អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យឃើញថា បទបញ្ជារបស់អាជ្ញាធរកម្ពុជាដែលឱ្យបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជាការគំរាមកំហែងដល់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបកស្រាយថា វិធានការនេះ គឺដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋភាគច្រើន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) សង្កេតឃើញថា បទបញ្ជាមួយចំនួនដែលអាជ្ញាធរកម្ពុជាបានដាក់ចេញទាក់ទងរឿងវ៉ាក់សាំងកូវីដ-១៩ បង្កើតជាហានិភ័យនៃការរំលោភបំពានសិទ្ធិទទួលបានសេវាសុខភាព ការអប់រំ សុវត្ថិភាពសង្គម និងសិទ្ធិជាមូលដ្ឋានដទៃទៀតរបស់ពលរដ្ឋ។ ការអះអាងបែបនេះរបស់អង្គការ Human Rights Watch គឺដោយសារតែនៅក្នុងខែតុលានេះ អាជ្ញាធរបានដាក់ចេញនូវបទបញ្ជាក្នុងការបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង ឬប័ណ្ណចាក់វ៉ាក់សាំង ដែលគ្របដណ្ដប់លើទីតាំងសាធារណៈ និងឯកជន។ អង្គការអន្តរជាតិដដែលបារម្ភថា វិធានការថ្មីនេះអាចនឹងធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវបានគេបដិសេធមិនផ្តល់អាហារ ការថែទាំសុខភាព ឬក៏ការអប់រំជាដើម។
នាយករងអង្គការ Human Rights Watch ទទួលបន្ទុកកិច្ចការតំបន់អាស៊ីលោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែតុលាថា បទបញ្ជារបស់រដ្ឋាភិបាលដែលទាមទារភស្តុតាងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមិនផ្តល់ព័ត៌មាន ឬការបណ្ដុះបណ្ដាលជាសាធារណៈនេះ នឹងបង្កជាមហន្តរាយជាច្រើន។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវតែធានាថា វ៉ាក់សាំងកូវីដ-១៩ មានសម្រាប់ពលរដ្ឋគ្រប់រូប និងធានាថា វិធានការរឹតត្បិតទាំងឡាយនឹងមិនរារាំងពលរដ្ឋអំពីការទទួលបានតម្រូវការជាមូលដ្ឋាន និងសេវាចាំបាច់ដទៃទៀតនោះឡើយ។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការតម្រូវឱ្យបង្ហាញប័ណ្ណចាក់វ៉ាក់សាំងនៅតាមទីតាំងសាធារណៈ និងឯកជននេះ គឺដើម្បីការពារអាយុជីវិតពលរដ្ឋ ព្រមទាំងសកម្មភាព និងអាជីវកម្មនៅតាមទីតាំងទាំងនោះ៖ «កាលណាចាក់វ៉ាក់សាំងត្រូវតែមានកាតចាក់វ៉ាក់សាំង ដូចជាការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយតម្រូវការឱ្យមានប័ណ្ណចាក់វ៉ាក់សាំង ដែលនេះជាប៉ាស្ព័រនៅក្នុងវិធានសុខាភិបាល។ ដូច្នេះការព្រួយបារម្ភរបស់គាត់ហ្នឹង វាមិនចំទិសដៅទេ ពីព្រោះតម្រូវការភាគច្រើនហ្នឹង ជាតម្រូវការចាំបាច់។ អាស្រ័យហេតុដូច្នេះហើយ អ្នកភាគតិចត្រូវតែគោរពតាម » ។
កាលពីដើមខែតុលា អាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តីណែនាំមួយស្ដីពីការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង រាល់ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានាក្នុងរាជធានីភ្នំពេញ។ ពលរដ្ឋទាំងអស់មានកាតព្វកិច្ចបង្ហាញឯកសារទាំងនេះនៅពេលចេញ-ចូលទីតាំងសាធារណៈ ឬឯកជន ដូចជា សាលារៀន ផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀត។ ប៉ុន្តែក្រោយមក អាជ្ញាធររាជធានីភ្នំពេញបានលើកលែងកាតព្វកិច្ចសម្រាប់កុមារ និងយុវជន ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចំពោះការចេញ-ចូលសាលារៀន។
អាជ្ញាធររាជធានីភ្នំពេញដាក់បញ្ជាថា បើមានបុគ្គលណាម្នាក់មិនព្រមសហការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងទេ អ្នកគ្រប់គ្រង ឬម្ចាស់ទីតាំងដាច់ខាតមិនត្រូវអនុញ្ញាតឱ្យពួកគេចូលក្នុងទីតាំង ឬទីកន្លែងរបស់ខ្លួននោះឡើយ ហើយត្រូវរាយការណ៍ករណីនេះទៅអាជ្ញាធរដែលនៅក្បែរនោះជាបន្ទាន់។ ជាមួយគ្នានេះ អាជ្ញាធរព្រមានថា បើអ្នកគ្រប់គ្រង ឬម្ចាស់ទីតាំងណាដែលមិនអនុវត្តតាមគោលការណ៍ណែនាំនេះ ពួកគេត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានដល់ការបិទទីតាំង ព្រមទាំងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ថែមទៀតផង។
សេចក្ដីណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញនេះ ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ ប្រើប្រាស់ជាមូលដ្ឋានក្នុងការផ្តល់ ឬមិនផ្ដល់សេវាជូនពលរដ្ឋ។ ប.ស.ស បានប្រកាសកាលពីថ្ងៃទី១០ ខែតុលាថា ពលរដ្ឋដែលទៅទទួលសេវានៅគ្រប់ទីស្នាក់ការនៃអង្គភាពមួយនេះត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង បើមិនដូច្នោះទេ ប.ស.ស.មិនផ្ដល់សេវាជូននោះទេ។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា វិធានការរបស់អាជ្ញាធរនេះ គឺដើម្បីការពារសុខុមាលភាពរបស់ពលរដ្ឋ ប៉ុន្តែចំណុចខ្លះក៏អាចប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋដែរ។ លោកយល់ថា ដំណោះស្រាយល្អបំផុតនោះ គឺការណែនាំអ្នកគ្រប់គ្រង ឬម្ចាស់ទីតាំងទាំងឡាយឱ្យយល់ច្បាស់ពីវិធានការថ្មីនេះ៖ «គួរតែមានការណែនាំទៅដល់ស្ថាប័នរដ្ឋ ឯកជនហ្នឹងឱ្យបានច្បាស់លាស់អំពីវិធានការហ្នឹងដើម្បីចៀសវាងការអនុវត្តទៅ វាលើស ឬខ្វះយ៉ាងម៉េច ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិផ្សេងទៀតរបស់ពលរដ្ឋ»។
កាលពីខែឧសភាកន្លងទៅ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានផ្ញើរលិខិតរួមគ្នាទៅរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើឱ្យលុបចោលកាតព្វកិច្ចក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានលក្ខណៈផ្ទុយពីលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ។ ក្រុមអ្នកជំនាញដដែលក៏ស្នើដល់រដ្ឋាភិបាលឱ្យចាត់វិធានការផ្សេងៗ ដើម្បីធានាភាពស្របគ្នាជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែធានាថា បទបញ្ជាទាំងឡាយរបស់ខ្លួនទាក់ទងនឹងរឿងវ៉ាក់សាំង មិនត្រូវរំលោភលើសិទ្ធិដទៃទៀតរបស់ពលរដ្ឋ ឬក៏បង្កើតបន្ទុកមិនត្រឹមត្រូវសម្រាប់ផ្នែកណាមួយរបស់ពលរដ្ឋនោះទេ។ អង្គការអន្តរជាតិដដែលបន្ថែមទៀតថា សិទ្ធិទទួលបានសេវាសុខភាពអនុវត្តចំពោះមនុស្សគ្រប់រូប មិនថាបានចាក់វ៉ាក់សាំង ឬអត់នោះទេ។ ជាពិសេស បទបញ្ជាទាំងឡាយគួរតែត្រូវបានរៀបចំឡើងដោយគិតឱ្យបានស៊ីជម្រៅចំពោះបរិបទនានា រួមទាំងឧបសគ្គខាងសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលពលរដ្ឋអាចប្រឈមមុខ។
លោក ហ្វីល រ៉ូបឺតសុន មានប្រសាសន៍បន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែធានាថា វិធានការរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ការពារសិទ្ធិពលរដ្ឋគ្រប់រូប ជាជាងការដាក់ចេញបទបញ្ជាណាមួយដែលប្រថុយនឹងការកាត់ផ្តាច់ពលរដ្ឋចេញពីសេវាសំខាន់ទាំងឡាយ។ អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិបន្ថែមថា អង្គការសុខភាពពិភពលោក (WHO) ចាំបាច់ត្រូវធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកវិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយឈរលើមូលដ្ឋានសិទ្ធិមនុស្សឱ្យបានកាន់តែច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។