មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ រម្លឹកមន្រ្តីនៃរដ្ឋាភិបាលថៃ ឲ្យប្រកាន់ភ្ជាប់នូវកាតព្វកិច្ចការពារជនភៀសខ្លួនខ្មែរ ដោយមិនត្រូវចូលស៊ងក្នុងល្បិចកលនយោបាយបែបជើងកាងរបស់របបលោក ហ៊ុន សែន នោះឡើយ។
មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកយុទ្ធនាការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការតាមធ្វើទុក្ខបុកម្នេញសកម្មជននយោបាយនៅក្រៅប្រទេស ថាជាអំពើអាក្រក់ហួស ដែលមិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់ជាបន្ទាន់។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៤ ខែកញ្ញា ថាសកម្មជននយោបាយ ដែលជាជនភៀសខ្លួននៅប្រទេសថៃ គឺគ្រាន់តែអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការបញ្ចេញមតិ និងទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅមាតុភូមិកំណើតរបស់ខ្លួនតែប៉ុណ្ណោះ។ លោកថា ប្រទេសថៃមិនត្រូវលុះក្នុងឧប្បាយកលនយោបាយ ដែលរៀបចំឡើងដោយរបបក្រុងភ្នំពេញ ក្នុងការធ្វើទុក្ខបុកម្នេញពួកគេនោះទេ។
ប្រទេសថៃជាប្រទេសក្នុងតំបន់អាស៊ាន ដែលឈានមុខគេក្នុងការផ្តល់ទីជម្រក និងសិទ្ធិជ្រកកោនដល់ជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសថៃ កំពុងផ្តល់ទីជម្រក និងកិច្ចគាំពារដល់ជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយជាងកន្លះលាននាក់ (៥៧៦,៦៣៥) មកពីជាង ៤០ ប្រទេស។
លោក ហ្វ៊ីល រ៉ូប៊ើតសុន ស្នើឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃលោក សុមស័ក្តិ ទេពសុធិន (Somsak Tepsuthin) និងមេដឹកនាំនយោបាយថៃឯទៀតបន្តរក្សាគោលជំហរ និងកាតព្វកិច្ចរបស់ប្រទេសថៃ អំពីការគោរពសិទ្ធិជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។
ប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនេះ ធ្វើឡើងក្រោយប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានចុះផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា ថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃលោក សុមស័ក្តិ ទេពសុធិន (Somsak Tepsuthin) បានសន្យាថា «រដ្ឋាភិបាលថៃនឹងពិនិត្យលទ្ធភាព និងចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុតលើក្រុមប្រឆាំងណាមួយ ដែលយកទឹកដីថៃ ដើម្បីធ្វើសកម្មភាពប្រឆាំង ឬជេរប្រមាថថ្នាក់ដឹកនាំខ្មែរ»។
បើតាមប្រភពដដែលនេះ អ្នកដែលទៅពឹងថៃឲ្យជួយធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសនោះ គឺទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍លោក សុខ សុក្រឹត្យា ដែលត្រូវជាកូនប្រុសបង្កើតរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ហើយដែលបានជួបមន្រ្តីថៃនៅទីក្រុងបាងកក កាលពីថ្ងៃទី១៣ ខែកញ្ញា។
អ្នកឃ្លាំមើលសង្គម ថាភាគីថៃនឹងមិនចាត់ការ ឬធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយនៅលើទឹកដីថៃ តាមសំណើរបស់កម្ពុជានោះទេ។ ផ្ទុយទៅវិញ ការណ៍ដែលមន្រ្តីថៃសន្យាជាមួយភាគីកម្ពុជានេះ គឺធ្វើគ្រាន់តែដើម្បីស្អំចិត្តកម្ពុជា ដែលម្តងហើយម្តងទៀត រត់ទៅពឹងថៃឲ្យចាត់ការពលរដ្ឋខ្មែរ។ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមលោកបណ្ឌិត សេង សារី មិនភ្ញាក់ផ្អើលនឹងមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន ដែលនៅចិញ្ចឹមចិត្ត តាមធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំង រហូតដល់ទឹកដីថៃនោះទេ ព្រោះនេះជាអាចជាយុទ្ធសាស្រ្ត បន្លាច និងបង្អើល បែបវាយបណ្តើរចរចាបណ្តើរ។
លោកបណ្ឌិត សេង សារី ថាសកម្មជននយោបាយខ្មែរ ដែលរត់ភៀសខ្លួនទៅប្រទេសថៃ តាមធម្មតាទទួលបានកិច្ចគាំពារពីស្ថាប័នសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ ក្នុងឋានៈជាជនភៀសខ្លួន ដោយសារការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនោះ។ លោកបន្តថា បើភាគីថៃចង់ចាត់ការសកម្មជននយោបាយទាំងនេះ ក៏មិនងាយស្រួលនោះដែរ ព្រោះនីតិវិធីស្មុគស្មាញ ហើយភាគីថៃក៏មិនចង់រងសម្ពាធ ឬការរិះគន់ពីសហគមន៍អន្តរជាតិ រឿងសិទ្ធិជនភៀសខ្លួនផ្នែកនយោបាយនេះដែរ៖ «ពួកយុវជនដែលសកម្មនៅក្នុងការរិះគន់រដ្ឋាភិបាលបច្ចុប្បន្ន ដែលជាយុវជនគណបក្សសង្គ្រោះជាតិហ្នឹង គឺគាត់ជាពលរដ្ឋរបស់យូអិន (UN)ទៅហើយ គាត់ជាជនភៀសខ្លួននយោបាយ។ ដូច្នេះរដ្ឋាភិបាលថៃ មុននឹងចាត់ការទៅលើពួកគាត់ហ្នឹង ក៏ត្រូវតែពិភាក្សាជាមួយយូអិនដែរ។ ពួកគាត់មានឋានៈជាពលរដ្ឋរបស់អង្គការសហប្រជាជាតិ មិនមែនតែជាពលរដ្ឋកម្ពុជាតែមួយមុខទេ។ ខ្ញុំមើលទៅ របៀបក្នុងការឆ្លើយរបស់រដ្ឋាភិបាលថៃ ទៅរដ្ឋាភិបាលកម្ពុជានេះ គ្រាន់តែជាតិចនិកការទូតមួយ ដើម្បីធ្វើម៉េចឲ្យភាគីខាងកម្ពុជាហ្នឹងសប្បាយចិត្ត ស្អំចិត្តភាគីកម្ពុជាតែប៉ុណ្ណោះ។ ប៉ុន្តែជានីតិវិធីពិតប្រាកដ ខ្ញុំមើលទៅរដ្ឋាភិបាលថៃ នឹងមិនចាត់ការរឿងហ្នឹងទេ»។
ដូចគ្នានេះដែរ យុវជនដែលជាសកម្មជនគណបក្សប្រឆាំង និងកំពុងភៀសខ្លួននៅប្រទេសថៃ និងសកម្មក្នុងការធ្វើការតស៊ូមតិនយោបាយ តាមបណ្តាញសង្គម ថាសាររបស់ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ដែលអះអាងអំពីការសន្យាការរបស់អាជ្ញាធរថៃលើសកម្មជនខ្មែរនេះ មិនមានឥទ្ធិពលអ្វីឲ្យថៃចាត់ការនោះឡើយ ព្រោះពួកលោកគ្មានធ្វើអ្វីខុសច្បាប់ ដូចការចោទប្រកាន់របស់មន្រ្តីរបបលោក ហ៊ុន សែន នោះដែរ។
យុវជនគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទ្ទេសខ្លួននៅប្រទេសថៃលោក សេង ម៉េងប៊ុនរ៉ុង ថាសកម្មជននយោបាយបក្សប្រឆាំង អនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងសកម្មភាពនយោបាយ ដែលការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។ លោកថា ការនិយាយការពិតអំពីបញ្ហាអសកម្មនៃរបបលោក ហ៊ុន សែន គឺជាការរិះគន់ក្នុងន័យឲ្យរបបនេះកែលម្អ ដើម្បីបានជាប្រយោជន៍ដល់សង្គមជាតិខ្មែរទាំងមូល គ្មានអ្វីដែលខុសច្បាប់ ឬត្រូវព្រួយបារម្ភនោះទេ។ លោកបន្ថែមថា ខាងភាគីថៃ ក៏គ្មានមូលដ្ឋានច្បាប់ណា មកធ្វើទុក្ខបុកម្នេញពលរដ្ឋ ដែលសម្តែងមតិ និងនិយាយការពិត អំពីបញ្ហាសង្គមខ្មែរនោះដែរ៖ «ថៃកំពុងតែមានរឿងពាក់ព័ន្ធនឹងសិទ្ធិមនុស្សច្រើនណាស់។ បើគេយកពេលវេលាមកចង់ចាត់ការយើងទៀត ដែលយើងជាជនភៀសខ្លួននយោបាយនៅក្នុងប្រទេសថៃ ច្បាស់ណាស់គេនឹងធ្វើការស៊ើបអង្កេតសិន។ គេមិនមែនចេះតែធ្វើដោយចិត្តឯង ឬគេជឿរបបលោក ហ៊ុន សែន នោះទេ។ ដូច្នេះ គេមិនអាចធ្វើអ្វីភ្លាមៗនោះទេ។ យ៉ាងណាក៏គេត្រូវតែធ្វើការស៊ើបអង្កេតជាមុនដែរ។ គេនឹងដឹងថា ពួកយើងធ្វើអ្វី។ ពួកយើងធ្វើការតស៊ូមតិ។ ពួកយើងធ្វើការដើម្បីលទ្ធិប្រជាធិបតេយ្យ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់ពីស្ថានទូតថៃ និងក្រសួងយុត្តិធម៌ថៃ ជុំវិញខ្លឹមសារដែលសារព័ត៌មាន ហ្វ្រេសញូ (Fresh News) អះអាងថា ជាសម្តីរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃនេះ បាននៅឡើយទេ។
ទោះជាយ៉ាងនេះក្ដី ទាំងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ ដែលកម្ពុជាបានចុះហត្ថលេខា សុទ្ធតែមានចែងអំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការធ្វើនយោបាយ ដោយគ្មានការរើសអើង និងធ្វើទុក្ខបុកម្នេញ។ រដ្ឋបរទេស មានកាតព្វកិច្ច ផ្តល់កិច្ចការពារ និងសិទ្ធិជ្រកកោនផ្នែកនយោបាយ ដល់ជនភៀសខ្លួននយោបាយ ដែលគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលនៃប្រទេសសាម៉ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។