HRW ជំរុញ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​វៀតណាម​ដែល​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លើកឡើង​ថា សហគមន៍​អន្តរជាតិ​គួរ​ដាក់ទណ្ឌកម្ម​ទៅលើ​រដ្ឋាភិបាល​វៀតណាម​ដែល​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម​។ ប្រតិកម្ម​នេះ ក្រោយ​អាជ្ញាធរ​វៀតណាម​ខេត្ត​លង់​ហោ​ចាប់​ផ្សឹក​ព្រះសង្ឃ និង​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​វត្ត​ទ្រនំ​សេក ចំនួន​៨ អង្គ​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិច នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ថា​រដ្ឋាភិបាល​វៀតណាម​កំពុង​ប្រើប្រាស់​មាត្រា ៣៣១ ជា​ញញួរ​ផ្លូវច្បាប់ ដើម្បី​វាយប្រហារ​ជា​ប្រព័ន្ធ​ទៅលើ​សេរីភាព​សាសនា និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម។

លោក ហ្វីល រ៉ូប៉ឺតសុន បន្ត​ថា វា​មិន​គួរ​ជា​បទឧក្រិដ្ឋ​សម្រាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដោយ​គ្រាន់តែ​ពួកគាត់​ចង់​គ្រប់គ្រង​វត្ត​ព្រះពុទ្ធសាសនា​របស់​ខ្លួន​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល​នៃ​បក្សកុម្មុយនិស្ដ​វៀតណាម​។ លោក​ចំណាត់ការ​របស់​អាជ្ញាធរ​វៀតណាម​នៅ​ពេល​ពេលនេះ គឺ​បង្ហាញថា​រដ្ឋាភិបាល​វៀតណាម​គ្មាន​ការគោរព​ជនជាតិ​ដើម​ខ្មែរក្រោម ឬ​សាសនា គ្មាន​ឆន្ទៈ​គោរព​សិទ្ធិមនុស្ស និង​គ្មាន​ការ​យោគយល់​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម។

លោក ហ្វីល រ៉ូប៉ឺតសុន សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​វៀតណាម​គួរ​ត្រូវ​បាន​គេ បណ្ដេញ​ចេញពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដោយសារ​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​។ លោក ហ្វីល រ៉ូប៉ឺតសុន ទទូច​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ពាណិជ្ជកម្ម​លើ​ប្រទេស​វៀតណាម ប្រទេស​រដ្ឋាភិបាល​ប្រទេស​នេះ​រំលោភ​សិទ្ធិមនុស្ស​ដូច​បច្ចុប្បន្ន។

អាជ្ញាធរ​វៀតណាម​ខេត្ត​លង់ហោ​ដែល​វៀតណាម​ហៅថា​ខេត្ត វិញ ឡុង (Vinh Long ) កាលពី​ថ្ងៃទី​២៦ និង​ថ្ងៃទី ២៨ ខែមីនា បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​គង់នៅ​វត្ត​ប្រជុំ​ពល​មង្គល​បូរី​ឬ​ហៅថា​វត្ត​ទ្រនំ​សេក​ចំនួន​៥​អង្គ និង​ចាប់​ឃុំខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​បី​នាក់​ក្រោម​បទចោទប្រកាន់​«​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​» តាម​មាត្រា ៣៣១ និង ពី​បទ «​ការ​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់​» តាម​មាត្រា ១៥៧ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម។

ក្នុង​ចំណោម​ព្រះសង្ឃ​ទាំង ៥ អង្គ​នោះ​រួមមាន ព្រះចៅ​អធិការ​វត្ត​ទ្រនំ​សេក​ព្រះ​ភិក្ខុ ថាច់ ចន្ទតារា និង​ព្រះភិក្ខុ យឿង ខាយ ដែល​ជា​សកម្មជន​សង្ឃ​ខ្មែរក្រោម​ធ្លាប់​បាន​ចូលរួម​យ៉ាងសកម្ម​ការពារ​ក្នុង​ការ​ផ្សព្វផ្សាយ​សិទ្ធិ​ជនជាតិ​ដើម​ដល់​ពលរដ្ឋ​ខ្មែរក្រោម និង​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន​សួរចម្លើយ​នៅ​ប៉ុស្តិ៍​នគរបាល​ជាច្រើន​ដង។

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក​បណ្ឌិត សឺន ជុំជួន មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​គឺ​ដូចគ្នា​នឹង​របាយការណ៍​របស់​សមាគម​ខ្មែរក្រោម​ដែល​បាន​ដាក់​ជូន​ទៅ​អង្គការសហប្រជាជាតិ​ចំពោះ​សកម្មភាព​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​ប្រើប្រាស់​មាត្រា​៣៣១ ជា​លេស​ដើម្បី​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរក្រោម​។ លោក បន្ត​ថា ពលរដ្ឋ​ខ្មែរក្រោម​នៅ​ទូទាំង​ពិភពលោក​គ្រោង​ធ្វើ​បាតុកម្ម និង​ដង្ហែ​ញត្តិ​ទៅកាន់​ស្ថានទូត​វៀតណាម​ដើម្បី​ឆ្លើយ​តប នឹង​អំពើ​រំលោភសិទ្ធិ​ទាំងនេះ។

លោក​បណ្ឌិត សឺន ជុំជួន៖ «មាន​ជម្រើស​ជាច្រើន​ណាស់​ក្នុង​ការ​តស៊ូ​មតិ ដូចជា​នៅ​ក្រៅ​ប្រទេស​នឹង​ធ្វើ​ការ​បាតុកម្ម​ក្ដី ហើយ​នៅ​កម្ពុជា​យើង​អាច​នឹង​មាន​ការ​ធ្វើ​ការ​ដង្ហែ​ដាក់​ញត្តិ​ជាដើម​ទៅតាម​បណ្ដា​ទូត​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​វៀតណាម​ជាពិសេស​ស្ថានទូត​វៀតណាម​អី​ជាដើម ហើយ​យើង​នឹង​មាន​ការ​អន្តរាគមន៍​អី​ផ្សេងៗ​ទៀត​ដើម្បី​មាន​ប្រសិទ្ធភាព​បន្ថែម​ដើម្បី​ឱ្យ​វៀតណាម​លុបមាត្រា​ហ្នឹង​ចោល»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បានទេ នៅ​ថ្ងៃទី​២៩ ខែ​មីនា។

អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះ​ត្រពាំង និង​ខេត្ត​ឃ្លាំង កាលពី​ឆ្នាំ​មុន ក៏បាន​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​៣​នាក់​រួមមាន​លោក តោ ហ្វាងចឿង លោក ថាច់ កឿង និង​លោក យ័ញ មិញក្វាង ក្រោម​ការចោទប្រកាន់​តា​ម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម​នេះ​ដូចគ្នា​។ ក្នុង​ឆ្នាំ ២០២៣ ដដែល អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​ខ្មែរក្រោម​ជា​ស្ត្រី​ម្នាក់ទៀត គឺ​លោកស្រី ឌិន ធីហ្វិន រស់នៅ​ខេត្ត​ឃ្លាំង ក្រោម​បទ​ចោទ «​មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​» ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។ ពួកគេ​ត្រូវ​បាន​តុលាការ​វៀតណាម​កាត់ទោស​ជាប់ពន្ធនាគារ​ចន្លោះ​ពី​២​ដល់​៤​ឆ្នាំ កាល​ពី​ដើម​ខែ​កុម្ភៈ និង​ថ្ងៃទី​២០ មីនា។

គិត​មក​ទល់​ពេល​នេះ មាន​ព្រះសង្ឃ សកម្មជន និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១២ អង្គ​នាក់​ហើយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​។ ចំណែក​ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ទៀត​គឺ​ព្រះ​ភិក្ខុ គឹម សំរិន្ទ ដែល​ជា​សកម្មជន​សង្ឃ និង​ជា​កសាង​រូបសំណាក​លោក​ឧកញ៉ា សឺន គុយ តំកល់​ទុក​នៅផ្ទះ​ក្នុង​ខេត្ត​ព្រះ​ត្រពាំង កាលពី​ថ្ងៃទី​២៥ មីនា ត្រូវ​បាន​គណៈសង្ឃ​ខេត្ត​ក្រោម​ឥទ្ធិ​ពលរដ្ឋ​វៀតណាម និង​អាជ្ញាធរ​ខេត្ត បាន​ប្រកាស​មិន​ទទួលស្គាល់​ព្រះអង្គ​ជា​អ្នកបួស និង​មិន​អនុញ្ញាត​ឱ្យ​វត្ត​ទាំង​១៤៣ ក្នុង​ខេត្ត​ព្រះ​ត្រពាំង​ទទួលយក​ព្រះអង្គ​គង់នៅ​។ បច្ចុប្បន្ន ព្រះ​ភិក្ខុ គឹម សំរិន្ទ កំពុង​គង់នៅ​ផ្ទះ​ជាមួយ​ញោមស្រី និង​សាច់ញាតិ​របស់​ព្រះអង្គ។

ខ្មែរ​ក្រោម​អះអាង​ថា ការ​កាត់ទោស ការ​ចាប់ខ្លួន និង​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំងអស់ នៅ​ពេល​នេះ ដោយសារតែ​អាជ្ញាធរ​វៀតណាម​មិន​សប្បាយ​ចិត្ត​ចំពោះ​សកម្មភាព​ផ្សព្វផ្សាយ​សៀវភៅ​ប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម និង​ការ​បោះពុម្ព​អាវយឺត​ដែល​មាន​ទង់ជាតិ​ខ្មែរក្រោម​ចែកចាយ​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម និង​ការ​ធ្វើ​រូបសំណាក​ឧកញ៉ា សឺន គុយ ដាក់​តាំង​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​គោរព​បូជា​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។