អ្នក​សិទ្ធិមនុស្ស​មិន​សង្ឃឹម​ថា ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ ដែល​គ្រោង​នឹង​បង្កើត​ថ្មី​នោះ នឹង​ឯករាជ្យឡើយ

ដោយ សុជីវី
2021.07.08
អ្នក​សិទ្ធិមនុស្ស​មិន​សង្ឃឹម​ថា ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ ដែល​គ្រោង​នឹង​បង្កើត​ថ្មី​នោះ នឹង​ឯករាជ្យឡើយ លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក.
រូប៖ RFA

អ្នក​សិទ្ធិមនុស្ស​មិន​រំពឹង​ថា ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ ឬ​ហៅ​ថា គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​គ្រោង​នឹង​បង្កើត​នឹង​ អាច​ជា​ស្ថាប័ន​ឯករាជ្យ​ពី​អ្នកនយោបាយ​ឡើយ បើ​ទោះ​បី​ជា​សេចក្ដីព្រាង​ច្បាប់​បង្កើត​ស្ថាប័ន​នេះ​ត្រូវ​ដាក់​ឱ្យ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ក៏ដោយ។

ការ​លើក​ឡើង​នេះ​នៅ​ពេល ដែល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​ពិគ្រោះ​យោបល់​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា ដើម្បី​ប្រមូល​គំនិត​យោបល់​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​ពី​សាធារណជន​ចាប់​ពី​ខែ​កក្កដា​នេះ​រហូត​ដល់​ចុង​ឆ្នាំ២០២១។

អ្នក​សិទ្ធិមនុស្ស​សំអាង​ហេតុ​ធំៗ ចំនួន៣ ដែល​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​នេះ ​ដំណើរ​ការ​ពិគ្រោះ​យោបល់​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ពិបាក​ទទួល​បាន​លទ្ធផល​ល្អ ហើយ​រឹត​តែ​ពិបាក​នឹង​បង្កើត​បាន​ស្ថាប័ន​ជាតិ​ដែល​ឯករាជ្យ​ទៅទៀត។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ថា ចំណុច​ទាំង​៣ ដែល​លោក​បារម្ភ​នោះ​គឺ ​បញ្ហា​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ នឹង​ពិបាក​ឱ្យ​មាន​ការ​ជួប​ជុំ​ផ្ដល់​យោបល់​ឱ្យ​បាន​ពេញលេញ។ មួយ​វិញ​ទៀត ​ស្ថានភាព​នយោបាយ​ក្នុង​ស្រុក ​ក៏​មិន​អំណោយផល​ដល់​ការ​បង្កើត​ច្បាប់​ឱ្យ​បាន​ល្អ​ដែរ ព្រោះ​បច្ចុប្បន្ន​នេះ​ រដ្ឋសភា​ជា​រដ្ឋសភា​ឯក​បក្ស។ ចំណុច​ទី៣ ​គឺ ​​ស្ថាប័ន​ជាតិ​ទាំង​ឡាយ ​រួម​ទាំង ​តុលាការ ដែល​ជា​អំណាច​កំពូល​មួយ ​ក៏​ត្រូវ​មើល​ឃើញ​ថា ​មិន​អាច​បំពេញ​ការងារ​ដោយ​ឯករាជ្យ​ពី​ឥទ្ធិពល​អ្នកនយោបាយ និង​អ្នកកាន់អំណាច​បាន​ផង៖ «សូម្បី​តែ​តុលាការ​ការអនុវត្ត​ជាក់ស្ដែង​មិន​ទាន់​មាន​ឯករាជ្យ​ពិតប្រាកដ ចុះ​ទម្រាំ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស ដែល​គ្រោង​នឹង​បង្កើត​នឹង។ បើសិនជា​ទៅ​ថ្ងៃ​មុខ​រដ្ឋាភិបាល​មួយ ដែល​មាន​ចម្រុះ​បក្ស​នយោបាយ ខ្ញុំ​គិត​ថា ជា​រឿង​មួយ ដែល​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន»

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ប្រកាស​ដាក់​ឱ្យ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា ដោយ​ចាប់​ផ្ដើម​ពី​ខែកក្កដា​នេះ​តទៅ។ គណៈកម្មាធិការ​នេះ​នឹង​បែងចែក​ក្រុម​ពិភាក្សា​តាម​វិស័យ​សិទ្ធិមនុស្ស​នីមួយៗ ដោយ​មាន​ការ​ជួប​ប្រជុំ ដោយ​ផ្ទាល់​ផង និង​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ផង។ ក្នុង​នោះ​នឹង​មាន​កិច្ច​ពិគ្រោះ​យោបល់​ចំនួន៦០ បន្ត​បន្ទាប់​រហូត​ដល់​ចុង​ឆ្នាំ២០២១។ សាធារណជន​ក៏​អាច​ផ្ដល់​យោបល់​បាន​ដែរ ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook Page) និង​តេឡេក្រាម (Telegram) របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា។

សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊ន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ចាប់​តាំង​ពី​មុន​ពេល​សេចក្ដី​ព្រាង​ច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​នេះ​ចេញ​ជា​រូបរាង​កាល​ពី​ខែ​មិថុនា​មក​ម្ល៉េះ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​តែង​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដោយ​អនុវត្ត​តាម​គោលការណ៍​ទីក្រុង​ប៉ារីស(The Paris Principles) និង​បាន​សហការ​ជាប់​ជា​និច្ច​ជា​មួយ​ស្ថាបន័​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និង​អង្គការ​ជំនាញ​របស់​អង្គការ​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិច​មាន​មូលដ្ឋាន​នៅ​​ប្រទេស​អូស្ត្រាលី ដើម្បី​ធានា​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ដែល​ឯករាជ្យ។ លោក​មិន​បាន​ឆ្លើយ​តប​ឱ្យ​ចំ​​​នឹង​ក្ដី​បារម្ភ​របស់​អ្នក​សិទ្ធិមនុស្ស​ទេ ប៉ុន្តែ​លោក​ថា​ការ​បើក​ឱ្យ​ពិគ្រោះ​យោបល់​នៅ​ពេល​នេះ​គឺ​ជា​មធ្យោបាយ​មួយ​ល្អ ដែល​អាច​ទទួល​បាន​ធាតុ​ចូល​ពី​គ្រប់​ផ្នែក​ក្នុង​សង្គម​បន្ថែម​ទៀត៖ «ហើយ​បន្ត​ដាក់​ពិគ្រោះ​យោបល់​នេះ​យើង​ធ្វើ​​ច្រើន​លើក​ ច្រើន​សា​ឱ្យ​បាន​គ្រប់ និន្នាការ ឱ្យ​បាន​គ្រប់​ផ្នែក គ្រប់​វិស័យ​ផ្នែក​សិទ្ធិមនុស្ស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ មិន​ប្រកាន់​អង្គការ ឬ​អ្វី​ទាំង​អស់ គឺ​យើង​ចង់​បាន​ច្បាប់​មួយ​ជា​ច្បាប់​ល្អ សម្រាប់​ជាតិ​កម្ពុជា ហើយ​យើង​នឹង​ដាក់​ទៅ​សភា​នៅ​ថ្ងៃ​ខាង​មុខ​ សង្ឃឹម​ថា​​ការពិគ្រោះ​យោបល់​យើង​នឹង​បាន​ទទួល​ជោគជ័យ ហើយ​សង្ឃឹមថា​​សភា​នឹង​អនុម័ត​ទៅ​តាម​អ្វី ដែល​ប្រជាពលរដ្ឋ​យើង​ចង់បាន»

សេចក្ដីព្រាងច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​៨ជំពូក និង​៣២​មាត្រា។ សាធារណជន​អាច​ចូល​ទៅ​មើល​ច្បាប់​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ដែល​មាន​ទាំង​ភាសាខ្មែរ និង​អង់គ្លេស។

បើ​តាម លោក កត្តា អ៊ន សេចក្ដី​ព្រាង​ច្បាប់​នេះ​ផ្ដោត​លើ​ចំណុច​សំខាន់​ចំនួន៦ ដែល​រួមមាន៖ ឯករាជ​ភាព​ស្ថាប័ន អភ័យ​ឯកសិទ្ធិ​នៃ​សមាជិក ការ​ជ្រើសរើស​សមាជិក​ដែល​មិន​ចំណុះ​រដ្ឋាភិបាល ឯករាជ​ភាព​នៃ​ការ​ស៊ើបអង្កេត ដោះ​ស្រាយ​បណ្ដឹង សិទ្ធិ​ស្នើ​ជួបពិភាក្សា​ជាមួយ​រដ្ឋសភា​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ផ្ដល់​យោបល់​ទៅ​រដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ទទូច​ចង់​បាន​ជា​យូរ​មក​ហើយ​ការ​បង្កើត​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ជាតិ​កម្ពុជា ឬ​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ ដោយ​អនុលោម​ទៅ​តាម​គោលការណ៍​ទីក្រុង​ប៉ារីស (The Paris Principles) ឆ្នាំ១៩៩១។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​គោលការណ៍​នេះ​កាល​ពី​ឆ្នាំ១៩៩៣ ដែល​ធានា​ថា​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ គឺ​ជា​ស្ថាប័ន​ឯករាជ្យ មិន​ចំណុះ​ក្រោម​រដ្ឋាភិបាល ជា​ស្ថាប័ន​មាន​តួនាទី​ការពារ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ប្រទេស​ជា​សមាជិក។

ចាប់តាំង​ពីឆ្នាំ​១៩៩៦​មក​កម្ពុជា​ចាប់​ផ្ដើម​គិតគូរ​​ទៅ​តាម​ការ​ចង់​បាន​របស់​អង្គការ​សហប្រជាជាតិ ហើយ​ប្រមុខរដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អះអាង​កាល​ពី​ឆ្នាំ២០០៦ ថា នឹង​បង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​ឱ្យ​បាន​ដោយ​ផ្អែក​តាម​គោលការណ៍​ទីក្រុង​ប៉ារីស ដោយ​មាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ជា​អ្នក​សម្របសម្រួល។ ប៉ុន្តែ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ស្ថាប័ន​នេះ​នៅ​តែ​មិន​អាច​បង្កើត​បាន ហើយ​រដ្ឋាភិបាល​រង​ការ​រិះគន់​ថា ពុំ​មាន​ឆន្ទៈ​ពិតប្រាកដ។ លើស​ពី​នេះ​កិច្ចការ​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ឱម យិនទៀង ក្នុង​ការ​បង្កើត​សេចក្ដីព្រាងច្បាប់​បង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​ទៀត​សោត​ក៏​នៅ​តែ​មាន​មន្ទិលសង្ស័យ ដ្បិត​ស្ថាប័ន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ក៏​ស្ថិត​ក្រោម​ខ្សែ​ញាក់​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។