាម​ទីតាំង​ទាំងនោះ៖ «កាលណា​ចាក់​វ៉ាក់សាំង​ត្រូវតែ​មាន​កាត​ចាក់​វ៉ាក់សាំង ដូចជា​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​តម្រូវ​ការ​ឱ្យ​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង ដែល​នេះ​ជា​ប៉ាស្ព័រ​នៅក្នុង​វិធាន​សុខាភិបាល។ ដូច្នេះ​ការ​ព្រួយ​បារម្ភ​របស់​គាត់​ហ្នឹង វា​មិន​ចំ​ទិសដៅ​ទេ ពីព្រោះ​តម្រូវការ​ភាគ​ច្រើន​ហ្នឹង ជា​តម្រូវ​ការ​ចាំបាច់។ អាស្រ័យ​ហេតុដូច្នេះ​ហើយ អ្នក​ភាគ​តិច​ត្រូវតែ​គោរព​តាម»

កាល​ពី​ដើម​ខែ​តុលា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្ដីពី​ការ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ឬ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង រាល់​ពេល​ចេញ​ចូល​គ្រឹះស្ថាន​សិក្សា ផ្សារ និង​ទីតាំង​អាជីវកម្ម​នានា​ក្នុង​រាជធានី​ភ្នំពេញ។ ពលរដ្ឋ​ទាំង​អស់​មាន​កាតព្វកិច្ច​បង្ហាញ​ឯកសារ​ទាំង​នេះ​នៅពេល​ចេញ-ចូល​ទីតាំង​សាធារណៈ ឬ​ឯកជន ដូចជា សាលារៀន ផ្សារ ភោជនីយដ្ឋាន ហាង​កាហ្វេ និង​ទីតាំង​ផ្សេងទៀត។ ប៉ុន្តែ​ក្រោយមក អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​លើកលែង​កាតព្វកិច្ច​សម្រាប់​កុមារ និង​យុវជន ដែល​មាន​អាយុ​ចាប់​ពី ៦ឆ្នាំ ដល់​ក្រោម ១៨ឆ្នាំ ចំពោះ​ការ​ចេញ-ចូល​សាលារៀន។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដាក់​បញ្ជា​ថា បើ​មាន​បុគ្គល​ណា​ម្នាក់​មិន​ព្រម​សហការ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ទេ អ្នកគ្រប់គ្រង ឬ​ម្ចាស់​ទីតាំង​ដាច់​ខាត​មិន​ត្រូវ​អនុញ្ញាត​​ឱ្យ​​ពួកគេ​​ចូល​ក្នុង​​ទីតាំង ឬ​ទីកន្លែង​របស់​ខ្លួន​នោះ​ឡើយ ហើយ​ត្រូវ​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ដែល​នៅ​ក្បែរ​នោះ​ជា​បន្ទាន់។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ព្រមាន​ថា បើ​អ្នក​គ្រប់គ្រង ឬ​ម្ចាស់​ទីតាំង​ណា​ដែល​មិន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​នេះ ពួកគេ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដកហូត​អាជ្ញាប័ណ្ណ ឬ​លិខិត​អនុញ្ញាត និង​អាច​ឈាន​ដល់​ការ​បិទ​ទីតាំង ព្រមទាំង​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ថែម​ទៀត​ផង។

សេចក្ដីណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​បេឡា​ជាតិ​សន្តិសុខ​សង្គម (..នៃ​ក្រសួង​ការងារ ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការ​ផ្តល់ ឬ​មិន​ផ្ដល់​សេវា​ជូន​ពលរដ្ឋ។ ប..ស បាន​ប្រកាស​កាល​ពី​ថ្ងៃទី១០ ខែតុលា​ថា ពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​នៅ​គ្រប់​ទីស្នាក់ការ​នៃ​អង្គភាព​មួយ​នេះ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ឬ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង បើមិនដូច្នោះទេ ប...មិន​ផ្ដល់​សេវា​ជូន​នោះ​ទេ។

ជុំវិញ​រឿង​នេះ នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ទទួល​ស្គាល់​ថា វិធានការ​របស់​អាជ្ញាធរ​នេះ គឺ​ដើម្បី​ការពារ​សុខុមាលភាព​របស់​ពលរដ្ឋ ប៉ុន្តែ​ចំណុច​ខ្លះ​ក៏​អាច​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែរ។ លោក​យល់​ថា ដំណោះស្រាយ​ល្អ​បំផុត​នោះ គឺ​ការ​ណែនាំ​អ្នកគ្រប់គ្រង ឬ​ម្ចាស់​ទីតាំង​ទាំងឡាយ​ឱ្យ​យល់​ច្បាស់​ពី​វិធានការ​ថ្មីនេះ៖ «គួរតែ​មាន​ការ​ណែនាំ​ទៅ​ដល់​ស្ថាប័ន​រដ្ឋ ឯកជន​ហ្នឹង​ឱ្យ​បាន​ច្បាស់លាស់​អំពី​វិធានការ​ហ្នឹងដើម្បី​ចៀសវាង​ការ​អនុវត្ត​ទៅ វា​លើស ឬ​ខ្វះ​យ៉ាង​ម៉េច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ផ្សេង​ទៀត​របស់​ពលរដ្ឋ»។

កាល​ពី​ខែឧសភា​កន្លងទៅ ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ផ្ញើរ​លិខិត​រួម​គ្នា​ទៅ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើ​ឱ្យ​លុប​ចោល​កាតព្វកិច្ច​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​មាន​លក្ខណៈ​ផ្ទុយ​ពី​លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ។ ក្រុម​អ្នក​ជំនាញ​ដដែល​ក៏​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ចាត់​វិធានការ​ផ្សេងៗ ដើម្បី​ធានា​ភាព​ស្របគ្នា​ជាមួយ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ធានា​ថា បទបញ្ជា​ទាំងឡាយ​របស់​ខ្លួន​ទាក់ទង​នឹង​រឿង​វ៉ាក់សាំង មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​ដទៃ​ទៀត​របស់​ពលរដ្ឋ ឬ​ក៏​បង្កើត​បន្ទុក​មិន​ត្រឹមត្រូវ​សម្រាប់​ផ្នែក​ណាមួយ​របស់​ពលរដ្ឋ​នោះ​ទេ។ អង្គការ​អន្តរជាតិ​ដដែល​បន្ថែម​ទៀត​ថា សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​រូប មិន​ថា​បាន​ចាក់​វ៉ាក់សាំង ឬ​អត់​នោះ​ទេ។ ជាពិសេស បទបញ្ជា​ទាំងឡាយ​គួរតែ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គិត​ឱ្យ​បាន​ស៊ី​ជម្រៅ​ចំពោះ​បរិបទ​នានា រួម​ទាំង​ឧបសគ្គ​ខាង​សង្គម នយោបាយ និង​សេដ្ឋកិច្ច ដែល​ពលរដ្ឋ​អាច​ប្រឈម​មុខ។

លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​បន្ថែម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែ​ធានា​ថា វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ-១៩ ការពារ​សិទ្ធិ​ពលរដ្ឋ​គ្រប់រូប ជាជាង​ការ​ដាក់​ចេញ​បទ​បញ្ជា​ណាមួយ​ដែល​ប្រថុយ​នឹង​ការ​កាត់​ផ្តាច់​ពលរដ្ឋ​ចេញ​ពី​សេវា​សំខាន់​ទាំងឡាយ។ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បន្ថែម​ថា អង្គការ​សុខភាព​ពិភពលោក (WHO) ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឆ្ពោះ​ទៅ​រក​វិធានការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ-១៩ ដោយ​ឈរ​លើ​មូលដ្ឋាន​សិទ្ធិមនុស្ស​ឱ្យ​បាន​កាន់​តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល