"អាជ្ញាធរ​គួរ​ចេះ​ទទួល​ស្គាល់​កំហុស និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​រងគ្រោះ​ពី​ការ​ចាប់​ច្រឡំ​នៅ​វេងស្រេង"

0:00 / 0:00

អ្នកការពារ​សិទ្ធិ​ស្ត្រី និង​អ្នក​ច្បាប់​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្ដល់​យុត្តិធម៌​ដល់​ស្ត្រី ដែល​រងគ្រោះ​ដោយសារ​ការ​ចាប់​ច្រឡំ​នៅ​ពេល​អាជ្ញាធរ​ចុះ​ទៅ​ប្រមូល​អ្នក​ប្រកប​របរ​ផ្លូវភេទ​នៅ​ផ្លូវ​វេងស្រង កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ត្រី​២​រូប ដែល​រងគ្រោះ​ដោយសារ​អាជ្ញាធរ​ចាប់​ច្រឡំ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ​វិញ ព្រោះ​ត្រូវ​ឈឺចាប់ ខូច​ឈ្មោះ ដោយសារ​ការ​យល់​ច្រឡំ​ថា ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ។

ទាំង​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកច្បាប់​ចង់​ឃើញ​អាជ្ញាធរ​រដ្ឋាភិបាល​ចេះ​ទទួល​ស្គាល់​កំហុស និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នករងគ្រោះ​ពី​ការ​អនុវត្ត​ការងារ​របស់​ពួកគេ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន សង្កេត​ឃើញ​ថា អាជ្ញាធរ​អ្នក​អនុវត្ត​ច្បាប់​កម្រ​នឹង​ទទួល​ស្គាល់​ថា បាន​ប្រព្រឹត្ត​កំហុស ហើយ​ងាក​មក​ផ្ដល់​យុត្តិធម៌ ដោយ​សុំទោស ឬ​ផ្ដល់​សំណង​ប៉ះប៉ូវ​ការ​ខូចខាត​របស់​ពលរដ្ឋ​រងគ្រោះ​ណាស់។ អ្នកស្រី​បន្ត​ថា ករណី​ខ្លះ​ទៀត​ពល​រដ្ឋ​រងគ្រោះ​បែរ​ក្លាយ​ជា​ជនល្មើស​ទៅទៀត ក្រោម​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​អាជ្ញាធរ​ទាំង​នោះ​ទៅ​វិញ​ថែម​ទៀត។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «ប៉ូលិស​ក៏ដោយ​គឺ​ត្រូវតែ​ជួសជុល​ក្នុង​ផ្លូវចិត្ត​របស់​គាត់។ តែ​ចរិត​របស់​ប៉ូលិស​នៅ​ក្នុង​ស្រុក​យើង​មិន​ដែល​ចេះ​ទទួលខុស​ទេ តែងតែ​ទទួល​ត្រូវជា​និច្ច ហើយ​មិនដែល​ចេះ​មាន​វប្បធម៌​ក្នុង​ការ​សុំទោស​ពលរដ្ឋ​ខ្លួនឯង​ទេ។ នៅ​ពេល​ដែល​ពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​គឺ​តែងតែ​ប្រើប្រាស់​នូវ​អំពើ​ហិង្សា​ចោទ​ប្រកាន់ បែក​រឿង​ទៅជា​លើស​ពី​អ្វី​ដែល​យើង​កំពុង​ជជែក​គ្នា។ ប្រធានបទ​តូច​មួយ​ពង្រីក​ទៅជា​រឿង​ច្រើន​ទៅទៀត ដែល​អ៊ីចឹង​វប្បធម៌​ទទួលខុស​ក៏​អត់​មាន វប្បធម៌​សុំទោស​ក៏​អត់​មាន មាន​តែ​ការ​ចោទប្រកាន់​បន្ថែម​ទៅ​ទៀត​ធ្វើ​ឱ្យ​ពួកគាត់​ទទួលរង​នូវ​ភាព​អាម៉ាស់។ ប្រសិនបើ​គាត់​ទទួល​រង​នូវ​ភាព​អាម៉ាស់​ហ្នឹង​បាន​មាន​អ្នកខ្លះ​អាច​សម្លាប់​ខ្លួន ដែល​អ្នក​ឯង​អាច​មាន​នូវ​វិប្បដិសារី​នៅ​ក្នុង​សង្គម​ហ្នឹង​រហូត​ដល់​ថ្ងៃ ដែល​អ្នកឯង​ត្រឡប់​ទៅវិញ​ដែរ»។

ការ​លើកឡើង​នេះ​បន្ទាប់​ពី​មាន​ស្ត្រី​វ័យក្មេង​ចំនួន ២​រូប បាន​ចេញ​មុខ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ផ្ដល់​យុត្តិធម៌​ឱ្យ​ពួកគេ​វិញ ក្រោយ​ត្រូវ​អាជ្ញាធរ​ចាប់​ច្រឡំ នៅក្នុង​ប្រតិបត្តិ​ការ​ចុះ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ នៅ​តាម​ផ្លូវ​វេងស្រេង ខណ្ឌ​ពោធិ៍សែនជ័យ ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១៥ ខែ​មិថុនា កន្លង​ទៅ។

កញ្ញា ស្រី រួញ វ័យ​២៣​ឆ្នាំ រៀបរាប់​ទាំង​ឈឺចាប់​ថា នាង​ជា​កូន​កំព្រា​រស់នៅ​ជាមួយ​ជីដូន និង​ម្ដាយមីង។ នាង​ធ្វើ​ការងារ​វេន​យប់​បាន​ប្រាក់ខែ ១២០​ដុល្លារ ដែល​ធ្វើ​ឱ្យ​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ មិន​គួរ​មក​ជួប​រឿង​ត្រូវ​អាជ្ញាធរ​ចាប់​ច្រឡំ​បែប​នេះ។ កញ្ញា​ចង់ឱ្យ​អាជ្ញាធរ​ផ្ដល់​ភាព​ស្អាតស្អំ​មក​វិញ។

កញ្ញា ស្រី រួញ៖ «គេ​ថត​កាល​ហ្នឹង សុំ​គេ​ពាក់​ម៉ាស់​ក៏​គេ​អត់ឱ្យ​ដែរ​។ ពេល​ហ្នឹង​ខ្ញុំ​មាន​អារម្មណ៍​ថា​អន់ចិត្ត​ផង ភ័យ​ផង ព្រោះ​ខ្ញុំ​អត់​ដែល​អ៊ីចឹង ហើយ​គេ​ចាប់​ទៅ​ច្រឡំ​អ៊ីចឹង គេ​យក​រូប​យក​អី​ទៅ​ផូស​អ៊ីចឹង ខ្ញុំ​មាន​អារម្មណ៍​ថា ខ្មាស​គេ​។ អ្វី​ដែល​ខ្ញុំ​ឈឺចាប់​បំផុត​គឺ​ខ្ញុំ​ត្រូវ​ខ្មាស​គ្រួសារ​ផង ខ្មាស​អ្នកស្រុក​អ្នកភូមិ​គេ​និយាយដើម​ផង ហើយ​យើង​អត់​បាន​លក់ខ្លួន​អ៊ីចឹង ត្រូវ​មក​ខូច​ឈ្មោះថា ស្រីលក់ខ្លួន ៥​ម៉ឺន​អ៊ីចឹង ខ្ញុំ​មាន​អារម្មណ៍​ថា ខ្មាស។ ខ្ញុំ​ចង់ឱ្យ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​វិញ ហើយ​ចង់​ឱ្យ​គេ​លុប​រូប​លុប​អី​ចេញ​អ៊ីចឹង​ណា កុំ​ឱ្យ​គេ​ផូស គេ​សែ​រតៗ​គ្នា​តទៅទៀត​ណា។ ខ្ញុំ​ចង់​ប្ដឹង​តែ​ខ្ញុំ​រាល់ថ្ងៃ​នេះ​ខ្ញុំ​ក្រ​ណាស់​បង​។ ខ្ញុំ​កម្រ​កម្សត់​អ៊ីចឹង ខ្ញុំ​ធ្វើ​អ្វី​អត់​កើត​ទេ ហើយ​ណាមួយ​យើង​អត់​លុយ​អត់​អី​ផង»។

មិន​ខុសគ្នា​នេះ​ដែរ យុវតី​មួយ​រូប​ទៀត កញ្ញា ស្រីយ៉ា រៀបរាប់​ថា នាង​ធ្លាប់​ជា កម្មករ​នៅ​តាម​រោងចក្រ ប៉ុន្តែ​នៅ​ពេល​រោងចក្រ​បិទ​នាង ក៏​ងាក​មក​ធ្វើការ​ពេលយប់​នៅ​តាម​ភោជនីយដ្ឋាន​វិញ ប៉ុន្តែ​បែរជា​ត្រូវ​មក​ជាប់​ឈ្មោះ​ជា​អ្នក​រកស៊ី​ផ្លូវភេទ​តាមរយៈ​ការ​ធ្វើ​ការងារ​ខុសឆ្គង​របស់​អាជ្ញាធរ។

កញ្ញា ស្រីយ៉ា៖ «គាត់​សុំ​ឈ្មោះ សុំ​ផ្ទះ​ជួល លក្ខណៈ​សុំ​ទីលំនៅ​ទី​ណា​អ៊ីចឹង​។ គាត់​ថា សុំ​ថត​ម៉ា​ប៉ុស្តិ៍​គាត់​ថា អត់​យក​ទៅ​ផូស​ទេ បើសិន​ផូស​អាច​ប្ដឹង​គាត់​បាន។ ពេល​អ៊ីចឹង​ទៅ​អត់​រំលង​បាន​មួយថ្ងៃ​ផង​គាត់​ផូស​រូប​ខ្ញុំ​បាត់​ហើយ​។ អ្នកស្រុក​អ្នកភូមិ​គេ​ឃើញ​ផូស អ៊ីចឹង​ក៏​ថា​ខ្លួន​ជា​ក្រមុំ​តើ ម៉េច​មក​ឈរ​លក់ខ្លួន ៥​ៗ​ម៉ឺន(រៀល)ឱ្យ​គេ​។ ខ្ញុំ​ទៅណា​ក៏​ខ្មាស​គេ ម៉ែ​ខ្ញុំ​នៅ​ស្រុក គេ​និយាយដើម និយាយ​អ៊ីចេះ អ៊ីចុះ​។ ពួក​ខ្ញុំ​នៅ​ក្មេង ដល់​គេ​ឃើញ​អ៊ីចឹង​អនាគត​ពួក​ខ្ញុំ​អត់​ដឹង​នៅឯណា​ផង​ហ្នឹង។ ទោះបី​ខ្ញុំ​ធ្វើការ​វេន​យប់ ក៏​ពួក​ខ្ញុំ​មិនមែន​ជា​ស្រីខូច ស្រី​លក់ខ្លួន​អី​ដែរ​។ ខ្ញុំ​ធ្វើ​ការ​វេន​យប់​ដោយសារ​តែ​ការងារ​រោងចក្រ​ក៏​បិទ ហើយ​ខ្ញុំ​មិនដឹង​ធ្វើ​ការ​ស្អី បើ​អក្សរ​ក៏​មិន​ចេះ ហើយ​សុំ​បងប្អូន​កុំ​មើល​ងាយ​អ្នក​ធ្វើការ​វេន​យប់ ព្រោះ​គ្រួសារ​ខ្ញុំ​ខ្វះខាត»។

ក្នុងចំណោម​ស្ត្រី​ទាំង​ជាង ៣០​នាក់ ដែល​អាជ្ញាធរ​ប្រមូល​យក​ទៅ​អប់រំ ហើយ​ដោះលែង​មកវិញ​នោះ​យ៉ាង​ហោច​ក៏​មាន​ស្ត្រី​ចំនួន ៤​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ច្រឡំ​។ រូបថត​របស់​ពួក​នាង ដែល​នគរបាល​បង្ខំ​ថត​ថា ទុកជា​ឯក​ក​សារ និង​ថត​ដោយ​អ្នកសារព័ត៌មាន​ផង ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សង្កេត​ឃើញ​ថា មាន​ករណី​ជាច្រើន ដែល​អាជ្ញាធរ​បាន​ប្រព្រឹត្ត​កំហុស ប៉ុន្តែ​មិនដែល​សូម្បី​សុំទោស​ពលរដ្ឋ។ លោក​ថា ករណី​យុវតី​ត្រូវ​ចាប់​ច្រឡំ ហើយ​ប៉ះពាល់​ដល់​មុខមាត់ កិត្តិយស​ស្ត្រី​បែប​នេះ​អាជ្ញាធរ​គួរតែ​ទទួលខុសត្រូវ​ទោះបីជា​កំហុស​នោះ​កើតឡើង​ដោត​អចេតនា​ក្ដី ដើម្បី​បង្កើត​ទម្លាប់​ល្អ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន។

លោក វ៉ន ចាន់ឡូត៖ «ថ្វីត្បិតតែ​ការទទួលខុសត្រូវ វា​អាច​នឹង​មិន​ដូចដើម ក៏ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​រួម​ចំណែក​លើកទឹកចិត្ត និង​ប៉ះប៉ូវ។ ទី​១ វា​អាច​ជា​សំណង​សមរម្យ​ណាមួយ ដែល​ប៉ះពាល់​ទៅដល់​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្ដីថ្លៃថ្នូរ​របស់​គាត់។ ទី​២ អាជ្ញាធរ​ត្រូវ​ហ៊ាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​អំពី​ការ​អនុវត្ត​មាន​ការ​ភ័ន្តច្រឡំ​របស់​ខ្លួន​ហ្នឹង។ នេះ​បើសិនជា​នៅ​ប្រទេស ដែល​ជឿន​ជឿន សូម្បីតែ​នៅ​អាច​ត្រឹម កូរ៉េ(South Korea)និង​ជប៉ុន(Japan)អី អ្នក​ដែល​អនុវត្ត​ពិត​ណាស់ ប្រហែលជា​គេ​អាច​ឈាន​ទៅ​ដល់​សុំលាលែង​ពី​តួនាទី​ថែម​ទៀត​ផង»។

លោក វ៉ន ចាន់ឡូត បន្ត​ថា ករណី​អាជ្ញាធរ​មិន​ចេះ​ទទួលខុសត្រូវ ហើយ​ទុក​ពលរដ្ឋ​ទន់ខ្សោយ ពិសេស​ស្ត្រី​រស់​ក្នុង​ភាព​អយុត្តិធម៌​បែប​នេះ បង្ហាញ​ថា អាជ្ញាធរ​មិន​បាន​បំពេញ​ការងារ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ទេ តែ​ជា​អ្នក​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច និង​លែង​មាន​ទំនុកចិត្ត​លើ​អាជ្ញាធរ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប៉ុន្តែ​ពុំបាន​ការ​ឆ្លើយ​តប​ទេ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន ឆ្លើយតប​ថា ពិបាក​បន្ទោស​អាជ្ញាធរ​នៅក្នុង​រឿង​នេះ ព្រោះ​អាជ្ញាធរ​អនុវត្ត​ច្បាប់។

លោក សុខ ឥសាន៖ «ខ្ញុំ​យល់​ថា បន្ទោស​សមត្ថកិច្ច​ក៏​អត់​បាន​ដែរ ពីព្រោះ​ឧបមា​ថា​គេ​ទៅ​ចាប់ មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ទៅលេង​ល្បែង ហើយ​អ្នក​ទៅ​ឈរ​មើល​ក៏​គេ​ចាប់​ដែរ ពីព្រោះ​ថា នេះ​វា​ស្ថិត​នៅ​ក្នុង​តំបន់ រង្វង់​ប្រតិបត្តិការ​របស់​សមត្ថកិច្ច ហើយ​ពេល​ហ្នឹង បើសិន​អ្នកសារព័ត៌មាន​អី​គេ​ថត​គេ​យក​ទៅ អ្នក​ដែល​ឈរ​មើល​ក៏​ត្រូវ។ អីចឹង​បាន​ជា​ខ្ញុំ​យល់​ថា នៅ​ពេល​ដំបូង​នៃ​ប្រតិបត្តិ​ការ​នេះ​មិនអាច​ញែក​ទាន់​បានទេ វា​ត្រូវតែ​ទៅ​ដល់​ប៉ុស្តិ៍ ទៅដល់​ការិយាល័យ គេ​សួរ​ម្ដង​មួយៗ​អំពី​ដើមហេតុ ឬ​ពី​លក្ខណៈ​ពិសេស​តាម​បុគ្គល​ម្នាក់ៗ អាហ្នឹង​បាន​គេ​ញែក​ចេញ​តាម​ក្រោយ​ទៀត។ ដូច្នេះ​ការ​ផូស​ហ្វេសប៊ុក​ដំបូង​ហ្នឹង​ជា​រួម​នៅ​ក្នុង​ប្រតិបត្តិការ​របស់​សមត្ថកិច្ច»។

យ៉ាងនេះ​ក្ដី​មាន​ការ​រិះគន់​តប​វិញ​ដែរ​ថា ការ​លើកឡើង​នេះ​ជា​ការ​ពង្រឹង​បន្ថែម​វប្បធម៌​មិន​ចេះ​ទទួលខុស​របស់​អាជ្ញាធរ និង​ចោទ​សួរ​ថា តើ​អាជ្ញាធរ​អាច​ទទួលយក​បាន​ទេ​នៅ​ពេល​ដែល​ករណី​ចាប់​ច្រឡំ​បែប​នេះ​កើតឡើង​ចំ​កូនស្រី ឬ​សមាជិក​គ្រួសារ​របស់​ពួកគេ​វិញ។

អ្នកស្រី អ៊ូ ទេពផល្លីន បន្ត​ថា ដើម្បី​បញ្ចៀស​ការ​ចាប់​ច្រឡំ បែបនេះ​ចាំបាច់​អាជ្ញាធរ​គួរ​បញ្ចូល​មុខរបរ​រកស៊ី​ផ្លូវភេទ​ជា​មុខរបរ​ស្រប​ច្បាប់​។ អ្នកស្រី​បន្ត​ថា នៅ​ចំពោះមុខ​នេះ​អាជ្ញាធរ​គួរ​បំពេញ​ការងារ​ដោយ​វិជ្ជាជីវៈ និង​ប្រកាន់ខ្ជាប់​ក្រមសីលធម៌ ព្រម​តាំង​គោរព​សិទ្ធិ​ស្ត្រី។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «សូម​លោក​ប៉ូលិស​ទាំងអស់​ធ្វើការ​ដោយ​វិជ្ជាជីវៈ និង​មានចិត្ត​មេត្តា​ករុណា​ដល់​ពលរដ្ឋ​ឱ្យ​បាន​ច្រើន នោះ​ទង្វើ​ចំអក​មាក់ងាយ​ហ្នឹង​មិន​កើត​ឡើង​ទេ។ ខ្ញុំ​សំណូមពរ​ថា មិនមែន​ចំពោះតែ​ពួកគាត់​ទេ ទោះជា​អ្នក​ប្រកប​របរ​ផ្លូវភេទ​ពិតប្រាកដ​ក៏ដោយ ក៏​មិន​ត្រូវ​យក​រូប​គាត់​មក​ផូស​មាក់ងាយ​សើចចំអក​ទេ​។ អ្នក​សែរ(Share) ​ក៏​អ៊ីចឹង​ដែរ កុំទៅ​សែរ​សើចចំអក គឺ​អ្នក​កំពុងតែ​បង្កើត​វប្បធម៌​មាន​វណ្ណៈ​ល្អ​ជាង​គាត់​បន្តិច ក៏​សើចចំអក​លើ​អ្នក​ដែល​នៅ​ក្រោម​អ្នក​បន្តិច​វា​នាំ​ឱ្យ​មាន​វប្បធម៌​បែងចែក​វណ្ណៈ​ក្នុង​សង្គម​យើង​ទៅវិញ​ទេ»។

បើ​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ថា គណបក្ស​នេះ​មិន​មាន​ផែនការ បង្កើត​ច្បាប់​ដាក់​អ្នក​រកស៊ី​ផ្លូវភេទ​ជា​មុខរបរ​ស្របច្បាប់​ឡើយ គិត​ត្រឹម​មុន​ការបោះឆ្នោត​អាណត្តិ​ទី៧ ឆ្នាំ​២០២៣​នេះ។

យ៉ាងនេះ​ក្ដី លោក វ៉ន ចាន់ឡូតថា ករណី​ដែល​មុខរបរ​បម្រើសេវា​ផ្លូវភេទ​មិន​ស្របច្បាប់​នេះ អាជ្ញាធរ​ត្រូវ​ទទួលខុសត្រូវ​ឱ្យ​លើស​ពី​ការ​ប្រមូល​អ្នក​រកស៊ី​ផ្លូវភេទ​ទៅ​អប់រំ គឺ​គួរ​ផ្ដល់​ឱ្យ​ពួកគេ​នូវ​ជំនាញ ឬ​ការងារ ដែល​អាច​ឱ្យ​ពួកគេ​អាច​រក​ចំណូល​បាន​ភ្លាមៗ​ជំនួស​ឱ្យ​មុខរបរ ដែល​អាជ្ញាធរ​ថា​ខុសច្បាប់ ព្រោះ​ពួកគេ​ចាប់​យក​មុខរបរ​នេះ​ក៏​ដោយសារតែ​ពួកគេ​គ្មាន​ចំណេះ​ជំនាញ​ដើម្បី​ចិញ្ចឹម​ជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។