អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដែលរំលោភ សិទ្ធិមនុស្ស និងធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងឥតស្រាកស្រាន្ត។
ការអំពាវនាវរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) នៅថ្ងៃទី៦ឧសភានេះ ធ្វើឡើងនៅមុនកិច្ចប្រជុំដំណើរការពិនិត្យជាសកលតាមកាលកំណត់ (UNPR) របស់អង្គការសហប្រជាជាតិ នឹងបើកិច្ចប្រជុំនៅថ្ងៃទី៨ ឧសភា ដែលមានភាគីកម្ពុជា និងរដ្ឋជាសមាជិកចូលរួម។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ (Human Rights Watch) លោក ប្រៃយូនី លឺ (Bryony Lau) មានប្រសាសន៍ថា ចាប់តាំងពីកិច្ចប្រជុំចុងក្រោយ នៃការពិនិត្យជាសកលតាមកាលកំណត់ (UNPR) ឆ្នាំ២០១៩ មក កម្ពុជា បានក្លាយទៅជារដ្ឋ ឯកបក្សដ៏សំខាន់មួយ ដែលគ្មានការបោះឆ្នោតដោយសេរី ប្រកបដោយអត្ថន័យ គ្មានសេរីភាពសារព័ត៌មាន និងប្រព័ន្ធតុលាការគ្រប់គ្រងដោយគណបក្សកាន់អំណាចជាដើម។
លោកបន្តថា ប្រទេសដែលជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ គួរតែថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបានបដិសេធ ឬ រឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា សិទ្ធិសារព័ត៌មាន និងជំរុញឲ្យរដ្ឋាភិបាលអនុម័តជាបន្ទាន់នូវ កំណែទម្រង់ដ៏ពិតប្រាកដ។
សេចក្ដីប្រកាសព័ត៌មានបន្តថា រដ្ឋាភិបាលកម្ពុជា បានទទួលយកអនុសាសន៍ចំនួន១៧៣ក្នុងចំណោម១៩៨នៃកិច្ចប្រជុំ និងកំណត់សម្គាល់ចំនួន២៥ផ្សេងទៀត ក្នុងកិច្ចប្រជុំនៃដំណើរការពិនិត្យជាសកលតាមកាលកំណត់កាលពីឆ្នាំ២០១៩។ រដ្ឋាភិបាលមិនត្រឹមតែបរាជ័យក្នុងការអនុវត្តអនុសាសន៍ដែលខ្លួនបានទទួលយកក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយនេះទេ ប៉ុន្តែបានបន្តរឹតបន្តឹងសេរីភាពបញ្ចេញមតិ ប្រព័ន្ធផ្សព្វផ្សាយ សហជីព សិទ្ធិការងារ និងអង្គការសង្គមស៊ីវិលកាន់តែអាក្រក់ទៅៗថែមទៀត។
ដំណើរការពិនិត្យជាសកលតាមកាលកំណត់ (UPR) គឺជាយន្តការពិសេសមួយនៃអង្គការសហប្រជាជាតិ ដែលមានអាណត្តិពិនិត្យមើល លើការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សនៃរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិតាមកាលកំណត់ជាក់លាក់។ ដំណើរការពិនិត្យលើប្រទេសនីមួយៗនេះ ធ្វើឡើងជារៀង៤ឆ្នាំកន្លះម្ដង តាមជុំនីមួយៗ។ សម្រាប់កម្ពុជា ការពិនិត្យរបស់យូភីអ សម្រាប់ឆ្នាំ២០២៤ ជាជុំទី៤ហើយ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ឧសភា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។