សកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី បានសម្រេចជួលលោកជូង ជូងី ជាមេធាវីជាតិការពារសិទ្ធិកញ្ញា និងប្តេជ្ញាថា នឹងបន្តកំដរឆាកល្ខោននយោបាយ តាមប្រព័ន្ធតុលាការនេះតទៅទៀត។ កញ្ញាបញ្ជាក់ថា ក្នុងពេលជាមួយគ្នានេះ មេធាវីអន្តរជាតិរបស់កញ្ញា ក៏បន្តជួយក្នុងរឿងក្តីនេះ តាមរយៈការតស៊ូមតិពីខាងក្រៅ។
សកម្មជនសិទ្ធិមនុស្ស និងជាអ្នកជំនាញផ្នែកច្បាប់ និងនយោបាយអន្តរជាតិកញ្ញា សេង ធារី ដែលនៅតែប្រកាន់ជំហរថា រឿងក្តីក្តាំរបស់កញ្ញានៅតុលាការសព្វថ្ងៃនេះ គឺជាឆាកល្ខោននយោបាយ ហើយដែលប្រព័ន្ធតុលាការ ត្រូវបានគេយកមកធ្វើជាឧបករណ៍នោះ ថាកញ្ញាត្រូវបង្ខំចិត្តមានមេធាវី តាមការជ្រើសរើសរបស់កញ្ញា ដែលកញ្ញាទុកចិត្តនិងជឿជាក់ ដើម្បីការពារសិទ្ធិរបស់កញ្ញា នៅចំពោះមុខតុលាការនេះ។
មុននឹងជួលលោក ជូង ជូងី កញ្ញាបានប្រកាសមិនព្រមយកមេធាវីប្រាំរូប ដែលគណៈមេធាវីកម្ពុជាចាត់តាំងឲ្យការពារក្តីកញ្ញា និងសកម្មជននយោបាយបក្សប្រឆាំង។ កាលពីចុងឆ្នាំ២០២០ គណៈមេធាវីកម្ពុជា ចាត់តាំងមេធាវីប្រាំរូប ដើម្បីការពារក្ដីដោយឥតគិតថ្លៃ សម្រាប់ជនជាប់ចោទ ដែលជាសកម្មជនសិទ្ធិមនុស្ស និងនយោបាយជាង ៤០ នាក់។ ក្នុងចំណោមអ្នកទាំងនោះ មានកញ្ញា សេង ធារី មួយដែរ។ ប៉ុន្តែកញ្ញា សេង ធារី បានបញ្ជាក់ជំហរតាំងពីដើមទី ថាកញ្ញាមិនត្រូវការមេធាវីទាំងនេះនោះទេ ព្រោះកញ្ញាមានជំនាញច្បាប់ស្រាប់ និងចង់ការពារក្តីដោយខ្លួនឯង ដោយមិនចាំបាច់មានមេធាវី។
ម្យ៉ាងទៀតកញ្ញា ថាពលរដ្ឋក្រីក្រ អនីតិជន និងជនដែលមានបញ្ហាខ្សោយសតិស្មារតីជាច្រើន ត្រូវការមេធាវីជួយ ដែលគួរតែគណៈមេធាវី យកធនធានទាំងនេះទៅជួយពួកគាត់ដែលត្រូវការមិនមែនបង្ខំឲ្យកញ្ញាយកមេធាវី ដែលកញ្ញាមិនត្រូវការនោះឡើយ។
ក្នុងពេលជាមួយគ្នានេះដែរកញ្ញា សេង ធារី ថារឿងក្តីកញ្ញា គឺជាឆាកល្ខោននយោបាយសោះ តែគេចាត់តាំងមេធាវីឲ្យការពារក្ដីឲ្យកញ្ញា ធ្វើដូចមែនទែន។ កញ្ញាថានេះក៏ជារូបភាពមួយទៀត ក្នុងប្រព័ន្ធតុលាការ ដែលហាក់ដូចជាចង់បង្ហាញថា តុលាការដំណើរការទៅតាមនីតិវិធីត្រឹមត្រូវ ដើម្បីបំភាន់មតិសាធារណៈ។
ទោះជាយ៉ាងនេះក្ដី កញ្ញាថា ដំណាក់កាលនេះ ជាពេលវេលាសមស្របមួយដើម្បីមានលោក ជូង ជូងី ជាមេធាវីតាមការជ្រើសរើសរបស់កញ្ញា ឲ្យជួយតតាំងផ្នែកអង្គច្បាប់ ស្របពេលដែលកញ្ញាបន្តកំដរល្ខោននយោបាយនេះផ្នែកអង្គហេតុ៖ «ពេលវេលាឥឡូវខ្ញុំក៏រីករាយដែរ ដែលមានគាត់ជាមេធាវី។ ចុះទាំងអស់គ្នាបានយល់ដឹងហើយតាមការសម្តែងរបស់ខ្ញុំ ថារឿងនេះមិនមែនរឿងច្បាប់ នៅតែជារឿងល្ខោននយោបាយ។ ប៉ុន្តែ ឥឡូវចូលសាច់រឿងមួយទៀត ដែលអាចបើឱកាសឲ្យយើងពន្យល់សាធារណជនទូទៅ របៀបដែលយើងអះអាងផ្នែកច្បាប់។ ដូច្នេះគាត់ជាមេធាវីជាក់ស្តែង។ គាត់មិនមែនសម្តែងទេ។ គាត់នឹងធ្វើកិច្ចការរបស់គាត់ផ្នែកច្បាប់។ ខ្ញុំនៅតែសម្តែង ព្រោះខ្ញុំអត់មានកំហុសអ្វី ខ្ញុំត្រូវការសម្តែង នៅក្នុងការចោទប្រកាន់ ឆ្លើយតបអីហ្នឹង តាមគេជំរុញឲ្យខ្ញុំចូលរួមទៅ ពីព្រោះនេះជាឱកាសនៅក្នុងការផ្តល់មេរៀនទៅសាធារណជនដែរ»។
មេរៀនដែលត្រូវផ្តល់ដល់សាធារណជននោះកញ្ញា សេង ធារី ថាគឺការបំភ្លឺឲ្យឃើញច្បាស់ថា តុលាការនេះរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ ដែលកម្ពុជាព្រមចុះហត្ថលេខាអនុវត្តតាម។ កញ្ញាថា ការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដោយអហិង្សា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ មិនមែនជាបទឧក្រិដ្ឋនោះទេ។ កញ្ញាថា ការបំពាននីតិវិធីត្រឹមត្រូវ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋបែបនេះ នឹងធ្វើឲ្យនីតិវិធីតុលាការនេះ ចាត់ទុកជាមោឃៈ និងទម្លាក់ចោលរាល់ការចោទប្រកាន់មកលើកញ្ញា។
ស្របពេលដែលលោកមេធាវី ជូង ជូងី នឹងការពារសិទ្ធិកញ្ញាផ្នែកអង្គច្បាប់នៅកម្រិតជាតិ នៅកម្រិតអន្តរជាតិឯណោះវិញ កញ្ញាមានមេធាវីអន្តរជាតិមួយរូប គឺលោក ចារិត ហ្គិនស័រ (Jared Genser) ដែលកញ្ញាអះអាងថា ជួយក្នុងរឿងក្តីកញ្ញាលើឆាកអន្តរជាតិ ជាពិសេសពាក់ព័ន្ធនឹងនយោបាយ ព្រោះរឿងនេះគឺជារឿងនយោបាយ៖ « ពួកគាត់ក៏មានយុទ្ធសាស្រ្តដែរផ្នែកនយោបាយ ពីព្រោះក្រុមហ៊ុនច្បាប់ Perseus Strategies របស់លោក ចារិត ហ្គិនស័រ (Jared Genser) ហ្នឹង ) គាត់ក៏យល់អំពីចលនារបស់លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះគាត់ជួយរៀបចំឯកសាររបស់ខ្ញុំ សេចក្ដីថ្លែងការណ៍របស់ខ្ញុំហ្នឹងជាស្នាដៃរបស់ក្រុមលោក ចារិត ហ្គិនស័រ ជាមួយខ្ញុំ ហើយឯកសារហ្នឹងជាមូលដ្ឋានរបស់ខ្ញុំ ទោះបីមានលោកមេធាវី ជូង ជូងីក្តី»។
លោក ចារិត ហ្គិនស័រ (Jared Genser) ជាមេធាវីអន្តរជាតិជនជាតិអាមេរិក និងជាមិត្តភក្តិជិតស្និទ្ធរបស់កញ្ញា សេង ធារី ដែលបានទៅផ្តល់កម្លាំងចិត្ត និងតាមដានសវនាការដោយផ្ទាល់ កាលពីដើមខែ ធ្នូ ឆ្នាំ ២០២១។ លោក ចារិត ហ្គិនស័រ ថាបន្ទាប់ពីចូលស្តាប់សវនាការជាលើកទីមួយនោះ លោកមានការភ្ញាក់ផ្អើលចំពោះការបំពាននីតិវិធី យ៉ាងសម្បើមរបស់តុលាការកម្ពុជា ក្នុងសំណុំរឿងកញ្ញា សេង ធារីនេះ។
នីតិវិធីដែលរងការបំពានទាំងនោះ រួមមានការហាមឃាត់អ្នកកាសែតបរទេស មិនឲ្យចូលស្តាប់សវនាការ ដោយសារយកលេសថា មិនបានចុះឈ្មោះជាមុន ការរករឿងកញ្ញា សេង ធារី មិនចង់ឲ្យចូលបន្ទប់សវនាការ ដោយសារតែកញ្ញាស្លៀកពាក់សម្លៀកបំពាក់ជាអប្សរា និងបង្គាប់ឲ្យកញ្ញាដូរសម្លៀកបំពាក់នេះចេញ នៅពេលចូលសវនាការលើកក្រោយជាដើម។
ជាងនេះទៅទៀត លោកកត់សម្គាល់ឃើញភាពមិនប្រក្រតី ក្នុងករណីជូនដំណឹងអំពីដីការបស់តុលាការ ដល់កញ្ញា សេង ធារី និងកូនក្តីដទៃទៀត។ លោកថា ក្នុងថ្ងៃសវនាការនោះ មេធាវីជាច្រើនរបស់កូនក្តីដទៃទៀត បានត្អូញត្អែថា មិនបានទទួលដីកាកោះ ដើម្បីឡើងសវនាការនៅពេលនោះ។ មួយទៀតលោក ថាដល់ថ្ងៃសវនាការទៅហើយ តុលាការដូរចៅក្រម ដោយមិនជូនដំណឹងកូនក្តីមុន។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីបំភ្លឺជុំវិញរឿងនេះបាននៅឡើយទេ។
កញ្ញា សេង ធារី ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ ដោយសារតែសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩។ កញ្ញាស្ថិតក្នុងចំណោមជនជាប់ចោទ ៤២ នាក់ ដែលតុលាការចោទជាក្រុម។ ប៉ុន្តែតុលាការបានបំបែកសំណុំរឿងនេះ ទៅជាបីក្រុម ដោយដាក់កញ្ញា សេង ធារី ឲ្យដាច់ម្នាក់ឯង ស្របពេលដែលជនជាប់ចោទ ៤១ នាក់ផ្សេងទៀត បំបែកចេញជាពីរក្រុម។ សវនាការរបស់កញ្ញា សេង ធារី នឹងបន្តនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។