អ្នកការពារសិទ្ធិមនុស្សយល់ថា ការស្វាគមន៍អមជាមួយនឹងសារព្រមានទុកជាមុនរបស់រដ្ឋាភិបាលកម្ពុជាចំពោះអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ បង្ហាញឲ្យឃើញពីធាតុពិតរបស់រដ្ឋាភិបាល ដែលចង់ដាក់លក្ខខណ្ឌរឹតត្បិតការបំពេញការងារដោយឯករាជ្យរបស់អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ។
ការស្វាគមន៍លាយឡំជាមួយនឹងសារព្រមាន និងដាក់លក្ខខណ្ឌទុកជាមុនរបស់កម្ពុជានេះ កើតមានឡើងទាំងនៅមុន និងក្រោយលោកសាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន (Vitit Muntarbhorn) ត្រូវបានប្រកាសតែងតាំងជាផ្លូវការឲ្យធ្វើជាអ្នករាយការណ៍ពិសេសថ្មី ជំនួសអ្នកស្រី រ៉ូណា ស្ម៊ីត ដែលនឹងត្រូវផុតអាណត្តិនៅដំណាច់ខែមេសា។
ថ្លែងក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រព្រឹត្តិទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែមីនា តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន គូសបញ្ជាក់ថា កម្ពុជា សង្ឃឹមថា អ្នករាយការណ៍ពិសេសថ្មីនេះ នឹងបំពេញការងារស្របតាមក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់នីតិវិធីពិសេស បានយ៉ាងខ្ជាប់ខ្ជួន។ លោកបន្តថា កម្ពុជាបន្តកិច្ចសហប្រតិបត្តិការជាមួយអ្នករាយការណ៍ពិសេសថ្មី លោកសាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន។ តំណាងកម្ពុជារូបនោះ ក៏មិនភ្លេចក្រើនរំឭកលោក វីទិត ម៉ុនតារប៊ន ឲ្យយល់ពីសារសំខាន់នៃការបំពេញការងារផ្អែកលើអ្វីមួយដែលលោកហៅថា «ការពិត ព័ត៌មានគួរឲ្យទុកចិត្តបាន» ដែលទទួលបានមកពីគ្រប់ភាគីពាក់ព័ន្ធ គួរឲ្យទុកចិត្តបាន។ ក្រៅពីនោះ លោកក៏បានលើកឡើងដែរ ឲ្យអ្នករាយការណ៍ពិសេសថ្មី ត្រូវគោរពតាមច្បាប់កម្ពុជា និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
នៅមុនការតែងតាំងជាផ្លូវការនៃអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិនេះ មន្ត្រីតំណាងកម្ពុជារូបនេះ ក៏ធ្លាប់លើកឡើងដែរដោយព្រមានទុកជាមុនទៅអ្នករាយការណ៍ពិសេសថ្មី ឲ្យបំពេញការងារមិនលម្អៀង មិនជ្រើសតែមួយជ្រុង និងមិនធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាជាដើម។ ជាពិសេស តំណាងកម្ពុជារូបនោះ ក៏ចង់ឃើញអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិនេះ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានត្រឹមត្រូវជាមួយប្រភពរបស់រដ្ឋាភិបាលជាមុនសិន មុននឹងចេញផ្សាយរបាយការណ៍របស់ខ្លួន។
អ្នកការពារសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ហៅការស្វាគមន៍ អមជាមួយសារព្រមានទុកជាមុនរបស់តំណាងកម្ពុជា លោក អាន សុខខឿន ទៅអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិនេះ ថា ជាឥរិយាបថមិនសមទំនង ហើយកម្ពុជាមិនត្រូវលើកឡើងនោះទេ។ លោកហៅសាររបស់តំណាងកម្ពុជារូបនោះថា ជាការប៉ុនប៉ងរឹតត្បិតការបំពេញការងារដោយឯករាជ្យរបស់អ្នករាយការណ៍ពិសេសថ្មី៖ « មានន័យថា វាជាការដាក់កម្រិត ដាក់កំហិតរឹតត្បិត។ ការលើកឡើងបែបនេះ វាកាន់តែបង្ហាញពីចរិតលក្ខណៈរបស់រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែរឹតត្បិតទៅលើសេរីភាពរបស់ពលរដ្ឋខ្លួនទេ ថែមទៅដាក់លក្ខខណ្ឌ និងដាក់កំហិតទៅដល់មន្ត្រីអង្គការសហប្រជាជាតិទៅទៀត។ អ៊ីចឹង វាកាន់តែបង្ហាញទៅលើឆាកអន្តរជាតិថា កម្ពុជាមិនមែនជាប្រទេសមួយដែលមានសេរីភាពទេ សូម្បីតែខាងមន្ត្រីរបស់អង្គការសហប្រជាជាតិ ក៏គេបានប្រើនូវឥទ្ធិពលទៅរឹតត្បិត ទៅតម្រូវឲ្យធ្វើតាមខ្លួនដែរ។ វាកាន់តែបង្ហាញកាន់តែច្បាស់ទៅសហគមន៍អន្តរជាតិទៅទៀត ពីចរិតរបស់កម្ពុជា »។
លោក ស៊ឹង សែនករុណា បន្តថា ជាជាងផ្តល់ឱវាទដល់អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ កម្ពុជាទៅវិញទេ ដែលត្រូវផ្លាស់ប្ដូរឥរិយាបថងាកមកគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនត្រូវព្យាយាមលាក់បាំងនៅការពិតនោះទេ។ លោកថា តាមរយៈរបាយការណ៍របស់អ្នករាយការណ៍ពិសេសមុនៗ របស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ការរកឃើញរបស់ពួកគេ គឺពិតជាមិនខុសគ្នានោះទេ ដោយសារតែការពិតនៅកម្ពុជា មានការរំលោភបំពានទៅលើសិទ្ធិនានា ជាពិសេសសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។ លោកចង់ឃើញរដ្ឋាភិបាលកែប្រែឥរិយាបថក្នុងការបំពេញការងារជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ឲ្យបានត្រឹមត្រូវ និងប្រកបដោយភាពស្មោះត្រង់៖ «គឺទាល់តែរដ្ឋាភិបាលទៅវិញដែលជាអ្នកត្រូវកែប្រែឥរិយាបថ ផ្លាស់ប្ដូរពីការរំលោភបំពានទៅលើសិទ្ធិមនុស្ស ហើយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យអីទាំងអស់ ហ្នុងហើយរបាយការណ៍របស់អ្នករាយការណ៍ពិសេស គេនឹងធ្វើការរាយការណ៍ទៅតាមហ្នុងហើយ។ ក៏ប៉ុន្តែ បើសិនជាមិនប្ដូរផ្លាស់ឥរិយាបថបែបហ្នុងទេ សេចក្ដីរាយការណ៍ ទោះបីដូរអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ មកម្នាក់ណា រូបណាទៀត ក៏នៅតែគេធ្វើរបាយការណ៍ការពិតបែបនោះដដែលទេ»។
លោក វីទិត ម៉ុនតារប៊ន គឺជាមនុស្សទី៧ ហើយ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានតែងតាំងឲ្យមកកាន់តួនាទីជាអ្នករាយការណ៍ពិសេស ឬអ្នកស៊ើបអង្កេតពិសេស ផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។ លោកនឹងបំពេញការងារជាផ្លូវការរបស់លោកក្រោមអាណត្តិជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ចាប់ពីថ្ងៃទី១ ខែឧសភាតទៅ។
អ្នករាយការណ៍ផុតអាណត្តិ គឺអ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) សរសេរនៅលើទំព័រហ្វេសប៊ុកអ្នកស្រី អបអរសាទរដល់សាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន ដែលត្រូវបានតែងតាំងជាផ្លូវការជាអ្នករាយការណ៍ទី៧ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកស្រីថា អ្នកស្រីនឹងពិភាក្សាអំពីការប្រគល់អាណត្តិនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
រីឯនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR អ្នកស្រី ចក់ សុភាព ក៏បានស្វាគមន៍លោក វីទិត ម៉ុនតារប៊ន ដែលត្រូវក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ តែងតាំងជាផ្លូវការ។ អ្នកស្រីសង្ឃឹមថា តាមរយៈបទពិសោធន៍ ការចូលរួមយ៉ាងសកម្មរបស់លោកកន្លងមក និងការយល់ដឹងពីបរិបទសិទ្ធិមនុស្សក្នុងតំបន់ លោក វីទិត ម៉ុនតារប៊ន នឹងអាចបំពេញអាណត្តិរបស់លោកក្នុងការរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្ស និងធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសធានានូវធាតុចូលពីសហគមន៍ដែលជាសំឡេងមិនសូវបានយកចិត្តទុកដាក់ ដើម្បីស្ដារនិងធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ជារឿយៗ នៅសឹងតែគ្រប់អាណត្តិ ភាពរកាំរកូសរវាងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា តែងតែកើតមានឡើងជាហូរហែជាមួយនឹងមន្ត្រីរដ្ឋាភិបាល។ មានពេលខ្លះ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងចង់បណ្ដេញចេញ មិនស្វាគមន៍អ្នករាយការណ៍ពិសេសទាំងនោះ ដោយហៅពួកគេថាជា «អ្នកទេសចរណ៍តាមរដូវកាល» ឬក៏ថែមទាំងឈានទៅគំរាមបិទចោលការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិឲ្យលែងមានស្រមោលនៅកម្ពុជាទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។